អានតួអត្ថបទ
ហ្វីលីពីន-អារ៉ាប៊ី សាអូឌីត

ហ្វីលីពីន​ថា ថៅកែស្រី​អារ៉ាប៊ី សាអូឌីត​ចាប់បង្ខំ​ឲ្យ​ស្រ្តីអ្នកបម្រើ​ហ្វីលីពីន​ផឹក​ទឹក​ហ្សាវែល

ក្រសួង​ការបរទេស​ហ្វីលីពីន នៅថ្ងៃ​ចន្ទ​ម្សិលមិញ បាននិយាយ​ថា ហ្វីលីពីន​កំពុង​តាមដាន​យកចិត្តទុកដាក់​ករណី​បំពុល​ស្រ្តីហ្វីលីពីន​ម្នាក់ នៅ​អារ៉ាប៊ី សាអូឌីត។ តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ហ្វីលីពីន ស្រ្តីបម្រើការ​តាមផ្ទះ ជាតិ​ហ្វីលីពីន​ម្នាក់ កំពុង​ទទួល​ការព្យាបាល សង្រ្គោះបន្ទាន់ នៅ​មន្ទីរពេទ្យ ក្នុង​ក្រុង​Jizan ភាគនិរតី​របស់​អារ៉ាប៊ី សាអូឌីត បន្ទាប់​ពីថៅកែស្រីជាតិ​អារ៉ាប៊ី សាអូឌីត ចាប់បង្ខំ​ឲ្យ​ផឹក​ទឹក​ហ្សាវែល ដែល​គេទុក​ប្រើ​sសម្រាប់​ធ្វើ​ឲ្យ​ខោអាវ ស។ 

ប្រជាជនឈរកាន់បដាទាមទាររកយុត្តិធម៏ នៅពេលកំពុងរង់ចាំទទួលសាកសពរបស់ Joanna Demafelis ថ្ងៃទី17​ កុម្ភៈ 2018
ប្រជាជនឈរកាន់បដាទាមទាររកយុត្តិធម៏ នៅពេលកំពុងរង់ចាំទទួលសាកសពរបស់ Joanna Demafelis ថ្ងៃទី17​ កុម្ភៈ 2018 REUTERS/Erik De Castro
ផ្សាយពាណិជ្ជកម្ម

ស្រ្តីបម្រើការ​ហ្វីលីពីន ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​តាំង​ពីថ្ងៃ​ទី ២​មេសា កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ ចំណែក ថៅកែ​ស្រី​អារ៉ាប៊ី សាអូឌីត ដែល​ចាប់បង្ខំ​ឲ្យ​នាង​ផឹក​ទឹក​ហ្សាវែល ត្រូវ​បាន​ប៉ូលិស ចាប់ឃុំខ្លួន។ នៅ​បន្ទប់​សង្រ្គោះ​បន្ទាន់ គ្រូពេទ្យ​រកឃើញ មាន​ទឹកហ្សាវែល ក្នុង​ក្រពះ ពោះវៀន និង​ស្នាមជាំ​នៅលើ​ខ្នង​របស់​ស្រ្តីអ្នកបម្រើ​ហ្វីលីពីន។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ហ្វីលីពីន។

នៅថ្ងៃ​ចន្ទ ក្រសួង​ការបរទេស​ហ្វីលីពីន​បាន​បញ្ជាក់​ថា ហ្វីលីពីន​នឹង​ធ្វើការ​យ៉ាងជិតស្និទ្ធិ​ជាមួយ​អាជ្ញាធរ​អារ៉ាប៊ី សាអូឌីត​ដើម្បី​ស្វែងរក​យុត្តិធម៌​ឲ្យ​ស្រ្តីបម្រើការផ្ទះ​ហ្វីលីពីន ឈ្មោះ Agnès Mancilla។ Agnès Mancilla​បាន​ទៅ​ធ្វើការ​បម្រើ​តាមផ្ទះ នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត តាំង​ពី​ឆ្នាំ ២០១៦។ តាម​អគ្គកុងស៊ុល​ហ្វីលីពីន នាង​ Agnès Mancilla​ឧស្សាហ៍​ត្អូញត្អែរ​ពីការរំលោភបំពាន​លើ​រាងកាយ​ពី​សំណាក់​ថៅកែស្រី អារ៉ាប៊ី សាអូឌីត ដែល​អាក់ខាន មិន​ព្រមបើក​ប្រាក់ខែ ឲ្យ​នាង។

ស្រ្តីហ្វីលីពីន​ដែល​ធ្វើការ​បម្រើ​តាមផ្ទះ នៅ​ក្នុង​បណ្តា​ប្រទេស​អារ៉ាប់ រងគ្រោះ​ដោយ​ការរំលោភបំពាន ធ្វើបាប​ពីថៅកែ​អារ៉ាប់។ នៅ​ខែ​កុម្ភៈ​កន្លងទៅ នៅក្រោយ​ឃាតកម្ម​សម្លាប់​ស្រ្តីបម្រើ​ហ្វីលីពីន​ម្នាក់ នៅ​ប្រទេស​កូវ៉ែត ប្រធានាធិបតី​ហ្វីលីពីន លោក ឌុយទែរតេ បាន​ចេញ​មុខ​ការពារ​ប្រជាពលរដ្ឋ និង​បាន​ចោទ​ថៅកែ​កូវ៉ែត ថា តែងតែ​​រំលោភបំពាន​ផ្លូវ​ភេទ​ស្ត្រី​អ្នក​បម្រើ​ហ្វីលីពីន បង្ខំ​ឱ្យ​ធ្វើ​ការ​ ដល់​ទៅ ២១​ម៉ោង ក្នុង​មួយ​ថ្ងៃ និង​ឱ្យញ៉ាំ​តែ​អាហារ​សំណល់។ នៅក្រោយ​ឃាតកម្ម​លើ​ស្រ្តីបម្រើ នៅ​កូវ៉ែត លោក​ឌុយទែរតេ បាន​ចេញ​បម្រាម ឈប់​ឲ្យ​បញ្ជូន​ពលករ​ហ្វីលីពីន​ទៅធ្វើការ​នៅកូវ៉ែត។ ប៉ុន្តែ នៅ​សប្តាហ៍មុន លោក​ឌុយទែរតេ បាននិយាយ​ថា កូវ៉ែត បាន​យល់ព្រម​តាម​សំណើ​របស់​រដ្ឋាភិបាល​ហ្វីលីពីន ដើម្បី​កែលម្អ​លក្ខខណ្ឌ​ការងារ​របស់​ពលករ​ហ្វីលីពីន។ លោក​ឌុយទែរតេ​បាននិយាយ​ថា លោក​នឹង​ទៅ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​នៃ​អនុស្សរណៈ​ការពារ​សិទ្ធិពលករ​ហ្វីលីពីន នៅ​ប្រទេស​កូវ៉ែត។ តាម​ប្រមុខរដ្ឋាភិបាល​ហ្វីលីពីន កិច្ចព្រមព្រៀង​រវាង​ក្រសួង​ការងារ​របស់​ប្រទេស​ទាំងពីរ​មាន​ចែង​សំខាន់​ចំណុច​មួយ​ដែល​រដ្ឋាភិបាល​បាន​ទាមទារ នោះ គឺ ពលករ​ហ្វីលីពីន អាច​រក្សាទុក លិខិតឆ្លងដែន និង​ទូរស័ព្ទ​នៅជាប់ខ្លួន។ រហូតមក ពលករ​ហ្វីលីពីន ដែល​ចេញ​ទៅ​បម្រើការ​នៅ​បណ្តាប្រទេស​អារ៉ាប់ ត្រូវ​បាន​ថៅកែ ដកហូត លិខិត​ឆ្លងដែន គ្មាន​សិទ្ធិ​ដូរ​កន្លែងការងារ បើសិន​គ្មាន​ការយល់ព្រម​ពី​ថៅកែចាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ