rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

យេម៉ែន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ឲ្យ​ប្រទេស​យេម៉ែន​បាន​បើក​កិច្ចប្រជុំ​លើកទី៣ ក្នុង​ទីក្រុង​ហ្សឺណែវ

media
កំពង់ផែ​អូដីដា​ក្នុង​ប្រទេស​យេម៉ែន REUTERS/Abduljabbar Zeyad

នៅ​ថ្ងៃ​អង្គារ ទី២៦ កុម្ភៈ សន្និសីទ​លើកទី៣ នៃ​ក្រុមប្រទេស​ផ្តល់ជំនួយ​ឲ្យ​ប្រទេស​យេម៉ែន​បាន​បើក​ធ្វើ​ជា​ផ្លូវការ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ ក្នុង​ឆ្នាំ ២០១៨ អង្គការ​សហប្រជាជាតិ​បាន​សុំ​ជំនួយ​ចំនួន ៣ ០០០លានដុល្លារ តែ​ទទួល​បាន​ការ​សន្យា​តែ ២ ០០០លានដុល្លារ​ប៉ុណ្ណោះ។ សម្រាប់​សន្និសីទ​ឆ្នាំ ២០១៩ នេះ អង្គការសហប្រជាជាតិ​ត្រូវ​ការ​ចំនួន ៤ ០០០លានដុល្លារ​ដើម្បី​ផ្គត់ផ្គង់​ដល់​តម្រូវការ​របស់​ពលរដ្ឋ​យេម៉ែន​ដែល​មាន​កាន់​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ គួរ​រម្លឹក​ថា អស់​រយៈពេល ៤ឆ្នាំ​ដែល​យេម៉ែន​បាន​ធ្លាក់​ក្នុង​សង្រ្គាម​ហែកហួរ​រវាង​ចលនា​ឧទ្ទាម​ហ៊ូទីស និង​កម្លាំង​រដ្ឋាភិបាល រួម​ទាំង​អន្តរាគមន៍​ពី​កម្លាំងសម្ព័ន្ធមិត្ត​អារ៉ាប់​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ លោក​អ៊ែរបេ វែហូសែល (Herbé Verhosel) អ្នក​នាំ​ពាក្យ​អង្គការ​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់​ពី​ស្ថានភាព​មនុស្សធម៌​កាន់​តែ​ដុនដាប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពិសេស​អសន្តិសុខ​ស្បៀងអាហារ​ដែល​បង្ក​ឡើង​ដោយ​សង្រ្គាម និង​វិបត្តិសេដ្ឋកិច្ច។


« ក្នុង​ចំណោម​ប្រជាជន​ចំនួន ៣៩លាននាក់ មាន​ដល់​ទៅ​ជាង ២០លាននាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អសន្តិសុខ​ស្បៀងអាហារ​គួរ​ឲ្យ​បារម្ភ។ អសន្តិសុខ​ស្បៀងអាហារ​ដែល​បង្ក​ឡើង​ដោយ​សង្រ្គាម និង​វិបត្តិ​សេដ្ឋកិច្ច។ គ្មាន​ប្រាក់ខែ គ្មាន​ការ​នាំ​ចូល​ចំណីអាហារ គ្មាន​ថ្នាំសង្កូវ និង​ក៏​គ្មាន​គ្រូពេទ្យ​គ្រប់គ្រាន់​ដែរ។

មូលហេតុ​ទាំង​អស់​ខាង​លើ​នេះ​ដែល​បាន​បង្ក​ឲ្យ​មាន​វិបត្តិមនុស្សធម៌​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ បច្ចុប្បន្ន​នេះ វិបត្តិមនុស្សធម៌​ក្នុង​ប្រទេស​យេម៉ន​ជា​វិបត្តិមនុស្សធម៌​ធំ​ជាង​បង្អស់​នៅ​ក្នុង​លោក។ គឺ​ដោយសារ​តែ​អសន្តិសុខ ហើយ​មាន​តំបន់​ជា​ច្រើន​ដែល​ក្រុម​ការងារ​របស់​យើង​មិន​អាច​ទៅ​ដល់​បាន ដូច​ករណី​តំបន់​អូដីដា ពិសេស​នៅ​កំពង់ផែ​អូដីដា។

ចូរ​កុំ​ភ្លេច​ថា​បច្ចុប្បន្ន ចំណីអាហារ​ជាង ៩០% នៅ​យេម៉ែន​ត្រូវ​បាន​នាំ​ចូល​ពី​ក្រៅ ហើយ​ក្នុង​បរិមាណ​ទាំង​ជាង ៩០% នោះ មាន ៧០% ដឹកនាំ​តាម​កប៉ាល់​ចូល​តាម​កំពង់ផែ​អូដីដា។ តែ​ដោយសារ​បញ្ហា​អសន្តិសុខ ការ​ដឹក​គ្រឿង​ឧបភោគបរិភោគ​ចូល​តាម​កំពង់ផែ​អូដីដា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ចំនួន​កប៉ាល់ ឬ​ទូក​ឯកជន​ដែល​ដឹក​ជំនួយមនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ ឬ​អីវ៉ាន់​របស់​ក្រុមហ៊ុន​ឯកជន​នៅ​កំពង់ផែ​អូដីដា​មាន​កាន់​តែ​តិច​ទៅៗ។

ដូច្នេះ​យើង​សង្ឃឹម​ថា កិច្ចព្រមព្រៀង​ដែល​បាន​អនុម័ត​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​ស្តីពី​ការ​ដក​កម្លាំងទ័ព​ចេញ​ពី​តំបន់​នឹង​ជួយ​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវសមុទ្រ​ឲ្យ​ដឹកជញ្ជូន​គ្រឿង​ឧបភោគបរិភោគ​ចូល​ជា​ថ្មី និង​ផ្តើម​នាំ​អីវ៉ាន់​ចូល​ដើម្បី​ផ្តល់​សន្ទុះ​សកម្មភាព​ទីផ្សារ​ចំណីអាហារ​ក្នុង​ស្រុក​ឡើង​វិញ »៕