rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រុស្ស៊ី ស៊ីរី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អង្គការ​​​​ក្រៅ​រដ្ឋាភិបាល​​​​ចម្រុះ​​​​ស៊ីរី​​​​​​ទាមទារ​​​​បទ​ឈប់បាញ់​​​មួយ​​​​នៅ​​​ស៊ីរី​ ​មុន​ការ​​​ប្រកួត​​បាល់​ទាត់​​​ពិភព​លោក​​​​

media
ស្រ្តីៗ​នាំគ្នាដើរកាត់​​ថ្មី​បាក់បែក​នៃអគារ​នៅ​ក្រុង​ Raqqa ប្រទេស​ ស៊ិរី ថ្ងៃទី​១៤ ឧសភា​ឆ្នាំ​​២០១៨ REUTERS/Aboud Hamam REUTERS/Aboud Hamam

អង្គការ​ក្រៅ​រដ្ឋាភិបាល​ស៊ីរី​ជា​ច្រើន​ បាន​អំពាវនាវ​ម្សិលមិញ អោយ​រុស្ស៊ី​​ដែល​ជា​ប្រទេស​រៀបចំ​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក​នៅ​ខែ​មិថុនា​ខាង​មុខ ធ្វើការ​អនុម័ត​បទ​ឈប់បាញ់​មួយ​ក្នុង​រយៈពេល​មួយ​ខែ​នៅ​ស៊ីរី​ខណៈ​ដែល​ប្រទេស​នេះ​ កំពុង​ផុងលុង​​ជ្រៅ​នៅ​ក្នុង​សង្គ្រាម​ស៊ីវីល។


​សង្គ្រាមស៊ីវីល​នៅ​​ស៊ីរី​​​​ដែល​​​​​​សម្លាប់​ជីវិត​មនុស្ស​ដ៏​ច្រើន​​​​សម្បើម​​អស្ចារ្យ​​​ចាប់​តាំង​ពី​ឆ្នាំ ២០១១​មក  ត្រូវ​បាន​ស្ថាប័ណ​អន្តរជាតិ​នានា បាន​ទាមទារ​ជារឿយៗ​ឲ្យ​មាន​​បទឈប់បាញ់គ្នា​​រវាង​គូបដិបក្ស​នៅ​ក្នុង​ប្រទេស។​​​

​នៅ​ពេល​មាន​ការ​អនុម័ត​បទ​ឈប់​បាញ់​គ្នាហើយនោះ ជាញឹកញយ​បទឈប់បាញ់នេះ​ មានលក្ខណៈផុយ​ស្រួយ​នឹងក៏​​ត្រូវ​រលាយ​បាត់​បង់​ទៅ​វិញ។

ដូចនេះហើយ បានជា​នៅ​ថ្ងៃ​ចន្ទ​ទី​១៤​ឧសភា​ម្សិលមិញ សម្ព័ន្ធ​ចម្រុះ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ស៊ីរី​ដែលរួមប្រជុំដោយ​ចលនាសង្គមស៊ីវីល​ បាន​នាំគ្នា ស្រែក​ទាមទារ សុំ​ឲ្យ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​ថ្ងៃ​ទី​១៤​​មិថុនា​ខាង​មុខ​នៅក្នុង​​ប្រទេស​រុស្ស៊ី​ ​ ជា​ការ​ប្រកួតមួយ​​ដើម្បី​ពាន​រង្វាន់​សន្តិភាព។

គោលដៅ​​របស់​ចលនា​សង្គម​ស៊ីវីល​ស៊ីរីនេះ ​ គឺ​​​ការ​​អំពាវនាវ ​សុំ​​អោយ​​ប្រធានាធិបតីរុស្ស៊ី​ លោក​ Vladimir Poutine និង​ថ្នាក់​ដឹកនាំ​ក្នុង​ពិភពលោក​ផ្សេងៗទៀត ​ អោយមាន​ការ​​រៀបចំ​នូវ​បទឈប់បាញ់​មួយ​​ក្នុង​លំដាប់​ជាតិ​​នៅ​​​​ស៊ីរី នៅមុន​ពេលនៃ​ការ​ចាប់ផ្តើម​​ការ​ប្រកួត​​បាល់ទាត់​-នេះ​បើយោងតាម​សេចក្តីជូនដំណឹងរួម​មួយ​របស់​ចលនាសង្គមស៊ីវីល​ស៊ីរី។​

នាយកប្រតិបត្តិ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ស៊ីរី​ឈ្មោះ Truth and Justice ឬ​អង្គការ​ដើម្បី​ការពិត​និង​យុត្តិធម៌​ បាន​​ ពញ្ញាក់ ​អារម្មណ៍​​​សហគមន៍​អន្តរជាតិ អោយ​ចាប់​អារម្មណ៍​​​និង​យកចិត្តទុក​ដាក់​​ទៅ​លើ​សង្គ្រាមស៊ីវីល​ស៊ីរី​ដែល​នៅ​តែ​បន្ត​​​បំផ្លិច​បំផ្លាញ​ជីវិត​មនុស្ស ​និង​​​ ធ្វើ ឲ្យ​ប្រជាជន​ស៊ីវីល​ស៊ីរី​​ទាំង​បុរស ស្តី្រ​និង​កូន​ក្មេង​រងទុក្ខវេទនាយ៉ាងក្រៃលែង។ ​យុទ្ធនាការ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ បាន​ធ្វើ​ឡើង​ដោយ​មាន​ជំនួយ​ពី​ខែ្សអាត់​​វីឌីអូ​មួយ ​ដើម្បី​​បំភ្លឺ​ អំពី​ទុក្ខលំបាកដ៏សោកសៅ​របស់ប្រជាជនស៊ីរី​ចាប់តាំង​ពីការ​ប្រកួត​បាល់ទាត់​ពិភពលោក​ចុងក្រោយ​នៅ​ឆ្នាំ​២០១៤​មក។​

ចំណែក​​លោកស្រី Maria Al-Ahmad ដែល​ជា​ប្រធាន​នៃ​អង្គការ ឈ្មោះ ​« Women Now for Development »ឬ”ស្ត្រី​​ឥឡូវ​​ដើម្បី​អភិវឌ្ឈន៍”បាន​ថ្លែង​ចំអក​ឲ្យ​រុស្ស៊ី​ថា” ការ​ប្រកួត​បាល់​ទាត់​ពិភពលោក ពិត​ជា​ក្តី​សុបិន្ត​មួយ​​សម្រាប់រុស្ស៊ី​​ ក៏ប៉ុន្តែ​នៅ​ស៊ីរី គេ​ពុំមាន​ហេតុផល​អ្វី​​ដើម្បី​​​ក្តី​សុបិននេះទេ​។ ប្រធានអង្គការ​ដដែល បានគូសបញ្ជាក់ទៀតថា “សម្រាប់​ប្រជាជន​​ស៊ីវីល​ស្លូត​ត្រង់​​ចំនួន​ រាប់​រយ​ពាន់​នាក់ គេ​ពុំ​បាន​នឹកភ្នកអ្វី​​​ដល់​ព្រឹត្តិការណ៍​នេះ​ទេ​​ ​ដ៏រាបណា​ ការវាយប្រយុទ្ទគ្នា​​និង​ការ​ទម្លាក់​គ្រាប់បែក​នៅតែបន្តធ្លាក់​នៅ​ក្នុង​ប្រទេស​ស៊ីរី​៕​​