rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាហ្វហ្កានីស្ថាន ភេរវកម្ម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ភេរវកម្មអត្តឃាត​ប្រឆាំង​លើក្រុម​មេដឹកនាំសាសនាអ៊ីស្លាម​នៅ​អាហ្វហ្កានីស្ថាន​

media
​ប៉ូលិស​​អាហ្វហ្គានីស្ថាន​ម្នាក់​កំ​ពុង​ឃ្លាំមើល​នៅ​កន្លែង​វាយប្រហារ​អត្តឃាត​មួយ​នៅ​ក្រុង​កាប៊ូល​​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃ​ទី​៤​មិថុនា​ឆ្នាំ​២០១៨។​ Reuters / Omar Sobhani REUTERS/Omar Sobhani

នៅអាហ្វហ្កានីស្ថាន អំពើ​ភេរវកម្ម​អត្តឃាត​មួយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​សម្លាប់ជីវិត​​មនុស្ស​ចំនួន​១៤​នាក់​នៅភាគខាងលិចនៃ​ទីក្រុង​កាប៊ូល​។ ជា​​ការ​វាយប្រហារ​មួយ​ដែល​សំដៅ​ប្រឆាំង​ទៅ​លើ​ការ​រួម​ប្រជុំ​របស់​​មេ​ដឹកនាំ​សាសនា​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស និង​បន្ទាប់ពី​ មេដឹកនាំសាសនា បាន​ប្រកាស​ពី​សេចក្តី​សម្រេចចិត្ត​មួយ​របស់​ខ្លួន​​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​អំពើ​ភេរវនិយម​នៅ​អាហ្វហ្កានីស្ថាន។


ភេរវករ បាន​បំផ្ទុះ​គ្រាប់បែក​ដែល​ពាក់​ជាប់​នៅ​ក្នុង​ខ្លួន នៅ​ខណៈពេល​ធ្វើ​ដំណើរ​​​ទៅ​ដល់​​ច្រក​ចូល​នៃ​ទីតាំង​បោះជំរំ​សំពត់ ​​ដែល​នៅ​ទីនោះ ​មាន​ការ​រួម​ប្រជុំ​ដ៏ធំមួយ​របស់​មេ​ដឹក​នាំ​​សាសនា​អ៊ីស្លាម​ជាច្រើន​ពាន់​នាក់ដែល​​មក​ពី​​៣៤​ខេត្ត​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។

អំពើ​ភេរវកម្ម​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ បាន​សម្លាប់​ជីវិត​មនុស្ស​ចំនួន ១៤​នាក់​ដែល​ក្នុង​ចំណោម ​​នោះ​ មាន​មេ​ដឹកនាំ​សាសនា​អ៊ីស្លាម ៧​នាក់ ភ្នាក់ងារ​សន្តិសុខ​ ៤​នាក់​និង​ជន​៣ នាក់​ផ្សេង​ទៀត-នេះ​បើយោង​តាម​អ្នក​ទទួល​ខុសត្រូវ​មួយរូប​របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។​

ចំណែក​ក្រសួង​សុខាភិបាល​អាហ្វហ្កានីស្ថាន​វិញ​ បាន​រាប់​ចំនួន​អ្នក​ត្រូវ​រង​របួស​ដែល​មាន​គ្នា​ចំនួន​​១៨​នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​របស់ខ្លួន​។ រីឯ​អ្នកនាំពាក្យ​របស់​ក្រសួង​មហាផ្ទៃ​វិញ ក៏​បាន​​គូស​បញ្ជាក់​ប្រាប់​ដល់​ទីភ្នាក់ងារព័ត៌មាន​បារាំង AFP ដែរ​ថា ជន​រងគ្រោះ​ភាគ​ច្រើន​​រស់​នៅ​ក្នុង​សង្កាត់នានា​​នៃ​ទីក្រុង​កាប៊ូល ក៏ប៉ុន្តែ​​ក៏​អាច​មាន​ដែរ​​នៅ​ក្នុង​ចំណោម​ពួក​ភ្ញៀវ ដែល​បាន​អញ្ជើញ​មក​ចូល​រួម​​នៅ​ក្នុង​ការ​​ប្រជុំដ៏ធំ​នេះដែរ។​

យោងតាមប្រភព​ដដែលខាងលើ ភេរវករ បាន​លួច​បន្លំ​ខ្លួន​ចូល​មក​ជាមួយពួក​ភ្ញៀវ មុន​នឹង​ធ្វើការ​បំផ្ទុះ​គ្រាប់បែកនៅ​ខណៈ​ពេល​ដែល​​មេដឹកនាំ​សាសនា​អ៊ីស្លាម​នានា កំពុង​ត្រៀម​ខ្លួន​ចាក​ចេញ​ពី​ទីកន្លែង​រួម​ប្រជុំ​ដែល​ស្ថិត​​នៅ​ភាគ​ខាង​លិច​​ទីក្រុង​កាប៊ូលក្នុងពេលចុង​​រសៀល​​។ ​

គួរបញ្ជាក់ថា ​ជំរំ​សំពត់ នោះ ត្រូវ​បាន​គេ​បោះ​ទីតាំង​ នៅ​ចំ​ច្រក​ចូល​នៃ​សួន​ច្បារ​របស់​សាលា​ពហុបច្ចេកវិជ្ជា​(Ecole Polytechnique)​ ដែល​ស្ថិត​នៅ​​ជិត​សាកល​វិទ្យាល័យ​មួយ​នៅ​​​​ទីក្រុង​កាប៊ូល​និង​នៅ​ពី​ខាង​ក្រោយ​ទីតាំង​នៃ​សាលា​យោធា​អាហ្វហ្កានីស្ថាន។​

ក្នុង​ពេល​នេះ ​ពុំទាន់​មាន​ខាង​ចលនា​ណា​មួយ ប្រកាស​ទទួល​ស្តាល់​លើ​ការវាយប្រហារ​នា​​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ​ទេ ក៏ប៉ុន្តែ​ចលនា​តាលីបង់ បាន​ប្រកាស​បដិសេធ​តាម​រយៈ​សារ Twitter របស់​ខ្លួន​រួចស្រេច​ដែរ​ថា ចលនា​តាលីបង់ ពុំមាន​ជាប់​ពាក់ព័ន្ធ​អ្វី​ទេ​នៅ​ក្នុង​អំពើ​ភេរវកម្មអត្តឃាត​នេះ។​

គួររំលឹកដែរថា សាខា​របស់​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​តំបន់​ នៅ​តែ​មាន​សកម្មភាព​យ៉ាង​ខ្លាំង​ក្លា​​នៅ​ក្នុង​ទីក្រុង​កាប៊ូល​ដែល​បាន​ក្លាយ​ទៅ​ជាទី​កន្លែង​មួយ​ប្រកប​ដោយ​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​បំផុត​សំរាប់​ប្រជាពលរដ្ឋ​ស៊ីវីល​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន៕​​​​​​​​​​​​​