rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ពលរដ្ឋ​ប៉ាឡេស្ទីន​ជា​ច្រើនពាន់នាក់​ធ្វើ​បាតុកម្ម​នៅ​តាម​ព្រំដែន​រវាង​តំបន់ហ្កាហ្សា និង​ប្រទេស​អ៊ីស្រាអែល

ដោយ គួច គន្ធារ៉ា

៣០ មីនា ២០១៨-៣០ មីនា ២០១៩ ថ្ងៃ​នេះ​ជា​ខួប​គម្រប់ ១ឆ្នាំ​គត់​នៃ​ក្បួន​បាតុកម្ម​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ដែនដី​ប៉ាឡេស្ទីន​ដើម្បី​ទាមទារ « សិទ្ធិ​នៃ​ការ​វិល​ត្រឡប់​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន »។ ក្បួនបាតុកម្ម​កាល​ពី ១ឆ្នាំ​មុន​នៅ​តាម​ខ្សែ​ព្រំដែន​ខ័ណ្ឌចែក​តំបន់​ហ្កាហ្សា និង​ប្រទេស​អ៊ីស្រាអែល​បាន​បង្ក​ឲ្យ​មាន​អំពើហិង្សា​ខ្លាំងក្លា​រវាង​ក្រុមបាតុករ​ប៉ាឡេស្ទីន និង​កម្លាំងទាហាន​អ៊ីស្រាអែល។

តាម​តួលេខ​ផ្តល់​ដោយ​ទីភ្នាក់ងារ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ មាន​មនុស្ស​ស្លាប់​បាតុករ​ប៉ាឡេស្ទីន​ជាង ២៧០នាក់ និង​របួស​ជាង ២៩ ០០០នាក់។ មួយ​ឆ្នាំ​ក្រោយ​មក ក្បួន​បាតុកម្ម​ដូច​គ្នា​នេះ​កើត​មាន​ជា​ថ្មី​នៅ​កន្លែង​ដដែល។ តែ​អ្វី​ជា​ការ​កត់សម្គាល់ បាតុកម្ម​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​តានតឹង​ខ្លាំង​រវាង​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់ និង​រដ្ឋអំណាច​អ៊ីស្រាអែល​នា​រយៈពេល​ចុង​ក្រោយ​នេះ។

ការ​ដែល​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​បាន​ប្រារព្ធខួប ១ឆ្នាំ​ដោយ​នាំ​គ្នា​វិល​ទៅ​ធ្វើ​បាតុកម្ម​នៅ​កន្លែង​ដដែល​ជា​ជម្រើស​មួយ​ដែល​មិន​អាច​ចៀស​រួច។ ដរាប​ណា​ការ​ទាមទារ​របស់​ពួក​គេ​នៅ​មិន​ទាន់​បាន​ដោះស្រាយ ដរាប​នោះ​ពួក​គេ​មិន​បោះបង់​ចោល។ ការ​ទាមទារ​របស់​ពួក​គេ គឺ​សិទ្ធិ​នៃ​ការ​វិល​ត្រឡប់​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន។ គួរ​រម្លឹក​ថា កម្មវត្ថុ​នៃ​ការ​ទាមទារ​នេះ​ទើប​ត្រូវ​បាន​ធ្វើ​លើកទី១ កាល​ពី​ថ្ងៃទី៣០ មីនា ឆ្នាំ ២០១៨ ដែល​ឱកាស​នោះ អំពើហិង្សា​បាន​ផ្ទុះ​ឡើង​រវាង​ក្រុម​បាតុករ និង​កម្លាំងទ័ព​អ៊ីស្រាអែល​ដែល​បណ្តាល​ឲ្យ​ស្លាប់​បាតុករ​ប៉ាឡេស្ទីន​ជាង ២៧០នាក់ និង​របួស​ជាង ២៩ ០០០នាក់។ ចំណែក​នៅ​ខាង​អ៊ីស្រាអែល មាន​ស្លាប់​ទាហាន​ចំនួន ២នាក់។

មួយ​ឆ្នាំ​ក្រោយ​មក មាន​ការ​កត់សម្គាល់​ចំនួន​ពីរ​នៅ​ក្នុង​ក្បួនបាតុកម្ម​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​ក្នុង​តំបន់​ហ្កាហ្សា​ថ្ងៃទី៣០ មីនា ឆ្នាំ ២០១៩ ទី១ អ៊ីស្រាអែល​កំពុង​ត្រៀម​រៀបចំ​បោះឆ្នោតសភា​នៅ​ថ្ងៃទី៩ មេសា និង​ទី២ ចំ​ពេល​ដែល​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់ និង​រដ្ឋអំណាច​អ៊ីស្រាអែល​បាន​ស្គាល់​ភាព​តានតឹង​ខ្លាំង​នា​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ ពិសេស​ថ្មីៗ​នេះ មាន​ការ​បាញ់​គ្រាប់រ៉ូកែត​ចេញ​តំបន់​ហ្កាហ្សា​ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល​ដោយ​កម្ទេច​ផ្ទះ​មួយ​ខ្នង​បណ្តាល​ឲ្យ​របួស​ជនជាតិ​អ៊ីស្រាអែល​ចំនួន ៧នាក់។ ដូច​ជា​ទម្លាប់​សព្វ​មួយ​ដង​ឲ្យ​តែ​មាន​គ្រាប់រ៉ូកែត​ធ្លាក់​លើ​ទឹកដី​ខ្លួន កងទ័ព​អ៊ីស្រាអែល​បាន​បើក​ការ​វាយប្រហារ​ចាស់ដៃ​លើ​ទីតាំង​របស់​ចលនា​ហាម៉ាស់។

ពួក​ហាម៉ាស់​ក៏​គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​បាញ់​គ្រាប់រ៉ូកែត​តប​វិញ។ ស្ថានការណ៍​ហាក់​បាន​ស្ងប់ស្ងាត់ តែ​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​បាន​ចេញ​មុខ​ព្រមាន​នឹង​វាយប្រហារ​ឲ្យ​ចាស់ដៃ​ជាង​នេះ បើ​ចាំ​បាច់។ ឃើញ​ថា ស្ថានការណ៍​នៅ​បន្ត​ឡើង​តានតឹង​រវាង​ភាគី​ទាំង​ពីរ ហើយ​ក្បួនបាតុកម្ម​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​ពេល​នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​អំពើហិង្សា​ដូច​កាល​ពី ១ឆ្នាំ​មុន ឬ​មួយ​ខ្លាំង​ជាង​នេះ។ អ្វី​ដែល​គ្រប់​គ្នា​បារម្ភ​ខ្លាំង គឺ​ការ​ផ្ទុះ​សង្រ្គាម​ក្រោម​ទ្រង់ទ្រាយ​ធំ​ជា​ថ្មី​រវាង​កម្លាំងប្រដាប់​អាវុធ​ហាម៉ាស់ និង​កម្លាំងទ័ព​អ៊ីស្រាអែល។

លោក​នេតាន់យ៉ាហ៊ូ និង​ថ្នាក់ដឹកនាំ​ហាម៉ាស់​កំពុង​ស្ថិត​ក្រោម​គំនាប​ដូច​គ្នា

គួរ​បញ្ជាក់​ថា ដែនដី​ប៉ាឡេស្ទីន​សព្វថ្ងៃ​ត្រូវ​បាន​ពុះ​ចែក​ជា​ពីរ នៅ​ម្ខាង គឺ​តំបន់​ស៊ីហ្សកដានី​ដែល​កំពុង​កាន់កាប់​ដោយ​ចលនា​ប៉ាឡេស្ទីន​ហ្វាតា​របស់​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​លោក​ម៉ាដមូត អាប៉ាស់ និង​នៅ​ម្ខាង​ទៀត គឺ​តំបន់​ហ្កាហ្សា​ដែល​កំពុង​កាន់កាប់​ដោយ​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់។ ចលនា​ប៉ាឡេស្ទីន​មួយ​នេះ​ជា​ចលនា​ជ្រុលនិយម​ដែល​បន្ត​បដិសេធ​មិន​ទទួល​ស្គាល់​វត្តមាន​ទឹកដី​អ៊ីស្រាអែល ហើយ​ដែល​អាមេរិក និង​អ៊ីស្រាអែល​បាន​ចាត់​ទុក​ជា​ចលនា​ភេរវនិយម។ តាំង​ពី​អ៊ីស្រាអែល​បាន​បិទខ្ទប់​តំបន់​ហ្កាហ្សា​ក្នុង​ឆ្នាំ ២០០៧ មក ពួក​ហាម៉ាស់ និង​អ៊ីស្រាអែល​បាន​ធ្វើ​សង្រ្គាម​នឹង​គ្នា​ចំនួន ៣ដង​ដែល​ចុង​ក្រោយ​ក្នុង​ឆ្នាំ ២០០៧។

កន្លង​មក និង​ដោយ​មាន​ប្រទេស​អេហ្ស៊ីប​ធ្វើ​ជា​អាជ្ញាកណ្តាល ពួកហាម៉ាស់ និង​កងទ័ព​អ៊ីស្រាអែល​បាន​ព្រមព្រៀង​គ្នា​លើ​បទ​ឈប់បាញ់ តែ​មិន​សូវ​បាន​គោរព​ត្រឹមត្រូវ។ នៅ​ថ្ងៃ​សុក្រ ទី២៩ មីនា អេហ្ស៊ីប​បាន​ធ្វើ​ជា​អន្តរការី​នៅ​ក្នុង​ជំនួប​រវាង​ពួក​ហាម៉ាស់ និង​កម្លាំង​ទាហាន​អ៊ីស្រាអែល​ក្នុង​គោលដៅ​បញ្ចៀស​អំពើ​ហិង្សា​ជា​យថាហេតុ​នៅ​ក្នុង​ក្បួនបាតុកម្ម​នៅ​តាម​ព្រំដែន​រវាង​តំបន់​ហ្កាហ្សា និង​ទឹកដី​អ៊ីស្រាអែល​ក្នុង​ថ្ងៃទី៣០ មីនា។ គួរ​រម្លឹក​ថា ក្នុង​រយៈពេល​ជាង ១០ឆ្នាំ​កន្លង​ទៅ ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​រស់​ក្នុង​សង្រ្គាម​ជា​អចិន្រ្តៃយ៍ និង​ក្នុង​ភាព​ក្រីក្រ។ បើ​ស្ថានភាព​មួយ​នេះ​នៅ​បន្ត នោះ​នឹង​គ្មាន​ភាព​ស្ងប់ស្ងាត់​យូរ​អង្វែង​រវាង​ភាគី​ទាំង​ពីរ​ទេ។

នាយរដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​ និង​ថ្នាក់ដឹកនាំ​ហាម៉ាស់​ហាក់​កំពុង​ទទួល​គំនាប​កាន់​តែ​ខ្លាំង​ដូច​គ្នា​នៅ​ពេល​នេះ។ លោក​នេតាន់យ៉ាហ៊ូ​ដែល​កំពុង​ប្រជែង​ចូលរួម​បោះឆ្នោត​ចង់​បន្ត​កាន់​អំណាច​អាណត្តិ​ថ្មី​ត្រូវ​បាន​គូប្រជែង​ចោទ​ពី​បទ​គ្មាន​យុទ្ធសាស្រ្ត​ប្រឈម​នឹង​ពួក​ហាម៉ាស់។ ចំណែក​ថ្នាក់ដឹកនាំ​ហាម៉ាស់​ក៏​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​របស់​ខ្លួន ពិសេស​ការ​ងើប​បះបោរ​របស់​ប្រជាជន​ប្រឆាំង​នឹង​ទំនិញ​ឡើង​ថ្លៃ។

សិទ្ធិ​នៃ​ការ​វិល​ត្រឡប់​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន

ប្រភេទ​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ដែល​គេ​ចង់​និយាយ​នៅ​ក្នុង​ការ​ទាមទារ​ពេល​នេះ គឺ​ពលរដ្ឋ​ប៉ាឡេស្ទីន​ប្រមាណ​ជា ៧២០ ០០០នាក់​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ ឬ​បង្ខំ​ចិត្ត​ចាកចេញ​ដោយ​ខ្លួន​ឯង​ពី​ទឹកដី​កំណើត​ក្នុង​សម័យ​សង្រ្គាម​ប្រកាស​ដោយ​អ៊ីស្រាអែល​ក្នុង​ឆ្នាំ ១៩៤៨​ដែល​ជា​ឆ្នាំ​នៃ​ការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល​ជា​ផ្លូវការ។ ចាប់​តាំង​ពី​ពេល​នោះ ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បាន​ចាប់​ផ្តើម និង​បន្ត​មាន​មក​ដល់​សព្វថ្ងៃ។ ការ​ទាមទារ​ចង់​បាន​រដ្ឋ​ឯករាជ្យ​មួយ​នៅ​ជា​បុព្វហេតុ​ចម្បង​របស់​ប្រជាជន​ប៉ាឡេស្ទីន តែ​សិទ្ធិ​នៃ​ការ​វិលត្រឡប់​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ចូល​ក្នុង​អតីត​ដីកំណើត​របស់​ខ្លួន​ដែល​ជា​របស់​អ៊ីស្រាអែល​បច្ចុប្បន្ន​នៅ​បន្ត​ជា​ប្រធានបទ​ដ៏​ស្មុគស្មាញ និង​ចម្រូងចម្រាស។

ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​បាន​យល់​ឃើញ​ដូច​គ្នា​ថា រឿងរ៉ាវ​មួយ​នេះ​កំពុង​បន្ត​ជា​ឧបសគ្គ​នៃ​ដំណើរ​ស្វែង​រក​សន្តិភាព​រវាង​គ្នា។ ប្រជាជន​ប៉ាឡេស្ទីន ៣ជំនាន់​មក​ហើយ​ដែល​បាន​ទាមទារ​សិទ្ធិ​មួយ​នេះ។ អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​ក៏​បាន​ចូលរួម​ជួយ​ឈឺ​ឆ្អាល​ឲ្យ​មាន​កម្មវិធី​គាំពារ និង​ឧបត្ថម្ភ​លើ​ជនភៀសខ្លួន​ប៉ាឡេស្ទីន រួម​ទាំង​បង្ក​លក្ខណៈ​ងាយស្រួល​នៃ​ការ​ត្រឡប់​ចូល​ដីកំណើត និង​ទទួល​បាន​វិញ​នូវ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដែរ ពិសេស​ជនភៀសខ្លួន​ណា​ដែល​ចង់​ត្រឡប់​ដោយ​ស្ម័គ្រចិត្ត។ បន្ទាប់​មក សិទ្ធិ​នៃ​ការ​វិលត្រឡប់​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ក៏​ជា​លក្ខខណ្ឌ​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ជា​ច្រើន​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ក្រុម​ប្រទេស​អារ៉ាប់។

តែ​អ្វីៗ​ហាក់​បាន​ជាប់គាំង និង​ផ្ទុះ​ជា​រឿងអាស្រូវ​ក្នុង​ពេល​ដែល​អ៊ីស្រាអែល​បាន​សម្រេច​បិទទ្វារ​មិន​ទទួល​យក​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ជា​ដាច់ខាត។ អ៊ីស្រាអែល​បារម្ភ​ខ្លាច​លំហូរ​ត្រឡប់​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​នឹង​ធ្វើ​ឲ្យ​ជនជាតិ​ជ្វីហ្វ​ក្លាយ​ជា​ជនជាតិ​ភាគ​តិច​នៅ​ក្នុង​រដ្ឋ​អ៊ីស្រាអែល។ បន្ទាប់​មក រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​បង្កើត​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋ​មាន​សិទ្ធិ​រឹបអូស​ដីធ្លី ផ្ទះសម្បែង​ដែល​ប្រជាជន​ប៉ាឡេស្ទីន​បាន​ទុក​ចោល។ បច្ចុប្បន្ន ដីធ្លី និង​ផ្ទះសម្បែង​មួយ​ភាគ​ធំ​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ដែល​កំពុង​រស់នៅ​បរទេស​ត្រូវ​បាន​រដ្ឋ​អ៊ីស្រាអែល​រក្សា​ទុក​ជា​កម្មសិទ្ធិ​របស់​រដ្ឋ និង​មាន​ដីធ្លី​មួយ​ភាគ​តូច​ត្រូវ​បាន​ឈូសឆាយ រួច​ប្រគល់​ទៅ​ឲ្យ​សហគមន៍​ជ្វីហ្វ​កាន់កាប់។ រីឯ​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ដែល​ជា​ម្ចាស់ដើម​កំពុង​បន្ត​កាន់​ក្រដាស​ប័ណ្ណកម្មសិទ្ធិ ប្លង់រឹង និង​បាន​ត្រឹម​បន្ត​សុបិន្ត​អាច​យក​បាន​ដីធ្លី ឬ​ផ្ទះសម្បែង​របស់​ខ្លួន​ត្រឡប់​វិញ​នៅ​ថ្ងៃ​ណា​មួយ៕

យេម៉ែន៖ចលនាឧទ្ទាមហ៊ូទីប្រកាសត្រៀមខ្លួនបញ្ឈប់រាល់ការវាយប្រហារប្រឆាំងអារ៉ាប៊ីសាអូឌីត

​បាតុកម្ម​របស់​សិស្សសាលា នៅ​ទូទាំង​ពិភពលោក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ

ហ្វូគូស្ហ៊ីម៉ា៖តុលាការក្រុងតូក្យូកាត់ទោសឲ្យអតីតមេដឹកនាំក្រុមហ៊ុនTepco ៣នាក់រួចខ្លួន

លោកម៉ាក្រុងទៅអ៊ីតាលី​ដើម្បី​ផ្សះផ្សា​​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឡើងវិញ

បោះឆ្នោតជាតិនៅអ៊ីស្រាអែល ដើម្បីបន្ត​ជីវិត​​នយោបាយ​របស់​នាយករដ្ឋម​ន្ត្រី​ នេតាន់យ៉ាហ៊ូ

បោះឆ្នោតប្រធានាធិបតី ៖ ទុយនីស៊ីច្រាន​ចោល​អ្នក​នយោបាយ​ចាស់ ជ្រើស​យកចរន្ត​ថ្មី

ក្រោយការវាយប្រហារពីពួកឧទ្ទាមហ៊ូទី ផលិកម្មប្រេងអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះពាក់កណ្តាល

អាហ្វ្រិក​ខាង​លិច​បើក​ជំនួប​កំពូល​វិសាមញ្ញ​ដើម្បី​ទប់​ស្កាត់​អំពើ​ភេរវនិយម

អាមេរិក៖ហេតុអ្វីបានជាលោកដូណាល់ ត្រាំបញ្ចប់តំណែងលោកចន បុលតុនពីទីប្រឹក្សាសន្តិសុខជាតិ?

អ្នកវិទ្យាសាស្រ្ត​រកឃើញ​វិធីសាស្រ្ត​ថ្មីដើម្បីទប់ស្កាត់កុំឲ្យ ​មូសខ្លា​អាច​ចម្លង​មេរោគគ្រុនឈាម

បារាំង​ងាក​ទៅ​រឹត​ចំណង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី

លោកដូណាល់ ត្រាំ ប្រកាសឈប់​ចរចា​សន្តិភាព ជាមួយ​ពួកតាលីបង់

យាន​អវកាស​របស់​ឥណ្ឌា​ បរាជ័យ​ក្នុងការ​ចុះចត​នៅ​ប៉ូល​ខាងត្បូង​នៃ​ឋាន​ព្រះចន្ទ​

លោកមូហ្កាបេ​ មេដឹកនាំ​ផ្តាច់ការរបស់​ស៊ីមបាវ៉េ ទទួល​មរណភាព

ឥណ្ឌា-រុស្ស៊ី៖ លោកពូទីន ទទួលលោកម៉ូឌីនៅក្រុងវ្លាឌីវ៉ូស្តុក​​

នៅអង់គ្លេស នាយករដ្ឋមន្រ្តីលោកបូរីស ចនសុនប្រកាសសង្រ្គាមទល់នឹងសភាក្នុងសំណុំរឿង Brexit

អ៊ីស្រាអែល និងក្រុម​ហេសបូឡាលីបង់ ប្លោង​គ្រាប់​ដាក់គ្នា គួរឲ្យ​ព្រួយបារម្ភ

៨០ឆ្នាំក្រោយការផ្តើមបញ្ឆេះសង្រ្គាមលោកលើកទី២ អាល្លឺម៉ង់បានសុំទោសប៉ូឡូញ តែប៉ូឡូញបន្តទាមទារសំណង

ហុងកុង៖ បាតុករ​ព្យាយាម​​ដើរចូលទៅជិតវិមាន​ថ្នាក់ដឹកនាំ

ហេតុអ្វី​ពួកឧទ្ទាម​កូឡុំប៊ី ត្រលប់​ទៅ​កាន់អាវុធ ប្រឆាំង រដ្ឋាភិបាល?