rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អេហ្ស៊ីប លីប៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ជំនួប​រវាង​សេនាប្រមុខ​លីប៊ី​ឧត្តមសេនីយ​ហាវតារ និង​ប្រធានាធិបតី​អេហ្ស៊ីប​លោក​ស៊ីស៊ី​ក្នុង​ទីក្រុងគែរ

media
ជំនួប​រវាង​សេនាប្រមុខ​លីប៊ី​ឧត្តមសេនីយ​ហាវតារ (រូបឆ្វេង) និង​ប្រធានាធិបតី​អេហ្ស៊ីប​លោក​ស៊ីស៊ី​ (រូបកណ្តាល) ក្នុង​ទីក្រុងគែរ ថ្ងៃទី១៤ មេសា ២០១៨ Reuters

នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប បណ្តាញ​ព័ត៌មាន​ផ្លូវការ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ជំនួប​រវាង​សេនាប្រមុខ​លីប៊ី​ឧត្តមសេនីយ​ខាលីហ្វា ហាវតារ និង​ប្រធានាធិបតី​អេហ្ស៊ីប​លោក​អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី​ក្នុង​ទីក្រុង​គែរ​នា​ថ្ងៃ​អាទិត្យ ទី១៤ មេសា។ ជំនួប​រវាង​លោក​ហាវតារ និង​ស៊ីស៊ី​ក្នុង​ទឹកដី​អេហ្ស៊ីប​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​នៅ​លីប៊ី​ឯណោះ កម្លាំងទ័ព​របស់​ឧត្តមសេនីយ​ហាវតារ​ និង​កម្លាំងទ័ព​របស់​នាយករដ្ឋមន្រ្តី​លោក​ហ្វាយេ អាល់ សារ៉ា​កំពុង​បន្ត​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា។ តាម​តួលេខ​បណ្តោះអាសន្ន​ចុងក្រោយ​ផ្តល់​ដោយ​អង្គការ​សុខភាពពិភពលោក ការ​ប្រយុទ្ធ​គ្នា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១២១នាក់ និង​របួស​ជា​ច្រើន​រយនាក់​ផ្សេង​ទៀត។


រូបភាព​នៃ​ជំនួប​រវាង​សេនាប្រមុខ​លីប៊ី​ឧត្តមសេនីយ​ខាលីហ្វា ហាវតារ និង​ប្រធានាធិបតី​អេហ្ស៊ីប​លោក​អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី​ក្នុង​ទីក្រុង​គែរ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍រដ្ឋ​អេហ្ស៊ីប។ គេ​មិន​ដឹង​ថា តើ​ឥស្សរជន​ទាំង​ពីរ​បាន​និយាយ​គ្នា​ពី​រឿង​អ្វី​ខ្លះ​ទេ ហើយ​អ្នកនាំពាក្យ​ប្រធានាធិបតី​អេហ្ស៊ីប​ក៏​មិន​បាន​ឆ្លើយ​ភ្លាមៗ​នឹង​សំណួរ​របស់ AFP ដែរ។ តែ​បើ​តាម​ទូរទស្សន៍រដ្ឋ​អេហ្ស៊ីប​ដដែល ឧត្តមសេនីយ​ហាវតារ និង​លោក​ស៊ីស៊ី​បាន​និយាយ​ពី​ស្ថានការណ៍​វិវត្តន៍​ចុង​ក្រោយ​នៅ​ក្នុង​ប្រទេស​លីប៊ី។ ស្ថានការណ៍​ចុង​ក្រោយ​ដែល​គេ​ចង់​និយាយ​នោះ គឺ​ការ​ប្រយុទ្ធ​គ្នា​រវាង​កម្លាំងទ័ព​របស់​ឧត្តមសេនីយ​ហាវតារ និង​កម្លាំងទ័ព​របស់​លោក​នាយករដ្ឋមន្រ្តី​ហ្វាយេ អាល់ សារ៉ា។

គួរ​រម្លឹក​ថា​សព្វថ្ងៃ ទឹកដី​លីប៊ី​កំពុង​ពុះ​ចែក​ជា​ពីរ នៅ​ម្ខាង រដ្ឋាភិបាលសហភាពជាតិ​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​របស់​លោក​ហ្វាយេ អាល់ សារ៉ា​ដែល​កំពុង​កាន់កាប់​ទីក្រុង​ទី្រប៉ូលី ហើយ​នៅ​ម្ខាង​ទៀត ឧត្តមសេនីយ​ហាវតារ​កំពុង​គ្រប់គ្រង​តំបន់​ប៉ែកខាងកើត។ ជា​ផ្លូវការ ប្រទេស​អេហ្ស៊ីប​បាន​គាំទ្រ​លើ​សំណើ​របស់​អង្គការ​សហប្រជាជាតិ​ដែល​ស្វែង​រក​ការ​រៀបចំ​បោះឆ្នោត​មួយ​នៅ​លីប៊ី​ដើម្បី​បិទបញ្ចប់​ភាព​ហែកហួរ​ផ្ទៃក្នុង។ តែ​ក្រៅ​ផ្លូវការ​វិញ អេហ្ស៊ីប​ក៏​ដូច​ជា​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម និង​អារ៉ាប៊ីសាអូឌីត​បាន​លួច​គាំទ្រ​សេនាប្រមុខ​ហាវតារ​ស្ងាត់ៗ។ ក្រោម​ភ្នែក ច្រមុះ​របស់​ទីក្រុង​គែរ អាប៊ូដាប៊ី និង​រីយ៉ាដ ឧត្តមសេនីយ​ហាវតារ​ជា​កំពែង​ប្រឆាំង​នឹង​ពួក​អ៊ីស្លាមជ្រុលនិយម។

អេហ្ស៊ីប​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រទេស​ដែល​បាន​ផ្តល់​អាវុធ និង​លុយកាក់​ឲ្យ​កម្លាំងទ័ព​របស់​ឧត្តមសេនីយ​ហាវតារ។ តែ​ទន្ទឹម​គ្នា​នេះ អេហ្ស៊ីប​ក៏​ចង់​ឃើញ​ជម្លោះ​នៅ​លីប៊ី​ត្រូវ​បាន​ដោះស្រាយ​តាម​ផ្លូវ​ចរចា​ដែរ ពោល​មិនមែន​ផ្លូវយោធា​ទេ។ ក្រសួង​ការបរទេស​អេហ្ស៊ីប​បាន​អំពាវនាវ​ដល់​ភាគី​ជម្លោះ​លីប៊ី​ទាំង​ពីរ​ឲ្យ​បិទបញ្ចប់​ការ​ប្រយុទ្ធ​គ្នា និង​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រឆាំង​នឹង​ក្រុម​ជនប្រដាប់អាវុធ​ជ្រុលនិយម​ដែរ។ ប្រភព​ព័ត៌មាន​នៅ​ទីក្រុង​គែរ​បាន​ឲ្យ​ដឹង​ថា អេហ្ស៊ីប​ចង់​ឲ្យ​មាន​បទ​ឈប់​បាញ់​មួយ​រវាង​កម្លាំងទ័ព​របស់​ឧត្តមសេនីយ​ហាវតារ និង​កម្លាំងទ័ព​របស់​នាយករដ្ឋមន្រ្តី​លោក​សារ៉ា៕