rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ៊ីរ៉ង់ មីស៊ីល

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ៊ីរ៉ង់​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​តាម​រយៈ​ការ​សាកល្បង​គ្រាប់មីស៊ីល​ថ្មី​ប្រកប​ដោយ​ជោគជ័យ

media
គ្រាប់មីស៊ីល​ថ្មី​របស់​អ៊ីរ៉ង់​ឈ្មោះ Hoveizeh Reuters

នៅ​ថ្ងៃ​សៅរ៍ ទី២ កុម្ភៈ ប្រទេស​អ៊ីរ៉ង់​បាន​ប្រកាស​ពី​ការ​បាញ់សាកល្បង​ប្រកប​ដោយ​ជោគជ័យ​នូវ​គ្រាប់មីស៊ីល​ថ្មី​ដែល​អាច​បាញ់​បាន​ចម្ងាយ​ជាង ១ ៣០០គីឡូម៉ែត្រ។ ដំណឹង​មួយ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទូទស្សន៍ជាតិ​ដែល​ស្រង់​សម្តី​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមៀរ ហាតាមី​នៅ​ក្នុង​ពិធី​ប្រារព្ធខួប​គម្រប់ ៤០ឆ្នាំ​នៃ​បដិវត្តអ៊ីស្លាម​អ៊ីរ៉ង់​ឆ្នាំ ១៩៧៩។ ទង្វើ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​របស់​អ៊ីរ៉ង់​ពេល​នេះ​នឹង​បង្ក​ឲ្យ​ការ​វាយប្រហារ​រិះគន់​ពី​សហគមន៍​អន្តរជាតិ ពិសេស​ពី​សហរដ្ឋអាមេរិក។


លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមៀរ ហាតាមី​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ក្នុង​ឱកាស​ពិធី​ប្រារព្ធខួប​គម្រប់ ៤០ឆ្នាំ​នៃ​បដិវត្ត​អ៊ីរ៉ង់​ថា គ្រាប់មីស៊ីល​ថ្មី​ដែល​មាន​ឈ្មោះ Hoveizeh បាន​ហោះ​ក្នុង​ចម្ងាយ ១ ២០០គីឡូម៉ែត្រ និង​ធ្លាក់​ចំ​គោលដៅ​ដែល​បាន​កំណត់។ សម្រាប់​លោក​ហាតាមី គ្រាប់មីស៊ីល Hoveizeh ជា​ជោគជ័យ​ផ្នែក​ការពារ និង​ជា​ដៃ​របស់​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់។ គួរ​បញ្ជាក់​ថា​ក្នុង​ឆ្នាំ ២០១៥ អ៊ីរ៉ង់​ក៏​ធ្លាប់​បាន​បង្ហាញ​នូវ​ប្រភេទ​គ្រាប់មីស៊ីល​ស្រដៀង​គ្នា​នេះ​ដែរ តែ​អាច​បាញ់​បាន​ចម្ងាយ​ត្រឹម ៧០០គីឡូម៉ែត្រ​ប៉ុណ្ណោះ។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា បច្ចេកវិទ្យា​គ្រាប់មីស៊ីល​របស់​អ៊ីរ៉ង់​ហាក់​មិន​ខុស​នឹង​របាយការណ៍​របស់​វិទ្យាសា្ថន​ផ្នែក​យុទ្ធសាស្រ្ត​អន្តរជាតិ​នៃ​ទីក្រុង​ឡុងដ៏​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ ២០១៧ ទេ។

របាយការណ៍​កាលណោះ​បាន​ឲ្យ​ដឹង​ថា ទីក្រុង​តេហេរ៉ង់​ផលិត​គ្រាប់មីស៊ីល​ប្រមាណ​ជា ១២គ្រាប់​ដែល​អាច​បាញ់​បាន​ចម្ងាយ​ពី ២០០ ទៅ ២ ០០០គីឡូម៉ែត្រ និង​ដែល​អាច​ពាំ​ក្បាល​នុយក្លេអ៊ែរ​ក្នុង​ទម្ងន់​ពី ៤៥០ ទៅ ១ ២០០គីឡូក្រាម។ កម្មវិធី​ផលិតគ្រាប់មីស៊ីល​របស់​អ៊ីរ៉ង់​បាន​បង្ក​ក្តីបារម្ភ​យ៉ាង​ខ្លាំង​ដល់​បស្ចិមលោក​ដែល​ចោទ​អ៊ីរ៉ង់​ពី​បទ​មាន​ឆន្ទៈ​បង្ក​អស្ថិរភាព​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ តែ​ទីក្រុង​តេហេរ៉ង់​បាន​បដិសេធ និង​រម្លឹក​ជា​ថ្មី​ថា កម្មវិធី​គ្រាប់មីស៊ីល​របស់​ខ្លួន​មាន​គោលដៅ​ការពារខ្លួន ហើយ​បញ្ហា​មួយ​នេះ​មិន​អាច​ចរចា​បាន​ទេ។ គួរ​បញ្ជាក់​ថា បើ​ផ្អែក​តាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​លេខ ២២៣១ អ៊ីរ៉ង់​មិន​ត្រូវ​មាន​សកម្មភាព​អ្វី​ពាក់ព័ន្ធ​នឹង​គ្រាប់មីស៊ីល​បាលីស្ទិក​ណា​ដែល​អាច​ពាំ​ក្បាលនុយក្លេអ៊ែរ​ទៅ​ជាមួយ​ទេ។

តែ​ក្រុមប្រទេស​បស្ចិមលោក និង​អ៊ីរ៉ង់​បាន​ធ្វើ​ការ​បកស្រាយ​ខុស​គ្នា​លើ​សេចក្តីសម្រេចចិត្ត​លេខ ២២៣១ មួយ​នេះ។ នៅ​ថ្ងៃ​អង្គារ ទី២៩ មករា លេខាធិការ​នៃ​ឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិ​នៅ​អ៊ីរ៉ង់​បាន​បញ្ជាក់​ថា អ៊ីរ៉ង់​គ្មាន​ឆន្ទៈ​ណា​មួយ​ដើម្បី​បង្កើន​ចម្ងាយ​បាញ់​គ្រាប់មីស៊ីល​ឡើយ ពិសេស​ចំ​ពេល​ដែល​កម្មវិធី​អភិវឌ្ឍ​គ្រាប់មីស៊ីល​បាលីស្ទិក​អ៊ីរ៉ង់​កំពុង​ស្ថិត​ក្រោម​គំនាប​របស់​សហគមន៍​អន្តរជាតិ៕