អានតួអត្ថបទ
អ៊ីស្រាអែល ប៉ាឡេស្ទីន

អ៊ីស្រាអែល​ទុកពេល​មួយ​សប្តាហ៍​ដើម្បី​ឲ្យ​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់​ចូល​តុចរចា​

នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល រដ្ឋាភិបាល​បាន​សម្រេចចិត្ត​ផ្តល់​សំណាង​ចុង​ក្រោយ​ដោយ​ទុក​ពេល​មួយ​សប្តាហ៍​ឲ្យ​ចលនាប៉ាឡេស្ទីន​ហាម៉ាស់​ក្នុង​តំបន់​ហ្កាហ្សា​ចូល​តុ​ចរចា​ជា​ថ្មី។ បើ​គ្មាន​ចម្លើយ​ណា​មួយ​របស់​ពួក​ហាម៉ាស់​ពី​ពេល​នេះ​ដល់​ចុង​សប្តាហ៍​ទេ នោះ​ទ័ពអ៊ីស្រាអែល​នឹង​បើក​ការ​វាយប្រហារ​ក្រោម​ទ្រង់ទ្រាយ​ធំ​លើ​តំបន់​ហ្កាហ្សា។ តែ​ទន្ទឹម​នឹង​ទុក​សំណាង​ចុង​ក្រោយ​នេះ ការ​បញ្ឈប់​បញ្ជូន​ប្រេង​ទៅ​កាន់​តំបន់​ប៉ាឡេស្ទីន​មួយ​នេះ​នឹង​រក្សា​ទុក​ដដែល។

លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនេតាន់យ៉ាហ៊ូ
លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនេតាន់យ៉ាហ៊ូ REUTERS/Amir Cohen
ផ្សាយពាណិជ្ជកម្ម

គឺ​នាយកដ្ឋានសន្តិសុខ​អ៊ីស្រាអែល​ដែល​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ឲ្យ​មាន​កិច្ចចរចា​ជា​ថ្មី​រវាង​ភាគី​អ៊ីស្រាអែល និង​ចលនា​ហាម៉ាស់។ កម្មវត្ថុ គឺ​ផ្តល់​សំណាង​ថ្មី​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​គ្នា​រវាង​ប្រទេស​អេហ្ស៊ីប និង​អង្គការសហប្រជាជាតិ។ តែ​នាយកដ្ឋានសន្តិសុខ​អ៊ីស្រាអែល​ដដែល​បាន​ព្រមាន​ទុក​ជា​មុន​ថា សំណាង​ចុង​ក្រោយ​មួយ​នេះ​នឹង​មាន​សុពលភាព​ត្រឹម​ចុង​សប្តាហ៍​នេះ​ប៉ុណ្ណោះ មាន​ន័យ​ថា បើ​ពួក​ហាម៉ាស់​មិន​អើពើ​លើ​សំណើ​របស់​អ៊ីស្រាអែល​មួយ​នេះ​ទេ ទ័ពអ៊ីស្រាអែល​នឹង​បើក​ការ​វាយប្រហារ​ក្រោម​ទ្រង់ទ្រាយ​ធំ​លើ​តំបន់​ហ្កាហ្សា។

ចំណែក​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​ក៏​បាន​ព្រមាន​ត្រង់​ដល់​ថ្នាក់ដឹក​នាំ​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា​ដែរ។ លោក​នេតាន់យ៉ាហ៊ូ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា អ៊ីស្រាអែល​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​បើក​ប្រតិបត្តិការ​យោធា ប្រសិន​បើ​ភាព​ប្រទូស្ត្រាយ​នៅ​តាម​ព្រំដែន​រវាង​អ៊ីស្រាអែល និង​តំបន់​ហ្កាហ្សា​នៅ​បន្ត​មាន​កម្រិត​អំពើហិង្សា​ដូច​ពេល​កន្លង​មក​នោះ។ « ពួក​ហាម៉ាស់​មិន​យល់​សារ​ព្រមាន។ បើ​ពួក​គេ​មិន​ព្រម​បញ្ឈប់​ការ​វាយប្រហារ​នៅ​តាម​ព្រំដែន​ទេ យើង​នឹង​ទប់ស្កាត់​ការ​វាយប្រហារ​តាម​មធ្យោបាយ​ផ្សេង​ដែល​មាន​លក្ខណៈ​ឈឺ​ចាប់​ខ្លាំង » នេះ​ជា​ការ​ព្រមាន​បន្ថែម​របស់​លោក​នេតាន់យ៉ាហ៊ូ។

សម្រាប់​លោក​រដ្ឋមន្រ្តីការពារជាតិ​អ៊ីស្រាអែល​អាវីដរ លីប៊ែរម៉ាន់​វិញ លោក​មិន​បាន​រង់​ចាំ​ចម្លើយ​ពី​ពួក​ហាម៉ាស់​ដើម្បី​ចាត់​វិធានការ​ទេ។ ជា​ថ្មី​ម្តង​ទៀត រដ្ឋមន្រ្តីការពារជាតិ​អ៊ីស្រាអែល​រូប​នេះ​បាន​បញ្ជា​ឲ្យ​បញ្ឈប់​គ្រប់​ការ​ដឹកជញ្ជូន​ប្រេង​ទៅ​កាន់​តំបន់​ហ្កាហ្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ