អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់៖​លោក​ហាសាន រ៉ូហានី​ព្រមាន​លោក​ដូណាល់ ត្រាំ​ជា​ថ្មី

នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាង​មុខ ពោល​នា​ថ្ងៃ​សៅរ៍ ទី១២ ឧសភា​ចុង​សប្តាហ៍​នេះ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ត្រូវ​សម្រេចចិត្ត​ដក ឬ​មិន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​កាល​ពី​ពាក់កណ្តាល​ខែ​កក្កដា ឆ្នាំ ២០១៥។ តែ​សមភាគី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូហានី​បាន​ចេញ​មុខ​ព្រមាន​លោក​ត្រាំ​ជា​ថ្មី​នា​ថ្ងៃ​អាទិត្យ ទី៦ ឧសភា​ថា បើ​លោក​ត្រាំ​សម្រេច​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង អាមេរិក​នឹង​មាន​វិប្បដិសារី​ដ៏​ធំ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត។ លោក​រ៉ូហានី​បាន​បន្ថែម​ថា អ៊ីរ៉ង់​នឹង​បន្ត​តស៊ូ​ប្រឈម​ទប់​នឹង​ការ​សម្រេច​របស់​លោក​ត្រាំ​លើ​គ្រប់​រូបភាព​ទាំង​អស់។

លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី
លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី REUTERS/Danish Siddiqui
ផ្សាយពាណិជ្ជកម្ម

« បើ​អាមេរិក​ដើរ​ចេញ​ពី​កិច្ចព្រមព្រៀង អស់​លោក​នឹង​បាន​ដឹង​ភ្លាម​ថា អាមេរិក​នឹង​មាន​វិប្បដិសារី​ដ៏​ធំ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត » នេះ​ជា​ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​រ៉ូហានី​តាម​កញ្ចក់​ទូរទស្សន៍​សាធារណៈ។ លោក​រ៉ូហានី​បាន​បន្ថែម​ដោយ​ធានា​ថា អ៊ីរ៉ង់​បាន​ត្រៀម​គ្រប់​សេណារីយ៉ូ​អស់​ជា​ច្រើន​ខែ​កន្លង​មក​ហើយ​ដើម្បី​ប្រឈម​ទប់​នឹង​រាល់​សេចក្តីសម្រេច​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។ តាម​លោក​រ៉ូហានី សេណារីយ៉ូ​ទាំង​អស់​នោះ​ត្រូវ​បាន​លោក​ប្រគល់​ទៅ​ឲ្យ​អង្គការ​ថាមពល​បរមាណូ​អ៊ីរ៉ង់​ជា​អ្នក​រៀបចំ​ដោយ​លោក​មិន​បាន​លំអិត​អ្វី​បន្ថែម​ទេ។

ទាក់ទង​នឹង​កម្មវិធី​គ្រាប់មីស៊ីល និង​អាវុធ​របស់​អ៊ីរ៉ង់​ត្រូវ​បាន​លោក​រ៉ូហានី​បញ្ជាក់​ជា​ថ្មី​ថា មាន​គោលដៅ​ការពារ​ខ្លួន​សុទ្ធសាធ និង​ថា អ៊ីរ៉ង់​នឹង​មិន​ចរចា​ជាមួយ​នរណា​ទាំង​អស់​ស្តីពី​អាវុធ និង​វិស័យ​ការពារ។ ទន្ទឹម​គ្នា​នេះ លោក​រ៉ូហានី​មិន​ភ្លេច​និយាយ​ពី​បញ្ហា​នៅ​ក្នុង​តំបន់​ដែល​លោក​យល់​ថា អ៊ីរ៉ង់​ត្រៀម​ខ្លួន​ដើម្បី​ចរចា តែ​អ៊ីរ៉ង់​មិន​បោះបង់​ចោល​ការ​តស៊ូ​ប្រយុទ្ធ​របស់​ខ្លួន​ប្រឆាំង​នឹង​ភេរវនិយម​ទេ។ « យើង​ចង់​និយាយ​ជាមួយ​ពិភពលោក​ដើម្បី​ឲ្យ​តំបន់​របស់​យើង​មាន​ស្ថិរភាព និង​សន្តិសុខ តែ​យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បង្កើត​អង្គការ​រដ្ឋអ៊ីស្លាម​ថ្មី​ឡើយ » នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​រ៉ូហានី។

កន្លង​មក ការ​ព្រមាន​អ៊ីរ៉ង់​ក៏​មាន​ពី​ប្រមុខ​ការទូត​ដែល​ថា អ៊ីរ៉ង់​នឹង​មិន​ចរចា​ឡើង​វិញ​លើ​អ្វី​ដែល​បាន​ព្រមព្រៀង និង​ដែល​អ៊ីរ៉ង់​បាន​អនុវត្តន៍​ត្រឹមត្រូវ។ ចំណែក​លោក អាលី អាក្បា វីឡាយ៉ាទី​ដែល​ជា​ទីប្រឹក្សា​របស់​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​បាន​ព្រមាន​ត្រង់ៗ​ថា បើ​អាមេរិក​សម្រេចចិត្ត​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង អ៊ីរ៉ង់​ក៏​ដក​ខ្លួន​ចេញ​ដែរ។ ប្រតិកម្ម​ខ្លាំងៗ​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​សមភាគី​អាមេរិក​លោក​ដូណាល់ ត្រាំ​ត្រូវ​សម្រេចចិត្ត​នា​ថ្ងៃទី១២ ឧសភា​ដក ឬ​មិន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​កាល​ពី​ពាក់កណ្តាល​ខែ​កក្កដា ឆ្នាំ ២០១៥។

ចំណែក​ក្រុមប្រទេស​អឺរ៉ុប​ហត្ថលេខី​ផ្សេង ពិសេស​ប្រទេស​បារាំង តាម​រយៈ​លោក​ប្រធានាធិបតី​ម៉ាក្រុង​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​រក្សា​ទុក​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ និង​ចង់​ចរចា​លើ​សំណុំរឿង​ផ្សេង​រួម​មាន សកម្មភាព​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​ក្រោយ​ឆ្នាំ ២០២៥ កម្មវិធី​គ្រាប់មីស៊ីល​អ៊ីរ៉ង់ និង​តួនាទី​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​ដើមបូព៌ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ