អានតួអត្ថបទ

រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែ​ល​​លាលែង​ចេញ​ពីតំណែង ក្រោយមាន​បទឈប់បាញ់​ជាមួយ​ប៉ាឡេស្ទីន

រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អ៊ីស្រាអែល Avigdor Lieberman ដែល​ជា​អ្នក​អភិរក្ស​និយមបំផុត​ម្នាក់ បាន​ប្រកាសលាលែង​ចេញ​ពី​តំណែង​នៅថ្ងៃពុធ​នេះ​។ មូលហេតុ​មក​ពីលោក​រដ្ឋមន្ត្រី​ ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ឈប់​បាញ់​របស់​អ៊ីស្រាអែល​ជាមួយ​ពួក​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន។ ការលាលែង​ចេញ​ពី​តំណែង​នេះ បាន​ធ្វើ​ឱ្យ​​​រដ្ឋាភិបាលអ៊ីស្រាអែល​​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ប៊ិនយ៉ាមែន នេតាន់យ៉ាហ៊ូ Benjamin Netanyahu រង្គោះរង្គើ​​យ៉ាង​ខ្លាំង។

លោក Avigdor Lieberman ​រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​អ៊ីស្រាអែល​ប្រកាស​លាលែង​ចេញ​ពី​តំណែង
លោក Avigdor Lieberman ​រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​អ៊ីស្រាអែល​ប្រកាស​លាលែង​ចេញ​ពី​តំណែង REUTERS/Ammar Awad
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​លេច​ឮ​តាំង​ពី​ព្រលឹម និង​​ត្រូវ​បាន​បញ្ជាក់​ពិត​នៅ​ពេល​រសៀល ! រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ លោក អាវីដ័រ លីបែរម៉ាន់ Avigdor ប្រធានបក្ស​បៃតៃនូ (Beiteinou) បក្ស​ជា​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​ចម្រុះ​អ៊ីស្រាអែល បាន​ប្រកាស​លាលែង​ចេញ​ពី​តំណែង មួយ​ថ្ងៃ​ក្រោយ​មាន​បទ​ឈប់​បាញ់​ជាមួយ​ចលនា​ហាម៉ាស។ មិនតែ​ប៉ុណ្ណោះ ​លោក​ថែម​ទាំង​អំពាវនាវ​ឱ្យ​មាន​ការ​បោះឆ្នោត​សភា​មុន​អាណត្តិទៀត ឱ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ប្រសើរ។

នៅ​ចំពោះ​មុខ​​អ្នក​សារព័ត៌មាន​ ​លោក លីបែរម៉ាន់ ដែល​ជា​អ្នក​អភិរក្ស​និយម​បំផុត​​របស់​អ៊ីស្រាអែល បាន​ប្រកាស​ចាត់​ទុក​បទ​ឈប់​បាញ់​ជាមួយចលនា​​ប៉ាឡេស្ទីន ថា​ជា​ “ការ​ចុះ​ចាញ់​នឹង​ភេរវនិយម” ! ក្រៅ​អំពី​បរិហារ​បទ​ឈប់​បាញ់​នេះ លោក លីបែរម៉ាន់ ក៏​បាន​រំលើក​អំពី​​ជំហរ​ចម្រូង​ចម្រាស​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ប៊ិនយ៉ាមែន នេតាន់យ៉ាហ៊ូ ប្រធាន​បក្ស​ ​ស្តាំ​និយមលីគូ​​​កំពុង​កាន់​អំណាច​ ក្នុង​សំណុំ​រឿង​ជា​ច្រើន​ផ្សេង​។

សម្រាប់​អ្នកវិភាគ ​ សារ​នៃ​ការ​លាលែង​ចេញ​តំណែងរបស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ មាន​បង្កប់​អត្ថន័យ​មួយ ​៖ ​ការ​បាញ់​មីស៊ីល​៥០០​គ្រាប់​ចេញ​តំបន់​​ហ្កាហ្សា​ បាន​រុញ​រដ្ឋមន្ត្រីការពារជាតិ​ឱ្យ​លាលែង​ចេញ​ពី​តំណែង ឯ​លោក​នេតាន់​យ៉ាហ៊ូ ជា​ប្រមុខ​រដ្ឋាភិបាល​ខ្សោយ។

ការ​លាលែងរបស់​លោក​ លីប៊ែរម៉ាន់​ ​ចាប់​មាន​សុភលភាព​ក្នុង​រយៈ​ពេល​៤៨​ម៉ោង​ខាង​មុខ។ ប៉ុន្តែ​គេ​នៅមិន​ទាន់​ដឹង​ថា​តើ​បក្សដ៏​តូច​​របស់​លោក នឹង​ចាក​ចេញ​ពី​រដ្ឋាភិបាល​ចម្រុះ​ដែល​ឬ​យ៉ាងណា​ទេ ! ប្រសិន​បើបក្ស​ដក​ខ្លួន​ដែរ ​នោះ​រដ្ឋាភិបាល​លោក​នេតាន់យ៉ាហ៊ូ ដែល​មាន​កំណើត​តាំង​ពី​ឆ្នាំ​២០១៥​មក នឹង​លែង​សូវ​រឹង​មាំ​ ព្រោះ​មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​យ៉ាង​ប្រផុតប្រផើយ​បំផុត (លើស​តែមួយ​សំឡេង​គត់​នៅក្នុង​សភា)​។

ប៉ុន្តែ លោក​ នេតាន់​យ៉ាហ៊ូ បាន​បញ្ចេញ​ប្រតិកម្ម​ និង​ព្រមាន​ជា​ស្រេច តាំង​ពី​ពុំ​ទាន់​មាន​សេចក្តី​ប្រកាស​លាលែង​ចេញ​ពី​តំណែង​ជា​ផ្លូវការ​មក​ម្ល៉េះ ថា​ អំណាច​​ការពារ​ជាតិ​នឹងស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​​របស់​នាយក​រដ្ឋមន្ត្រី​។ ហើយ​​​គ្មាន​ទេ ​​ការរៀប​ចំ​​បោះឆ្នោត​សភា​មុន​អាណត្តិ​(មុន​ខែ​វិច្ឆិកា២០១៩)​នោះ។

ដោយ​ឡែកសម្រាប់​ចលនា​ហាម៉ាស ការលាលែង​ចេញ​ពី​តំណែង​របស់​លោក លីប៊ែរម៉ាន់ គឺ​ជា​ជោគជ័យ​របស់​តំបន់​ហ្កាហ្សា ដែលតស៊ូ​រហូត​បាន​សម្រេច​​បាន​ធ្វើ​ឱ្យមាន​ភាព​រង្គោះរង្គើក្នុង​​ឆាក​នយោបាយ​អ៊ីស្រាអែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ