អានតួអត្ថបទ

ស៊ីរី ៖ ពួកអង្គការ​រដ្ឋ​អ៊ីស្លាម​ប្រហារ​ជីវិត​ចំណាប់ខ្មាំង រុស្ស៊ី​ចាប់​វាយប្រហារ​តាម​ផ្លូវអាកាស

យោធាជើង​អាកាស​រុស្ស៊ី​បាន​បើក​ប្រតិបត្តិការ​ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ វាយ​លើ​ទីតាំង​របស់​ពួក​អង្គការរដ្ឋ​អ៊ីស្លាម នៅ​ខេត្ត​ស៊ូអៃដា Soueida ខេត្តភាគ​ខាង​ត្បូង​ប្រទេសស៊ីរី។ ជា​ការ​វាយប្រហារ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឱ្យ​កងទ័ព​ជើងគោក​ស៊ីរី​​ចូល​វាយលុក​ជម្រុក​ពួក​ជីហាត។ ពួក​ជីហាត​រដ្ឋអ៊ីស្លាមនៅ​ស៊ូអៃដា ដែលក្រោយ​ពី​​បាន​ធ្វើ​សកម្មភាព​ទ្រង់ទ្រាយ​ធំ​ សម្លាប់​ជនស៊ីវិល​អស់ ២៥០​នាក់ ទើប​បាន​ប្រហារ​ជីវិត​​ចំណាប់​ថ្នូរ​ម្នាក់ ក្នុង​ចំណោម​ចំណាប់​ថ្នូរ​ជា​ច្រើន​នាក់។

ទិដ្ឋភាព​ខេត្ត​Soueida ក្រោយ​ការ​វាយប្រហារ​អត្តឃាត​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម
ទិដ្ឋភាព​ខេត្ត​Soueida ក្រោយ​ការ​វាយប្រហារ​អត្តឃាត​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម Sana/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ប្រភព​ព័ត៌មាន​តាម​បណ្តាញ​អ៊ីនធ័រនែត និង​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម បាន​ប្រហារ​ជីវិត​ចំណាប់​ខ្មាំង​ម្នាក់ ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ជា​ច្រើន​សិប​នាក់ ដែល​ពួក​គេ​ចាប់​បាន​ពី​ខែ​មុន នៅក្នុង​ការ​វាយប្រហារ​ដ៏​សែន​មរណៈ ​កាលពី​ថ្ងៃ​ទី ២៥ កក្កដា ៖ មាន​ស្លាប់​​យ៉ាង​ហោច​២៥០​នាក់ និង​ចាប់​ខ្លួនស្ត្រី-​កុមារ ជាង​៣០​នាក់ ព្រមទាំងបុរស​១៧​នាក់​បាត់​ខ្លួន។ ជា​តុល្យការ​​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ គិត​ចាប់​តាំង​ពី​ស៊ីរី​ធ្លាក់​ក្នុង​សង្គ្រាម​មក។

មាន​ការ​ចរចា​ដោះលែង​ចំណាប់​ខ្មាំង​ រវាង​រុស្ស៊ី​និង​អង្គការ​រដ្ឋអ៊ីស្លាម​ដែរ ប៉ុន្តែ​មិន​សម្រេច​ ! នេះ​បើ​តាម​ប្រភព​ផ្តល់​ដោយ​តំណាង​សហគម​ ​Druze ជនជាតិ​ភាគ​តិចអ៊ីស្លាម​និកាយ​ឈីអ៊ីត ដែល​រស់​នៅ​ផ្តុំ​គ្នា​ជាប្រជាជន​ភាគ​ច្រើន​ក្នុង​តំបន់​Soueida។

សូម​បញ្ជាក់​ថា ជាង​មួយ​ឆ្នាំមក​នេះ ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម បាន​ទទួល​បរាជ័យ​ជា​បន្តបន្ទាប់​ទាំង​នៅ​ស៊ីរី​និង​អ៊ីរ៉ាក់ និង​ត្រួត​ត្រា​ទឹក​ដី​ស៊ីរី​ប្រមាណ​តែ​បី​ភាគ​រយ​ប៉ុណ្ណោះ នាពេល​នេះ ប៉ុន្តែពួក​គេ​នៅ​តែ​អាច​ឆ្លៀត​បង្ក​សកម្មភាព​មរណៈ​ខ្លាំង ដូច​យ៉ាង​នៅ​ស៊ូអៃដា​នេះ​បាន​ទៀត។ បន្ទាប់​ពី​ត្រូវ​បាន​វាយ​ខ្ចាត់​ខ្ចាយ​ចេញ​ពី​ខេត្ត​​ដេរ៉ា មូលដ្ឋាន​ដ៏​ធំ​ចុងក្រោយ​របស់​ពួក​គេ​កាលពី​សប្តាហ៍មុនមក​ ពួក​ជីហាត​នេះ​បាន​រុល​ខ្លួន​មកផ្តុំ​កម្លាំង​​នៅ​ខេត្ត​ស៊ូអៃដា​ជិត​ខាង។

ហើយ​តាំង​ពីម្សិលមិញ​មក បើ​តាម​ប្រភព​យោធា​ស៊ីរី កងទ័ព​​ជើង​អាកាស​រុស្ស៊ី បាន​បញ្ចេញ​​យន្តហោះ​ប្រដេញ​ទម្លាក់គ្រាប់​បែក ធ្វើ​​យុទ្ធនាការ​បាញ់​រះ​ តាម​ផ្លូវ​អាកាស​ យ៉ាង​សន្ធាប់​ សំដៅ​លើ​ទីតាំង​របស់ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម នៅ​ក្នុង​ខេត្ត Soueida ទៀត ដើម្បី​បើក​ផ្លូវ​ឱ្យ​កងទ័ព​ជើងគោក​ស៊ីរី ដែល​បាន​ប្រមូល​កម្លាំង​ដ៏​ច្រើន​ជា​ស្រេច​ទៅ​ហើយ អាច​សម្រុកទៅ​បោស​សម្អាត​​កម្ចាត់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ឱ្យ​អស់​ពី​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស និង​ដើម្បី​កុំ​ឱ្យ​ពួក​នេះ​អាច​គំរាម​កំហែងច្រក​ផ្លូវ​នាំ​ឆ្ពោះ​ទៅ​កាន់​ព្រំដែន​អ៊ីរ៉ាក់ និង​ព្រំដែន​ហ្សកដានីបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ