អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អេហ្ស៊ីប៖​អឺរ៉ុប និង​អារ៉ាប់​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា តែ​ចៀសវាង​ប្រធាន​រឿង​ចម្រូងចម្រាស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួបកំពូល​រវាង​សហភាពអឺរ៉ុប និង​សម្ព័ន្ធអារ៉ាប់​រយៈពេល​ជាង ១ថ្ងៃ​ក្នុង​ប្រទេស​អេហ្ស៊ីប​បាន​បិទបញ្ចប់​នៅ​ថ្ងៃ​ចន្ទ ទី២៥ កុម្ភៈ។ ជំនួបកំពូល​នេះ​បាន​ចូលរួម​ដោយ​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​អឺរ៉ុប និង​អារ៉ាប់​ប្រមាណ​ជា ៤០រូប។ មាន​សំណុំរឿង​ជា​ច្រើន​នៅ​ក្នុង​តំបន់​ដែល​ជំនួបកំពូល​បាន​លើក​ទៅ​ជជែក​រួម​មាន​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី លីប៊ី ឬ​មួយ​យេម៉ែន តែ​មាន​ប្រធានរឿង​រសើបខ្លះ​ត្រូវ​បាន​ចៀសវាង។ ​ទន្ទឹម​គ្នា​នេះ និង​អ្វី​ដែល​សហភាព​អឺរ៉ុប​ចង់​បាន​នៅ​ចំពោះ​មុខ គឺ​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​អារ៉ាប់​ដើម្បី​បង្កើន​តួនាទី​របស់​អឺរ៉ុប​នៅ​ក្នុង​តំបន់​ប្រឈម​នឹង​ប្រទេស​រុស្ស៊ី និង​ចិន ខណៈពេល​ដែល​សហរដ្ឋអាមេរិក​ត្រៀម​ដកខ្លួន​ចេញ។

នៅ​អេហ្ស៊ីប ​អឺរ៉ុប និង​អារ៉ាប់​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា តែ​ចៀសវាង​ប្រធាន​រឿង​ចម្រូងចម្រាស
នៅ​អេហ្ស៊ីប ​អឺរ៉ុប និង​អារ៉ាប់​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា តែ​ចៀសវាង​ប្រធាន​រឿង​ចម្រូងចម្រាស Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួបកំពូល​លើកទី១ និង​ក្នុង​រយៈពេល​ប្រមាណ​ជា ២៤ម៉ោង មាន​សំណុំរឿង​ជា​ច្រើន​ដែល​សហភាព​អឺរ៉ុប និង​សម្ព័ន្ធអារ៉ាប់​បាន​លើក​ទៅ​និយាយ ពិសេស​ជម្លោះ​ដែល​កំពុង​បន្ត​គ្រប់ដណ្តប់​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ដោយ​ចាប់​ផ្តើម​ពី​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​ស៊ីរី លីប៊ី ឬ​មួយ​ប្រទេស​យេម៉ែន។ ទាំង​នេះ​មិន​ភ្លេច​និយាយ​ទេ​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​ដំណោះស្រាយ​បង្កើត​រដ្ឋ​ពីរ​រួមរស់​ក្បែរ​គ្នា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ តែ​ភាគី​ទាំង​ពីរ​ហាក់​បាន​ទទួល​ស្គាល់​ដូច​គ្នា​ថា ជំនួបលើកទី១ និង​ក្នុង​រយៈពេល ២៤ម៉ោង​ពិត​ជា​មិន​អាច​រក​ដំណោះស្រាយ​សម្រាប់​បញ្ហា​ដ៏​ច្រើន​សម្បើម​បាន​ទេ ពោល​គឺ​ត្រូវ​ឲ្យ​មាន​ការ​រៀបចំ​ការ​ជួបជុំ​ដូច​ពេល​នេះ​ឲ្យ​បាន​ញឹកញាប់​នា​ពេល​ខាង​មុខ។

ពិត​ណាស់ ជំនួបកំពូល​រវាង​សហភាពអឺរ៉ុប និង​សម្ព័ន្ធអារ៉ាប់​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​តំបន់​មជ្ឈិមបូព៌ា​បាន និង​កំពុង​បន្ត​គ្រប់ដណ្តប​ដោយ​បញ្ហា​ច្រើន​រាប់​មិន​អស់។ តែ​គេ​ត្រូវ​ហ៊ាន​និយាយ​ថា មាន​បញ្ហា​ខ្លះ​ក៏​អឺរ៉ុប និង​អារ៉ាប់​មើល​ឃើញ និង​យល់​ឃើញ​មិន​ដូច​គ្នា​ដែរ។ មហាក្សត្រ​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​បាន​លើក​ឡើង​ពី​វិបត្តិ​នៅ​យេម៉ែន និង​បាន​ឆ្លៀត​បរិហារ​លើ​ការ​លូកដៃ​របស់​ប្រទេស​អ៊ីរ៉ង់។ គួរ​រម្លឹក​ថា អារ៉ាប៊ីសាអូឌីត​បាន​ដឹកនាំ​កម្លាំង​សម្ព័ន្ធមិត្ត​អារ៉ាប់​វាយប្រហារ​លើ​ប្រទេស​យេម៉ែន​តាំង​ពី​ឆ្នាំ ២០១៥។ ចំណែក​អគ្គលេខាធិការ​សម្ព័ន្ធអារ៉ាប់​ដែល​បាន​និយាយ​ពី​វិបត្តិ​នៅ​ស៊ីរី លីប៊ី និង​នៅ​យេម៉ែន​មិន​បាន​បរិហារ​ចំ​ប្រទេស​ណា​មួយ​ទេ តែ​គ្រាន់​បញ្ជាក់​ពី​ការ​លូកដៃ​របស់​បរទេស​ដែល​លោក​ចង់​សំដៅ​លើ​អ៊ីរ៉ង់​នៅ​យេម៉ែន និង​ប្រទេស​តួកគី​នៅ​ស៊ីរី។

ចំណែក​សហភាពអឺរ៉ុប​ដែល​ហាក់​មិន​យល់​ស្រប​តាម​ការ​យល់ឃើញ​របស់​អារ៉ាប៊ីសាអូឌីត និង​អគ្គលេខាធិការ​សម្ព័ន្ធអារ៉ាប់​បាន​ត្រឹម​បង្ខំ​ចិត្ត​បញ្ជាក់​ពី​ជំហរ​រួម​រវាង​សហភាពអឺរ៉ុប និង​សម្ព័ន្ធអារ៉ាប់។ លោកស្រី​ប្រមុខការទូត​អឺរ៉ុប​ហ្វេដេរីកា ម៉ូហ្គេរីនី​បាន​អះអាង​ពី​ការ​ចង់​ឃើញ​ជំនួបកំពូល​ជជែក​លើ​គ្រប់​សំណុំរឿង តែ​ក្នុង​ស្មារតី​វិជ្ជមាន។ រីឯ​ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប​លោក​ដូណាល់ ទូស្ក​បាន​យល់​ឃើញ​ថា សហភាពអឺរ៉ុប និង​សម្ព័ន្ធអារ៉ាប់​ត្រូវ​ចាប់ដៃ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ប្រយោជន៍​ប្រជាជន​ក្នុង​តំបន់​ក្បែរខាង​ទាំង​ពីរ និង​មិន​ត្រូវ​ទុក​ឲ្យ​តំបន់​មួយ​នេះ​ចូល​ជ្រៀតជ្រែក​ពី​ប្រទេស​មហាអំណាច​ក្នុង​លោក​មក​ពី​តំបន់​ផ្សេង​ទេ។ ទោះ​បី​ជា​លោក​ដូណាល់ ទូស្ក​មិន​បាន​ចង្អុល​ចំ​មុខ​ប្រទេស​ណា​មួយ​ក៏​ដោយ​ក៏​គេ​ដឹង​ថា លោក​ចង់​និយាយ​សំដៅ​លើ​សហរដ្ឋអាមេរិក រុស្ស៊ី និង​ប្រទេស​ចិន។

រុស្ស៊ី និង​ចិន​ដែល​កំពុង​ញញឹម​បិទមាត់​មិន​ជិត បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​ដក​ទ័ពអាមេរិក​ចេញ​ពី​ទឹកដី​ស៊ីរី។ ទីក្រុង​ប៉េកាំង និង​មូស្គូ​យល់​មិន​ច្រឡំ​ទេ​ថា អស់​ពី​ខ្លា​អាមេរិក​ទៅ សមរភូមិ​នៅ​ស៊ីរី​ជា​នំ​ដែល​ត្រូវ​ចែក​គ្នា​ពាក់កណ្តាល​ម្នាក់​រវាង​ខ្លា​ចិន និង​ខ្លា​រុស្ស៊ី។ នេះ​ហើយ​ជា​អ្វី​ដែល​សហភាព​អឺរ៉ុប​មិន​ចង់​ឃើញ និង​កំពុង​បារម្ភ​ខ្លាំង ហើយ​កំពុង​ល្អូកល្អឺន​អូសទាញ​សម្ព័ន្ធអារ៉ាប់​ឲ្យ​ជួយ​គាំទ្រ​ខ្លួន​ពេល​នេះ។ អ្វី​ដែល​សហភាពអឺរ៉ុប​ចង់​បាន​តាម​រយៈ​ជំនួបកំពូល​អឺរ៉ុប អារ៉ាប់​ពេល​នេះ គឺ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សម្ព័ន្ធអារ៉ាប់​ដើម្បី​បញ្ជាក់​ពី​ជំហរ និង​បង្កើន​ឥទ្ធិពល​របស់​អឺរ៉ុប​នៅ​តំបន់​មជ្ឈិមបូព៌ា។ តំបន់​មជ្ឈិបូព៌ា​ដែល​ធ្លាប់​ជា​ដែនដី​ផ្តាច់មុខ​របស់​សហរដ្ឋអាមេរិក​នា​ពេល​កន្លង​មក។

តែ​ដើម្បី​អាច​ឈាន​ទៅ​ដល់​ចំណុច​នេះ​បាន និង​ដើម្បី​បញ្ជៀស​បរិយាកាស​អាប់អួរ​នៅ​ក្នុង​ជំនួបកំពូល អឺរ៉ុប និង​អារ៉ាប់​បាន​ព្យាយាម ឬ​បង្ខំ​ចិត្ត​និយាយ​សើរៗ​លើ​​សំណុំរឿង​រសើបៗ ឬ​មិន​បាន​លើក​យក​ទៅ​និយាយ​តែ​ម្តង ដូច​ករណី​សិទ្ធិមនុស្ស និង​វាសនា​អ្នកទោស​នយោបាយ​ក្នុង​ប្រទេស​អេហ្ស៊ីប ឬ​មួយ​ករណី​ឃាតកម្ម​សម្លាប់​អ្នកកាសែត​ជនជាតិ​អារ៉ាប៊ីសាអូឌីត​លោក​ខាហ្សូហ្ស៊ី​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​នៅ​ប្រទេស​តួកគី​ជា​ដើម។ ទន្ទឹម​គ្នា​នេះ មាន​សំណុំរឿង​ខ្លះ​ក៏​ត្រូវ​បាន​អឺរ៉ុប​បន្ត​បញ្ជាក់​ជា​ថ្មី​នូវ​ជំហរ​របស់​ខ្លួន​ដូច​ករណី​វិបត្តិ​ស៊ីរី​ដែល​អឺរ៉ុប​ធ្លាប់​និយាយ​ថា បើ​គ្មាន​រដ្ឋាភិបាល​អន្តរកាល​បង្រួបបង្រួមជាតិ​មួយ​ទេ នោះ​អឺរ៉ុប​នឹង​មិន​ចូលរួម​កសាង​ប្រទេស​ស៊ីរី​ឡើង​វិញ​ឡើយ។ ទាក់ទង​នឹង​បញ្ហា​ជនអន្តោប្រវេសន៍​ដែល​ភៀសខ្លួន​តាម​សមុទ្រមេឌីទែរ៉ាណេ ជំនួបកំពូល​បាន​ត្រឹម​បញ្ជាក់​ពី​ក្តីកង្វល់ និង​ប្តេជ្ញា​រួម​កម្លាំង​គ្នា​ដើម្បី​ទប់ស្កាត់។

គ្រប់​ភាគី​ពាក់ព័ន្ធ​បាន​យល់​ឃើញ​ថា ទោះ​បី​ជំនួបកំពូល​ពេល​នេះ​សម្រេច​បាន​លទ្ធផល​ស្តួចស្តើង​ក៏​ដោយ​មិន​សំខាន់​ទេ អ្វី​ដែល​សំខាន់ គឺ​ការ​រួម​ប្រជុំ​ជាមួយ​គ្នា​លើកទី១ ដែល​ជា​ចំណុច​ចាប់​ផ្តើម​ចេញ​ដំណើរ​ថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ