rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អង់គ្លេស អ៊ីរ៉ង់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ៊ីរ៉ង់មិន​ខ្វល់នឹង​ប្រតិកម្ម​អន្តរជាតិ​ចំពោះ​ការចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស

media
នាវា​ដឹកប្រេង​អង់គ្លេស Stena Impero ដែល​អ៊ីរ៉ង់​ចាប់ Stena Bulk/via REUTERS

អឺរ៉ុប បារាំង ​ អាល្លឺម៉ង់​ សហរដ្ឋ​អាមេរិក ហ្វីលីពីន​ ឥណ្ឌា ... អន្តរជាតិបាន​នាំ​គ្នា​​បញ្ចេញ​ប្រតិកម្ម ជា​បន្ត​បន្ទាប់ ​ប្រឆាំង​នឹងអ៊ីរ៉ង់ ដែល​បាន​​ចាប់នាវា​​ដឹក​ប្រេង​អង់គ្លេស។ ​ប្រមុខ​ការ​ទូត​​អង់គ្លេស បាន​ជួប​និយាយ​ជាមួយសមភាគីអ៊ីរ៉ង់ ដើម្បី​​​តវ៉ា និង​សំដែង​ការ​ខក​ចិត្ត​​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​ចាប់​នាវា​របស់​អ៊ីរ៉ង់។ ប៉ុន្តែ​អ៊ីរ៉ង់​ធ្វើ​គ​ធ្វើ​ថ្លង់​ មិន​ឮ​អ្វី​ទាំង​អស់ !


បន្ទាប់​ពី​បាន​​ការ​បញ្ចេញ​ប្រតិកម្ម​ដោយ​ផ្ទាល់​មាត់​ប្រាប់​អ៊ីរ៉ង់ ប្រមុខ​ការ​ទូតអង់គ្លេស​ ក៏​បាន​កោះ​ហៅ​តំណាង​អ៊ីរ៉ង់​ប្រចាំ​ក្រុង​ឡុង​ដ៍​មក​ជួប​តវា​ទៀត។

អ៊ីរ៉ង់​គឺ​ជា​បញ្ហា មាន​តែ​បញ្ហា​ ! នេះ​ជា​ប្រតិកម្ម​របស់​លោក​ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក​ ដោយ​សន្យា​ធ្វើ​ការ​ជាមួយ​ដៃគូ​ ដើម្បី​ការពារ​សន្តិសុខ​និង​ផលប្រយោជន៍​ពួកគេ​ ទល់​នឹង​ចរិក​អាក្រក់​របស់​អ៊ីរ៉ង់។ មិន​សម​​ហេតុផល ! ត្រូវ​តែ​ដោះលែង​នាវា​អង់គ្លេស​ដោយ​គ្មាន​បង្អង់ ! នេះ​ជា​សំដី​ទាមទារ​របស់​អាល្លឺម៉ង់។ ប៉ារីស​មាន​សាមគ្គីភាព​ជាមួយ​អង់គ្លេស សូម​ទាមទារ​ឱ្យ​អ៊ីរ៉ង់គោរព​គោលការណ៍​នៃ​សេរីភាព​ផ្លូវ​សមុទ្ទ​ ដោយ​ត្រូវ​ប្រគល់​សេរីភាព​ឱ្យ​នាវា​និង​អ្នក​ធ្វើការ​លើ​នាវា​ទាំង​អស់​ឱ្យ​បាន​ឆាប់​រហ័ស !

គ្រប់​គ្នា​សុទ្ធ​តែ​ចាត់ទុក​ទង្វើ​ចាប់​នាវា​ដឹកប្រេង​អង់គ្លេស នៅ​ច្រក​សមុទ្ទ​Ormuz ថា​ជា​សកម្មភាព​បង្ក​រឿង​ដ៏​គ្រោះ​ថ្នាក់​ និង​អំពាវនាវ​ឱ្យ​នាវា​ដឹក​ប្រេង​អង់គ្លេស​ទាំងអស់ ចៀស​វាង​​ការ​ធ្វើ​ដំណើរ​តាម​ច្រក​យុទ្ធ​សាស្ត្រ។

ប្រតិកម្ម​ប្រឆាំង​នឹ​ងអ៊ីរ៉ង់​ក៏​មាន​ធ្លាក់​មក​ដែរ ពី​ខាង​ហ្វលីពីន លីតូនី ឥណ្ឌា។ ប៉ុន្តែ​អ៊ីរ៉ង់ មិន​បានធ្វើ​ឮ​នឹង​សម្រែក​ទាមទារ​ទាំ​ង​អស់​នេះ​ឡើយ។ បើ​តាម​អ៊ីរ៉ង់ នាវា​ដឹក​ប្រេង​អង់គ្លេស Stena Imtempo នេះ​បាន​បើក​បុក​នាវា​នេសាទមួយ។ តាម​សំណើរបស់​នាវា​នេសាទ អាជ្ញាធរ​អ៊ីរ៉ង់​ត្រូវ​បើក​អង្កេត​ រក​មូល​ហេតុ ស្រប​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​សមុទ្ទ​អន្តរជាតិ។

សូម​បញ្ជាក់​ថា Stena Imtempo ជា​​នាវាដឹក​ប្រេង​អង់គ្លេស មាន​ម្ចាស់​ជា​ជន​ជាតិ​ស៊ុយអែត មាន​សមាជិក​ការងារ​២៣​នាក់។ បី​នាក់​ជារុស្ស៊ី ម្នាក់​ជា​លីតូនី ម្នាក់​ជា​ហ្វីលីពីន​ និង​ ១៨​នាក់ជា​ជន​ជាតិ​ឥណ្ឌាក្នុង​នោះ​ម្នាក់ជា​​កាពីទែនផង។ បើ​តាម​ប្រភព​ក្រសួងការ​បរទេស​ហ្វីលីពីន គ្មាន​ជន​ណា​ម្នាក់​ត្រូវ​រង​របួស​អ្វី​ទេ ហើយ​​បុគ្គលិក​ជាតិ​ហ្វីលីពីន ទំនង​ជា​នឹង​ត្រូវ​ទទួល​បាន​សេរីភាព​ ក្នុង​ពេល​ឆាប់ៗ ព្រោះ​អាជ្ញាធរ​អ៊ីរ៉ង់​ព្រម​ទទួល​សំណើ​របស់​ហ្វីលីពីន​ហើយ។ លីតូនី បាន​អះអាង​ថា​នឹង​ប្រឹង​ធ្វើ​គ្រប់យ៉ាង​ឱ្យ​អ៊ីរ៉ង់​ដោះលែង​នាវា​ទាំង​មូល មិនមែន​ត្រឹម​តែ​បុគ្គលិក​ជាតិលីតូនី​ម្នាក់​ទេ៕