ហេតុអ្វីបានជាច្រកសមុទ្រអកមូ (Ormuz) ក្លាយជាប្រធានបទក្តៅខ្លាំងម្ល៉េះនៅក្នុងតំបន់ដើមបូព៌ា?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០១
នៅថ្ងៃទី១៣ មិថុនា កប៉ាល់ដឹកប្រេងចំនួន ២គ្រឿងបានរងការវាយប្រហារនៅក្នុងឈូងសមុទ្រអូម៉ង់ដែលស្ថិតក្បែរច្រកសមុទ្រអកមូ។ ព្រឹត្តិការណ៍ថ្មីមួយនេះបានកើតមានឡើង ក្រោយពីមានការវាយប្រហារលើកប៉ាល់ដឹកប្រេងចំនួន ៤គ្រឿងដែលមាន ២គ្រឿងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ទោះបីជាមកទល់ពេលនេះ គេនៅមិនដឹងថាជាស្នាដៃរបស់អ្នកណាក៏ដោយក៏អាមេរិកមិនញញើតចង្អុលមុខអ៊ីរ៉ង់ទេ។ តែអ៊ីរ៉ង់បានបដិសេធដោយចោទអាមេរិកវិញពីបទធ្វើវិច្ឆេទកម្មការទូត។ អ្វីដែលគ្រប់គ្នាកំពុងបារម្ភខ្លាំង គឺតម្លៃប្រេងឆៅឡើងថ្លៃនៅលើទីផ្សារអន្តរជាតិ។ ខណៈនេះ ច្រកសមុទ្រអកមូកំពុងក្លាយជាសង្រ្គាមពាក្យសម្តីយ៉ាងផុសផុលរវាងអាមេរិក និងអ៊ីរ៉ង់។ ប្រធានាធិបតីអ៊ីរ៉ង់លោករ៉ូហានីបានគំរាមជាថ្មីពីការបិទច្រកសមុទ្រអកមូដើម្បីសងសឹកនឹងគំនាបសេដ្ឋកិច្ច និងនយោបាយពីប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។ ហេតុអ្វីបានជាច្រកសមុទ្រអកមូក្លាយជាប្រធានបទដ៏ចម្រូងចម្រាសខ្លាំងម្ល៉េះ និងថា បើអ៊ីរ៉ង់បិទច្រកមួយនេះមែន តើវានឹងអាចជះផលវិបាកអ្វីខ្លះ?។
ច្រកសមុទ្រអកមូដែលគ្រប់គ្រងដោយប្រទេសអ៊ីរ៉ង់ និងប្រទេសអូម៉ង់មានទីតាំងស្ថិតនៅចន្លោះប្រទេសអ៊ីរ៉ង់ប៉ែកខាងជើង និងប្រទេសអូម៉ង់ ហើយប្រទេសអេមីរ៉ាតអារ៉ាប់រួមប៉ែកខាងត្បូង។ ច្រកសមុទ្រដែលមានទន្ទឹងប្រមាណតែ ៤០គីឡូម៉ែត្រមួយនេះជាច្រកសមុទ្រតែមួយគត់ដែលតភ្ជាប់ពីឈូងសមុទ្រពែក្សទៅកាន់ឈូងសមុទ្រអូម៉ង់ រួចបន្តទៅកាន់មហាសមុទ្រឥណ្ឌា។ តែគេមិនត្រូវភ្លេចនិយាយទេថា អកមូជាច្រកសមុទ្រយុទ្ធសាស្រ្តសម្រាប់ពាណិជ្ជកម្មប្រេងឆៅក្នុងលោក។ ជារៀងរាល់ថ្ងៃ មានប្រេងឆៅជិត ១៧លានបារីលបានដឹកចេញតាមច្រកសមុទ្រអកមូ ពោលជិត ៣០% នៃផលិតផលប្រេងឆៅក្នុងលោកដែលដឹកជញ្ជូនតាមផ្លូវសមុទ្រ។ សឹងគ្រប់ប្រទេសជម្រុកប្រេងឆៅនៅក្នុងតំបន់ មានទាំងអារ៉ាប៊ីសាអូឌីតផងបានប្រើច្រកសមុទ្រមួយនេះ ហើយផលិតផលប្រេងឆៅចំនួន ៨០% បានដឹកទៅឲ្យអតិថិជនអាស៊ី មានចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និងប្រទេសសិង្ហបុរី។
ក្រៅពីប្រេងឆៅដែលគេនាំគ្នាហៅថាមាសខ្មៅ ច្រកសមុទ្រអកមូក៏ជាផ្លូវសមុទ្រសម្រាប់ដឹកជញ្ជូនឧស្ម័នដែរ ពិសេសឧស្ម័នរបស់ប្រទេសកាតា។ ច្រកសមុទ្រអកមូដែលស្ថិតក្នុងដែនទឹករបស់អ៊ីរ៉ង់ត្រូវបានរបបក្រុងតេហេរ៉ង់គំរាមបិទជាច្រើនដង។ មេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់ធ្លាប់បានព្រមានថា ច្រកសមុទ្រអកមូអាចនឹងត្រូវបើកទ្វារសម្រាប់ទាំងអស់គ្នា ហើយក៏អាចនឹងបិទទ្វារសម្រាប់ទាំងអស់គ្នាដែរ។ អ្វីដែលមេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចង់មានន័យនោះគឺថា រឿងបើក ឬបិទទ្វារច្រកសមុទ្រអកមូជាសិទ្ធិរបស់អ៊ីរ៉ង់។ តាមពិតទៅ នេះមិនមែនជាលើកទី១ ទេដែលទីក្រុងតេហេរ៉ង់គំរាមបិទច្រកសមុទ្រអកមូ។ អ៊ីរ៉ង់ធ្លាប់គំរាមបិទក្នុងឆ្នាំ ២០១១ ខណៈពេលដែលខ្លួនបានប្រឈមមុខខ្លាំងទល់នឹងបស្ចិមលោកក្នុងបញ្ហានុយក្លេអ៊ែរ។ តែការគំរាមមានតែនៅលើបបូរមាត់ដោយមិនធ្លាប់បានអនុវត្តម្តងណាទេ។
នៅលើកនេះទៀត ពោលក្នុងពេលដែលខ្លួនកំពុងប្រឈមមុខខ្លាំងទល់នឹងអាមេរិក អ៊ីរ៉ង់ក៏បានចេញមុខគំរាមបិទច្រកសមុទ្រអកមូជាថ្មី។ មែនទែនទៅ និងដើម្បីសងសឹកទល់នឹងគំនាបសេដ្ឋកិច្ច និងនយោបាយរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ អ៊ីរ៉ង់ហាក់គ្មានជម្រើសអ្វីផ្សេងក្រៅពីប្រើច្រកសមុទ្រអកមូជាអាវុធចុងក្រោយទេ។ ក្រុមអ្នកវិភាគបានប្រមើលមើលថា បើច្រកសមុទ្រអកមូត្រូវបិទមែន នោះតម្លៃប្រេងឆៅនឹងអាចស្ទុះដល់ ២០០ដុល្លារក្នុងមួយបារីល។ អ្នកដែលខាតបង់ខ្លាំងគឺប្រទេសនាំប្រេងចេញ មានអេមីរ៉ាតអារ៉ាប់រួម កូវ៉ែត អ៊ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីតដែលមានកំពង់ផែស្ថិតក្នុងឈូងសមុទ្រពែក្ស។ អ្នកខាតបង់បន្ទាប់ គឺប្រទេសនាំប្រេងឆៅចូលនៅអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិកខ្លួនឯងផង។ ដូច្នេះវាជារឿងធម្មតាទេដែលអាមេរិកបានចេញមុខប្រើធម៌ក្តៅផង និងធម៌ត្រជាក់ផងលើអ៊ីរ៉ង់។
ក្រុមអ្នកសង្កេតការណ៍បានមើលឃើញថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងចូលខ្លួនអន្តរាគមន៍នៅក្នុងករណីណាដែលមានការវាយប្រហារផ្លូវយោធា ឬការបិទខ្ទប់នៅច្រកសមុទ្រអកមូ។ តែស្របពេលគ្នានេះ អាមេរិកក៏មិនចង់ប្រថុយផ្តើមសង្រ្គាមនៅក្នុងតំបន់ដែលអាចបង្កឲ្យមានវិបត្តិប្រេងក្នុងលោកដែរ។ អ្វីដែលអាមេរិក និងក្រុមប្រទេសដៃគូព្យាយាមធ្វើ គឺធានាឲ្យមានសេរីភាពចរាចរណ៍ផ្លូវសមុទ្រនៅច្រកសមុទ្រអកមូ។ នៅខាងភាគីអ៊ីរ៉ង់វិញ ក៏ក្រុមអ្នកសង្កេតការណ៍មិនជឿថាអ៊ីរ៉ង់នឹងសម្រេចបិទច្រកសមុទ្រអកមូដែរ ព្រោះសង្រ្គាមក្នុងតំបន់នឹងមិនហុចផលអ្វីសម្រាប់ប្រទេសទេ។
រដ្ឋាភិបាលក្រុងតេហេរ៉ង់យល់មិនច្រឡំទេថា ខ្លួនគ្មានហេតុផលអ្វីដែលត្រូវប្រឈមមុខដោយផ្ទាល់ជាមួយអាមេរិកទេ ព្រោះទី១ ខ្លួនគ្មានសមត្ថភាពយោធាដូចអាមេរិកទេ និងទី២ ខ្លួនក៏គ្មានសម្ព័ន្ធមិត្តស្លាប់រស់ស៊ីបាយចានតែមួយដើម្បីជួយគាំទ្រខ្លួនតាមផ្លូវយោធាដែរ។ ម្យ៉ាងទៀត រដ្ឋាភិបាលក្រុងតេហេរ៉ង់ក៏បារម្ភពីអស្ថិរភាពផ្ទៃក្នុងរបស់ខ្លួនដែរ ព្រោះគ្មានដំណោះស្រាយ ហើយទណ្ឌកម្មសេដ្ឋកិច្ចកាន់តែអូសបន្លាយនឹងអាចបង្កឲ្យមានការងើបបះបោរពីពលរដ្ឋ។ អ៊ីចឹងហើយបានថ្នាក់ដឹកនាំអ៊ីរ៉ង់បានប្រើគ្រប់មធ្យោបាយក្នុងការដាក់សម្ពាធលើអាមេរិកដើម្បីទទួលបានការចរចាមួយ ពិសេសចង់ឲ្យអាមេរិកដកទណ្ឌកម្មចេញពីខ្លួនវិញ។ ខុសពីប្រធានាធិបតីអាមេរិកមុនៗ អ៊ីរ៉ង់ហាក់បានស្គាល់ចិត្តលោកត្រាំច្បាស់ និងទាញបានមេរៀនមួយចំនួនពីក្នុងជំនួបរវាងលោកត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនពាក់ព័ន្ធនឹងសំណុំរឿងនុយក្លេអ៊ែរដូចគ្នា។
ក្នុងចំណោមមេរៀនដែលថ្នាក់ដឹកនាំអ៊ីរ៉ង់ទាញបានពីជំនួបត្រាំ គីមមានពីរសំខាន់ ទី១ លោកដូណាល់ ត្រាំនិយាយច្រើន តែមិនសូវធ្វើ និងទី២ គេគួរតែមានគ្រាប់បែកបរមាណូក្នុងដៃដើម្បីចរចាជាមួយអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ