អានតួអត្ថបទ

អ៊ីរ៉ង់ងាករកផ្លូវការទូត ពេលវិបត្តិ​តំបន់​ឡើង​តានតឹង​ខ្លាំង

បន្ទាប់​ពី​មាន​ភាព​តាន​តឹង​យោធា​មួយ​ប្រាវ​ជាមួយ​អ៊ីស្រាអែល​នៅ​ស៊ីរី​ ដែល​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​រួច​មក អ៊ីរ៉ង់​បាន​ងាក​មក​រក​ច្រក​ការទូត។ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក ហ្សាវាដ ស្ហារីហ្វ ត្រូវ​ផ្តើម នៅ​ថ្ងៃសៅរ៍​ទី ១២​ឧសភានេះ ​ធ្វើ​ទស្សនកិច្ច​ការ​ទូត មួយ​ជុំ​​​ដ៏​សំខាន់ ដើម្បី​ស្រោច​ស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ ក្រោយពី​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ដកខ្លួន​ចេញ​កាលពី​ថ្ងៃអង្គារ។

លោក Mohammad Javad Zarif ប្រមុខ​ការ​ទូត​អ៊ីរ៉ង់
លោក Mohammad Javad Zarif ប្រមុខ​ការ​ទូត​អ៊ីរ៉ង់ Captura de vídeo
ផ្សាយពាណិជ្ជកម្ម

អ៊ីរ៉ង់​ហាក់​មិន​ចង់​អូស​បន្លាយ​ជម្លោះ​ដែល​ធ្លាយ​មុខ​ជាមួយ​នឹង​អ៊ីស្រាអែល​ជា​សត្រូវ​យូរ​ទៀត​ទេ ទើប​ត្រូវ​ប្រឹង​ខ្នះ​ខ្នែង​រក​ដំណោះ​ស្រាយ​តាម​ផ្លូវ​ការ​ទូត។ នៅ​ថ្ងៃ​សៅរ៍​នេះ លោករដ្ឋមន្ត្រី​​ការបរទេស​អ៊ីរ៉ង់ ត្រូវ​អញ្ជើញ​ទៅដល់​​ ក្រុង​ប៉េកាំង ជា​ដំបូង​គេ បន្ទាប់មក​លោក​នឹង​បន្តដំណើរ​ទៅ​កាន់​ក្រុង​ម៉ូស្គូ។ ​ទស្សនកិច្ច​មួយ​ជុំ​របស់លោក ស្ហារីហ្វ នឹង​ត្រូវ​បញ្ចប់​ នៅព្រុចសែល ទី​ក្រុង​ស្នាក់ការ​របស់​សហភាព​អឺរ៉ុប​ ដើម្បី​ជជែក​គ្នា​​អំពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​​ការ​ពារ​ដោយ​ក្រុម​ប្រទេស​ហត្ថលេខី​ ចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ និង​អង់គ្លេស។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អ្នក​នាំពាក្យ​អ៊ីរ៉ង់។

ជា​ដំណើរ​ទស្សនកិច្ចដែល​​ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​​ផុយ​ស្រួយ​បំផុត ព្រោះ​អ៊ីរ៉ង់​ ចង់​បង្ហាញ​ភាព​ដាច់​ខាត​របស់​ខ្លួន​ប្រឆាំងនឹង​​សហរដ្ឋ​អាមេរិក​និង​អ៊ីស្រាអែលផង តែ​ទន្ទឹមពេល​ជាមួយ​គ្នា​នេះ​អ៊ីរ៉ង់​ក៏​ត្រូវ​ការ​ការ​គាំទ្រ​ពី​សហភាព​អឺរ៉ុប រុស្ស៊ី​និង​ចិន ដើម្បី​​ស្រោច​ស្រង់​និង​​ការ​ពារ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​​ផង ដើម្បី​​បាន​ជា​ប្រយោជន៍​សេដ្ឋកិច្ចផង។ ការ​នេះ​​អាច​សម្រេច​ទៅ​បាន​ ដោយ​មាន​តែ​ត្រូវ​និយាយ​​ជាមួយ​អឺរ៉ុប រុស្ស៊ី​និង​ចិន​នេះ​ឯង និង​ដោយ​មិន​អាច​បណ្តោយ​ខ្លួន​ឱ្យអ៊ីរ៉ង់​លុង​នឹង​​កំហឹង​រាលដាល​ជ្រុល​រហូត​ដល់​មាន​តប​តពី​អ៊ីស្រាអែល​​វិញ​ឡើយ បើ​ទោះ​បី​ជា​ប្រជាពល​រដ្ឋ​អ៊ីរ៉ង់​រាប់​ពាន់​នាក់ នាំ​គ្នា​បង្ហាញ​កំហឹង ដុត​ទង់ជាតិអាមេរិក ​រូប​ថតលោក​ដូណាល់ ត្រាំ និង​បង្ហោះ​សារ​សំដី​ប្រឆាំង​នឹង​អ៊ីស្រាអែល។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានាធិបតី​រ៉ូហានី​បាន​ថ្លែង​បន្ធូរ​បន្ថយ​សម្ពាធ​ ដោយ​អះអាង​ថា​អ៊ីរ៉ង់​មិន​បង្កើន​ភា​ព​តាន​តឹង​ថ្មី​ទេ តែ​​មិនបាន​និយាយ​ចំៗ​ពី​វាយប្រហារ​របស់​អ៊ីស្រាអែលឡើយ។ នៅ​យប់​ថ្ងៃពុធ​ អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​ផ្លូវ​អាកាស​វាយ​លើ​ទីតាំង​អ៊ីរ៉ង់​ជា​ច្រើន នៅ​ក្នុង​ទឹក​ដី​ស៊ីរី ដោយ​សំអាង​ថា​ជា​ការ​តប​ត​នឹង​ការ​បាញ់​រ៉ុកកែត​របស់​អ៊ីរ៉ង់​លើ​តំបន់​ខ្ពង់រាប​ហ្កូឡង់ស៊ីរី​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល។ អ៊ីរ៉ង់​បាន​បញ្ចេញ​ប្រតិកម្ម​ជា​លើក​ទីមួយ ច្រាន​ចោល​ហេតុ​ផល​របស់​អ៊ីស្រាអែល ថា​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់។

ស៊ីរី​​លុង​នឹង​សង្គ្រាមតាំង​ពី​ឆ្នាំ​២០១១មក បាន​ទទួល​ការ​គាំទ្រ​យោធា​ពី​អ៊ីរ៉ង់ តែ​អ៊ីស្រាអែល​បាន​ព្រមាន​យ៉ាង​ច្បាស់​ថា​មិន​អនុញ្ញាត​ឱ្យ​តេអេរ៉ង់​ប្រើ​ស៊ីរី​ជា​ស្ពាន​មក​ប្រឆាំង​នឹង​ខ្លួន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ