rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ៊ីស្រាអែល ប៉ាឡេស្ទីន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ៊ីស្រាអែល​បង្កក​លុយ​ជិត ១៤០លានដុល្លារ​ដែល​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ប៉ាឡេស្ទីន

media
លោកសាអ៊ីប អេរីកាត (Saëb Erekat) អនុប្រធាន​អង្គការ​រំដោះប៉ាឡេស្ទីន Reuters

នៅ​ថ្ងៃ​អាទិត្យ ទី១៧ កុម្ភៈ រដ្ឋាភិបាល​នៃ​ប្រទេស​អ៊ីស្រាអែល​បាន​ប្រកាស​ពី​ការ​បង្កក​លុយ​ចំនួន ១៣៨លានដុល្លារ​ដែល​ត្រូវ​ប្រគល់​ទៅ​ឲ្យ​រដ្ឋអំណាច​ប៉ាឡេស្ទីន។ យោង​តាម​ការិយាល័យ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ទឹកប្រាក់​ចំនួន ១៣៨លានដុល្លារ​ជា​ទឹកប្រាក់​ដែល​រដ្ឋអំណាច​ប៉ាឡេស្ទីន​បាន​ឧបត្ថម្ភ​ដល់​ក្រុម​អ្នកទោស​ជា​ភេរវជន ក្រុមគ្រួសារ​របស់​ពួក​គេ និង​ក្រុម​អតីត​អ្នកទោស។ ថ្នាក់ដឹកនាំ​ប៉ាឡេស្ទីន​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ប្រឆាំង​នឹង​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល។ លោក​សាអ៊ីប អេរីកាត (Saëb Erekat) អនុប្រធាន​អង្គការ​រំដោះប៉ាឡេស្ទីន​បាន​យល់​ឃើញ​ថា ទង្វើ​របស់​អ៊ីស្រាអែល​រារាំង​ដល់​ដំណើរការ​ស្វែង​រក​សន្តិភាព បំផ្លាញ​ក្រុមអ្នកកណ្តាលនិយម និង​បញ្ឆេះ​កំហឹង​ក្រុមជ្រុលនិយម។


« នេះ​គឺ​ជា​ការ​សម្រេចចិត្ត​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​អ៊ីស្រាអែល។ យើង​ថ្កោលទោស​យ៉ាង​ចាស់ដៃ​លើ​ការ​សម្រេចចិត្ត​មួយ​នេះ។ អ្វី​ដែល​រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ធ្វើ​គឺ​ជា​អំពើ​ប្លន់។ ជា​អំពើ​ប្លន់​ព្រោះ​លុយ​នោះ​ជា​លុយ​របស់​យើង និង​ជា​មូលនិធិ​របស់​យើង។ គឺ​គ្រួសារ​របស់​យើង កូនក្មេង​របស់​យើង កូនស្រី​របស់​យើង កូនប្រុស​របស់​យើង និង​ម្តាយ​របស់​យើង​ដែល​អ៊ីស្រាអែល​ចង់​បង្អត់​អាហារ។

នៅ​ថ្ងៃ​ពុធ ទី២០ កុម្ភៈ ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​លោក​ម៉ាមូដ អាបាស់​នឹង​បើក​ធ្វើ​អង្គមេទ្ទេញ​មួយ ហើយ​សេចក្តីសម្រេច​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល​ពេល​នេះ​នឹង​បង្ក​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ។ ខ្ញុំ​យល់​ឃើញ​ថា នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​កំពុង​ព្យាយាម​បំផ្លាញ​រដ្ឋអំណាច​ប៉ាឡេស្ទីន។ ខ្ញុំ​គិត​ថា លោក​នេតាន់យ៉ាហ៊ូ​ចង់​ឃើញ​តំបន់​ស៊ីហ្សកដានី និង​តំបន់​ហ្កាហ្សា​បន្ត​បែក​គ្នា ហើយ​ខ្ញុំ​យល់​ឃើញ​ថា ការ​សម្រេច​របស់​អ៊ីស្រាអែល​បាន​រារាំង​ដល់​គ្រប់​លទ្ធផល​ចម្រើន​ទៅ​មុខ​នៃ​ដំណើរ​ការ​ចរចា​សន្តិភាព។

ជា​អកុសល ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​រដ្ឋបាល​អាមេរិក​របស់​លោក​ប្រធានាធិបតី​ត្រាំ​មិន​បាន​ជួយ​អ្វី​ទេ។ តើ​កាយវិការ​របៀប​នេះ​ឬ​ដែល​ពួក​គេ​គិត​ថា​នឹង​សម្រេច​បាន​នូវ​គោលដៅ​សហស្សវត្សរ៍?។ ទង្វើ​របស់​ពួក​គេ​បាន​ត្រឹម​អុជអាល បញ្ឆេះ​កំហឹង​របស់​ពួក​ជ្រុលនិយម ហើយ​បំផ្លាញ​ពួកកណ្តាលនិយម។ ទាំង​អស់​នេះ​ជា​អ្វី​ដែល​លោក​នេតាន់យ៉ាហ៊ូ និង​រដ្ឋបាល​អាមេរិក​របស់​លោក​ត្រាំ​កំពុង​ធ្វើ »៕