អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ៖​អ៊ីរ៉ង់​បញ្ជាក់​ជា​ថ្មី​មិន​ចរចា​ឡើងវិញ និង​ដកខ្លួន​ចេញ បើ​អាមេរិក​ដក​ខ្លួន

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣ ឧសភា ប្រទេស​អ៊ីរ៉ង់ តាម​រយៈ​លោក​ប្រមុខ​ការទូត​យ៉ាវ៉ា ហ្សារីស្វ (Javad Zarif)បាន​បញ្ជាក់​ជា​ថ្មី​ថា ខ្លួន​នឹង​មិន​ចរចា​ឡើង​វិញ​ជា​ដាច់​ខាត​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៥ ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស។ ចំណែក​លោក​អាលី អាក្បា វីឡាយ៉ាទី (Ali Akbar Velayati) ទីប្រឹក្សា​របស់​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​បាន​ព្រមាន​ត្រង់ៗ​ថា បើ​អាមេរិក​សម្រេច​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង អ៊ីរ៉ង់​ក៏​នឹង​ដក​ខ្លួន​ចេញ​ដែរ។ ការ​បញ្ជាក់ និង​ការ​ព្រមាន​ជា​ថ្មី​របស់​អ៊ីរ៉ង់​នេះ​បាន​ធ្វើ​ឡើង ១០ថ្ងៃ​មុន​នឹង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​សម្រេច​ដក ឬ​មិន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នោះ។

លោក​ប្រមុខ​ការទូត​អ៊ីរ៉ង់​យ៉ាវ៉ា ហ្សារីស្វ (Javad Zarif)
លោក​ប្រមុខ​ការទូត​អ៊ីរ៉ង់​យ៉ាវ៉ា ហ្សារីស្វ (Javad Zarif) Don EMMERT / AFP
ផ្សាយពាណិជ្ជកម្ម

« អ៊ីរ៉ង់​មិន​នឹង​ចរចា​ឡើង​វិញ​ជា​ដាច់ខាត​លើ​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ និង​ដែល​អ៊ីរ៉ង់​បាន​អនុវត្តន៍​ត្រឹមត្រូវ » នេះ​ជា​សារ​ដែល​លោក​ប្រមុខ​ការទូត​អ៊ីរ៉ង់​យ៉ាវ៉ា ហ្សារីស្វ (Javad Zarif) បាន​ថ្លែង​ជា​ភាសា​អង់គ្លេស​នៅ​ក្នុង​ខ្សែអាត់​វីដេអូ​មួយ​ផ្សព្វផ្សាយ​តាម​បណ្តាញ Youtube។ តាម​លោក​ហ្សារីស្វ គ្មាន​ហេតុផល​ណា​មួយ​ដែល​អ៊ីរ៉ង់​ត្រូវ​ចរចា​ឡើង​វិញ ឬ​ត្រូវ​ធ្វើ​វិសោតនកម្ម​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​នោះ​ទេ។ ស្រប​គ្នា​នេះ ប្រមុខ​ការទូត​អ៊ីរ៉ង់​ក៏​បាន​ចោទ​អាមេរិក​ត្រង់ៗ​ពី​បទ​រំលោភបំពាន​លើ​កិច្ចព្រមព្រៀង​ដោយ​បំភិតបំភ័យ​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​មិន​ឲ្យ​រកស៊ី​ជាមួយ​អ៊ីរ៉ង់។

ក្រៅ​ពី​លោក​ហ្សារីស្វ ប្រតិកម្ម​របស់​អ៊ីរ៉ង់​ក៏​មាន​ពី​លោក អាលី អាក្បា វីឡាយ៉ាទី (Ali Akbar Velayati) ដែល​ជា​ទីប្រឹក្សា​របស់​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​ដ៏​មាន​ឥទ្ធិពល​លោក​អាលី ខាមេណី។ លោក អាលី អាក្បា វីឡាយ៉ាទី​បាន​ព្រមាន​ច្បាស់ៗ​ថា បើ​អាមេរិក​ហ៊ាន​សម្រេចចិត្ត​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ អ៊ីរ៉ង់​ក៏​នឹង​ដក​ខ្លួន​ចេញ​ដែរ។ ទន្ទឹម​គ្នា​នេះ លោក អាលី អាក្បា វីឡាយ៉ាទី​ក៏​មិន​ភ្លេច​ព្រមាន​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង ពិសេស​ប្រទេស​អឺរ៉ុប​ប្រឆាំង​ទល់​នឹង​គំនិត​ដែល​ចង់​ឲ្យ​មាន​កិច្ចចរចា​ថ្មី និង​ការ​កែប្រែ​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់។

« អ៊ីរ៉ង់​ទទួល​យក​កិច្ចព្រមព្រៀង​ដែល​បាន​អនុម័ត និង​មិន​ទទួល​យក​ដាច់​ខាត​លើ​ការ​ថែមថយ ឬ​ដកចេញ​ចំណុច​ណា​មួយ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ » នេះ​ជា​ការ​ថ្លែង​ព្រមាន​របស់​លោក អាលី អាក្បា វីឡាយ៉ាទី។ ក្រៅ​ពី​ប្រតិកម្ម​របស់​អ៊ីរ៉ង់ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres បាន​ព្រមាន​ទល់​នឹង​ការ​ប៉ុនប៉ង​បោះបង់​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ដរាប​ណា​គេ​នៅ​មិន​ទាន់​មាន​កិច្ចព្រមព្រៀង​ថ្មី​ដែល​ល្អ​ជាង​នេះ​ទេ​នោះ។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា លោក​ដូណាល់ ត្រាំ​បាន​ទុក​ពេល​ដល់​ថ្ងៃទី១២ ឧសភា​ឲ្យ​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​សើរើ​ពិនិត្យមើល​ឡើង​វិញ​លើ​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ដែល​លោក​យល់​ថា នៅ​មាន​លក្ខណៈ​ធូរស្រាល់​ខ្លាំង បើ​ធៀប​នឹង​ទង្វើ​ជាក់ស្តែង​របស់​អ៊ីរ៉ង់​នា​ពេល​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ