rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ទុយនីស៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ទួក​អន្តោប្រវេស្តន៍​​មួយ​គ្រឿង​​លិច​នៅ​​ក្នុង​​សមុទ្រ​​ទុយនីស៊ី​​​ ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់់ជាង​៥០​​នាក់​​

media
ទូកដឹកជនអន្តោប្រវេស្តន៍​​ទុយន៏ីស៊ី មកដល់​ឆ្នេរសមុទ្រ​ អ៊ីតាលី​​ Lampedusa ថ្ងៃទី​៧មីនា​២០១១​ Reuters/Antonio Parrinello

ទូក​ដឹក​ជន​អន្តោប្រវេស្តន៍​មួយ​គ្រឿង បាន​លិច​នៅ​សមុទ្រ​ទុយនីស៊ី​កាលពី​យប់​ថ្ងៃ​សៅរ៍​ឆ្លង​មក​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។ ហេតុការណ៍​នេះ បាន​បណ្តាល​ឲ្យ​មនុស្សស្លាប់​យ៉ាង​តិច​ជាង​៥០​នាក់​។ សាកសព​នៃ​ជន​រងគ្រោះ ត្រូវ​បាន គេ​ស្រង់​នៅ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ទុយនីស៊ី។ ទន្ទឹម​នេះ ជន​អន្តោប្រវេស្តន៍​​ចំនួន​៦៨ នាក់ ត្រូវ​បាន​ក្រុម​សង្គ្រោះ​ទុយនីស៊ី ជួយ​យក​អាសារ​ទាន់​រួច​ផុត​ពី​ការ​ស្លាប់។


យោង​តាម​ការ​គូស​បញ្ជាក់​របស់​ក្រសួង​មហាផ្ទៃ​ទុយនីស៊ី ទូក​ដឹក​ជន​អន្តោប្រវេស្តន៍​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ខណៈ​ពេល​ដែល​ទូក​នេះ ហៀប​លិច​កាលពី​យប់​ថ្ងៃ​សៅរ៍​ឆ្លង​មក​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នៅ​តំបន់ Sfax ឆេ្នរសមុទ្រ​ទុយនីស៊ី។

​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈ​ពេញ​មួយ​ថ្ងៃ​អាទិត្យ​ម្សិលមិញ- នេះ​បើ​យោង​តាម​ការ​គូសបញ្ជាក់​​របស់​មេ​បញ្ជាការ​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​ដ៏សំ​ខាន់​​របស់​​ទុយនីស៊ី​លោក អនុសេនីយ​ឯក Mohamed Salah Sagaama ​ប្រាប់​ដល់​វិទ្យុ RFI​តាមរយៈទូរស័ព្ទ។​​

ក្រុម​ជន​អន្តោប្រវេស្តន៍​ដែល​នៅ​រស់រាន​មាន​ជីវិត​​ បាន​ថ្លែង​រៀបរាប់​ប្រាប់​ថា ពួក​គេ​ទាំង​អស់​ដែល​ជិះ​នៅ​ក្នុង​ទូក​នេសាទ​នេះ មាន​គ្នា​ចំនួន​ពី​១៧០​ទៅ​១៨០​នាក់​និង​បាន​ចេញ​ដំណើរ​ពី​ទី​ប្រជុំកោះ​ទុយនីស៊ី Kerkennah។ ដូច្នេះ ​ជន​បាត់​ខ្លួន អាច​មាន​ជាង​៦០​នាក់​-នេះជា​ការ​គូស​បញ្ជាក់​បន្ថែម​របស់​ក្រុម​ជន​អន្តោប្រវេស្តន៍ដែល​រួច​ផុត​ពី​ការ​ស្លាប់​ដោយ​ការ​លិច​ទូក។

ចំណែក កង​ម៉ារីន​និង​កង​ឆ្មាំ​សមុទ្រ​ជាតិ​ទុយនីស៊ី​វិញ បាន​ធ្វើ​​ប្រតិបត្តិការតាម​ស្វែង​រក​ជន​បាត់​ខ្លួន​យ៉ាង​សកម្ម​តែ​ក្តីសង្ឃឹម​ទាំងប៉ុន្មាន​ត្រូវ​​រលាយ​បាត់​បង់​ដោយសារតែ​ពេលវេលា​បាន​កន្លង​ផុត​ទៅ​ដោយ​អសារ​ឥតការ។​​​​

បើយោងតាម​​​លោក​អនុសេនីយឯក​ទុយនីស៊ី​ដដែល សាកសព​ដែល​គេ​ស្រង់​បាន​ បាន​ភាគ​ច្រើន​ជា​ពួក​យុវជន​ទុយនីស៊ី។ រីឯ​ជន ចំនួន​៦៨​នាក់​ដែល​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ទាន់​​ផុត​ពី​ការ​ស្លាប់​នោះ ៦០​នាក់ សញ្ជាតិ​ទុយនីស៊ី ក្រៅពីនោះ ​​ជា​ជន​អន្តោប្រវេស្តន៍​មក​ពី ប្រទេស Maroc, Libye, Côte D’Ivoire Mali និង​Cameroun។​

សូមបញ្ជាក់ថា ការ​ស្វែង​រុក​រក​នៅ​ក្នុង​តំបន់​លិច​ទូក​អន្តោប្រវេស្តន៍​ ត្រូវបាន​​ចាប់ប្រតិបត្តិការ​ឡើង​វិញ​​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ទៀត៕​​​​​