អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​នេតាន់យ៉ាហ៊ូ៖​អ៊ីស្រាអែល​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បញ្ជាក់​ពី​ការ​និយាយ​កុហក​របស់​អ៊ីរ៉ង់​ក្នុង​បញ្ហា​នុយក្លេអ៊ែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​យប់​ថ្ងៃ​ចន្ទ ទី៣០ មេសា លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​បាន​បង្ហាញ​ប្រាប់​ពិភពលោក​នូវ​ឯកសារ​គ្រប់​ប្រភេទ​ដែល​បញ្ជាក់​ពី​សកម្មភាព​អាវុធ​នុយក្លេអ៊ែរ​លួចលាក់​របស់​ប្រទេស​អ៊ីរ៉ង់ និង​ការ​និយាយ​កុហក​របស់​អ៊ីរ៉ង់។ កម្មវត្ថុ​របស់​លោក​នេតាន់យ៉ាហ៊ូ គឺ​ចង់​និយាយ​សំដៅ​ដល់​កិច្ចព្រមព្រៀង​នុយក្លេរអ៊ែរ​អ៊ីរ៉ង់​ដែល​សហគមន៍​អន្តរជាតិ​បាន​ចុះ​ហត្ថលេខា​ជាមួយ​ទីក្រុង​តេហេរ៉ង់​កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា ឆ្នាំ ២០១៥។ អ្វី​ជា​ការ​កត់សម្គាល់ បទអន្តរាគមន៍​របស់​លោក​នេតាន់យ៉ាហ៊ូ​ពេល​នេះ​បាន​ធ្វើ​ឡើង ១០ថ្ងៃ​មុន​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ត្រូវ​សម្រេច​ដក ឬ​មិន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ។

លោក​នេតាន់យ៉ាហ៊ូ​ថា ​អ៊ីស្រាអែល​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បញ្ជាក់​ពី​ការ​និយាយ​កុហក​របស់​អ៊ីរ៉ង់​ក្នុង​បញ្ហា​នុយក្លេអ៊ែរ
លោក​នេតាន់យ៉ាហ៊ូ​ថា ​អ៊ីស្រាអែល​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បញ្ជាក់​ពី​ការ​និយាយ​កុហក​របស់​អ៊ីរ៉ង់​ក្នុង​បញ្ហា​នុយក្លេអ៊ែរ Reuters
ផ្សាយពាណិជ្ជកម្ម

វេទិកា​នៃ​ការ​ធ្វើ​បទ​បង្ហាញ​របស់​លោក​នេតាន់យ៉ាហ៊ូ​នៅ​យប់​ថ្ងៃទី៣០ មេសា​ត្រូវ​បាន​រៀបចំ​ល្អ​ឥត​ខ្ចោះ​ដោយ​មាន​ការ​ដាក់​បញ្ចាំង​លើ​ផ្ទាំងសំពត់ ស​នូវ​រូបភាព និង​ភស្តុតាង​គ្រប់​ប្រភេទ​ដែល​បង្ហាញ​ពី​ផែនការ​សម្ងាត់​របស់​ប្រទេស​អ៊ីរ៉ង់​ក្នុង​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ។ តាម​លោក​នេតាន់យ៉ាហ៊ូ ផែនការសម្ងាត់​នោះ​មាន​ឈ្មោះ​ថា « Amad » ដែល​អ៊ីរ៉ង់​ចង់​សម្រេច​ឲ្យ​បាន​នូវ​ការ​ផលិត​គ្រាប់បែប​បរមាណូ​នៅ​ដំណាច់​ទសវត្ស​ឆ្នាំ ៩០ មុន​នឹង​បោះបង់​ចោល​វិញ​ក្នុង​ឆ្នាំ ២០០៣។ កម្មវត្ថុ​របស់​អ៊ីរ៉ង់ គឺ​ផលិត​ក្បាល​នុយក្លេអ៊ែរ​ចំនួន ៥ ដែល​ក្បាល​នីមួយៗ​មាន​ទម្ងន់ ១០គីឡូតោន និង​ត្រូវ​យក​វា​ទៅ​បំពាក់​នៅ​លើ​គ្រាប់មីស៊ីល​ប្រភេទ Shahab ៣។

នៅ​ក្នុង​បទ​បង្ហាញ​ដែល​និយាយ​ជា​ភាសា​អង់គ្លេស លោក​នេតាន់យ៉ាហ៊ូ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​សំណុំ​ឯកសារ​ចំនួន ៥៥ ០០០ទំព័រ និង ១៨៣ CD ដែល​ក្រសួង​ស៊ើបការណ៍​សម្ងាត់​អ៊ីស្រាអែល​ទទួល​បាន​នា​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​ពី​កន្លែង​ស្តុក​ឯកសារ​សម្ងាត់​ក្នុង​ទីក្រុង​តេហេរ៉ង់។ តែ​លោក​នេតាន់យ៉ាហ៊ូ​មិន​បាន​ទម្លាយ​ឲ្យ​ដឹង​ទេ​ថា តើ​ក្រសួង​ស៊ើបការណ៍​សម្ងាត់​អ៊ីស្រាអែល​ទទួល​បាន​ឯកសារ​ទាំង​នោះ​យ៉ាង​ដូចម្តេច និង​ដោយ​របៀប​ណា។ តាម​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​រូប​នេះ​ដដែល ទោះ​បី​ជា​អ៊ីរ៉ង់​បាន​បោះបង់​ចោល​ផែនការ « Amad » នេះ​ក៏​ដោយ ក៏​ទីក្រុង​តេហេរ៉ង់​បាន​បន្ត​ធ្វើ​ការ​ស្រាវជ្រាវ​តាម​គ្រប់​មធ្យោបាយ​ក្នុង​គោលដៅ​ដូច​គ្នា គឺ​បំពាក់​អាវុធ​នុយក្លេអ៊ែរ។

តាម​រយៈ​បទបង្ហាញ​នេះ លោក​នេតាន់យ៉ាហ៊ូ​ចង់​ប្រាប់​ពិភពលោក​ពី​ការ​និយាយ​កុហក​របស់​អ៊ីរ៉ង់​នៅ​ក្នុង​បញ្ហា​នុយក្លេអ៊ែរ ពិសេស​ចង់​សំដៅ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​សហគមន៍​អន្តរជាតិ​បាន​ចុះ​ហត្ថលេខា​ជាមួយ​ទីក្រុង​តេហេរ៉ង់​កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា ឆ្នាំ ២០១៥។ កិច្ចព្រមព្រៀង​ដែល​លោក​នេតាន់យ៉ាហ៊ូ​យល់​ថា មិន​គួរ​នឹង​មាន​ទេ។

​លោក​នេតាន់យ៉ាហ៊ូមិន​បាន​បង្ហាញអ្វី​​ថ្មី​ទេ

លោក​នេតាន់យ៉ាហ៊ូ​បាន​អះអាង​ថា អ្វី​ដែល​លោក​បាន​លើក​យក​ទៅ​បង្ហាញ គឺ​ជា​រឿង​ពិត និង​ត្រឹមត្រូវ។ « ខ្ញុំ​ដឹង​ថា មាន​មនុស្ស​ភាគច្រើន​បាន​និយាយ​ថា​ឯកសារ​ដែល​ខ្ញុំ​បាន​លាតត្រដាង​ពេល​នេះ​មិន​ពិត​ទេ។ តែ​ខ្ញុំ​ចង់​បញ្ជាក់​នៅ​ពេល​នេះ​ថា គឺ​ជា​ឯកសារ​ដែល​មាន​ពិតមែន និង​ត្រឹមត្រូវ » នេះ​ជា​ការ​បញ្ជាក់​របស់​លោក​នេតាន់យ៉ាហ៊ូ។ បន្ទាប់​មក ភាគី​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​ប្រពែណី និង​យូរលង់​របស់​អ៊ីស្រាអែល​ក៏​បាន​ចាក់​បណ្តោយ​តាម​លោក​នេតាន់យ៉ាហ៊ូ​ដែរ។ ប្រមុខ​ការទូត​អាមេរិក​លោក Mike Pompeo ដែល​ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ហ្សកដានី​បាន​បញ្ចេញ​ប្រតិកម្ម​ថា ព័ត៌មាន​ដែល​លាត​ត្រដាង​ដោយ​លោក​នេតាន់យ៉ាហ៊ូ​ជា​ព័ត៌មាន​ត្រឹមត្រូវ។

សម្រាប់​លោក Pompeo ឯកសារ និង​ភស្តុតាង​ដែល​បង្ហាញ​ដោយ​លោក​នេតាន់យ៉ាហ៊ូ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​បាន និង​កំពុង​បន្ត​និយាយ​កុហក​ពិភពលោក និង​កុហក​ពលរដ្ឋ​ខ្លួន​ឯង​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ។ ក្រៅ​ពី​ការ​ធានា​អះអាង​ការ​ពិត​របស់​អ៊ីស្រាអែល និង​អាមេរិក ឯកសារ និង​ភស្តុតាង​ដែល​លាតត្រដាង​ដោយ​លោក​នេតាន់យ៉ាហ៊ូ​ក៏​ត្រូវ​បាន​មជ្ឈដ្ឋាន​អន្តរជាតិ​ទូទៅ​ទទួល​ស្គាល់​ជា​ការ​ពិត​ដែរ។ តែ​បញ្ហា​នៅ​ត្រង់ ពួក​គេ​ហាក់​មិន​សូវ​ចាប់​អារម្មណ៍ និង​ភ្ញាក់ផ្អើល​ប៉ុន្មាន​ទេ ព្រោះ​មិន​មាន​អ្វី​ថ្មី និង​ដែល​ពួក​គេ​ធ្លាប់​បាន​ដឹង​រួច​ហើយ។

នៅ​ក្នុង​របាយការណ៍​ឆ្នាំ ២០១១ ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ហៅកាត់​ថា AIEA បាន​បញ្ជាក់​ពី​ការ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ក្នុង​គោលដៅ​ផលិត​គ្រាប់បែក​បរមាណូ។ ចំណែក​លោក Pompeo រួម​ទាំង​រដ្ឋបាល​អាមេរិក​ក៏​បាន​ទទួល​ស្គាល់​ពេញ​មាត់​ថា ខ្លួន​បាន​ដឹង​តាំង​ពី​យូរ​មក​ហើយ​ពី​វត្តមាន​ផែនការ​សម្ងាត់​អ៊ីរ៉ង់ « Amad » ក្នុង​គោលដៅ​បំពាក់​គ្រាប់បែក​បរមាណូ។ « នេតាន់យ៉ាហ៊ូ​បាន​និយាយ​ប្រាប់​យើង​នូវ​អ្វី​ដែល​យើង​បាន​ដឹង​រួច​ហើយ » នេះ​ជា​ការ​ថ្លែង​របស់​លោក Jeffrey Lewis នាយក​កម្មវិធី​មិន​សាយភាយ​នុយក្លេអ៊ែរ​ប្រចាំ​អាស៊ីខាងកើត។ « គ្មាន​អ្វី​ថ្មី​ទេ តែ​ជា​ឆាកល្ខោន » នេះ​ជា​ចំណាប់​អារម្មណ៍​របស់​មន្រ្តីការទូត​ម្នាក់​ដែល​បាន​ធ្វើ​ការ​អស់​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​ស្ថាប័ន AIEA។

រីឯ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​និយាយ​ច្បាស់ៗ​ថា គឺ​ដោយ​ដឹង​ពី​វត្តមាន​ផែនការ​សម្ងាត់​អ៊ីរ៉ង់ « Amad » នោះ​ឯង​បាន​ជា​សហគមន៍​អន្តរជាតិ​ខ្នះខ្នែង​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​មួយ​ចុះ​ហត្ថលេខា​ជាមួយ​អ៊ីរ៉ង់​កាល​ពី​ឆ្នាំ ២០១៥។

លោក​នេតាន់យ៉ាហ៊ូ គឺ​ជំរុញ និង​ដាក់​ឥទ្ធិពល​លើ​លោក​ដូណាល់ ត្រាំ

មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​លោក​នេតាន់យ៉ាហ៊ូ​បាន​លើក​យក​ឯកសារ និង​ភស្តុតាង​ដែល​គ្រប់​គ្នា​បាន​ដឹង​តាំង​ពី​យូរ​មក​បង្ហាញ​ពេល​នេះ។ មិនចៃដន្យ ព្រោះ​នៅ​ថ្ងៃទី១២ ឧសភា​ខាង​មុខ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ត្រូវ​សម្រេចចិត្ត​ដក ឬ​មិន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ ២០១៥។ តាំង​ពី​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត​រហូត​ដល់​ជាប់​ឆ្នោត​ជា​ផ្លូវការ លោក​ដូណាល់ ត្រាំ​បាន​ព្រមាន​ហែក​ចោល​កិច្ចព្រមព្រៀង​ដែល​លោក​ចាត់​ទុក​កិច្ចព្រមព្រៀង​ធូររលង់ និង​ល្ងង់ ចាញ់​ច្រាប​អ៊ីរ៉ង់។ លោក​ត្រាំ​បាន​ស្នើ​ឲ្យ​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​ធ្វើ​ការ​កែប្រែ​លើ​កិច្ចព្រមព្រៀង​នោះ​ក្នុង​គោលដៅ​ប្រសូត្រ​ចេញ​នូវ​កិច្ចព្រមព្រៀង​ថ្មី​ដែល​មាន​លក្ខណៈ​តឹងតែង​ជាង​មុន។

លោក​ត្រាំ​បាន​យល់​ឃើញ​ថា កិច្ចព្រមពៀង​ថ្មី​គួរ​តែ​ដាក់​បញ្ចូល​នូវ​សកម្មភាព​មិន​ប្រក្រតី​ផ្សេង​ទៀត​របស់​អ៊ីរ៉ង់ ដូច​យ៉ាង​កម្មវិធី​គ្រាប់មីស៊ីល​បាលីស្ទិក ឬ​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់។ តែ​ប្រទេស​ហត្ថលេខី​ផ្សេង​ហាក់​មិន​ចង់​ប៉ះពាល់​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ និង​ចង់​ឲ្យ​មាន​កិច្ចព្រមព្រៀង​ថ្មី​ដាច់​ដោយ​ឡែក​មួយ​ទៀត។ ប្រភព​ពី​រដ្ឋបាល​អាមេរិក​ឲ្យ​ដឹង​ថា លោក​ត្រាំ​កំពុង​បន្ត​រារែក​ដោយ​នៅ​មិន​ទាន់​ដឹង​ពី​ការ​សម្រេចចិត្ត​យ៉ាង​ម៉េច​ទេ​នា​ថ្ងៃទី១២ ឧសភា​ខាង​មុខ​ទេ។ ចំណែក​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​ក៏​បាន​ដឹង​ច្បាស់ណាស់​ចំពោះ​ការ​អាល់អែក​របស់​លោក​ត្រាំ។

អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​លើក​ឡើង​ថា អ្វី​ដែល​លោក​នេតាន់យ៉ាហ៊ូ​បាន​លាត​ត្រដាង​រយៈពេល ១ម៉ោង​ជា​ភាសា​អង់គ្លេស​ស្តីពី​ផែនការ​សម្ងាត់​អ៊ីរ៉ង់ « Amad » ពេល​នេះ គឺ​ជា​ឆាកល្ខោន​មួយ​ដើម្បី​ដាក់​ឥទ្ធិពល និង​ជំរុញ​លោក​ត្រាំ​ឲ្យ​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ចូរ​កុំ​ភ្លេច​ថា អ៊ីស្រាអែល និង​អ៊ីរ៉ង់​ជា​សត្រូវ​ស៊ីសាច់​ហុច​ឈាម​គ្នា​នៅ​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ