rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ៊ីស្រាអែល លីបង់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ចលនាហេស្បូឡាព្រមានសងសឹកអ៊ីស្រាអែលដែលបានវាយប្រហារលើទឹកដីលីបង់ និងស៊ីរី

media
ប្រមុខចលនាហេស្បូឡាលីបង់លោកហាសាន ណាស្រាឡាព្រមានសងសឹកអ៊ីស្រាអែលដែលបានវាយប្រហារលើទឹកដីលីបង់ និងស៊ីរី REUTERS/Aziz Taher

នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី២៥ សីហា ប្រមុខ​ចលនា​ហេស្បូឡាលីបង់​លោក​ហាសាន ណាស្រាឡា​បាន​ចោទ​អ៊ីស្រាអែល​ពី​បទ​បាន​បញ្ជូន​ដ្រូន​ចំនួន ២គ្រឿង​ទៅ​កាន់​ខេត្ត​ប៉ែក​ខាង​ត្បូង​ទីក្រុង​បេរូត ប្រទេស​លីបង់។ ក្នុង​ចំណោម​ដ្រូន​ទាំង​ពីរ​គ្រឿង​នោះ មាន​មួយ​គ្រឿង​បាន​ធ្លាក់​ផ្ទុះ​លើ​ទីស្នាក់ការ​ទំនាក់ទំនង​របស់​ចលនា​ហេស្បូឡា​ដោយ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​ទេ។ ក្រៅ​ពី​វាយប្រហារ​លើ​ទឹកដី​លីបង់ អ៊ីស្រាអែល​ក៏​បាន​វាយប្រហារ​ដោយ​ប្រើ​ដ្រូន​នៅ​ប៉ែកខាងត្បូង​ទីក្រុង​ដាម៉ាស់ ប្រទេស​ស៊ីរី​ដែល​បណ្តាល​ឲ្យ​ស្លាប់​យុទ្ធជន​ហេស្បូឡា​ចំនួន ២នាក់។ លោក​ហាសាន ណាស្រាឡា​បាន​គំរាម​ថា ការ​សងសឹក​លើ​ទង្វើ​អ៊ីស្រាអែល​ជា​រឿង​មួយ​ចៀស​មិន​រួច។


អន្តរាគមន៍​ជាមួយ​នឹង​កំហឹង​របស់​មេដឹកនាំ​ចលនា​ហេស្បូឡាលីបង់​លោក​ហាសាន ណា្រសាឡា​បាន​ធ្វើ​ឡើង ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ដ្រូន​អ៊ីស្រាអែល​មួយ​គ្រឿង​បាន​ផ្ទុះ​ឆេះ និង​មួយ​គ្រឿង​ទៀត​បាន​ធ្លាក់​លើ​ខេត្ត​ប៉ែកខាងត្បូង​ទីក្រុង​បេរូត ប្រទេស​លីបង់​នា​ព្រលឹម​ស្រាង​ៗថ្ងៃ​អាទិត្យ ទី២៥ សីហា។ ប្រមុខ​ចលនា​ហេស្បូឡាលីបង់​បាន​ចាត់​ទុក​ការ​វាយប្រហារ​របៀប​នេះ​ពី​អ៊ីស្រាអែល​ជា​ការ​វាយប្រហារ​អត្តឃាត​ដោយ​ប្រើ​ដ្រូន។ បន្ទាប់​មក លោក​ហាសាន ណាស្រាឡា​បាន​ប្រកាស​នៅ​ចំពោះ​មុខ​ហ្វូង​សកម្មជន​របស់​លោក​ជា​ចំហ និង​សាធារណៈ​ថា ចលនា​ហេស្បូឡា​នឹង​ធ្វើ​ការ​បាញ់​ទម្លាក់​គ្រប់​ដ្រូន​ប្រភេទ​នេះ​ដែល​រំលោភ​ចូល​ដែន​អាកាស​របស់​ប្រទេស​លីបង់។

ប្រមុខ​ចលនា​ហេស្បូឡាលីបង់​រូប​នេះ​ដដែល​បាន​យល់​ឃើញ​ថា អ្វី​ដែល​អ៊ីស្រាអែល​បាន​ធ្វើ​នេះ​ជា​រំលោភបំពាន និង​ជា​ការ​ព្យាយាម​កែប្រែ​លើ​កិច្ចព្រមព្រៀង​ដែល​អ៊ីស្រាអែល និង​ចលនាហេស្បូឡា​បាន​ឯកភាព​គ្នា​ក្នុង​ឆ្នាំ ២០០៦។ គួរ​រម្លឹក​ថា បន្ទាប់​ពី​មាន​សង្រ្គាម​តទល់​គ្នា​រវាង​អ៊ីស្រាអែល និង​ហេស្បូឡា​ដែល​បណ្តាល​ឲ្យ​ស្លាប់ ១ ២០០នាក់​នៅ​ខាង​លីបង់ និង ១៦០នាក់​នៅ​ខាង​អ៊ីស្រាអែល​មក ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​ក្នុង​ឆ្នាំ ២០០៦ ដោយ​អ៊ីស្រាអែល​សន្យា​មិន​បើក​ការ​វាយប្រហារ​ផ្លូវអាកាស​លើ​ទឹកដី​លីបង់ ហើយ​ហេស្បូឡា​សន្យា​មិន​វាយប្រហារ​លើ​អ៊ីស្រាអែល​ពី​ទឹកដី​លីបង់។ គេ​មិន​ដឹង​ថា តើ​សង្រ្គាម​រវាង​អ៊ីស្រាអែល និង​ចលនា​ហេស្បូឡាលីបង់​អាច​នឹង​ផ្ទុះ​ជា​ថ្មី​ឬ​អត់​ទេ។

អ្វី​ដែល​គេ​ដឹង មេ​ចលនា​ហេស្បូឡា​លោក​ណាស្រាឡា​ហាក់​បាន​​ដំឡើង​សំឡេង​ដោយ​គំរាម​ត្រង់ៗ​ឲ្យ​កងទ័ព​អ៊ីស្រាអែល​នៅ​ព្រំដែន​ជាមួយ​លីបង់​ត្រៀម​ខ្លួន​ចាប់​ពី​ពេល​នេះ​ទៅ។ បន្ទាប់​មក លោក​ណាស្រាឡា​ក៏​បាន​បញ្ជូន​សារ​បែក​ឌឺដង​ទៅ​កាន់​ពលរដ្ឋ​អ៊ីស្រាអែល​នៅ​ប៉ែក​ខាងជើង​ដោយ​ផ្តល់​ជា​យោបល់​ថា កុំ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ស្ថិត​ក្នុង​សុវត្ថិភាព និង​សន្តិសុខ​ដូច​មុន​ទៀត​ឡើយ។ ទន្ទឹម​នឹង​សងសឹក​លើ​ការ​វាយប្រហារ​ក្នុង​ទឹកដី​លីបង់ មេ​ចលនាហេស្បូឡា​ក៏​មិន​ភ្លេច​គំរាម​សងសឹក​នឹង​អ៊ីស្រាអែល​ដែល​បាន​វាយប្រហារ​នៅ​ប៉ែកខាងត្បូង​ទីក្រុង​ដាម៉ាស់ ប្រទេស​ស៊ីរី​ក្នុង​យប់​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ ទី២៥ សីហា​ដែល​បណ្តាល​ឲ្យ​ស្លាប់​យុទ្ធជន​ហេស្បូឡា​ចំនួន ២នាក់។

យ៉ាង​ណា​ក៏​ដោយ អ៊ីស្រាអែល​មិន​ទាន់​បាន​បញ្ជាក់​លើ​ការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូន​នៅ​ខេត្ត​ប៉ែកខាងត្បូង​ទីក្រុង​បេរូត ប្រទេស​លីបង់​នា​ព្រលឹម​ស្រាង​ៗថ្ងៃ​អាទិត្យ ទី២៥ សីហា​ទេ។ តែ​បាន​បញ្ជាក់​ថា ខ្លួន​ពិត​ជា​បាន​ប្រើ​ដ្រូន​វាយប្រហារ​លើ​ប្រទេស​ស៊ីរី​ដើម្បី​រារាំង​ការ​វាយប្រហារ​ពី​អ៊ីរ៉ង់​ដោយ​ប្រើ​ដ្រូន​លើ​ទឹកដី​អ៊ីស្រាអែល៕