rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អ៊ីរ៉ាក់​រៀបចំ​បោះឆ្នោតសភា​លើក​ទី១ ក្រោយ​ទទួល​ជោគជ័យ​លើ​អង្គការ​រដ្ឋអ៊ីស្លាម

ដោយ គួច គន្ធារ៉ា

នៅ​ថ្ងៃ​សៅរ៍ ទី១២ ឧសភា​នេះ ប្រទេស​អ៊ីរ៉ាក់​បាន​រៀបចំ​បោះឆ្នោត​សភា​ដែល​ចូល​រួម​បោះឆ្នោត​ដោយ​ពលរដ្ឋ​អ៊ីរ៉ាក់​ជាង ២៤លាននាក់។ រដ្ឋាភិបាល​ថ្មី​ដែល​ប្រសូត្រ​ចេញ​ពី​ការ​បោះឆ្នោត​ពេល​នេះ​មាន​តួនាទី​រៀបចំ​កសាង​ប្រទេស​ឡើង​វិញ បន្ទាប់​ពី​បាន​តស៊ូ ប្រយុទ្ធ​ទល់​នឹង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​អស់​រយៈពេល ៣ឆ្នាំ។

ទោះ​បី​ជា​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ទទួល​បរាជ័យ​យ៉ាង​ជូរចត់​ក៏​ដោយ ក៏​បញ្ហា​សន្តិសុខ​នៅ​បន្ត​ជា​ក្តី​បារម្ភ​របស់​រដ្ឋាភិបាល​ផុតអាណត្តិ​សម្រាប់​ការ​បោះឆ្នោត​ពេល​នេះ។ លោក​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​ហៃដឺ អាល់អាបាឌី​ដែល​បាន​ឈរ​ឈ្មោះ​មួយ​អាណត្តិ​ថ្មី​អាច​នឹង​ទទួល​បាន​ផល​ច្រើន​ពី​ជោគជ័យ​លើ​អង្គការ​រដ្ឋអ៊ីស្លាម។ តែ​លោក​អាបាឌី​ក៏​កំពុង​ប្រឈម​នឹង​គូប្រជែង​ផ្សេង​ទៀត​ដែរ។

ការ​បោះឆ្នោត​សភា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ត្រូវ​បាន​រៀបចំ​ឡើង​រៀងរាល់ ៤ឆ្នាំ​ម្តង​ដោយ​ផ្អែក​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ប្រទេស គិត​តាំង​ពី​ក្រោយ​ការ​ដួលរំលំ​របប​ដឹកនាំ​របស់​លោក​សាដាំ ហ៊ូសេន​ក្នុង​ឆ្នាំ ២០០៣។ សម្រាប់​ការ​បោះឆ្នោត​សភា​ឆ្នាំ ២០១៨​នេះ មាន​បេក្ខជន​ឈរ​ឈ្មោះ​ជាង ៧ ០០០នាក់​ក្នុង​នោះ​មាន​ស្រ្តី ២ ៦០០នាក់​នៅ​ក្នុង​មណ្ឌល​ខេត្ត ក្រុង​ទាំង ១៨ ដែល​មាន​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ពលរដ្ឋ​អ៊ីរ៉ាក់​ជាង ២៤លាននាក់​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី​ចំនួន ៣២៩រូប​នៅ​ក្នុង​រដ្ឋសភា ក្នុង​នោះ មាន​អសនៈ​ចំនួន ៩ ទុក​ឲ្យ​ក្រុម​ជនជាតិ​ភាគតិច និង ៨៣អសនៈ​សម្រាប់​ស្រ្តីភេទ។

មាន​ការិយាល័យ​បោះឆ្នោត​សរុប​ទាំង​អស់​ចំនួន ៨ ១៤៨ការិយាល័យ និង​ដែល​ការិយាល័យ​នីមួយៗ​មាន​បំពាក់​ដោយ​ប្រព័ន្ធ​បោះឆ្នោត​អេឡិចត្រូនិក។ ជម្រើស​យក​ប្រព័ន្ធ​បោះឆ្នោត​អេឡិចទ្រូនិក គឺ​ដើម្បី​ចៀសវាង​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត តែ​ទន្ទឹម​គ្នា​នេះ ក៏​មាន​ការ​រៀបចំ​បោះឆ្នោត​ដោយ​សន្លឹកក្រដាស​សម្រាប់​អ្នក​បោះឆ្នោត​បម្លាស់ទី​ជាង ២៨ម៉ឺននាក់​នៅ​តាម​ជំរំ​ចំនួន ៧០កន្លែង​ក្នុង​ខេត្ត​ចំនួន ៨។ ចំណែក​ពលរដ្ឋ​អ៊ីរ៉ាក់​រស់​នៅ​បរទេស​ក៏​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត និង​ដែល​ពួក​បាន​បោះឆ្នោត​រួច​រាល់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១០ឧសភា​ទន្ទឹម​គ្នា​នឹង​កម្លាំង​សន្តិសុខ​ក្នុង​ស្រុក។

កំណត់​សម្គាល់​មួយ​ទៀត គឺ​ការ​ពង្រឹង​សន្តិសុខ​កម្រិត​ខ្ពស់​នៅ​ក្នុង​ការ​រៀបចំ​បោះឆ្នោត​ដោយ​រដ្ឋអំណាច​បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស និង​ទាហាន​ជិត ៩០ម៉ឺននាក់ ព្រម​ទាំង​ដាក់​បំរាមគោចរ​ក្នុង​ទីក្រុង​បាកដាដ និង​តាម​ទីក្រុង​ធំៗ​ជា​ច្រើន។ ស្រប​ពេល​គ្នា​នេះ ក៏​មាន​ការ​បិទព្រំដែន ហើយ​ចរាចរណ៍​ផ្លូវអាកាស​ក៏​ត្រូវ​បាន​ផ្អាក​រយៈពេល ២៤ម៉ោង។ វិធានការ​សន្តិសុខ​ទាំង​អស់​នេះ គឺ​ដើម្បី​ប្រឈម​ទប់​នឹង​ការ​គំរាមកំហែង​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

បំបាត់​អំពើ​ពុករលួយ និង​បំបាត់​ភាព​រើសអើង​សាសនា

មាន​ប្រធានបទ​សំខាន់​ពីរ​ដែល​បាន​លេច​ធ្លោ​ខ្លាំង​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ទី១ បំបាត់​អំពើ​ពុករលួយ និង​ទី២ បំបាត់​ការ​រើសអើង​និកាយ​សាសនា។ ចូរ​កុំ​ភ្លេច​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ពលរដ្ឋ​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត ហើយ​ពួក​និកាយ​ស៊ុយនីត​មាន​ប្រមាណ ៤០% និង​នៅ​មាន​សហគមន៍​សាសនា​ភាគ​តិច​តូចៗ​ជា​ច្រើន​ផ្សេង​ទៀត។ បេក្ខជន​នីមួយៗ ពិសេស​លោក​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​អាបាឌី​ដែល​ជា​មាន​និកាយ​ឈីអ៊ីត​បាន​ព្យាយាម​មិន​និយាយ​ពី​រឿង​សាសនា តែ​បាន​បង្ហាញ​ចេញ​នូវ​កម្មវិធី​នយោបាយ​មួយ​ដោយ​លោក​អំពាវនាវ​ឲ្យ​មាន​ឯកភាព​អ៊ីរ៉ាក់ និង​ការ​ផ្សះផ្សារ រួម​ទាំង​សន្យា​កំចាត់​អំពើ​ពុករលួយ និង​ការ​ធ្វើ​កំណែទម្រង់​ប្រទេស​ឲ្យ​បាន​ស៊ីជម្រៅ​នា​ពេល​ខាង​មុខ។

សូម​ជម្រាប​ជូន​ថា​នា​ខែ​កុម្ភៈ​កន្លង​ទៅ​ថ្មីៗ​នេះ សន្និសីទ​នៃ​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ឲ្យ​អ៊ីរ៉ាក់​បាន​សន្យា​ជួយ​ក្នុង​ទឹកប្រាក់​ចំនួន ៣០ ០០០លានដុល្លារ​ដើម្បី​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ប្រទេស​អ៊ីរ៉ាក់​ឡើង​វិញ។ ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​បាន​ខ្ទេចខ្ទីរ​តាំង​ពី​ក្រោយ​អាមេរិក​ចូល​វាយប្រហារ​ផ្តួល​រំលំ​របប​របស់​លោក​សាដាំ ហ៊ូសេន​ក្នុង​ឆ្នាំ ២០០៣ និង​ការ​តស៊ូ​ប្រយុទ្ធ​ទល់​នឹង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​រយៈពេល ៣ឆ្នាំ​កន្លង​ទៅ។ ក្តី​បារម្ភ​របស់​ពលរដ្ឋ​អ៊ីរ៉ាក់​ទូទៅ គឺ​ខ្លាច​តែ​ជំនួយ​សន្យា​ដោយ​អន្តរជាតិ​នឹង​ត្រូវ​បាត់បង់​ធ្លាក់​ចូល​ក្នុង​ហោប៉ៅ​របស់​ថ្នាក់ដឹកនាំ។ ចូរ​កុំ​ភ្លេច​ថា អ៊ីរ៉ាក់​ជា​ប្រទេស​ពុករលួយ​ខ្លាំង​ដែល​មន្រ្តី​រដ្ឋការ​គ្រប់​ជាន់ថ្នាក់​មិន​បាន​ចែក​ដាច់​ពី​គ្នា​រវាង​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ប្រយោជន៍​ជាតិ។

កំណត់​សម្គាល់​មួយ​ទៀត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​អ៊ីរ៉ាក់​ពេល​នេះ គឺ​បរិបទ​តានតឹង​នៅ​ក្នុង​តំបន់​ប្រកប​ដោយ​គ្រោះថ្នាក់ ព្រោះ​ចង់​ឬ​មិន​ចង់ អ៊ីរ៉ាក់​កំពុង​ក្លាយ​ជា​សមរភូមិ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អ៊ីរ៉ង់ និង​អាមេរិក។ អ៊ីរ៉ង់​ដែល​ជា​ប្រទេស​និកាយ​ឈីអ៊ីត​កំពុង​ប្រើ​ឥទ្ធិពល​ទៅ​លើ​បក្ស​នយោបាយ​ឈីអ៊ីត​ដែល​កំពុង​មាន​ប្រៀប​នយោបាយ​នៅ​អ៊ីរ៉ាក់។ ចំណែក​អាមេរិក​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​កំចាត់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​អ៊ីរ៉ាក់​រហូត​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នា​ខែ​ធ្នូ ឆ្នាំ ២០១៧។

លោក​អាបាឌី​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​អាណត្តិ​ថ្មី?

លោក​អាបាឌី​កំពុង​ទទួល​ប្រយោជន៍​ច្រើន​ពី​ជោគជ័យ​លើ​អង្គការ​រដ្ឋអ៊ីស្លាម​ដែល​អាមេរិក​ជា​អ្នក​ជួយ។ ក្រោម​ភ្នែក​ច្រមុះ​របស់​ពលរដ្ឋ​អ៊ីរ៉ាក់​ទូទៅ ពិសេស​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ជោគជ័យ​លើ​ពួក​ជ្រុលនិយម​នេះ​ជា​ជោគជ័យ​នយោបាយ​ការពារជាតិ​របស់​លោក​អាប៉ាឌី។ អ៊ីចឹង​វា​ជា​រឿង​ធម្មតា​ដែល​លោក​អាបាឌី​ត្រូវ​តែ​មាន​មោទនភាព និង​ទទួល​បាន​ប្រយោជន៍​នយោបាយ​ពី​ជោគជ័យ​នេះ។ ក៏​ប៉ុន្តែ នេះ​គ្រាន់​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​សំខាន់ៗ​ជា​ច្រើន​ទៀត​ដែល​លោក​អាបាឌី​ត្រូវ​បំពេញ បើ​លោក​ជាប់ឆ្នោត​អាណត្តិ​ថ្មី។

អ្វី​ដែល​ពលរដ្ឋ​អ៊ីរ៉ាក់​ចង់​បាន គឺ​កំណែទម្រង់​ប្រទេស​ដោយ​ចាប់​ផ្តើម​ពី​ការ​​បំបាត់​អំពើ​ពុក​រលួយ និង​ការ​ស្តារ​ឡើង​វិញ​នូវ​ឯកភាព​ផ្ទៃក្នុង ពិសេស​បិទបញ្ចប់​នូវ​ភាព​ហែកហួរ​គ្នា​តាំង​ពី ១៥ឆ្នាំ​រវាង​សហគមន៍​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត និង​និកាយ​ស៊ុយនីត​ទាំង​នៅ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ក៏​ដូច​ជា​នៅ​ក្នុង​ជីវិត​នយោបាយ។ កុំ​ថា​ឡើយ​រវាង​និកាយ​ខុស​គ្នា សូម្បី​តែ​ក្នុង​និកាយ​ដូច​គ្នា​ក៏​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​ដែរ។ ជាក់ស្តែង​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ ក្រុម​និកាយ​ឈីអ៊ីត​របស់​លោក​អាបាឌី​មាន​បេក្ខជន​ផ្សេង​ទៀត ពិសេស​លោក​អតីត​នាយករដ្ឋមន្រ្តី​ម៉ាលីគី​ដែល​ហាក់​មិន​ទាន់​បាត់​កំហឹង​ពី​ការ​ដែល​លោក​អាបាឌី​បាន​កំចាត់​លោក​ចេញ​ពី​អំណាច​កាល​ពី​ឆ្នាំ ២០១៤។

តែ​លទ្ធផល​ផ្លូវការ​យ៉ាង​នោះ គេ​ត្រូវ​រង់ចាំ​នៅ​ថ្ងៃ​អង្គារ ទី១៥ ឧសភា៕

សិង្ហបុរី៖​កិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី៣៣ និង​អាស៊ាន​ជាមួយ​ដៃគូ​ចាប់ផ្តើម​ដោយ​គ្មាន​វត្តមាន​លោកដូណាល់ ត្រាំ

បារាំង​ចង់​ជំរុញ​ឱ្យ​មាន​ការចរចា​បង្កើត​ក្រម​ប្រតិបត្តិ​អ៊ីនធ័រនែត

មុន​មកដល់​ប៉ារីស លោក​ដូណាល់ ត្រាំ ប្រើ​ពាក្យ​ធ្ងន់ៗ លើ​លោក​ម៉ាក្រុង

អាមេរិក៖​ហេតុអ្វី​បាន​ជា​លោក​ដូណាល់ ត្រាំ​កំចាត់​លោក Jeff Sessions ពី​តំណែង​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌?

អាមេរិក៖​លទ្ធផល​បោះឆ្នោត​ពាក់កណ្តាលអាណត្តិ​បាន​ធ្វើ​ឲ្យ​អាមេរិក​កាន់​តែ​ប្រេះឆាថែមទៀត?

អាមេរិក ៖ ហេតុផលនៃ​ចំណាប់​​អារម្មណ៍​ខ្លាំង​នឹង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ ២០១៨

លោកស៊ី ជីនពីង៖ ១៥​ឆ្នាំទៅមុខ ចិន នឹង​នាំចូល​ទំនិញ តម្លៃ ៣០ ០០០ពាន់លាន​ដុល្លារ

ទីបំផុត ពលរដ្ឋ​នូវែលកាឡេដូនី​មិន​ដាច់ចិត្ត​ផ្តាច់ខ្លួន​ចេញ​ពី​ប្រទេស​បារាំង​ទេ

លោកត្រាំ ប្រកាស​អនុវត្ត​ទណ្ឌកម្ម​ប្រេង​និង​ធនាគារ​លើ​អ៊ីរ៉ង់

៥ឆ្នាំ​​ក្រោយ​​មក ​គេ​នៅ​មិនទាន់​អាច​វែកមុខ​ឃាតករ​​ដែល​សម្លាប់​​អ្នកកាសែត RFI ២នាក់​ក្នុង​ប្រទេស​ម៉ាលី

ការ​ស្រាវជ្រាវ​ថ្មី​បង្ហាញថា ទឹក​សមុទ្រ​បាន​ស្រូប​កំដៅ ច្រើន​លើស​ពីអ្វី​ដែលគេ​ធ្លាប់​ប៉ាន់​ស្មាន

អាមេរិក អំពាវនាវឲ្យ ​ទំលាក់​អាវុធ​នៅយេម៉ែន

ផែនដី​ប្រឈម​នឹង​ការផុត​ពូជសត្វ​ទ្រង់ទ្រាយ​ធំ !

យន្តហោះដឹកអ្នកដំណើរ១៨៩នាក់ របស់ឥណ្ឌូណេស៊ីធ្លាក់ចូលសមុទ្រ

ការបោះឆ្នោតប្រេស៊ីល៖បេក្ខជនប្រធានាធិបតី​​ស្តាំនិយមជ្រុល​ឡើងកូដ ដោយសារ​បណ្តាញ​សង្គម

លោក​Mattis ថា​​ឃាតកម្ម​​លើ​​រូប​លោក​​ខាស្ហូហ្ស៊ី បាន​ធ្វើ​​ឲ្យ​ស្ថានភាព​​ដើមបូព៌ា កាន់តែ​វឹកវរ

អ្នកណា​នឹង​រងគ្រោះ នៅពេល​អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពីអាវុធ​នុយក្លេអ៊ែរ?

សង្គ្រាមពាណិជ្ជកម្ម រុញច្រាន​ឲ្យជប៉ុន​និង​ចិន​ ខិតចូល​រកគ្នា​

ហេតុអ្វីអឺរ៉ុប​ច្រានចោល​គម្រោង​ថវិកា​អ៊ីតាលី ?

វេទិកា​សេដ្ឋកិច្ច និង​វិនិយោគ​នៅ​អារ៉ាប៊ីសាអូឌីត​កំពុង​បំពុល​ដោយ​រឿងរ៉ាវ​លោកខាស្ហូហ្ស៊ី