rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ៊ីស្រាអែល អ៊ីរ៉ង់ ស៊ីរី សហរដ្ឋអាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

វ៉ាស៊ីនតោន​គាំទ្រ “សិទ្ធិត​ដៃ​ដើម្បី​ការពារខ្លួន” របស់​អ៊ីស្រាអែល

media
ការ​បាញ់​មីស៊ីល​អ៊ីស្រាអែល​លើ​ក្រុង​ដាម៉ាស យប់​ថ្ងៃពុធ​ទី ៩ ឧសភា ២០១៨ REUTERS/Omar Sanadiki

​​ក្នុង​ពេល​ដែល​បារាំង អាល្លឺម៉ង់ អំពាវនាវ​ឱ្យ​អ៊ីរ៉ង់​និង​អ៊ីស្រាអែល ចេះ​អត់​ធ្មត់ ឈប់​បញ្ចេញ​សកម្មភាព​ញុះញង​គ្នា សហរដ្ឋ​អាមេរិក​បាន​ប្រកាន់​ជំហរ​ច្បាស់លាស់ ដោយ​ បរិហារ​ការ​បាញ់​រ៉ុកកែត​របស់​អ៊ីរ៉ង់​ទៅ​លើ​ទីតាំង​របស់​អ៊ីស្រាអែល ថា ​ជា​ទង្វើ​​ការ​បង្ក​ហេតុ ! និង​បាន​ប្រកាស​​ផ្តល់​ការ​គាំទ្រ​យ៉ាង​មុត​មាំ​​ដល់​អ៊ីស្រាអែលថា​ មាន​សិទ្ធិ​តប​ត​វិញ​ ដើម្បី​ការ​ពារ​ខ្លួន។


“​ការ​ពង្រាយ​កម្លាំង និង​ប្រព័ន្ធ​មីស៊ីល ប្រព័ន្ធ​រ៉ុកកែត​របស់​យោធា​អ៊ីរ៉ង់ នៅ​ស៊ីរី ដើម្បី​តម្រង់​ទិស​វាយ​ប្រហារ​លើ​អ៊ីស្រាអែល គឺ​ជា​ទង្វើ​ដែល​មិន​អាច​ទទួល​យក​បាន និង​ជា​ទង្វើ​ដ៏មហា​គ្រោះ​ថ្នាក់​សម្រាប់​តំបន់​ដើម​បូព៌ា​ទាំង​មូល ! នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​របស់​សេត​វិមាន ដោយ​បន្ថែម​ទៀត​ថា « ​ឆ្មាំ​បដិវត្តអ៊ីរ៉ង់​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុងចំពោះ​​ផលវិបាកនៃ​ទង្វើ​ខ្វះ​ការ​ពិចារណារបស់​ខ្លួន។ សហរដ្ឋ​អាមេរិក​សូម​ថ្កោល​ទោស និង​ផ្តល់​ការ​គាំទ្រ​ដល់​អ៊ីស្រាអែល​ដែល​មាន​សិទ្ធិ​តប​ត​វិញ​ដើម្បីការពារ​ប្រទេស !”

ជាមួយ​នឹង​ពាក្យ​បរិហារ សេតវិមាន​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ដទៃ​ នាំ​គ្នា​ព្រមាន​អ៊ីរ៉ង់កុំ​ឱ្យ​ធ្វើ​សកម្មភាព​យោធា​ដែល​ជា​តំណាង​ការគំរាម​កំហែង​សន្តិភាព​និង​ស្ថិរភាព​អន្តរជាតិ។

សូម​បញ្ជាក់​ថា ២៤​ម៉ោង​ក្រោយ​សេចក្តី​ប្រកាសរបស់​លោកត្រាំ ​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ ភាព​​តាន​តឹង​បាន​ផ្ទុះ​ឡើង​ខ្លាំង​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់​នៅ​ប្រទេស​ស៊ីរី។ អ៊ីស្រាអែលបាន​​ផ្លោងទម្លាក់​គ្រាប់​បែក​ជា​ច្រើន​លើ​ទី​តាំង​របស់​អ៊ីរ៉ង់ បន្ទាប់ពី​​អ៊ីរ៉ង់​បាន​បាញ់​រ៉ុកកែតជាង​២០​គ្រាប់​ទៅ​លើ​ខ្ពង់រាប​Golan គ្រប់គ្រង​ដោយ​អ៊ីស្រាអែល កាលពី​កណ្តាល​អាធ្រាត្រ​យប់​ថ្ងៃពុធ​ឆ្លង​មក​ថ្ងៃ​ព្រហស្បតិ៍។ នេះ​ជា​លើក​ទី​មួយគិត​​ចាប់​តាំង​ពី​មាន​ផ្ទុះ​សង្គ្រាម​នៅ​ស៊ីរី​ឆ្នាំ​២០១១​មក ដែល​អ៊ីស្រាអែល​បាន​វាយប្រហារ​ដោយ​ផ្ទាល់ជាមួយ​អ៊ីរ៉ង់​យ៉ាង​ដូច្នេះ និង​ជាការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​មិនធ្លាប់​មាន​គិត​ចាប់​ពី​ឆ្នាំ​១៩៧៤​មក។

សន្ទុះ​នៃ​ភាព​តាន​តឹង​ថ្មីនេះ​បាន​ធ្វើ​សហគមន៍​អន្តរជាតិ ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ ​លោកអាល់​អាសាដ ​​ប្រធានាធិបតី​ស៊ីរីយល់​ថា​ ការ​គំរាមកំហែង​អ៊ីស្រាអែលកំពុង​រុញ​ច្រាន​សង្គ្រាម​ស៊ីរី ឱ្យ​ឈាន​ចូល​​ដំណាក់​កាល​ថ្មី ! ​ សម្រាប់​លោក​ស្រី​ប្រមុខ​រដ្ឋាភិបាលអាល្លឺម៉ង់​ ការ​ប្រឈម​មុខ​ដោយ​អាវុធ​នេះ ជា​សញ្ញា​បញ្ជាក់​ថា​នឹង​មាន​សង្គ្រាមឬ​សន្តិភាព។ រួម​ជាមួយ​ប្រធានាធិបតី​បារាំង លោកស្រី​បាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​បញ្ឈប់​ទង្វើ​បង្កបញ្ហា​ដាក់​គ្នា និង​ស្នើ​ឱ្យ​អ៊ីរ៉ង់​បញ្ចៀស​រាល់​គ្រប់​សកម្មភាព​យោធា។ អង់គ្លេស​ក៏​បាន​ថ្កោល​ទោស​អ៊ីរ៉ង់​ដែរ និង​បានអំពាវនាវ​ឱ្យ​រុស្ស៊ី ប្រើ​ឥទ្ធិពល​របស់​ខ្លួន​​នៅស៊ីរី។ តាម​រយៈ​ប្រសាសន៍​របស់​រដ្ឋមន្ត្រីការបរទេស បាន​រុស្ស៊ីទាមទារ​ឱ្យ​អ៊ីរ៉ង់​និងអ៊ីស្រាអែល​កុំ​ធ្វើ​អ្វី​ដែល​ជម្លោះ​វិល​វល់​គ្នា​ច្រក​ចេញ។ ឯ​អ៊ីរ៉ង់​ស្ងាត់​ឈឹង​គ្មាន​បញ្ចេញ​ប្រតិកម្ម​តប​វិញ​អ្វី​ទាំង​អស់​គិត​មក​ទល់​នឹង​រសៀល​ថ្ងៃព្រហស្បតិ៍​នេះ៕