អានតួអត្ថបទ

ONG៖ ប្រតិបត្តិការ​យោធា​រុស្ស៊ី​នៅ​ស៊ីរី សម្លាប់​មនុស្ស​អស់​ជាង​១៨០០០​នាក់

មាន​ជីវិត​មនុស្ស​​ជាង​១៨០០០​នាក់ ក្នុង​នោះ ជិត​៨ពាន់​នាក់​ជាជន​ស៊ីវិល បាន​ស្លាប់ នៅ​ក្នុង​ប្រតិបត្តិការ​យោធា​រុស្ស៊ី គិត​ចាប់​ពី​រុស្ស៊ី​ចូល​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ស៊ីរី ជួយ​រដ្ឋាភិបាល​លោក​បាស្ហារ អាល់​ អាសាទ​ នៅ​ឆ្នាំ​២០១៥​មក។ នេះ​បើ​តាម​ការអះអាង​របស់​អង្គការ​សង្កេតការណ៍​​សិទ្ធិមនុស្ស​នៅ​ស៊ីរី OSDH នៅ​ថ្ងៃ​អាទិត្យ​ទី ៣០​កញ្ញា​ ២០១៨ ដោយ​បញ្ជាក់​ថា​ចំនួនសរុប​នៃ​​ជន​រងគ្រោះ​បាត់​បង់​ជីវិត​ នៅ​ស៊ីរី បាន​កើន​ឡើង​ដល់ជាង​​៣៦​ម៉ឺននាក់ បើ​គិត​តាំង​ពី​វិបត្តិ​ស៊ីរី​បាន​ផ្ទុះ​ឡើងមក។

ខេត្ត​Idlebរបស់​ស៊ីរី និងភូមិ​តង់សម្រាប់​ទទួល​ជនភៀសខ្លួន​ត្រលប់​ចូល​ស្រុក​វិញ
ខេត្ត​Idlebរបស់​ស៊ីរី និងភូមិ​តង់សម្រាប់​ទទួល​ជនភៀសខ្លួន​ត្រលប់​ចូល​ស្រុក​វិញ REUTERS/Khalil Ashawi
ផ្សាយពាណិជ្ជកម្ម

បើ​តាម​នាយក​អង្គការ​អ្នក​សង្កេតការណ៍​សិទ្ធិមនុស្សស៊ីរី លោក ប្រតិបត្តិការ​រុស្ស៊ី​នៅ​ស៊ីរី ពី​ខែ​កញ្ញា​២០១៥​ដល់​ខែ​កញ្ញា​២០១៨ បាន​ផ្តាច់​ជីវិត​មនុស្ស​អស់ ១៨០៩៦​នាក់ ក្នុង​នោះ ៥២៣៣​នាក់​ជា​ពួកជីហាត​រដ្ឋ​អ៊ីស្លាម ៤៨៧៥​នាក់​ជា​យុទ្ធជន​ប្រដាប់​អាវុធ​នៃ​ក្រុម​ចលនា​ឧទ្ទាម អ៊ីស្លាម​ជ្រុលនិយម និង​ជីហាត និង ៧៩៨៨​នាក់ ពោលគឺ​ ៤៤%​នៃ​អ្នក​ស្លាប់​សរុប ជា​ជន​ស៊ីវិល។

​ជា​សរសរទ្រូង​របស់​រដ្ឋាភិបាល​ក្រុង​ដាម៉ាស រុស្ស៊ី​ដែល​បាន​សម្រេច​ចូល​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ស៊ីរី នៅ​ថ្ងៃទី ៣០​កញ្ញា ២០១៥ តែង​បដិសេធ​ជា​រហូត​មក​ថា​មិន​ដែល​ដៅ​ការ​វាយប្រហារ​លើ​ជនស៊ីវិល​ទេ។ វត្តមាន​របស់​រុស្ស៊ី​នេះ​បាន​ប្តូរ​ស្ថានការណ៍​យោធា​យ៉ាង​ខ្លាំង ! មុន​អន្តរាគមន៍ របប​លោក​បាស្ហារ​ អាល់អាសាទគ្រប់គ្រង​ប្រទេស​តែ​ប្រមាណ​២៦% ទល់​នឹង​ពួក​រដ្ឋអ៊ីស្លាម​ជាង​៥២%។​ តែ​ថ្ងៃ​នេះ​កង​កម្លាំង​រដ្ឋាភិបាលស៊ីរី ត្រួតត្រា​ដែនដី​ពីរភាគបី ឯ​រដ្ឋអ៊ីស្លាម រលាយ​ស្ទើរ​បាត់​​អស់​រលីង​ពីប្រទេស​ ដោយ​សារ​កម្លាំង​រវាយប្រហារ​របស់​កងទ័ពសម្ព័ន្ធមិត្ត​​រុស្ស៊ីផង និង​ការ​វាយប្រហារ​របស់​សម្ព័ន្ធមិត្ត​អន្តរជាតិ​ដឹកនាំ​ដោយ​វ៉ាស៊ីនតោន​ និង​ជំនួយ​កងទ័ព​អារ៉ាប់គួដផង។ ចំណែក​ពួក​ឧទ្ទាម​ ក៏​បាត់​កម្លាំង​និង​បាត់​ទីតាំង​ចុងក្រោយ​របស់​ខ្លួន​នៅ​ភាគ​ខាង​ត្បូងប្រទេស​កាលពី​ខែ​មុន ហើយ​នៅ​សេសសល់​ផ្តុំ​គ្នា​ច្រើន​តែ​ក្នុង​ខេត្ត​អ៊ីឡិប ភាគ​ពាយ័ព្យ​ប្រទេស។ ​

​ក្រៅ​អំពី​អន្តរាគមន៍​យោធា រុស្ស៊ីក៏​សកម្មខ្លាំង​ខាង​ផ្នែក​ការ​ទូត ដោយ​បាន​ប្រើ​សិទ្ធិ​វេតូ​ប្រឆាំង​នឹង​សេចក្តី​សម្រេច​អង្គការ​សហប្រជាជាតិ​ចំនួន​១២​លើក គិត​ចាប់​តាំង​វិបត្តិ​ស៊ីរី​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​២០១១។ រុស្ស៊ី​ក៏​បាន​ផ្តួច​ផ្តើម​បើក​ផ្លូវចរចា​អន្តរស៊ីរី​ នៅ​ហ្សឺណែវ​ក្រោម​ម្លប់​អង្គការ​ស.អ.ប. និង​ចរចា​ឱ្យ​ក្រុម​ឧទ្ទាម​តូចៗមួយ​ព្រមចុះ​ចូល​ ប្រគល់​ដែនដី​គ្រប់គ្រង​មក​ឱ្យ​រដ្ឋាភិបាល​លោក​អាសាទ ដោយ​មិន​ឆ្លងកាត់​អាវុធ។

កាលពី​ថ្ងៃទី ១៧ កញ្ញា រុស្ស៊ី​បានចុះ​កិច្ច​​ព្រមព្រៀង​ជាមួយ​តួកគី ​​បង្កើត​តំបន់​គ្មាន​កងទ័ព​នៅ​ថ្ងៃ​ទី​១៥​តុលា ទទួល​យក​ដោយ​ក្រុមឧទ្ទាម​ទាំង​ឡាយ​ផង និង​ពួក​ជីហាត​ផង ហើយ​ថែម​ទាំង​អាច​​​បញ្ជៀស​គម្រោង​ការ​​​វាយប្រហារ​យោធា​ទ្រង់ទ្រាយ​​បានទៀត។ នៅ​ថ្ងៃ​នេះ​ពួកឧទ្ទាម​មួយ​ក្រុម​ធំ​ដំបូង បាន​ចាប់​ផ្តើម​ ដកទ័ព អាវុធ​យុទ្ធភ័ណ្ឌ​ធុន​ធ្ងន់​​ ស្រប​តាម​កិច្ចព្រមព្រៀង​ហើយ។ នេះ​បើ​តាម​នាយក​អង្គការ​ដដែល។

ផ្ទុះ​ឡើង​នៅ​ឆ្នាំ​២០១១ ដោយ​ការ​បង្ក្រាប​ចលនា​បាតុកម្ម​ វិបត្តិស៊ីរី បាន​អូសបន្លាយនិងកាន់​តែ​ស្មុគស្មាញ​ឡើង​ទៅ​ពេលវេលា។ វិបត្តិ​នេះ​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​សរុប​ជាង​៣៦​ម៉ឺ​នាក់​និង​ជនផ្លាស់​ទី ភៀស​ខ្លួន រាប់​លាន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ