អានតួអត្ថបទ

ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល រង​ការចោទ​ប្រកាន់​ពី​បទ​លួចបន្លំ

ភរិយា​របស់​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោកស្រី សារ៉ា នេតាន់យ៉ាហ៊ូ Sara Netanyahu ត្រូវ​រង​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​នៅ​ថ្ងៃព្រហស្បតិ៍​ទី ២១​មិថុនា​នេះ ពី​បទ​លួច​បន្លំ និង​រំលោភ​លើ​ទំនុកចិត្ត។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងយុត្តិធម៌។ ចំណែក​លោក នេតាន់យ៉ាហ៊ូ​ ជា​ស្វាមីវិញ ក៏​ជាប់​អង្កេត​ពុក​រលួយចំនួន​ពីរ​ករណី​​ដែរ។

លោក និង​លោកស្រី Netanyahu រូបថតថ្ងៃទី ៤ធ្នូ ២០១៤
លោក និង​លោកស្រី Netanyahu រូបថតថ្ងៃទី ៤ធ្នូ ២០១៤ REUTERS/Nir Elias/Files
ផ្សាយពាណិជ្ជកម្ម

តាំង​ពីជាងមួយ​ឆ្នាំ​មក​ហើយ ដែល​ប៉ូលិស​អ៊ីស្រាអែល​បាន​បើក​អង្កេត​ប្រឆាំង​នឹង​លោកស្រី​ជា​ភរិយា​របស់​នាយក​រដ្ឋមន្ត្រី។ តុលាការ​​​សង្ស័យ​ថា​ លោក​ស្រី​ លួច​បន្លំ​យក​ថវិកា​រដ្ឋ ​ ទៅ​បញ្ជា​ទិញ​អាហារ​ថ្លៃៗ​រាប់​រយ​ពេល នៅ​ចម្លោះ​ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ​២០១៣ អស់​ប្រមាណ​ជា​៨៣០០០អឺរ៉ូ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​ក្រសួង​យុត្តិធម៌ ដែល​សង្ស័យ​ទៀត​ថា ដោយ​មាន​ការ​ស៊ុំ​គ្រលំ​ជាមួយ​សហការី​ លោកស្រី​ទំនង​ជា​បាន ​​ភូត​កុហក ប្រើ​លេសថាគ្មាន​ចុងភៅ​ប្រើ​នៅ​ក្នុង​គេហដ្ឋាន​រដ្ឋ​សម្រាប់​នាយករដ្ឋមន្ត្រី។

បទ​សង្ស័យ​បាន​ក្លាយ​ជា​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ ប៉ុន្តែ​ដោយ​គ្មាន​ការ​ភ្ញាក់ផ្អើល លោកស្រី​សារ៉ា នេតាន់យ៉ាហូ បាន​បដិសេធ​ច្រាន​ចោល​ទាំងស្រុង។

លោកស្រី​ជា​ភរិយា រង​ការ​ចោទ​ប្រកាន់ ឯ​ចំណែក​រូប​លោក​នាយក​រដ្ឋមន្ត្រី​ផ្ទាល់ ក៏​មាន​ជាប់​សង្ស័យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ដល់​ទៅ​ពីរ​ករណី​ឯណោះ។ ទី​មួយ គេ​សង្ស័យ​ថា​​​​លោក​នាយករ​ដ្ឋមន្ត្រីអ៊ីស្រាអែល ​បាន​ទទួល​កាដូ​ជា​ច្រើន​ពី​ក្រុម​អ្នកជំនួញ​ជាតិ​អ៊ីស្រាអែល និង​បរទេស​ជា​ច្រើន​នាក់។ កាដូ​នោះ​អាច​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ដល់​ទៅ​២៤​ម៉ឺន​អឺរ៉ូ។ សំណុំ​រឿង​ទីពីរ គឺ​ការ​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ការ​​លួច​ចុះ​កិច្ចព្រម​ព្រៀង​ដោយ​ស្ងាត់ៗ​ជាមួយ​ម្ចាស់​សារព័ត៌មានជាតិ​អ៊ីស្រាអែល ដើម្បី​ឱ្យ​កាសែត​នេះ​ចុះ​ផ្សាយ​​តែ​ព័ត៌មាន​ល្អៗលើក​តម្កើង​លោក​នាយក​រដ្ឋមន្ត្រី។

នៅ​ក្នុង​សំណុំ​រឿងទាំងពី​​នេះ ប៉ូលិស​បាន​កោះ​ហៅ​លោក​នេតាន់យ៉ាហ៊ូ ទៅ​សួរ​ចម្លើយ​ជា​ច្រើន​ដង​មក​ហើយ។ ហើយ​លោក​នេតាន់យ៉ាហ៊ូ ក៏​បាន​បដិសេធ​ទាត់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នោះ និងមិនព្រម​លាលែង​ចេញ​ពី​តំណែង​ទេ ដោយ​យល់​ថា​ជា​លេស​ចង់​ទម្លាក់​រូប​លោក​តែ​ប៉ុណ្ណោះ។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​លោកនេតាន់យ៉ាហ៊ូ និង​ភរិយាមាន​រឿង​អាស្រូវ​នៅ​តុលាការ​យ៉ាង​ដូច្នេះ។ កាលពី​ឆ្នាំ​២០០០​ លោក និង​លោកស្រី នេតាន់យ៉ាហ៊ូ ធ្លាប់ជាប់​អង្កេត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ម្តង​ហើយ ក្នុង​ពេល​កាន់​អំណាចដំបូង​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៩៦-១៩៩៩។ តែ​តុលាការ​បាន​សម្រេច​លុប​ចោល​ការ​ចោទ​ប្រកាន់​ទៅ​វិញ ព្រោះ​គ្មាន​ភស្តុតាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ