rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ស៊ីរី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ស៊ីរី៖​ស្លាប់​ទាហាន​ស៊ីរី ២៦នាក់ និង​យុទ្ធជន​រុស្ស៊ី ៩នាក់​នៅ​ក្នុង​ការ​វាយប្រហារ​ពី​អង្គការ​រដ្ឋអ៊ីស្លាម

media
ស៊ីរី៖​ស្លាប់​ទាហាន​ស៊ីរី ២៦នាក់ និង​យុទ្ធជន​រុស្ស៊ី ៩នាក់​នៅ​ក្នុង​ការ​វាយប្រហារ​ពី​អង្គការ​រដ្ឋអ៊ីស្លាម STRINGER / AFP

នៅ​ក្នុង​ប្រទេស​ស៊ីរី មាន​ស្លាប់​កម្លាំង​រដ្ឋាភិបាល​យ៉ាង​តិច ២៦នាក់ និង​យុទ្ធជន​រុស្ស៊ី​ចំនួន ៩នាក់​នៅ​ក្នុង​ការ​វាយប្រហារ​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ប៉ែក​ខាងកើត​ស៊ីរី។ ឧប្បត្តិហេតុ​នេះ​បាន​កើត​មាន​កាល​ពី​ថ្ងៃ​ពុធ ទី២៣ ឧសភា តែ​ស្ថាប័ន​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី​ទើប​បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​អាទិត្យ ទី២៧ ឧសភា។ ព្រឹត្តិការណ៍​មួយ​នេះ​ជា​សក្ខីកម្ម​ថ្មី​ដែល​បញ្ជាក់​ថា អង្គការ​រដ្ឋអ៊ីស្លាម​នៅ​តែ​សកម្ម និង​មាន​សមត្ថភាព​វាយប្រហារ​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ទឹកដី​ស៊ី។


តាម​ស្ថាប័ន​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​បើក​ការ​វាយប្រហារ​លើ​កម្លាំងស៊ីរី និង​រុស្ស៊ី​នៅ​ក្នុង​តំបន់​ដាច់ស្រាយាល​មួយ​ស្ថិត​ក្នុង​ខេត្ត Deir Ezzor ក្បែរ​ស្រុក Mayadine។ នាយក​ស្ថាប័ន​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី​លោក Rami Abdel Rahmane បាន​ថ្លែង​ប្រាប់ AFP ថា មាន​ស្លាប់​កម្លាំង​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី​ចំនួន ៣៥នាក់ ក្នុង​នោះ​មាន​យុទ្ធជន​រុស្ស៊ី​ចំនួន ៩នាក់ ហើយ​ក្នុង​ចំណោម​យុទ្ធជន​រុស្ស៊ី​ទាំង ៩នាក់​មាន​មួយ​ភាគ​ជា​ទាហាន​ដោយ​មិន​បាន​ប្រាប់​ពី​ចំនួន​ពិតប្រាកដ​ទេ។ បើ​យោង​តាម​ក្រសួង​ការពារជាតិ​រុស្ស៊ី​ក្នុង​ថ្ងៃ​អាទិត្យ ទី២៧ ឧសភា មាន​ស្លាប់​ទាហាន​រុស្ស៊ី ៤នាក់ តែ​មិន​បាន​បញ្ជាក់​ពី​ថ្ងៃខែ និង​ទីកន្លែង​ឡើយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ស្ថាប័ន​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី​ដែល​មាន​បណ្តាញ​នៅ​សឹង​ទូទាំង​ប្រទេស​ស៊ីរី​បាន​អះអាង​ថា អ្វី​ដែល​ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​លើក​ឡើង គឺ​ជា​ហេតុការណ៍​ដូច​គ្នា​នៃ​ការ​វាយប្រហារ​របស់​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​កាល​ពី​ថ្ងៃ​ពុធ ទី២៣ ឧសភា។ ចំណែក​កាសែត​មួយ​ក្នុង​ស្រុក​នៅ​ស៊ីរី​បាន​បញ្ជាក់​បន្ថែម​ពី​ពិធី​បញ្ចុះ​សព​ទាហាន​រុស្ស៊ី ៤នាក់​ដែល​ស្លាប់​ក្នុង​ថ្ងៃទី២៣ ឧសភា។ សូម​ជម្រាប​ជូន​ថា រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ស៊ីរី​បាន​ជួយ​គាំទ្រ​ផ្លូវយោធា​ដល់​ក្រុង​ដាម៉ាស់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៥ នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

តែ​ក្រោម​ភ្នែក ច្រមុះ​របស់​បស្ចិមលោក អន្តរាគមន៍​របស់​រុស្ស៊ី​នៅ​ស៊ីរី គឺ​ជួយ​កម្លាំង​របស់​រដ្ឋាភិបាល​ក្រុង​ដាម៉ាស់​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ដើម្បី​ប្រយុទ្ធ​ទល់​នឹង​ក្រុមប្រឆាំង​ស៊ីរី​ដែល​គាំទ្រ​ដោយ​សហគមន៍​អន្តរជាតិ។ បច្ចុប្បន្ន មាន​ទាហាន​រុស្ស៊ី​ប្រមាណ​ជា ៣ ០០០នាក់​កំពុង​ឈរ​ជើង​ក្នុង​ទឹកដី​ស៊ីរី ពិសេស​នៅ​ប៉ែក​ភាគពាយព្យ ហើយ​​តាម​តួលេខ​ផ្លូវការ មាន​ទាហាន​រុស្ស៊ី​ចំនួន ៩២នាក់​បាន​ចោល​ជីវិត​នៅ​ក្នុង​ទឹកដី​ស៊ីរី។

ពិត​ណាស់​ថា ក្រោម​អន្តរាគមន៍​របស់​កម្លាំង​រដ្ឋាភិបាល​ស៊ីរី រួម​ជាមួយ​សម្ព័ន្ធមិត្ត​របស់​លោក​អាសាដ និង​ក្រោម​អន្តរាគមន៍​របស់​កម្លាំង​សហគមន៍​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក អង្គការ​រដ្ឋអ៊ីស្លាម​បាន​បាត់បង់​ដែនដី និង​យុទ្ធជន​របស់​ខ្លួន​យ៉ាង​ច្រើន​នៅ​ស៊ីរី តែ​ឥទ្ធិពល និង​សមត្ថភាព​វាយប្រហារ​របស់​អង្គការ​ភេរវនិយម​មួយ​នេះ​នៅ​មិន​បាត់បង់​ទាំង​ស្រុង​ទេ៕