អានតួអត្ថបទ
អ៊ីរ៉ង់

អ៊ីរ៉ង់៖​មាន​ស្លាប់​យ៉ាង​តិច ២៤នាក់ និង​របួស​ជាង ៥០នាក់​នៅក្នុង​ភេវរកម្មប្រឆាំង​នឹង​ក្បួន​ព្យុះហយាត្រា​កងទ័ព

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ អំពើ​ភេរវកម្ម​ប្រឆាំង​នឹង​ក្បួន​ព្យុះហយាត្រា​កងទ័ព​នា​ព្រលឹងស្រាងៗ​ព្រឹក​ថ្ងៃ​សៅរ៍ ទី២២ កញ្ញា​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច ២៤នាក់ និង​របួស​ជាង ៥៣នាក់។ ឧប្បត្តិហេតុ​មួយ​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ទីក្រុង​អាវ៉ា (Ahvaz) ស្ថិត​ប៉ែក​និរតី​ប្រទេស។ តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ផ្លូវការ​អ៊ីរ៉ង់​ឈ្មោះ​អៀណា (Irna) ចំនួន​អ្នក​ស្លាប់​នឹង​អាច​កើន​ច្រើន​ជាង​នេះ​ដោយ​ផ្អែក​លើ​ស្ថានភាព​អ្នក​របួស។ ប្រតិកម្ម​ពី​ខាង​រដ្ឋាភិបាល លោក​ប្រមុខ​ការទូត​ហ្សារីស្វ​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​ប្រទេស​មួយ​ដែល​គាំទ្រ​ដោយ​អាមេរិក។

នៅអ៊ីរ៉ង់ ​មាន​ស្លាប់​យ៉ាង​តិច ២៤នាក់ និង​របួស​ជាង ៥០នាក់​នៅក្នុង​ភេវរកម្មប្រឆាំង​នឹង​ក្បួន​ព្យុះហយាត្រា​កងទ័ព​ថ្ងៃទី២២ កញ្ញា ២០១៨
នៅអ៊ីរ៉ង់ ​មាន​ស្លាប់​យ៉ាង​តិច ២៤នាក់ និង​របួស​ជាង ៥០នាក់​នៅក្នុង​ភេវរកម្មប្រឆាំង​នឹង​ក្បួន​ព្យុះហយាត្រា​កងទ័ព​ថ្ងៃទី២២ កញ្ញា ២០១៨ Tasnim News Agency/via REUTERS
ផ្សាយពាណិជ្ជកម្ម

រូបភាព​នៃ​ក្បួន​ព្យុះហយាត្រា​កងទ័ព​បន្ត​ដោយ​រូបភាព​នៃ​ការ​វាយប្រហារ​លើ​ក្បួន​ព្យុះហយាត្រា​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ទូរទស្សន៍​ក្នុង​ស្រុក​នៅ​ទីក្រុង​អាវ៉ា (Ahvaz)។ នៅ​ក្នុង​រូបភាព​ទាំង​អស់​នោះ គេ​បាន​ឃើញ​រូបភាព​នៃ​ការ​វាយប្រហារ និង​ការ​បាញ់រះ​ដោយ​កាំភ្លើង​ស្វ័យប្រវត្តិ រួម​ទាំង​ក្រុម​មនុស្ស​រត់​ប្រសេកប្រសាច​រវាង​អ្នក​ចូលរួម​ទស្សនា​ក្បួន​ព្យុះហយាត្រា និង​កងទ័ព​ដែល​ចូលរួម​ផ្ទាល់​នៅ​ក្នុង​ក្បួន​ព្យុះហយាត្រា​នោះ។

តុល្យការ​ថ្មី​ចុង​ក្រោយ​ផ្តល់​ដោយ​ទីភ្នាក់ងារ​ផ្លូវការ​អ៊ីរ៉ង់​ឈ្មោះ​អៀណា (Irna) ឲ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​មាន ២៤នាក់ និង​របួស​ជាង ៥៣នាក់។ តែ​ចំនួន​ស្លាប់​អាច​នឹង​មាន​ច្រើន​ជាង​នេះ ព្រោះ​ក្នុង​ចំណោម​អ្នក​របួស មាន​អ្នក​ខ្លះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្ទើរ​ស្លាប់ ស្ទើររស់។ ក្រៅ​ពី​ជនរងគ្រោះ​ជា​កងទ័ព ក៏​មាន​ជនរងគ្រោះ​ស៊ីវិល​ជា​ស្រ្តី និង​កូនក្មេង​ដែល​បាន​ចូលរួម​ទស្សនា​ក្បួន​ព្យុះហយាត្រា។ អភិបាលរង​ទីក្រុង​អាវ៉ា (Ahvaz) ឲ្យ​ដឹង​ថា មាន​ភេរវជន​ចំនួន ៤នាក់​បាន​បើក​ការ​វាយប្រហារ​លើ​ក្បួន​ព្យុះហយាត្រា ហើយ​មាន ៣នាក់​ត្រូវ​បាន​កម្លាំងសន្តិសុខ​បាញ់​សម្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង ចំណែក​ម្នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន តែ​ក្រោយ​មក​ក៏​បាន​ស្លាប់​ដោយ​របួស​ធ្ងន់។

ក្រុម​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ទីក្រុង​អាវ៉ា​បាន​បញ្ជាក់​ថា ជនខ្មាន់កាំភ្លើង​ដៃដល់​ទាំង ៤នាក់​ជា​សមាជិក​របស់​ចលនាជ្រុលនិយម​អារ៉ាប់​ក្នុង​ស្រុក​ដែល​តែង​​បើក​ការ​វាយប្រហារ​លើ​កងទ័ព​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ។ ចំណែក​ប្រមុខ​ការទូត​អ៊ីរ៉ង់​លោក​ហ្សារីស្វ​មិន​ញញើត​នឹង​ទម្លាក់​កំហុស​ដាក់​លើ​ប្រទេស​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក។ ទោះ​បី​លោក​ហ្សារីស្វ​មិន​ចង្អុល​ចំ​ប្រទេស​ណា​មួយ​ក៏​ដោយ​ក៏​គេ​ដឹង​ថា លោក​ហ្សារីស្វ​ចង់​និយាយ​សំដៅ​លើ​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ក្រុមសម្ព័ន្ធមិត្ត​របស់​អារ៉ាប៊ីសាអូឌីត​ដែល​កំពុង​មាន​ជម្លោះ​ជា​ចំហ​ជាមួយ​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ