អានតួអត្ថបទ

អង្គការសហប្រជាជាតិ ៖ មាន​រណ្តៅ​​កប់​ខ្មោច​រួម​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ជាច្រើន​នៅ​អ៊ីរ៉ាក់

ពួកអង្គការ​រដ្ឋ​អ៊ីស្លាម​បាន​បរាជ៧យ​រត់​ខ្ចាត់​ខ្ចាយ​ពី​អ៊ីរ៉ាក់​ហើយ ប៉ុន្តែ​ពួក​វា​បាន​បន្សល់​ទុក​នូវ​រណ្តៅ​កប់​ខ្មោច​រួម​ជាងច្រើន ប្រមាណ​ជាង​២០០​រណ្តៅ នៅភាគ​ខាង​ជើង​ប្រទេស​ ដែល​ពួក​គេ​បាន​កាន់កាប់​នៅ​រវាង​ពី​ឆ្នាំ​២០១៤-២០១៧។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​អង្គារ​ទី ៦ វិច្ឆិកា ដោយ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​អ៊ីរ៉ាក់​រក្សា​ព័ត៌មាន​នេះ សម្រាប់​ធ្វើ​ជា​ភស្តុតាង​​បញ្ជាក់​អំពី​ទង្វើ​ឧក្រិដ្ឋ​របស់​ពួក​អង្គការ​ជីហាត​រដ្ឋ​អ៊ីស្លាម។

សាកសព​ក្នុង​រណ្តៅ​កប់​ខ្មោច​រួម​មួយ​នៅ Sulaiman Pek ប្រទេស​អ៊ីរ៉ាក់
សាកសព​ក្នុង​រណ្តៅ​កប់​ខ្មោច​រួម​មួយ​នៅ Sulaiman Pek ប្រទេស​អ៊ីរ៉ាក់ © Reuters
ផ្សាយពាណិជ្ជកម្ម

បើ​តាម​របាយការណ៍​​របស់​បេសកកម្ម​ជំនួយ​អ៊ីរ៉ាក់ និង​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ គេ​បាន​រក​ឃើញ​រណ្តៅ​កប់​ខ្មោច​រួម​ ចំនួន ២០២ រណ្តៅ ផ្តុំ​គ្នា​ភាគ​ច្រើន​នៅ​ភាគ​ខាង​ជើង និង​មួយ​ចំនួន​តូច​នៅ​ភាគ​ខាង​លិច​ប្រទេស​អ៊ីរ៉ាក់។ រណ្តៅ​ទាំង​នោះ ទំនង​ជាអាច​មាន​កប់​ខ្មោច​មនុស្ស​ដល់​ទៅ​ប្រមាណ​ ១២០០០​នាក់។

រណ្តៅ​បែប​នេះ​ទំនង​នៅ​មាន​ច្រើន​ទៀត ! នេះ​បើ​តាម​របាយការណ៍​ដដែល ដោយ​អះអាង​ថា​នៅ​មាន​តំបន់​មួយ​ចំនួន​ដែល​ក្រុមការងារ​មិន​ចូល​ទៅ​ដល់ ដោយ​ហេតុ​តែ​មាន​មីនបង្កប់​ច្រើន និង​ដោយ​តែ​ហេតុការ​គំរាមកំហែង​សន្តិសុខ​ពី​សំណាក់​​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាមក្រុម​តូចៗ​ចាំវាយ​ឆ្មក់​​។ ហើយ​បើ​តាម​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់​ គ្រាន់​តែ​នៅ​ក្នុង​ខេត្ត​នីនីវ ដែល​មាន​ម៉ូស៊ូល​ជា​ក្រុង និង​ជា​អតីត​រដ្ឋធានី​របស់​ពួក​រដ្ឋ​អ៊ីស្លាម​នោះ គេ​រាប់ឃើញ​មានការ​បាត់​ខ្លួន​​មនុស្ស​ជាង​៧២០០​នាក់។

គិត​មក​ទល់​ពេល​នេះ រណ្តៅ​ចំនួន​២៨ ត្រូវ​គាស់​កកាយ និង​ជីក​រក​ឃើញ​សាកសព ចំនួន​១២៥៨​។ ការ​គាស់​កកាយ​រណ្តៅ​ជា​ការងារ​ដ៏​ស្មុគស្មាញ។ ​រណ្តៅ​ខ្លះ​មានកប់​សាក​សព​បីបួន​នាក់ ​ខ្លះ​ទៀត​ជា​​រណ្តៅ​រូង​ធម្មជាតិមាន​ខ្មោច​ដល់​ទៅ​រាប់​រយ និង​ដល់​ពាន់នាក់​ផង។​ បើ​តាម​ការ​រៀប​រាប់​របស់​ប្រជាជន ក្នុង​អំឡុង​ពេល​កាន់​អំណាច ពួកអង្គការ​រដ្ឋ​អ៊ីស្លាម​បាន​ប្រហារ​ជីវិត​មនុស្ស​ប្រមាណ​១០​នាក់ ក្នុង​មួយ​​ថ្ងៃៗ ជាពិសេស​គ្រួសារ​ទាហាន​អ៊ីរ៉ាក់​ឬ​ជនជាតិ​ភាគ​តិច​យ៉ារីឌី។

នៅមួយ​ឆ្នាំ​ក្រោយ​អ៊ីរ៉ាក់​ប្រកាសយក​ឈ្នះ​ទាំង​ស្រុង​លើ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ការ​រក​ឃើញ​រណ្តៅ​កប់​ខ្មោច​រួម​នេះ គឺ​ជា​ភស្តុតាង​ដ៏​ជាក់​ស្តែង​មួយ​ ដែលអាច​ធានា​ឱ្យ​មាន​ការបើក​អង្កេត​ ​សវនាការ​កាត់​ទោស ស្រប​តាម​ច្បាប់​អន្តរជាតិ ពី​បទ​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋ​កម្ម​សង្គ្រាម ឬ​ប្រល័យ​ពូជសាសន៍។ នេះ​បើ​តាម​របាយការណ៍​ដដែល​ ដែលថែម​ទាំង​​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ជីក​រណ្តៅ​ គាស់​រក​​សាកសព​ទាំង​អស់ ហើយ​ថែ​រក្សា​រណ្តៅ​ទាំង​នោះ​ជាមណ្ឌលឯកសារ​​ ​សម្រាប់​ជា​ប្រយោជន៍​ផ្លូវច្បាប់​ផង និង​ដើម្បី​អាច​ផ្តល់​ចម្លើយ​ដល់​គ្រួសារ​ជន​បាត់​ខ្លួន​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ