rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

រវាង​អារ៉ាប៊ីសាអូឌីត និង​​អាមេរិក តើ​អ្នក​ណា​ចំណេញ និង​អ្នក​ណា​ខាត​នៅក្នុង​រឿង​បាត់​ខ្លួន​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី?

ដោយ គួច គន្ធារ៉ា

ពីរ​សប្តាហ៍​គត់​ដែល​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​បាន​បាត់ខ្លួន បន្ទាប់​ពី​គាត់​បាន​ចូល​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ប្រចាំ​ទីក្រុង​អ៊ីស្តង់ប៊ូល​កាល​ពី​ថ្ងៃទី២ តុលា។ ទីក្រុង​បាន​បន្ត​បដិសេធ​ម្តង​ជា​ពីរ​ដង​ថា ខ្លួន​មិន​បាន​ដឹង​រឿង​អ្វី​ទាំង​អស់។ តែ​ជា​ថ្មី​ម្តង​ទៀត ក្រុម​ប្រទេស​បស្ចិមលោក ពិសេស​បារាំង អង់គ្លេស និង​អាល្លឺម៉ង់​បាន​ទាមទារ​ឲ្យ​ទីក្រុង​រីយ៉ាដ​បំភ្លឺ និង​ស៊ើបអង្កេត​ប្រកប​ដោយ​តម្លាភាព។

តែ​សង្រ្គាមពាក្យ​សម្តី​ដែល​កំពុង​បន្ត​មាន​យ៉ាង​ខ្ចរខ្ចាយ​ពេល​នេះ គឺ​រវាង​អារ៉ាប៊ីសាអូឌីត និង​អាមេរិក។ ក្រោយ​ពី​លោក​ដូណាល់ ត្រាំ​បាន​ព្រមាន​ដាក់​ពិន័យ​ចាស់ដៃ ទីក្រុង​រីយ៉ាដ​ក៏​បាន​ព្រមាន​សងសឹក​វិញ។ ហេតុអ្វី​បាន​ជា​រឿងអាស្រូវ​មួយ​នេះ​កាន់​តែ​បែកខ្ចរខ្ចាយ និង​ថា តើ​អាច​មាន​ប្រតិកម្ម​អ្វី​ខ្លះ​ដែល​បស្ចិមលោក និង​អារ៉ាប៊ីសាអូឌីត​អាច​ដាក់​លើ​គ្នា​ទៅ​វិញ ទៅ​មក?

ក្នុង​ពេល​ដែល​អាថ៍កំបាំង​នៃ​ការ​បាត់ខ្លួន​រូប​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​កាន់​តែ​អូសបន្លាយ សង្រ្គាមពាក្យសម្តី​រវាង​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ក្រុមប្រទេស​បស្ចិមលោក​មួយ​ចំនួន​ក៏​កំពុង​បន្ត​មាន​កាន់​តែ​ខ្ចរខ្ចាយ​ខ្លាំង​ដែរ។ តែ​សង្រ្គាមពាក្យសម្តី​ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​ពេល​នេះ គឺ​រវាង​អារ៉ាប៊ីសាអូឌីត និង​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹក​មិន​លេច​រវាង​គ្នា។ លោក​ដូណាល់ ត្រាំ​បាន​ព្រមាន​ដាក់​ពិន័យ​ចាស់ដៃ ប្រសិន​បើ​ទីក្រុង​រីយ៉ាដ​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បាត់​ខ្លួន​លោក​ខាស្ហូហ្ស៊ី​មែន​នោះ។ លោក​ត្រាំ​មិន​បាន​បញ្ជាក់​ទេ​ថា តើ​ទណ្ឌកម្ម​ប្រភេទ​ណា​ដែល​ទីក្រុង​វ៉ាស៊ីនតោន​អាច​ដាក់​លើ​ទីក្រុង​រីយ៉ាដ​នោះ។ តែ​ទីក្រុង​រីយ៉ាដ​មិន​ញញើត​នឹង​ព្រមាន​បក​ថា ទោះ​បី​ជា​ទណ្ឌកម្ម​ប្រភេទ​ណា​ក៏​ដោយ ជា​សេដ្ឋកិច្ច ឬ​ជា​នយោបាយ​ក៏​ដោយ ក៏​ខ្លួន​មិន​អាច​ឈរ​ក្រពាត់ដៃ​មើល និង​ធ្វើ​ការ​សងសឹក​ឲ្យ​សក្តិសម​វិញ។

ត្រង់​ចំណុច​នេះ អារ៉ាប៊ីសាអូឌីត​ក៏​មិន​បាន​លំអិត​ពី​ប្រភេទ​ទណ្ឌកម្ម​ដែល​ត្រូវ​សងសឹង​ដែរ តែ​គ្រាន់​បញ្ជាក់​ថា អារ៉ាប៊ីសាអូឌីត​ជា​ប្រទេស​ដើរ​តួនាទី​យ៉ាង​សំខាន់ និង​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​លើ​សេចដ្ឋកិច្ច​ពិភពលោក។ តាម​រយៈ​ឃ្លា​មួយ​មាត់​នេះ​នាំ​ឲ្យ​គេ​យល់​បាន​ភ្លាម​ថា ទីក្រុង​រីយ៉ាដ​ក្នុង​នាម​ជា​ស្តេច​ប្រេងកាត​ក្នុង​លោក​ចង់​យក​មាសខ្មៅ​របស់​ខ្លួន​ធ្វើ​ជា​អាវុធ​ដើម្បី​ព្រមាន។ អារ៉ាប៊ីសាអូឌីត​ពិត​ជា​យល់​មិន​ច្រឡំ​ទេ​ថា បើ​ខ្លួន​កាត់​បន្ថយ​ការ​បូមប្រេង នោះ​តម្លៃ​ប្រេង​នឹង​ស្ទុះ​ឡើង​ដែល​អាច​នឹង​ជះ​ផលវិបាក​ខ្លាំង​ដល់​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​លោក។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា តាំង​ពី​តម្លៃប្រេង​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​តាំង​ពី​ដំណាច់​ឆ្នាំ ២០១៤ មក ចំណូល​ដែល​ប្រទេស​អារ៉ាប់​មួយ​នេះ​ពឹង​លើ​ការ​បូមប្រេង​លក់​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

អ៊ីចឹង​ហើយ​បាន​ជា​រាជទាយាទ​បេន សាលម៉ាន​មិន​ញញើត​នឹង​ផ្លាស់ប្តូរ​សង្គម​អារ៉ាប៊ីសាអូឌីត​ដែល​ជា​របប​អភិរក្សនិយម​ជាង​គេ​មួយ​នៅ​ក្នុង​លោក​ទេ។ គឺ​រាជទាយាទ​អង្គ​នេះ​ឯង​ដែល​បាន​អនុញ្ញាត​ស្រ្តី​ឲ្យ​មាន​សិទ្ធិ​បើកបរ​ដូច​បុរស និង​បាន​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ចជាតិ​ដោយ​ប្តូរ​ពី​សេដ្ឋកិច្ច​ពឹង​តែ​លើ​ចំណូល​បាន​មក​ពី​ការ​បូមប្រេង​លក់​ទៅ​ជា​សេដ្ឋកិច្ច​ដែល​ចំណូល​បាន​មក​ពី​ប្រភព​ផ្សេង។ មហា​ផែនការ​កំណែទម្រង់​នេះ​ត្រូវ​បាន​ព្រះអង្គម្ចាស់​សាលម៉ាន​ឲ្យ​ឈ្មោះ​ថា “ផែនការ​ចក្ខុវិស័យ ២០៣០”។ តែ​ជម្រើស​ផ្លូវដើរ​មួយ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​បាន​ធ្វើ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ក្អេងក្អាង​ដូច​ការ​បូមប្រេង​លក់​នោះ​ទេ។ មិន​ឲ្យ​ក្អេងក្អាង​ព្រោះ​អារ៉ាប៊ីសាអូឌីត​បាន​ដឹង​យ៉ាង​ច្បាស់​ថា ដើម្បី​អាច​សម្រេច “ផែនការ​ចក្ខុវិស័យ ២០៣០” បាន ខ្លួន​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​សហការណ៍​ជាមួយ​បរទេស​ទេ ពិសេស​ក្រុម​អ្នក​វិនិយោគ​បរទេស។

ជាមួយ​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិន​លេច ក៏​អារ៉ាប៊ីសាអូឌីត​ពិបាក​នឹង​ក្អក​ជាមួយ​ដែរ ព្រោះ​ចង់​ឬ​មិន​ចង់ ទីក្រុង​រីយ៉ាដ​ដែល​​មាន​ប្រទេស​អ៊ីរ៉ង់​ជា​សត្រូវ​ស៊ីសាច់​ហុច​ឈាម​នៅ​ក្នុង​តំបន់​ត្រូវ​ការ ការ​គាំទ្រ​ពី​ទីក្រុង​វ៉ាស៊ីនតោន​ដោយ​ខាន​មិន​បាន។ តែ​អារ៉ាប៊ីសាអូឌីត​ក៏​ដឹង​ដែរ​ថា អាមេរិក​ក្នុង​ជំនាន់​លោក​ដូណាល់ ត្រាំ​ដែល​កំពុង​តឹង​សរសៃ ក ជាមួយ​អ៊ីរ៉ង់ និង​កំពុង​ត្រៀម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់ ក៏​ត្រូវ​ការ​ខ្លួន​ដែរ ពិសេស​ឲ្យ​ជួយ​បង្កើន​ផលិកម្ម​ប្រេង​ដើម្បី​បំពេញ​កន្លែង​របស់​អ៊ីរ៉ង់។ ម្យ៉ាង​ទៀត អាមេរិក​របស់​លោក​ត្រាំ​ក៏​មិន​អាច​មើល​រំលង​លើ​មហា​កំណែទម្រង់​សេដ្ឋកិច្ច​របស់​រាជទាយាទ​បេន សាលម៉ាន​ដែរ។ លោក​ត្រាំ​បាន​បញ្ជាក់​ច្បាស់ៗ​រួច​ហើយ អាមេរិក​មិន​អាច​បោះបង់​កុងត្រា​អាវុធ​ដែល​អាមេរិក​មាន​ជាមួយ​អារ៉ាប៊ីសាអូឌីត​ដោយ​ប្រគល់​ទៅ​អ្នក​ផ្សេង ពិសេស​រុស្ស៊ី និង​ចិន​បាន​ទេ។

សម្រាប់​លោក​ត្រាំ គេ​អាច​មាន​វិធីសាស្រ្ត​ផ្សេង​ដើម្បី​ដាក់​ពិន័យ​លើ​អារ៉ាប៊ីសាអូឌីត ដោយ​មិន​ឲ្យ​ខូច​ប្រយោជន៍​សេដ្ឋកិច្ច។ តើ​វិធីសាស្រ្ត​អ្វី​ទៅ? លោក​ត្រាំ​បាន​ផ្តល់​ចម្លើយ​យ៉ាង​សាមញ្ញ​ថា គេ​ត្រូវ​រង់ចាំ​មើល​នា​ពេល​ខាង​មុខ។ ចម្លើយ​របៀប​នេះ​នាំ​ឲ្យ​គេ​សន្និដ្ឋាន​បាន​ថា អាមេរិក​មិន​អាច ឬ​មិន​ហ៊ាន​ធ្វើ​អ្វី​ធំដុំ​ដាក់​អារ៉ាប៊ីសាអូឌីត​ឡើយ ព្រោះ​ទី១ ខ្លាច​បាត់បង់​សេដ្ឋកិច្ច និង​ទី២ ប្រទេស​អារ៉ាប់​មួយ​នេះ​ជា​សម្ព័ន្ធមិត្ត​ដ៏​មាន​ឥទ្ធិពល​តែ​មួយ​គត់​របស់​ខ្លួន និង​ដែល​ខ្លួន​អាច​ពឹងពាក់​បាន​នៅ​ក្នុង​តំបន់។ តែ​អាមេរិក​ដែល​តាំង​នាម​ជា​បិតា​ប្រជាធិបតេយ្យ​ក្នុង​លោក​ពិត​ជា​មិន​អាច​មិន​និយាយ​បាន​ទេ​ចំពោះ​ការ​បាត់ខ្លួន​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី ព្រោះ​ទី១ លោក​ជា​អ្នកកាសែត និង​ទី២ លោក​ជា​អ្នករិះគន់ ទិតៀន​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន។

លោក​ត្រាំ​ហាក់​បាន​ច្បាស់​ក្នុង​ចិត្ត​ថា ទីក្រុង​រីយ៉ាដ​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បាត់ខ្លួន​លោក​ខាស្ហូហ្ស៊ី។ តែ​នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ត្រាំ​នា​ថ្ងៃ​ចន្ទ ទី១៥ តុលា រាជទាយាទ​បេនសាលម៉ាន​នៅ​បន្ត​បដិសេធ​យ៉ាង​ដាច់​អហង្ការ។ ចំណែក​លោក​ត្រាំ​បាន​បញ្ជាក់​ពី​បញ្ជូន​ប្រមុខ​ការទូត​ប៉ុមប៉េអូ​ទៅ​ជួប​ព្រះអង្គម្ចាស់​បេនសាលម៉ាន​ផ្ទាល់​ក្នុង​ទីក្រុង​រីយ៉ាដ។ យ៉ាង​ណា​ក៏​ដោយ រឿងរ៉ាវ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​រំជើបរំជួល​យ៉ាង​ខ្លាំង និង​បង្ក​ក្តីបារម្ភ​ដល់​ក្រុម​អ្នកវិនិយោគ​បរទេស និង​អារ៉ាប៊ីសាអូឌីត។ ដូច្នេះ​គ្រប់​ភាគី​ពាក់ព័ន្ធ​គួរ​តែ​ត្រូវ​បញ្ចប់​រឿងរ៉ាវ​មួយ​នេះ​ឲ្យ​បាន​លឿន​កាល​ណា​ល្អ​កាល​នោះ ព្រោះ​នៅ​ទីបញ្ចប់ គ្មាន​អ្នក​ចំណេញ មាន​តែ​អ្នក​ខាត៕

បណ្តាញ​ភេរវជន​ហើយ​និង​ស្មាតហ្វូន

លីប៊ី ៖ ដំណើរ​ការ​ចរចា​សន្តិភាព រាំងស្ទះ​ដោយ​ភាព​មិន​ស្របគ្នា រវាង​ប្រទេស​ពាក់ព័ន្ធ

ក្រោយ​ដណ្តើម​កាន់កាប់​រដ្ឋសភា ​តើ​គណបក្ស​ប្រជាធិបតេយ្យ​អាច​ធ្វើអ្វី​លោកដូណាល់ ត្រាំ​បាន?

ខ្យល់ពុលបរិយាកាស​កំពុង​ក្លាយ​ជា​ជម្ងឺដ៏រ៉ាំរ៉ៃ​របស់​រដ្ឋធានី​ញូវដេលី

អ្វី​ទៅ​ជា​គោលដៅ​ពិត​នៃ​ទណ្ឌកម្ម​អាមេរិក​លើ​អ៊ីរ៉ង់ និង​ថាតើ​អ្នក​ណា​ដែល​កំពុង​​រងគ្រោះ​ខ្លាំង​ជាង​គេ​ពី​ទណ្ឌកម្ម​នេះ?

នៅ​ប្រទេស​ក្រីក្រ ​អត្រាអ្នក​អត់​ការងារ​ទាប​ ព្រោះ​មនុស្ស​មិន​អាច​មិន​ធ្វើការ​

គ្រិស្តសាសនា​អ័រថូដុក្​សពិភពលោក​ត្រូវ​បែកបាក់​ជាពីរ​ដោយសារតែ​វិបត្តិ​អ៊ុយក្រែន

សង្គ្រាម​ពាណិជ្ជកម្មអាមេរិក​-ចិន​ វា​លើសពី​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម

ស្រីលង្កា ឈាន​​ចូល​​ជ្រៅ ​ក្នុង​​វិបត្តិ​​នយោបាយ​ដណ្តើម​អំណាច​

​ផ្កាយ​រណបសិក្សាពី​​​អាកាសធាតុរបស់​ចិន​និ​ងបារាំង​​ បង្ហោះ​ទៅ​អវកាស​ដោយ​ជោគជ័យ

តើ​ជម្លោះ​នៅ​តំបន់​ប៉ែកខាងត្បូង​ប្រទេស​ថៃ​រវាង​រដ្ឋាភិបាល​ថៃ និង​ពួក​ឧទ្ទាម​ចាប់​កំណើត​យ៉ាង​ម៉េច?

លោក​ខាស្ហូហ្ស៊ី អ្នក​កាសែត​អារ៉ាប៊ីសាអូឌីត ដែល​ហ៊ាន​រិះគន់​ព្រះអង្គម្ចាស់​រាជទាយាទ!

តើ​កិច្ចព្រមព្រៀងសន្តិភាព​រវាង​ប្រទេស​ហ្សកដានី និង​ប្រទេស​អ៊ីស្រាអែល​ផ្តើម​រង្គោះរង្គើ​ឬ?

ស្មាតហ្វូន ជា​ច្រក​ចេញចូល​នៃ​អសន្តិសុខ ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា

សកលវិទ្យាល័យ​ហាវ៉ាដ​ជាប់ចោទ​ពី​បទ​រើសអើង​ចំពោះ​សិស្ស​អាមេរិកាំង​ដើម​កំណើតអាស៊ី

ណូបែលសេដ្ឋកិច្ច២០១៨៖ របកគំហើញ​នៃ​ការ​បញ្ចូល​កត្តា​ធម្មជាតិ ​និង​ចំណេះដឹង​ក្នុង​ការ​វិភាគ​សេដ្ឋកិច្ច

តើ​យុទ្ធសាស្រ្ត​របស់​លោក​ដូណាល់ត្រាំ​ពិតជា​មាន​ប្រសិទ្ធភាព​​ក្នុងការ​ចរចា​ពាណិជ្ជកម្មមែនឬ?

តើ​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​នៅ​ឯណា ហើយ​ចុះ​បើ​អារ៉ាប៊ីសាអូឌីត​ជា​អ្នកសម្លាប់​នៅក្នុង​ទឹក​ដី​តួកគី?

តើ​ការ​ដក​ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​របស់​សហភាពអឺរ៉ុប​មាន​នីតិវិធី​យ៉ាងដូចម្តេច?