អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អេមីរ៉ាត​អារ៉ាប់រួម​បើក​ស្ថានទូតរបស់​ខ្លួន នៅស៊ីរី​ឡើងវិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពី​ផ្តាច់​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​​ស៊ីរី​​អស់​រយៈ​ពេល​ជាង​៧​ឆ្នាំ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៧ធ្នូ ២០១៨​នេះ អេមីរ៉ាតអារ៉ាប់រួម​ បាន​បើក​សម្ពោធ​ស្ថាន​ទូត​របស់​ខ្លួន​នៅទីក្រុង​ដាម៉ាស ឡើង​វិញ។ បារ៉ែន ក៏​ទំនង​ជា​ដើរ​តាម​គន្លង​អេមីរ៉ាតអារ៉ាបរួម​ដែរ។ តើ​នេះ​ជា​សញ្ញា​វិជ្ជមាន​បញ្ជាក់​អំពី​លទ្ធភាព​នៃ​ការ​វិល​ទៅរក​ទំនាក់ទំនង​ជា​ធម្មតា​ឡើង​វិញ​ បណ្តា​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត​ក្នុង​តំបន់ ជាមួយ​នឹងរដ្ឋាភិបាល​​​លោក បាស្ហារ អាល់​អាសាដ ? នេះ​ជា​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បិទ​បញ្ចប់​ភាព​​ឯកា​របស់​ស៊ីរី​ឬ ?

ស្ថានទូត​អេមីរ៉ាតអារ៉ាប់​រួម នៅ​ក្រុង​ដាម៉ាស ប្រទេស​ស៊ីរី
ស្ថានទូត​អេមីរ៉ាតអារ៉ាប់​រួម នៅ​ក្រុង​ដាម៉ាស ប្រទេស​ស៊ីរី Reuters
ផ្សាយពាណិជ្ជកម្ម

ទង់​ជាតិ​អេមីរ៉ាតអារ៉ាប​រួម បាន​បក់​វវិច​ជា​ថ្មី​នៅ​ទឹក​ដី​ក្រុង​ដាម៉ាស។ “ស្ថានទូត​របស់អេមីរ៉ាត​ប្រចាំ​ក្រុង​ដាម៉ាស ចាប់​មាន​សកម្មភាព​​ឡើង​វិញ”​ ! នេះ​បើតាម​​​សេចក្តី​ថ្លែងការណ៍​​របស់​ក្រសួង​ការបរទេស​។

​ប្រឈម​នឹងការ​រីករាល​ដាល​នៃ​ឥទ្ធិពល​របស់​អ៊ីរ៉ង់ និង​តួកគី​ក្នុងតំបន់ អេមីរ៉ាត​អារ៉ាប់​រួម​ យល់​ថា​​ ​អារ៉ាប់​ត្រូវ​តែ​មាន​​​តួនាទី​ដ៏​ចាំបាច់​ ពោល​គឺ​ អេមីរ៉ាត​អារ៉ាប់រួម ចង់​ធ្វើ​​យ៉ាង​ណា​ឱ្យ​​ពិភព​អារ៉ាប​មាន​សកម្មភាព​ឡើងវិញ​ នៅ​ស៊ីរី។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អេមីរ៉ាត។

ក្រុមប្រទេស​អារ៉ាប​ ចង់​រាប់​អាន​ស៊ីរី​ ជា​ធម្មតា​វិញ ?

សេចក្តី​សម្រេចចិត្ត​របស់​អេមីរ៉ាត​អារ៉ាប់រួម ត្រលប់​មក​ដាក់​ទូត​នៅ​ក្រុង​ដាម៉ាស​វិញ​ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី គាំទ្រដោយ​អ៊ីរ៉ង់ និង​រុស្ស៊ី​ ដណ្តើម​គ្រប់គ្រង​ប្រទេស​បាន​មួយ​ភាគ​ធំ​ (ពីរ​ភាគ​បី) ហើយ​បាន​និង​កំពុង​យក​ឈ្នះ​លើ​ពួក​ឧទ្ទាម​និង​ពួក​ជីហាត ជា​បន្ត​បន្ទាប់។ ទោះដោយ​មូលហេតុ​អ្វី​ក៏​ដោយ​ ក៏​ការ​ភ្ជាប់​ទំនាក់ទំនង​ការ​ទូត និង​ការ​បើក​ស្ថានទូតនៅ​ស៊ីរី​ឡើង​វិញ របស់​​អេមីរ៉ាតអារ៉ាប់រួម ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​បោះជំហាន​ទៅ​មុខ​ឆ្ពោះ​ទៅ​រក​ការ​ប្រកាន់​យក​ទំនាក់ទំនង​ជា​ធម្មតា​​ជាមួយ​នឹង​ស៊ីរី​។​​

ការ​វិល​ត្រលប់​មក​ដាក់​ទូត​នៅ​ស៊ីរី​នេះ​ មិនមែន​ជា​វិធានការ​ទោល​របស់​អេមីរ៉ាត​តែ​ម្នាក់​ឯង​ឡើយ។ ការ​ស្តារ​ទូត​ឡើង​វិញ ក៏​ស្ថិត​នៅក្នុង​​ក្របខណ្ឌ​នៃ​ចង់​បញ្ចូលស៊ីរី​ទៅ​ក្នុង​ក្រុម​ប្រទេសជា​សម្ព័ន្ធ​​អារ៉ាប់​វិញ​ផង។​

​កាលពី​ចុង​ឆ្នាំ​២០១១ ពិភព​អារ៉ាប​ នាំ​មុខ​ដោយ​អេមីរ៉ាត និង​ប្រទេស​ក្នុង​ក្រុម​ប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​នៅឈូង​សមុទ្ទពែក្ស ​​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​​បរិហារ​ស៊ីរី​ និង​ដាក់​ឱ្យ​នៅឯកា តាម​រយៈ​ការ​ផ្តាច់​ទំនាក់ទំនាក់ទំនង​​ការទូត ដោយ​កោះ​ហៅ​រាជ​អគ្គរដ្ឋ​ទូត​របស់​ខ្លួន​ត្រលប់​ចូល​ស្រុក​វិញ​ទាំង​អស់ ដើម្បី​ប្រឆាំង​នឹង​ទង្វើ​បង្កាប​បាតុករ​ប្រជាធិបតេយ្យ​របស់​ក្រុង​ដាម៉ាស។ ក្រោយ​មក​ទៀត​បណ្តា​ប្រទេស​ទាំង​អស់​នេះ បាន​ថែម​ទាំង​នាំ​គ្នា​គាំទ្រ​ចលនា​ប្រឆាំងស៊ីរី​​និរទេសចេញ​ពី​ប្រទេស និង​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​មួយ​ចំនួន​ផង។ចំណែក​សម្ព័ន្ធ​អារ៉ាប​បាន​សម្រេចនៅ​ខែ​វិច្ឆិកា​​ ឆ្នាំ​២០១១ ​ព្យួរ​​​ឈ្មោះ​ស៊ីរី​ពី​ក្រុម​។

បើតាម​ការ​អះអាង​របស់​លោក​អគ្គលេខាធិការ​រង​អង្គការ​សម្ព័ន្ធ​អារ៉ាប់ កាលពី​​​​ថ្ងៃទី ២៤ ធ្នូ សេចក្តីសម្រេច​ព្យួរ​​សមាជិក​ភាពស៊ីរី លែង​ទទួល​បាន​ការ​គាំទ្រ​ជា​ឯកច្ឆន្ទ​ទៀត​ហើយ ប៉ុន្តែ ក៏​ពុំ​ទាន់​មាន​ការ​ស្រុះ​ស្រួល​គ្នា​​ ឱ្យ​ស៊ីរី​វិល​ចូល​ក្នុង​សម្ព័ន្ធ​វិញនៅ​ឡើយ​ទេ។

គ្រាន់​តែ​ថា​អ្វីៗ​អាចប្តូរផ្លាស់​បាន ! នៅ​ក្នុង​​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ចុង​ខែ​មីនា​ខាង​មុខសម្ព័ន្ធ​អារ៉ាប់អាច​ប្តូរ​ជំហរ​របស់​ខ្លួន ! ព្រោះ​ដូច​យើង​បាន​ឃើញ​ស្រាប់ បន្ទាប់​ពី អេមីរ៉ាតអារ៉ាប់រួម បារ៉ែន ក៏​បាន​ចេញ​សេច​ក្តី​ថ្លែងការណ៍​ភ្លាម​ដែរ រៀប​ចំ​ខ្លួន​ត្រលប់​មក​ដាក់​ទូត​នៅ ក្រុង​ដាម៉ាស វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ និង​បាន​ប្រកាស​ចង់​ពង្រឹង​តួនាទី​អារ៉ាប់​ ដើម្បី​រក្សា​ឯករាជភាព បូរណភាពដែនដី​​​ស៊ីរី និង​ការពារ​កុំ​ឱ្យ​មាន​​ការ​​ជ្រៀតជ្រែកពី​ក្រៅ។

ម្យ៉ាង​វិញ​ទៀត កាលពី​ថ្ងៃទី ១៦​ធ្នូ ស៊ីរី បាន​ទទួល​ដំណើរ​ទស្សនកិច្ច​ដ៏ភ្ញាក់ផ្អើល​មួយ​របស់​ប្រធានាធិបតី​ស៊ូដង់ ក្នុង​ទឹក​ដី​របស់​ខ្លួន​។ នេះ​ជា​​លើក​ទី​មួយ​ដែល​ប្រមុខ​ដឹកនាំ ប្រទេស​អារ៉ាប​ធ្វើ​ដំណើរ​មក​ជាន់​រដ្ឋធានី​របស់​ស៊ីរី​ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក។ ចំណែក​អ្នក​ទទួល​ខុស​ត្រូវ​ជាន់ខ្ពស់​ផ្នែក​សន្តិសុខ​ជាតិ ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​សមភាគី​នៅ​ក្រុង​គែរ​ប្រទេស​អេហ្ស៊ីប កាលពី​ថ្ងៃទី ២២​ធ្នូ គម្រប់​លើក​ទីពីរ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក។

ស៊ីរី​ ​ផ្តើម​ស្ថាបនា​ប្រទេស​ឡើង​វិញ

ក្រៅ​អំពី​ប្រឹង​ប្រែង​លើ​សមរភូមិការទូត រដ្ឋាភិបាល​ស៊ីរី​ក៏​បាន​និង​កំពុង​ប្រឹង​ផ្តល់​សន្ទុះ និង​រឹត​ចំណង​សេដ្ឋកិច្ច​​ជាមួយ​បណ្តា​ប្រទេស​ជិត​ខាង​ក្នុង​តំបន់ ក្នុង​ទស្សនៈ​វិស័យ​ស្ថាបនា​ប្រទេស​ឡើង​វិញ​ដែរ។

ក្នុង​ថ្ងៃ​ដែល​អេមីរ៉ាត​អារ៉ាប់​រួម បើក​សម្ពោធ​ស្ថានទូត​ប្រចាំ​ទីក្រុង​ដាម៉ាស ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​ស៊ីរី​ក៏​បាន​ភ្ជាប់​ការ​ហោះហើរ​ ទៅ​បរទេស​ ជា​លើក​ដំបូង (គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១១)។ ជា​ការ​ហោះហើរ​ដឹកជញ្ជូន​អ្នក​ដំណើរ ពី​ដាម៉ាស ទៅ ក្រុង​ទុយនី របស់​ប្រទេស​ទុយនីស៊ី។ ជើង​ហោះហើរ​​ដែល​ជា​តំណាង​នៃ​សកម្មភាព​​ទេសចរណ៍​ មាន​ដឹកទេសចរ​ស៊ីរី​ចំនួន​ ១៥០​នាក់។

កាលពី​ខែ​តុលា​ ស៊ីរី​ក៏​បាន​បើក​ច្រក​ព្រំដែន​ Nassib ជាមួយ​ប្រទេស​ហ្សកដានី​ឡើង​វិញ។​ច្រក​ព្រំដែន​នេះ​ជា​ស្នូល​ពាណិជ្ជកម្ម​ដ៏​សកម្មបំផុត​របស់​តំបន់។

បន្ទាប់​ពីធ្លាក់​ក្នុង​ជ្រោះ​សង្គ្រាម​អស់​រយៈ​ពេល​ជាង​៧​ឆ្នាំ ពេល​នេះ​សកម្មភាព​ប្រយុទ្ធ​ក៏​ចាប់​ថយ​ កងទ័ព​អាមេរិក​ក៏​នឹង​ត្រូវ​​ដកចេញ​ត្រលប់​ទៅផ្ទះ​វិញ ស្ថានភាព​ជា​ទូទៅ​ និង​បើ​តាម​គោលការណ៍ហាក់​បាន​ធូរស្បើយ ល្មម​នឹង​ស៊ីរី​​ផ្តើម​ស្ថាបនា​ប្រទេស​ឡើង​វិញ​។ ហើយ​បើ​គេ​ជឿ​តាម​សារ​ទ្វីត​របស់​លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ចន្ទ អារ៉ាប៊ីសាអូឌីត ប្រទេ​ស​អារ៉ាប​ដ៏​សំខាន់​មួយ​ទៀត ក្នុង​តំបន់ បាន​ព្រមព្រៀង​ចំណាយ​ថវិកា​ ផ្តល់​លុយ​ចាំបាច់​សម្រាប់​ឱ្យ​ស៊ីរី​ស្ថាបនា​ប្រទេស ជំនួស​អាមេរិក​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ