rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

យេម៉ែន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

យេម៉ែន៖​ភាគី​ជម្លោះ​ផ្ទៃក្នុង​ឯកភាព​លើ​បញ្ជីឈ្មោះ​អ្នកទោស​ចំនួន ១៥ ០០០នាក់​ដើម្បី​ដោះដូរ​គ្នា

media
នៅ​ក្នុង​កិច្ចចរចា​ក្នុង​ប្រទេស​ស៊ុយអែត ​ភាគី​ជម្លោះ​ផ្ទៃក្នុង​ឯកភាព​លើ​បញ្ជីឈ្មោះ​អ្នកទោស​ចំនួន ១៥ ០០០នាក់​ដើម្បី​ដោះដូរ​គ្នា Reuters

ថ្ងៃ​អង្គារ ទី១១ ធ្នូ​ជា​ថ្ងៃទី៦ នៃ​កិច្ចចរចា​រវាង​ភាគីជម្លោះ​ផ្ទៃក្នុង​យេម៉ែន​ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​ស៊ុយអែត។ កម្មវត្ថុ​នៃ​កិច្ចចរចា គឺ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​បិទបញ្ចប់​សង្រ្គាមស៊ីវិល​ដែល​បាន​អូសបន្លាយ​តាំង​ពី ៤ឆ្នាំ និង​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ១០ ០០០នាក់។ អ្វី​ដែល​ភាគី​ជម្លោះ​ទាំង​ពីរ​បាន​ឯកភាព​ពេល​នេះ គឺ​បញ្ជី​ឈ្មោះ​អ្នកទោស​ចំនួន ១៥ ០០០នាក់​សម្រាប់​ធ្វើ​ការ​ដោះដូរ​គ្នា។ គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​បាន​បញ្ជាក់​ថា ខ្លួន​ជា​អ្នក​រៀបចំ​ឲ្យ​មាន​ការ​ដោះដូរ​អ្នកទោស​រវាង​ភាគី​ទាំង​ពីរ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២០ មករា​ខាង​មុខ។


គេ​ត្រូវ​រង់ចាំ​ដល់​កិច្ចចរចា​ថ្ងៃ​ទី៦ ក្នុង​រយៈពេល​សរុប ៧ថ្ងៃ​ទើប​ភាគី​ជម្លោះទំាង​ពីរ​បាន​ឯកភាព​គ្នា​លើ​បញ្ហា​អ្នកទោស​ដែល​ជា​បញ្ហា​ដ៏​ប្រទាញប្រទង់​គ្នា​ខ្លាំង​នៅ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត។ នៅ​ក្នុង​បញ្ជី​អ្នកទោស​ទាំង ១៥ ០០០នាក់​ដែល​រដ្ឋាភិបាល និង​ចលនា​ឧទ្ទាម​ហ៊ូទី្ស​ត្រៀម​ដោះដូរ​គ្នា​នៅ​ពេល​ខាង​មុខ មាន​សឹង​ពាក់កណ្តាល​ពី​ភាគី​ម្នាក់ៗ។ ក្រៅ​ពី​ការ​ព្រមព្រៀង​ដោះដូរ​អ្នកទោស​រវាង​គ្នា ភាគី​រដ្ឋាភិបាល​ក៏​បាន​ទាមទារ​ឲ្យ​ពួក​ឧទ្ទាម​ប្រគល់​សាកសព​អតីត​ប្រធានាធិបតី​លោក​អាលី អាប់ដាឡា សាឡេ​ឲ្យ​រដ្ឋាភិបាល​វិញ​ដែរ។ លោក​សាឡេ​ត្រូវ​បាន​ពួក​ឧទ្ទាម​ហ៊ូទី្ស​ដែល​ជា​សម្ព័ន្ធមិត្ត​ខ្លួន​ឯង​សម្លាប់​ចោល​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៧ ដោយ​ចោទ​ពី​បទ​ក្បត់ជាតិ។ តែ​ពួក​ឧទ្ទាម​មិន​ទាន់​បាន​ឆ្លើយ​យ៉ាង​ណា​ចំពោះ​ការ​ទាមទារ​នេះ​នៅ​ឡើយ​ទេ។

ទាក់ទង​នឹង​នីតិវិធី​នៃ​ការ​ដោះដូរ​អ្នកទោស​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី២០ មករា ឆ្នាំ ២០១៩ ត្រូវ​បាន​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ធ្វើ​ឡើង​នៅ​លើ​អាកាសយានដ្ឋាន​ចំនួន​ពីរ គឺ​អាកាសយានដ្ឋាន​សេយូន​ស្ថិត​ប៉ែកកណ្តាល​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល និង​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ទីក្រុង​សាណា​ដែល​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម។ ចំណែក​ដំណើរការ​ដោះដូរ​អ្នកទោស​នឹង​ត្រូវ​រៀបចំ​ដោយ​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ។ ក្រៅ​ពី​ជជែក​លើ​បញ្ហា​អ្នកទោស ក៏​នៅ​មាន​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត​ដែល​ភាគី​ជម្លោះ​ទាំង​ពីរ​បាន​លើក​យក​ទៅ​ជជែក​រួម​មាន រៀបចំ​ឲ្យ​មាន​ការ​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ឡើង​វិញ បើក​កំពង់ផែ​ហូដៃដា និង​អាកាសយានដ្ឋាន​ទីក្រុង​សាណា​ដែល​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​ឲ្យ​ដំណើរការ​ឡើង​វិញ។

អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​ចន្ទ ទី១០ ធ្នូ​ពី​ការ​ស្វែង​រក​លុយ​ចំនួន ៤ ០០០លានដុល្លារ​ក្នុង​ឆ្នាំ ២០១៩ សម្រាប់​ពលរដ្ឋ​យេម៉ែន​ចំនួន ២០លាននាក់ ពោល​ ៧០% នៃ​ចំនួន​ពលរដ្ឋ​យេម៉ែន​សរុប​ដែល​កំពុង​ត្រូវ​ការ​ជំនួយមនុស្សធម៌។ លោក Mark Lowcock អគ្គលេខាធិការ​រង​នៃ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​មនុស្សធម៌​បាន​ថ្លែង​ថា​ជា​រៀងរាល់​ឆ្នាំ អង្គការ​សហប្រជាជាតិ​ត្រូវ​ការ​ថែម ១ ០០០លានដុល្លារ៕