អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហ្សកដានី៖​អ្វី​ទៅ​ជា​ប្រភព​នៃ​ការ​ផ្ទុះ​កំហឹង​របស់​ប្រជាជន​រហូត​ទម្លាក់​រដ្ឋាភិបាល​លោក​ហានី មុលគី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ហ្សកដានី អស់​រយៈ​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ដែល​ប្រជាជន​រាប់​សិប​ពាន់​នាក់​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​អាម៉ាន់ និង​តាម​ទីក្រុង​ធំៗ​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស។ គឺ​ជា​បាតុកម្ម​ប្រឆាំង​នឹង​តម្លៃ​ទំនិញ​ឡើង​ថ្លៃ និង​កំណែទម្រង់​ច្បាប់​ពន្ធ​លើ​ប្រាក់ខែ។ នេះ​ជា​មហាបាតុកម្ម​ដ៏​សំខាន់​លើកទី១ ដែល​ប្រទេស​អារ៉ាប់​មួយ​នេះ​មិន​ធ្លាប់​ជួប​ប្រទះ​ទេ​ក្នុង​រយៈពេល ៥ឆ្នាំ​កន្លង​ទៅ។ ទីបំផុត​នៅ​ថ្ងៃ​ចន្ទ ទី៤ មិថនា និង​ក្រោយ​ពី​មាន​អន្តរាគមន៍​របស់​ព្រះមហាក្សត្រ​អាប់ដាឡាទី២ លោក​នាយករដ្ឋមន្រ្តី​ហានី មុលគី​បាន​សម្រេច​លា​ឈប់​ពី​មុខ​តំណែង។ អ្វី​ទៅ​ជា​ប្រភព​នៃ​ចលនា​បះបោរ និង​ថា តើ​ការ​លា​ចេញ​ពី​តំណែង​របស់​លោក​ហានី មុលគី​អាច​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​ស្ងប់ស្ងាត់​វិញ​ដែរ ឬ​ទេ?

នៅ​ហ្សកដានី ​អ្វី​ទៅ​ជា​ប្រភព​នៃ​ការ​ផ្ទុះ​កំហឹង​របស់​ប្រជាជន​រហូត​ទម្លាក់​រដ្ឋាភិបាល​លោក​ហានី មុលគី?
នៅ​ហ្សកដានី ​អ្វី​ទៅ​ជា​ប្រភព​នៃ​ការ​ផ្ទុះ​កំហឹង​របស់​ប្រជាជន​រហូត​ទម្លាក់​រដ្ឋាភិបាល​លោក​ហានី មុលគី? REUTERS/Muhammad Hamed
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ ហ្សកដានី​ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជា ១០លាននាក់​ត្រូវ​បាន​គេ​ស្គាល់​ជា​រាជាណាចក្រ​ដែល​មាន​ស្ថិរភាព​នយោបាយ​ល្អ​ជាង​គេ បើ​ធៀប​នឹង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់។ តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ អ្វីៗ​ហាក់​បាន​ផ្តើម​កក្រើក​ជាមួយ​នឹង​ក្បួនបាតុកម្ម​របស់​មហាជន​ដែល​ហាក់​បាន​រីករាលដាល​កាន់​តែ​ធំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ដើម្បី​អាច​យល់​ច្បាស់​ពី​វិបត្តិសង្គម​ដ៏​ពុះ​កញ្ជ្រោល​មួយ​នេះ​បាន គេ​គួរ​បក​ក្រោយ​ទៅ​មើល​ព័ត៌មាន​មួយ​ក្នុង​ឆ្នាំ ២០១៦ ពោល​គឺ​ការ​ដែល​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ផ្តល់​ប្រាក់កម្ចី​ចំនួន ៧២៣លានដុល្លារ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​អាម៉ាន់​សម្រាប់​រយៈពេល ៣ឆ្នាំ។

ជា​ថ្នូរ​នឹង​ប្រាក់កម្ចី​រយៈពេល​ខ្លី​របស់​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ រដ្ឋាភិបាល​ហ្សកដានី​បាន​សន្យា​ធ្វើ​កំណែទម្រង់​លើ​រចនាសម្ព័ន្ធ និង​កាត់បន្ថយ​បណ្តើរ​នូវ​បំណុល​សាធារណៈ​ឲ្យ​នៅ​ត្រឹម ៧៧% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​ចាប់​ពី​ឥឡូវ​ទៅ​ដល់​ឆ្នាំ ២០២១។ គួរ​ជម្រាប​ជូន​ថា​ក្នុង​ឆ្នាំ ២០១៥ ហ្សកដានី​មាន​បំណុល​សាធារណៈ​ដល់​ទៅ ៩៤% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក។ ដើម្បី​អាច​កាត់​បន្ថយ​បំណុល​សាធារណៈ និង​មាន​លុយ​ដើម្បី​សង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន រដ្ឋាភិបាល​ទីក្រុង​អាម៉ាន់​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​រក​ប្រាក់​ចំណូល​ទេ។

នៅ​ក្នុង​ន័យ​នេះ រដ្ឋាភិបាល​បាន​ជ្រើស​យក​វិធានការ​ចំនួន​ពីរ ទី១ ដំឡើង​ពន្ធ​លើ​ក្រុមហ៊ុន សហគ្រាស​ក្នុង​កម្រិត​ពី ២០ ទៅ ៤០% និង​ពន្ធ​លើ​ប្រាក់ខែ​យ៉ាង​តិច​ចំនួន ៥% ចំពោះ​អ្នក​ដែល​មាន​ចំណូល​ប្រចាំ​ឆ្នាំ​ចំនួន ៨ ០០០ឌីណា ឬ​ស្មើ​ប្រមាណ​ជាង ១០ ០០០ដុល្លារ​អាមេរិក។ ចំណែក​វិធានការ​រក​ចំណូល​ទី២ រដ្ឋាភិបាល​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​ចាំបាច់​មួយ​ចំនួន ពិសេស​ពន្ធ​លើ​ប្រេងសាំង ប្រេង​ម៉ាស៊ូត និង​ពន្ធ​លើ​ភ្លើង​អគ្គិសនី។ បើ​គិត​តាំង​ពី​ខែ​កុម្ភៈ​ដើម​ឆ្នាំ ២០១៨ នេះ តម្លៃ​ភ្លើងអគ្គិសនី​បាន​ឡើង​ថ្លៃ​ដល់​ទៅ ៥៥%។

គឺ​ហេតុផល​ទាំង​អស់​នេះ​ហើយ​ដែល​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​ផ្ទុះកំហឹង​របស់​ប្រជាជន​តាំង​ពី​ថ្ងៃ​ពុធ ទី៣០ ឧសភា។ មួយ​ថ្ងៃ​ក្រោយ​មក ពោល​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៣១ ឧសភា វិធានការ​ដំឡើង​ថ្លៃ​ភ្លើងអគ្គិសនី និង​ប្រេងសាំង ប្រេងម៉ាស៊ូត​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ឲ្យ​អនុវត្តន៍​ជា​ផ្លូវការ។ នៅ​មួយ​ថ្ងៃ​ក្រោយ​មក​ទៀត ពោល​ក្នុង​ថ្ងៃ​សុក្រ ទី១ មិថុនា និង​ដោយ​ឃើញ​កំហឹង​របស់​ប្រជាជន​ពុះកញ្ជ្រោល​កាន់​តែ​ខ្លាំង រដ្ឋាភិបាល​ក៏​បាន​សម្រេចចិត្ត​លុបចោល​វិធានការ​នោះ​វិញ។ តែ​អ្វី​ដែល​ហ្វូងបាតុករ​ចង់​បាន​បន្ថែម​ពេល​នេះ គឺ​ការ​ដក​ចេញ​វិញ​នូវ​គម្រោង​ដំឡើង​ពន្ធ​លើ​ប្រាក់ខែ និង​ពន្ធ​លើ​ក្រុមហ៊ុន សហគ្រាស។

« ប្រជាជន​ហ្សកដានី​នឹង​មិន​លត់ជង្គន់​ជា​ដាច់ខាត » « ហ្សកដានី​ត្រូវ​តែ​រក្សា​ភាព​ឯករាជ្យ​របស់​ខ្លួន និង​មិន​ត្រូវ​ឳនក្បាល​ធ្វើ​តាម​ការ​បង្គាប់បញ្ជា​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ទេ » ទាំង​នេះ​ជា​ខ្លឹមសារ​នៅ​ក្នុង​ផ្ទាំង​បដា​របស់​បាតុករ។ សូម​ជម្រាប​ជូន​ថា មុន​នឹង​អំពាវនាវ​ឲ្យ​មាន​ក្បួនបាតុកម្ម​ជា​ទូទៅ​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្រុម​សហជីព និង​រដ្ឋាភិបាល​បាន​ជួប​ចរចា​គ្នា​ជា​ច្រើន​ដង​ដើម្បី​រក​ច្រក​ចេញ តែ​កិច្ចចរចា​ត្រូវ​បាន​គេ​ប្រដូច​នឹង​ការ​ជជែក​គ្នា​រវាង​មនុស្ស គ និង​មនុស្ស​ថ្លង់។ បន្ទាប់​មក ក្រុម​សហជីព​ក៏​បាន​ងាក​ទៅ​សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​អាប់ដាឡាទី២។

នៅ​ក្នុង​បទ​អន្តរាគមន៍​ដំបូង​នា​យប់​ថ្ងៃ​សៅរ៍ ទី២ មិថុនា ព្រះអង្គ​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចសន្ទនាជាតិ និង​សមហេតុសមផល​មួយ​ស្តីពី​កំណែទម្រង់​ច្បាប់​ដំឡើង​ពន្ធ​លើ​ប្រាក់ខែ និង​ពន្ធ​លើ​ក្រុមហ៊ុន សហគ្រាស​ដែល​ព្រះអង្គ​ឈ្វេង​យល់​ថា វា​អយុត្តិធម៌​ខ្លាំង​ណាស់​ដែល​ប្រជាជន​ត្រូវ​ទទួល​រាប់រង​តែ​ឯង​ពី​ផលវិបាក​នៃ​កំណែទម្រង់​នោះ។ បន្ទាប់​មក​នៅ​ថ្ងៃ​ចន្ទ ទី៤ មិថុនា ព្រះចៅ​អាប់ដាឡា​ទី២ ក៏​បាន​កោះ​ហៅ​លោក​នាយករដ្ឋមន្រ្តី​ហានី មុលគី​ទៅ​ជួប និង​ដែល​នា​ឱកាស​នោះ លោក​មុលគី​បាន​លា​ឈប់​ពី​មុខ​តំណែង​ដែល​លោក​បាន​កាន់​តាំង​ពី​ខែ​ឧសភា ឆ្នាំ ២០១៦។

ក្រោយ​ពី​ការ​លា​ចុះ​ពី​តំណែង​របស់​លោក​ហានី មុលគី ព្រះចៅ​អាប់ដាឡាទី២ ក៏​បាន​តែងតាំង​ភ្លាមៗ​រូប​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​លោក​អូម៉ា អាល់​រ៉ាហ្សាក់​ឲ្យ​រៀបចំ​សមាសភាព​រដ្ឋាភិបាល​ថ្មី។ នៅ​ហ្សកដានី ព្រះមហាក្សត្រ​មាន​ទឹកមាត់ប្រៃ និង​ជា​អ្នកតំណាង​ឲ្យ​ស្ថិរភាព​នយោបាយ​ប្រទេស។ តែ​មាន​ការ​លើក​ឡើង​ថា អន្តរាគមន៍​របស់​ព្រះអង្គ​ហាក់​យឺតពេល​បន្តិច ព្រោះ​វិបត្តិសង្គម​មួយ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ប្រេះឆា​មិន​អាច​ផ្សះផ្សា​បាន​រវាង​រដ្ឋាភិបាល ក្រុម​អ្នកតំណាងរាស្រ្ត ក្រុម​សហជីព និង​តួអង្គ​នយោបាយ​សំខាន់ៗ​ជា​ច្រើន​ផ្សេង​ទៀត។ គួរ​ជម្រាប​ជូន​ថា កំណែទម្រង់​លើ​ច្បាប់​ពន្ធ​មួយ​នេះ​មិន​ត្រឹម​តែ​ទទួល​ការ​ប្រឆាំង​ពី​មហាជន​ទូទៅ​ទេ សូម្បី​តែ​នៅ​ក្នុង​ចំណាម​សមាជិក​រដ្ឋាភិបាល និង​សមាជិក​សភា​ក៏​គ្មាន​ការ​ឯកភាព​គ្នា​ដែរ។

ពិត​ណាស់ ការ​លា​ចុះ​ពី​តំណែង​របស់​លោក​ហានី មុលគី​ជា​ការ​ចង់​បាន​របស់​បាតុករ តែ​អ្វី​ដែល​ពួក​គេ​បន្ត​ទាមទារ​បន្ថែម គឺ​ការ​ដក​ចេញ​ទាំង​ស្រុង​នូវ​ច្បាប់​ដំឡើង​ពន្ធ​លើ​ប្រាក់ខែ និង​ពន្ធ​លើ​ក្រុមហ៊ុន សហគ្រាស។ វា​ជា​រឿង​បន្ទាន់​មួយ​ដែល​ព្រះចៅ​អាប់ដាឡាទី២ ត្រូវ​ចាត់ចែង​ឲ្យ​បាន​លឿន​បំផុត បើ​ពុំ​នោះ​សោត​ទេ និង​អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ខ្លាំង​ជាង​គេ គឺ​ខ្លាច​តែ​វិបត្តិសង្គម​មួយ​នេះ​ទាញ​រាជាណាចក្រ​ហ្សកដានី​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​មហន្តរាយ​ដូច​ប្រទេស​ជិតខាង​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ