អានតួអត្ថបទ
អ៊ីស្រាអែល

អ៊ីស្រាអែល៖លោកនេតាន់យ៉ាហ៊ូសម្ពោធតំបន់អាណានិគមថ្មីដោយដាក់ឈ្មោះតាមលោកត្រាំ

នៅ​ថ្ងៃ​អាទិត្យ ទី១៦ មិថុនា និង​ខុស​ពី​ទម្លាប់​សព្វ​មួយ​ដង នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ​គណៈរដ្ឋមន្រ្តី​នៅ​តំបន់​ខ្ពង់រាប​ហ្គោឡាន​ដោយ​មាន​វត្តមាន​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ៊ីស្រាអែល។ នា​ឱកាស​នោះ លោក​នេតាន់យ៉ាហ៊ូ​បាន​សម្ពោធ​តំបន់​អាណានិគម​ថ្មី​មួយ​ដោយ​ដាក់​ឈ្មោះ​តាម​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ហៅ​ថា « រ៉ាម៉ាត ត្រាំ »។ ជម្រើស​ដាក់​តាម​ឈ្មោះ​លោក​ត្រាំ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ព្រោះ​លោក​នេតាន់យ៉ាហ៊ូ​ចង់​អរគុណ​ប្រធានាធិបតី​អាមេរិក​ដែល​បាន​ប្រកាស​ក្នុង​ថ្ងៃទី២៥ មីនា​ដោយ​ទទួល​ស្គាល់​តំបន់​ខ្ពង់រាប​ហ្គោឡាន​ជា​អធិបតេយ្យ​របស់​អ៊ីស្រាអែល។ គួរ​រម្លឹក​ថា តំបន់​ខ្ពង់រាប​ហ្គោឡាន​ត្រូវ​បាន​អ៊ីស្រាអែល​វាយ​យក​ពី​ប្រទេស​ស៊ីរី​នៅ​ក្នុង​សង្រ្គាម ៦ថ្ងៃ​កាល​ពី​ឆ្នាំ ១៩៦៧ និង​បាន​ប្រកាស​ជា​ដែនដី​ខ្លួន​ក្នុង​ឆ្នាំ ១៩៨១។ ក្រៅ​ពី​ដាក់​តំបន់​អាណានិគម​ថ្មី​នៅ​តំបន់​ខ្ពង់រាប​ហ្គោឡាន លោក​នេតាន់យ៉ាហ៊ូ​ដែល​បាន​ចាត់​ទុក​លោក​ត្រាំ​ជា​មហាមិត្ត​របស់​អ៊ីស្រាអែល​ក៏​បាន​ឆ្លៀត​អរគុណ​ជា​ថ្មី​ដល់​លោក​ត្រាំ​ដែល​បាន​ទទួល​ស្គាល់​ហ្សេរ៉ុយសាឡិម​ជា​ទីក្រុង​ផ្តាច់​មុខ​របស់​អ៊ីស្រាអែល​ដែរ។

នៅ​អ៊ីស្រាអែល លោកនេតាន់យ៉ាហ៊ូសម្ពោធតំបន់អាណានិគមថ្មីដោយដាក់ឈ្មោះតាមលោកត្រាំ
នៅ​អ៊ីស្រាអែល លោកនេតាន់យ៉ាហ៊ូសម្ពោធតំបន់អាណានិគមថ្មីដោយដាក់ឈ្មោះតាមលោកត្រាំ REUTERS/Ammar Awad
ផ្សាយពាណិជ្ជកម្ម

« គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្រ្ត​មួយ។ យើង​នឹង​ធ្វើ​ការងារ​ចំនួន​ពីរ ទី១ យើង​នឹង​សម្ពោធ​តំបន់​អាណានិគម​ថ្មី​នៅ​លើ​តំបន់​ខ្ពង់រាប​ហ្គោឡាន និង​ទី២ នា​ឱកាស​នោះ​ដែរ យើង​គោរព​មហាមិត្ត​របស់​យើង​ប្រធានាធិបតី​ដូណាល់ ត្រាំ​ដែល​ថ្មីៗ​កន្លង​ទៅ បាន​ទទួល​ស្គាល់​តំបន់ខ្ពង់រាប​ហ្គោឡាន​ជា​អធិបតេយ្យ​របស់​ប្រទេស​អ៊ីស្រាអែល។

លោក​ត្រាំ​ជា​ថ្នាក់ដឹកនាំ​បរទេស​ទី១ ដែល​បាន​ធ្វើ​យ៉ាង​ដូច​នេះ។ បន្ទាប់​មក លោក​ត្រាំ​បាន​បំបាត់​ចោល​នូវ​រូបភាព​នៃ​ការ​លាក់ពុត​ដោយ​បាន​ទទួល​ស្គាល់​ហ្សេរ៉ុយសាឡិម​ជា​ទីក្រុង​ក្រុង​របស់​អ៊ីស្រាអែល និង​បាន​រើ​ស្ថានទូត​អាមេរិក​ទៅ​ដាក់​នៅ​ទីនោះ។

លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥ ហើយ​ឥឡូវ​នេះ​ទៀត លោក​ត្រាំ​បាន​ចេញ​មុខ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​របស់​អ៊ីរ៉ង់​នៅ​ក្នុង​ឈូងសមុទ្រពែក្ស។ យើង​នឹង​បន្ត​ការ​អភិវឌ្ឍន៍ និង​សាងសង់​នៅ​តំបន់​ខ្ពង់រាប​ហ្គោឡាន​សម្រាប់​ពលរដ្ឋ​របស់​យើង​គ្រប់​រូប ជា​ជនជាតិ​ជ្វីហ្វ និង​មិន​ជ្វីហ្វ ហើយ​ដើម្បី​អនាគត​ប្រទេស​របស់​យើង »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ