rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អ៊ីរ៉ង់​​ប្រកាស​បង្កើន​​​សមត្ថភាព​​ចម្រើន​ធាតុ​​អ៊ុយរ៉ាញ៉ូម​ ដាក់​​សម្ពាធ​​សហគមន៍​​​អន្តរជាតិ​​

ដោយ ព្រំ សឿន សូលីណា

ថ្ងៃអង្គារ​នេះ អ៊ីរ៉ង់​ជូនដំណឹង​ទៅ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិAIEA ​ពី​ការបង្កើន​សមត្ថភាព​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​របស់​ខ្លួន។ អ៊ីរ៉ង់​ចាប់ផ្តើម​ដំណើរការ​​ទាក់ទង​កម្មវិធីបង្កើន​សមត្ថភាព​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម នៅថ្ងៃ​អង្គារ​នេះ​ហើយ។ ​ទន្ទឹម​នេះដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​កំពុង​ទស្សនកិច្ច​នៅ​​អឺរ៉ុប បញ្ចុះបញ្ចូល​អោយអាល្លឺម៉ង់ បារាំង និងអង់គ្លេស​ មើលជំហរ​ពួកគេ​ចំពោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និងធ្វើយ៉ាងណា​ទប់ស្កាត់​ឥទ្ធិពល​អ៊ីរ៉ង់​ក្នុង​តំបន់​បូព៌ា។

ការប្រកាស​​បង្កើនសមត្ថភាព​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម ជា​ការព្រមាន​អឺរ៉ុប​​និង​អ៊ីស្រាអែល​ ​​

ការដែល​អ៊ីរ៉ង់​ជូនដំណឹង​ទៅទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិAIEAពី​ការ​បង្កើន​សមត្ថភាព​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម ជាការ​ដាក់សម្ពាធ​លើ​ស្ថាប័ន​AIEA ក៏ដូចជា​ប្រទេស​មហាអំណាច​ដែល​ជា​ប្រទេស​ហត្ថលេខី​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​២០១៥។ ឃើញថា អ៊ីរ៉ង់​មិនខ្លាច​នឹង​ដើរចេញពី​កិច្ច​ព្រមព្រៀង​​នេះទេ ទោះបី​ជា​​ត្រូវប្រថុយ​ប្រឈម​ឡើងវិញ​នឹង​ទណ្ឌកម្ម​អន្តរជាតិ​ក៏ដោយ។

សម្ពាធ​អ៊ីរ៉ង់ពេលនេះ អាច​ដោយសារតែ​អ៊ីរ៉ង់​ឃើញថា អ៊ីស្រាអែល​ដែល​ជា​សត្រូវ​​របស់​អ៊ីរ៉ង់ កំពុង​បញ្ចុះបញ្ចូល​ប្រទេស​ហត្ថលេខី​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​អោយ​មើល​​ជំហរ​ពួកគេ​ឡើងវិញ ​ចំពោះ​កិច្ចព្រមព្រៀង​នេះ។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ​នេតាន់យ៉ាហ៊ូ កំពុង​បំពេញទស្សនកិច្ច​នៅ​អឺរ៉ុប ក្នុង​ទិសដៅ​នេះឯង។ ដូច្នេះ បើប្រទេស​​អឺរ៉ុបជា​ហត្ថលេខី​នៃកិច្ចព្រមព្រៀង​ ​លង់តាម​ការលួងលោម​របស់​អ៊ីស្រាអែល អ៊ីរ៉ង់​មិនខ្លាច​​នឹង​ដើរចេញ​ពីកិច្ចព្រមព្រៀង​​នុយក្លេអ៊ែរ​អ៊ីរ៉ង់ទេ។ ម្សិលមិញ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ ​លោក​នេតាន់យ៉ាហ៊ូ បាន​ប្រាប់​លោកស្រី​មែរគែល អោយប្រុង​​ប្រយ័ត្ន​ចំពោះ​ការហូរចូលជនភៀសខ្លួន​ស៊ីរី​ ដែល​អាច​កើតឡើង​ជាថ្មីទៀត។ លោក​នេតាន់យ៉ាហ៊ូ​លើកឡើង​ថា​ ​អ៊ីរ៉ង់​រៀបចំ​ពង្រាយ​សកម្មជន​ប្រយុទ្ធនិកាយ​ស៊ីអ៊ីត ​នៅ​ស៊ីរី ក្នុង​ទិសដៅ​យោធា ក៏ដូច​ជា​ដើម្បី​បង្កសង្គ្រាម​សាសនា​​នៅ​ស៊ីរីដែរ។  ​​​

អ៊ីរ៉ង់​មិនសប្បាយចិត្ត​នឹង​វត្តមាន​លោក​នេតាន់យ៉ាហ៊ូ នៅ​អឺរ៉ុប​ទេ។ ដោយឡែក សូមរំលឹកថា ​ពាក់កណ្តាល​ឆ្នាំ​២០១៥ ប្រទេស​មហាអំណាច​៥+១ មាន​ចិន រុស្ស៊ី សហរដ្ឋ​អាមេរិក​ បារាំង អង់គ្លេស​ និង​អាល្លឺម៉ង់ បាន​សម្រេច​ចេញ​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ តំរូវ​អោ​យអ៊ីរ៉ង់​កាត់បន្ថយ​​សមត្ថភាព​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម ដើម្បី​ធានា​ថា អ៊ីរ៉ង់​ពិតជា​គ្មាន​បំណង​ផលិត​គ្រាប់បែក​បរមាណូ។ ជាថ្នូរ​ សហគមន៍​អន្តរជាតិ​​លើកចេញ​នូវ​ទណ្ឌកម្ម​មួយចំនួន​ពី​អ៊ីរ៉ង់។ ​ប៉ុន្តែ ខែ​មុននេះ ​លោក​ដូណាល់ ត្រាំ បាន​សម្រេច​ដកអាមេរិ​កចេញ​ពី​កិច្ចព្រមព្រៀង​នេះ ដោយចោទ​ថា កិច្ចព្រមព្រៀង​នេះ​ធូររលុង។ លោកត្រាំ​បាន​គំរាម​ថែមទៀត ថា​នឹង​រៀបចំ​​​ដាក់ទណ្ឌកម្ម​​លើ​អ៊ីរ៉ង់​ឡើងវិញ។ ដោយឡែក​ ប្រទេស​ហត្ថលេខី​ផ្សេងទៀត មិនដើរចេញ​ពី​កិច្​ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទេ ថែមទាំង​ព្យាយាម​ការពារ​កិច្ច​ព្រមព្រៀង​​​ទៀតផង។

បើ​ខំការពារ​កិច្ចព្រមព្រៀង​នេះ ហេតុអ្វី​បានជា​អ៊ីរ៉ង់​​មិនសប្បាយចិត្ត​នឹង​ប្រទេស​ហត្ថលេខី​អឺរ៉ុប​ទៅវិញ ?នេះដោយសារ​តែ​អឺរ៉ុប​បានស្នើ​ចរចា​ជាមួយ​អ៊ីរ៉ង់​លើ​សេចក្តីបន្ថែមផ្សេង​ទៀត ទាក់ទង​កម្មវិធី​បាលីស្ទិក ​និងឥទ្ធិពល​អ៊ីរ៉ង់​ក្នុង​តំបន់​បូព៌ា ដែល​អ៊ីស្រាអែលយល់ថា អ៊ីរ៉ង់​គំរាមផ្ទាល់​​សន្តិសុខ​អ៊ីស្រាអែ​ល។ កន្លងមក ​ អ៊ីស្រាអែល​និង​អាមេរិក​ចោទថា​ អ៊ីរ៉ង់​​​​រៀបផែនការ​សំងាត់ ផលិត​គ្រាប់បរមាណូ។ ​អ៊ីរ៉ង់បដិសេធ​ជានិច្ច​និង​ប្រាប់ថា ​បាន​ខំ​គោរព​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ឆ្នាំ​២០១៥។ ​​ថ្មីៗ​នេះ ទីភ្នាក់ងារថាមពល​បរមាណូ​អន្តរជាតិ​ក៏​លើកឡើង​ដែរ​ថា អ៊ីរ៉ង់​បាន​គោរព​ពាក្យសន្យា ស្រប​តាម​កិច្ចព្រមព្រៀង​នេះ​ដូចគ្នា។ បើអ៊ីរ៉ង់​គោរព​តាម​បានល្អ ហេតុអ្វី​ប្រទេស​ហត្ថលេខីអឺរ៉ុប​បែរ​ជា​ក្បាច់ក្បូរ​ចង់ដាក់​លក្ខខណ្ឌ​បន្ថែម​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ទៅវិញ ? អឺរ៉ុប​ប្រហែល​ចង់យកចិត្ត​អាមេរិក​ និង​អ៊ីស្រាអែល​រឺយ៉ាងណា ? ​ប្រហែល​អញ្ចឹងហើយ​ ទើបអ៊ីរ៉ង់​មិនសប្បាយចិត្ត និង​​ប្រកាសថា នឹង​ជូនដំណឹងទៅ​ទីភ្នាក់ងារAIEA ថា​អ៊ីរ៉ង់​នឹង​បង្កើន​សមត្ថភាព​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​​របស់​ខ្លួន​។ ​​

អ៊ីរ៉ង់​ប្រាប់ថា ​ជាការ​បង្កើន​សមត្ថភាព​ចម្រើន​​​ធាតុ​អ៊ុយរ៉ាញ៉ូម UF6 ដែល​​​ហៅថា ​Hexafluorure ។ អ៊ីរ៉ង់​ប្រាប់ថា ដំណើរការ​​លើ​កម្មវិធី​មួយនេះ ​ចាប់ផ្តើម​ធ្វើ​ថ្ងៃ​អង្គារ​នេះ ហើយ​​ទាំងអស់នេះ​មិនបំពាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ទេ។ ប៉ះពាល់​រឺ​មិនប៉ះពាល់ ការ​​បង្កើន​សមត្ថភាព​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម អាច​ជា​ការ​ព្រមាន​​ប្រទេស​ហត្ថលេខី​នៅ​អឺរ៉ុប​ ​ដើម្បី​កុំអោយ​អឺរ៉ុបស្តាប់​អ៊ីស្រាអែល ហើយ​​ក្បាច់ក្បូរ​ជាមួយ​អ៊ីរ៉ង់​ពេក។ ​ទំរាំ​សម្រេច​ចេញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ឆ្នាំ២០១៥ ភាគី​ចរចា​និមួយៗ លំបាកលំបិន​ តានតឹងនឹងគ្នា​មិនតិចទេ​។ ឥឡូវ​ អឺរ៉ុប​ចង់​ប្រែប្រួល​យ៉ាងម៉េចទៀត លើ​លក្ខន្តិកៈ​នៃ​កិច្ចព្រមព្រៀង។ ​ម្សិលមិញ​ ​អ៊ីរ៉ង់​ព្រមាន​អឺរ៉ុប​​ថា ប្រជាជន និង​រដ្ឋាភិបាល​អ៊ីរ៉ង់​មិនអាច​ត្រូវទ្រាំ​ទ្រ​នឹង​ទណ្ឌកម្មផង នឹង​​ត្រូវ​បង្ខំ​ចិត្ត​កាត់បន្ថយ​សកម្មភាព​នុយក្លេអ៊ែរ​ខ្លួន​ទន្ទឹមគ្នា​នោះទេ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ តំរូវអោយ​អ៊ីរ៉ង់​បន្ថយ​សកម្មភាព​​នុយក្លេអ៊ែរ ជាថ្នូរ​នឹង​ការលើកលែង​ទណ្ឌកម្ម​មួយចំនួនប៉ុណ្ណោះ មានន័យថា ទណ្ឌកម្ម​អន្តរជាតិ​ផ្សេងទៀត​នៅតែមាន​​លើ​អ៊ីរ៉ង់​ នៅតែ​ប៉ះពាល់​សេដ្ឋកិច្ច​អ៊ីរ៉ង់។ គ្រាន់តែ​អាមេរិ​ក​ប្រកាស​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​នេះ ​ក្រុមហ៊ុន​ផលិត​រថយន្ត​បារាំង PSA​ ប្រាប់ថា ​ត្រៀម​រៀបចំ​ចាកចេញ​ពី​ទឹកដី​អ៊ីរ៉ង់​ ដើម្បី​សម្រប​​ខ្លួន​តាម​ទណ្ឌកម្ម​អាមេរិក។ ​ក្រុមហ៊ុន​ផ្សេងទៀត ដែល​រកស៊ី​នៅ​អ៊ីរ៉ង់​ ដូចជា​តូតាល់ ក៏ប្រាប់​ដែរថា ប្រហែល​មិនបន្ត​វត្តមាន​នៅ​អ៊ីរ៉ង់​ទៀតទេ។

ដូច្នេះ បើ​គ្មាន​ចំណូល​ចូល​សេដ្ឋកិច្ច​ជាតិ​អ៊ីរ៉ង់​ អ៊ីរ៉ង់​ច្បាស់ជាមិនខ្លាច​​ដើរចេ​ញ​ពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​ដ៏តឹងរ៉ឹង​នេះទេ។ ក្នុងន័យនេះ ​មេដឹកនាំ​កំពូល​ អាយ៉ាតូឡា​​ ខាមេណី​ ​​លើកឡើងម្សិលមិញ​តាមកញ្ចក់​ទូរទស្សន៍​ដែរ​​ លើកឡើង​ក្នុងន័យថា​ ​អ៊ីរ៉ង់​ត្រូវបង្កើន​និតិវធី​មួយចំនួន ​ដើម្បី​អាច​ដើរឆ្ងាយជាងនេះ ករណី​ចាំបាច់។ ​​

ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ ​ប្រាប់អ៊ីរ៉ង់​អោយចូលរួម​សកម្ម​ថែមទៀត​​

ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​លើកឡើង​ថា ពាក្យថា សុំអោយ​អ៊ីរ៉ង់ចូលរួម​យ៉ាង​សកម្ម ដូច្នេះ គឺ​ជាពាក្យ​លើកទឹកចិត្ត​អ៊ីរ៉ង់​ទៅវិញទេ មិនមែន​ជា​ការបន្ទោស​អ្វីទេ។ ទីភ្នាក់ងារ AIEA ចង់អោយ​អ៊ីរ៉ង់​ជាជាង​រង់ចាំ​ការស្នើ​ពី​ AIEA ​អ៊ីរ៉ង់​គួរតែ​អញ្ជើញ​ក្រុមសង្កេតការ​ AIEA ​វិញម្តង អោយ​ AIEA ​មកពិនិត្យ​ទីតាំង​នុយក្លេអ៊ែរក្នុងស្រុក​អ៊ីរ៉ង់។ ​ការផ្តួចផ្តើម ផុសផុល​ផ្ទាល់​ពីសំណាក់​អ៊ីរ៉ង់​ គឺ​ជា​ការសម្រួល​អោយ​កិច្ចការ​ទីភ្នាក់ងារ​ AIEA ដំណើរការ​បាន​រលូន នឹង​ឆាប់​រហ័ស៕ ​​ ​​

វិបត្តិជនភៀសខ្លួន៖ ប្រទេស​អឺរ៉ុប​ប្រជុំ​បន្ទាន់ បើ​ទោះ​បី​គ្មាន​សង្ឃឹម​ថា​មាន​ដំណោះស្រាយ​រួម

គោលដៅ​នៃ​ទស្សនកិច្ច​​រយៈពេល​ ៤ថ្ងៃ​របស់​ប្រមុខ​រដ្ឋាភិបាល​បារាំង​នៅ​ក្នុង​ប្រទេស​ចិន

កិច្ចប្រជុំOPEC៖ ប្រទេស​ផលិតប្រេង​បន្ត​ខ្វែងគំនិត​គ្នា ពីរឿង​បង្កើន​ការផលិតប្រេង

ទំហំ​ព្រៃ​ធម្មជាតិ​ទូទាំង​​ពិភពលោក កាន់តែ​​​បាត់បង់​​ហិនហោច គួរឲ្យ​​ព្រួយ​បារម្ភ

ពិភពលោក​ប្រារព្វ​ទិវា​ជនភៀសខ្លួនអន្តរជាតិ ចំ​ពេល​អឺរ៉ុប​និង​អាមេរិក​​​មាន​បញ្ហាអន្តោប្រវេសន៍​

តើបារាំង និងអាល្លឺម៉ង់​អាច​ជំនះលើ​និន្នាការមិន​ស្វាគម​ជនអន្តោប្រវេសន៍​ដែរឬទេ?

កូឡុំប៊ី​មាន​ប្រធានាធិបតី​ថ្មី​ជា​អ្នក​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ហ្វាក

ហេតុអ្វី បានជា​ អូទ្រីស​ចោទអាល្លឺម៉ង់​ថា លួច​យកការណ៍​សម្ងាត់​ពីខ្លួន?

ជម្លោះពាណិជ្ជកម្ម​ អាមេរិក-ចិន​ឡើង​តានតឹង​ជាថ្មី

របាយការណ៍៖ អតីត​មេFBI​រំលោភច្បាប់ និង​មិន​គោរព​ថ្នាក់លើ

រុស្ស៊ី៖​ការ​ប្រកួតបាល់ទាត់​ពិភពលោក​លើក​ទី២១​ចាប់​ផ្តើម​ជាមួយ​នឹង​វិធានការ​សន្តិសុខ​ខ្ពស់

កូរ៉េ​ខាងជើង អបអរ​មហា​ជោគជ័យ​របស់​លោក​ គីម ជុងអ៊ុន​

សេចក្តីថ្លែងការណ៍​​រួម​រវាង​លោកត្រាំ និង​លោកគីមចែង​ពី​អ្វី​ និង​អាច​បិទបញ្ចប់​អធិករ​រវាង​គ្នា​​​​​ឬ​ទេ?

តើអ្វីខ្លះ​ជាប្រធានបទ​នៃ​ជំនួប​រវាង​លោក​ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ?

ភាពប្រេះឆា​ក្នុង​ចំណោម​ក្រុម​ប្រទេស​មហាអំណាចឧស្សាហកម្ម G7

G៧ ៖ លោក ត្រាំ ទាមទារ​ហៅ​រុស្ស៊ី​ឱ្យ​មក​ចូល​ក្រុម​វិញ

តើ​​គេ​អាច​​​​សង្ឃឹម​​អ្វីខ្លះ​ ពី​​ជំនួប​​កំពូល​​មេដឹកនាំ​​G៧​ នៅ​​កាណាដា?​ ​

ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីកាណាដា ជួប​និយាយ​គ្នា​​ដើម្បី​​រក​​គោល​​ជំហរ​​ទល់នឹង​​អាមេរិក

មជ្ឈិមបូព៌ា៖​វិបត្តិ​រវាង​កាតា និង​អារ៉ាប៊ីសាអូឌីត​បាន​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស