rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ៊ីរ៉ង់ បារាំង សហរដ្ឋអាមេរិក នុយក្លេអ៊ែរ ដើមបូព៌ា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ៊ីរ៉ង់-អាមេរិក៖ ទីប្រឹក្សាកិច្ចការ​បរទេស​បារាំង​ទៅអ៊ីរ៉ង់ ដើម្បី​បើកផ្លូវ​សម្របសម្រួល

ការប្រឈមមុខដាក់គ្នា រ​វាងអ៊ីរ៉ង់ និង​​សហរដ្ឋ​អាមេរិក គឺ​ជា​រឿង​គ្រោះថ្នាក់​មួយ នៅ​​តំបន់​​ដើមបូព៌ានាពេលបច្ចុប្បន្ននេះ។ នៅថ្ងៃពុធ ទី១០កក្កដានេះ ទីក្រឹប្សាកិច្ចការបរទេស របស់ប្រធានាធិបតីបារាំង បានទៅដល់ក្រុងតេអេរ៉ង់ ដើម្បី​ព្យាយាមសាកល្បង​ សម្របសម្រួល​ភាគីអ៊ីរ៉ង់ ឲ្យបន្តគោរពកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ និងសុំឲ្យ​អ៊ីរ៉ង់​បញ្ចៀសឲ្យបាន នូវការថ្លោះធ្លោយណាមួយ ដែលនាំឲ្យកើតសង្រ្គាម ជាមួយនឹងសហរដ្ឋអាមេរិក។ តើការប្រឹងប្រែង របស់បារាំងនេះ អាចនឹងជួយអ្វីបានខ្លះ ក្នុងការបន្ថយកំដៅតានតឹង រវាងអាមេរិក និងអ៊ីរ៉ង់?​


បារាំងខំធ្វើអាជ្ញាកណ្តាល

អ្វីក៏ដោយ បើមិនសាក​ មិនដឹងទេ។ បារាំងកំពុងតែព្យាយាម ធ្វើជាអាជ្ញាកណ្តាល នៅក្នុងសំណុំរឿងរវាងអ៊ីរ៉ង់ និងអាមេរិក។ លោក Emmanuel Bonne ទីប្រឹក្សាផ្នែកកិច្ចការបរទេស របស់លោក​ប្រធានាធិបតីម៉ាក្រុង បានទៅដល់ទីក្រុងតេអេរ៉ង់ នៅព្រឹកថ្ងៃពុធនេះ។ មិនមានព័ត៌មានច្រើន ស្តីអំពី​កម្មវិធីលំអិត នៃដំណើរទៅដល់នេះទេ តែបើផ្អែកតាម អ្នកយកព័ត៌មានបារាំង AFP គឺលោក Emmanuel Bonne បានជួបជាមួយលោក Ali Shamkhani អគ្គលេខានៃក្រុមប្រឹក្សាសន្តិសុខជាតិ​អ៊ីរ៉ង់។ ហើយបន្ទាប់មកទៀត លោកទីប្រឹក្សាកិច្ចការបរទេសបារាំង នឹងត្រូវជួបលោក​រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Mohammed Javad Zarif។

បើផ្អែកតាមសម្តី របស់លោករដ្ឋមន្ត្រីការបរទេសបារាំង បេសកកម្មរបស់លោក Emmanuel Bonne នាពេលនេះ គឺធ្វើយើងសាកល្បងបើកផ្លូវចរចានិយាយគ្នា ដើម្បីបញ្ចៀស​រាល់គ្រោះថ្នាក់ជាយថាហេតុ ឬការថ្លោះធ្លោយណាមួយ ដែលនាំឲ្យកើតទៅជាការ​ប្រឈមមុខគ្នាដោយអាវុធ រវាងអាមេរិក និង អ៊ីរ៉ង់។

ជាការពិត ស្មានការណ៍បច្ចុប្បន្ននេះ គឺភាគី​ម្ខាង កំពុងតែសង្រ្គឺតធ្មេញដាក់គ្នា រងចាំចាប់កំហុសគ្នា នឹងអាលបានលេសប្រើកម្លាំង ដូច្នេះ បើមានអ្វីថ្លោះធ្លោយបន្តិច នោះវានឹងក្លាយ​ជារឿងដែលពិបាក​ត្រលប់ថយក្រោយ​វិញណាស់។

ជាមួយនឹងការប្រឹងប្រែងសម្របសម្រួល ពីសំណាក់រដ្ឋាភិបាលបារាំងនេះ ភាគីអ៊ីរ៉ង់តាមរយៈ អ្នកនាំពាក្យក្រសួងការបរទេសខ្លួន​ បានប្រកាសអបអរចំពោះតួនាទី​របស់បារាំង ក្នុងការជួយ​កាត់បសម្របសម្រួល ជួយកាត់បន្ថយកំដៅនៃភាព​តានតឹង។ អ៊ីរ៉ង់អរគុណបារាំង ដែលនៅតែចង់ ជួយ​ស្រោចស្រង់​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

បង្ខំឲ្យអ៊ីរ៉ង់គោរព​កិច្ចសន្យា ទាំងដោយគ្មាន​ទទួលបានផលវិជ្ជមានសេដ្ឋកិច្ច

សួរថា តើការជួយជ្រោមជ្រែងរបស់បារាំង តែម្នាក់ឯងនេះ វាអាចសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​នេះ បានដែរឬទេ ? ទន្ទឹមដែលបារាំងចេះតែសុំទទូចឲ្យ​អ៊ីរ៉ង់ អត់ធ្មត់ខាំមាត់សង្កត់ចិត្ត កុំធ្វើអ្វីឲ្យផ្ទុយពី​កិច្ចព្រមព្រៀងនុយក្លេអែរ ក៏ប៉ុន្តែបារាំង ក៏ដូចជាភាគី​អឺរ៉ុបហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ មិនបាន​ដាក់ចុះនូវដំណោះស្រាយ​ណាមួយ​ ឲ្យច្បាស់ប្រាកដ និងមាន​ប្រសិទ្ធិភាព​ ដើម្បីជួយអ៊ីរ៉ង់ទេ។ ត្រង់នេះហើយ ដែលអ៊ីរ៉ង់​ចេះតែតឹងទ្រូង​ អត់ទ្រាំទៀតលែងបាន​។

អ៊ីរ៉ង់បានយល់ព្រម​មិនចម្រាញ់ធាតុអុយរ៉ានីញ៉ូម ទៅតាមកិច្ចព្រមព្រៀង ប្រមាណ​ជាង​៣ឆ្នាំមកនេះ ជាថ្នូរនឹងការសន្យា ​របស់មហាអំណាចផ្សេងទៀត ក្នុងការជួយ​សេដ្ឋកិច្ចអ៊ីរ៉ង់។ តែផ្ទុយទៅវិញ សហរដ្ឋអាមេរិក បានដកខ្លួន​ចេញ ឈប់គោរពកិច្ចព្រមព្រៀង​ ហើយបា​នបន្ថែមទណ្ឌកម្មសេដ្ឋកិច្ចមកលើអ៊ីរ៉ង់ ដោយមិនមានប្រទេសហត្ថលេខីផ្សេងទៀត ហ៊ាន​ឈឺឆ្អាលទេ។ អ៊ីរ៉ង់ បាត់បង់អតិថិជនទិញប្រេង និងម្ចាស់គំរោងវិនិយោគ ម្តងមួយម្តងមួយ សឹងតែអស់ទៅហើយ ដោយសារតែគេខ្លាចអាមេរិក។​

កាលពី​ដើមខែឧសភា អ៊ីរ៉ង់ បានប្រកាស​ថាខ្លួន​ នឹងចាប់ផ្តើម​ដកថយម្តងបន្តិចៗ ទាក់ទិននឹងការគោរព​ក្របខណ្ឌកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ រៀងរាល់៦០ថ្ងៃម្តង អ៊ីរ៉ង់នឹងសម្រេចចិត្ត​មួយជំហានម្តង ដើម្បីធ្វើយ៉ាងណា ដាក់សំពាធមកលើប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង ជាពិសេសគឺប្រទេសអឺរ៉ុប ឲ្យរកដំណោះស្រាយ​ជួយអ៊ីរ៉ង់ ព្រោះអ៊ីរ៉ង់ មិនអាចបន្តគោរពកិច្ចព្រម​ព្រៀងតែម្នាក់ឯង ខណៈខ្លួន​មិនបាន​ទទួលផល​វិជ្ជមានអ្វីសោះ ផ្នែកសេដ្ឋកិច្ច ពីកិច្ចព្រមព្រៀងនេះ ដោយសារតែគ្រប់គ្នា​ខ្លាចសំណាញ់​ទណ្ឌកម្ម​អាមេរិក។

ដូច្នេះហើយ បាន​ជាកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អ៊ីរ៉ង់ បានអះអាងថា ខ្លួន​បាន​បង្កើនការចំរាញ់ធាតុអ៊ុយរ៉ានីញ៉ូម បានដល់កម្រិត​៤,៥% ដែលកម្រិតនេះលើស​ពីកម្រិតអតិបរមាកំណត់ដោយកិច្ចព្រមព្រៀង ពោលគឺត្រឹម​ ៣,៦៧%។ តែយ៉ាងណាក៏ដោយ ការបង្កើននេះ គឺវាគ្រាន់តែលើសបន្តិចប៉ុណ្ណោះ។ វានៅឆ្ងាយខ្លាំងណាស់ ពីកំរិត ៩០% ដែលអាចឲ្យអ៊ីរ៉ង់ មានលទ្ធភាព​ផលិតគ្រាប់បែកបរមាណូបាន។

យុទ្ធសាស្ត្រដាក់សំពាធសង្កត់ឲ្យណែន របស់លោកដូណាល់ត្រាំ

តើយើងអាចនិយាយបានទេ ថាយុទ្ធសាស្ត្រដាក់សំពាធសង្កត់ឲ្យណែន​ របស់លោក​ដូណាល់ ត្រាំ ទៅលើអ៊ីរ៉ង់ អាចមានផ្លូវ​នាំអ៊ីរ៉ង់ឲ្យចរចា ធ្វើកិច្ចព្រមព្រៀងថ្មីមួយ​ ជាមួយអាមេរិក? យើងពិបាកស្មានណាស់ ព្រោះថាមកត្រឹមពេលនេះ អ៊ីរ៉ង់ មិនព្រមឱនក្បាលសូម្បី​តែបន្តិច។ តាមយោបល់អ្នកវិភាគខ្លះ យល់ថា យុទ្ធសាស្ត្រដាក់សំពាធសង្កត់ឲ្យណែន របស់លោកដូណាល់ ត្រាំ គឺបានធ្វើឡើង ដោយមើលស្រាលកម្លាំងរបស់របបដឹកនាំអ៊ីរ៉ង់បន្តិចហើយ។ រដ្ឋបាលរបស់អាមេរិក គិតថា ទណ្ឌកម្មសេដ្ឋកិច្ចពីគ្រប់ច្រកល្ហក នឹងធ្វើឲ្យរបបដឹកនាំអ៊ីរ៉ង់ ដួលរលំ ហើយនឹងរកវិធីសុំអាមេរិកចរចា។

ក៏ប៉ុន្តែ អ្វីដែលយើងឃើញ​ប្រមាណ​១ឆ្នាំមកនេះ គឺរបបដឹកនាំអ៊ីរ៉ង់មិនបានចុះទន់ជ្រាយ ឬក៏រងការ​តវ៉ាស្តីបន្ទោសពីសំណាក់ប្រជាជនអ៊ីរ៉ង់ទេ។ ផ្ទុយទៅវិញ របបដឹកនាំរបស់អ៊ីរ៉ង់ កាន់តែរឹងមាំ កាន់តែមានកម្លាំង ដោយសារក្រុមអភិរក្សនិយម ដែលមាន​ទំនោរស្អប់អាមេរិកខ្លាំងនោះ កាន់តែមានបង្អែក​ ថាការយល់ឃើញរបស់ខ្លួន​កន្លងមក ដែលស្អប់អាមេរិកនិងបក្សពួកនោះ គឺមិនខុសទេ។ ប្រជាជនអ៊ីរ៉ង់ឃើញនឹងភ្នែកស្រាប់ហើយ ថាអាមេរិក​ ចង់ធ្វើបាបអ៊ីរ៉ង់ប៉ុណ្ណា។ ដូច្នេះរបបដឹកនាំអ៊ីរ៉ង់ មិនអាចរលំងាយៗ តាមការចង់បានរបស់អាមេរិកនោះទេ។

និយាយទៅដល់ការចរចា​វិញ វាជារឿងកិត្តិយស។ កិត្តិយសនេះ របបដឹកនាំអ៊ីរ៉ង់ ផ្តល់តម្លៃខ្លាំងណាស់។ មេដឹកនាំអ៊ីរ៉ង់មិនអាចបាក់មុខ ទៅសុំអាមេរិកចរចាបានទេ។ ផ្ទុយទៅវិញ អ្នកវិភាគខ្លះ អះអាងថា គឺលោកដូណាល់ ត្រាំទេ ដែលចង់ចរចាខ្លាំងណាស់ រាល់ថ្ងៃនេះ។ មន្ត្រីមួយចំនួន​នៅក្នុងរដ្ឋាភិបាលបារាំង បានលើកឡើងថា លោកដូណាល់ ត្រាំ ជាអ្នកជំនួញ ដែលចូលចិត្តនិយាយតថ្លៃ ចរចាចុះឡើង ដើម្បីបាន​ចំណេញ ហើយនឹង​អាល​ដើរទៅនិយាយ​អួតគេ ថាគាត់ឡូយ ពូកែចរចា​។ គេទទួលស្គាល់ថា ការចរចា​គឺជាចំណុចខ្លាំងរបស់លោកត្រាំ។ លោកត្រាំចង់យកការចរចាជាមួយអ៊ីរ៉ង់នេះ ជាយុទ្ធសាស្ត្រមួយទៀត ក្នុងការប្រមូលការគាំទ្រ យកឈ្នះការបោះឆ្នោតអាណត្តិថ្មី។

អ៊ីរ៉ង់រងទណ្ឌកម្មសេដ្ឋកិច្ច​ច្រើនទសវត្សមកហើយ មិនមែនទើបតែ១ឆ្នាំនេះទេ។ ប្រសិន​បើ​អ៊ីរ៉ង់ តស៊ូអត់ទ្រាំលំបាកបន្តិចទៀត ឲ្យផុតការបោះឆ្នោតប្រធានាធិបតី​អាមេរិក នៅចុង​ឆ្នាំ២០២០ នោះមានន័យថា យុទ្ធសាស្ត្រដាក់សំពាធសង្កត់ខ្លាំង របស់លោកត្រាំ ពិត​ជា​បរាជ័យហើយ។ ប្រហែលជាត្រង់ចំណុចនេះហើយ ដែលបារាំងចង់និយាយឲ្យអ៊ីរ៉ង់ ប្រុងប្រយត្ន័ កុំអាលធ្វើអ្វីឲ្យថ្លោះធ្លោយក្នុងពេលនេះ។ ថាមិនត្រូវ​ ចុងឆ្នាំ២០២០ ជាមួយនឹងរដ្ឋាភិបាលថ្មី អាមេរិកអាចនឹងប្តូរចិត្តគំនិតខ្លះ ហើយងាកមកនិយាយជាមួយអ៊ីរ៉ង់ ក៏ថាបាន៕