rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ប៉ាឡេស្ទីន អ៊ីស្រាអែល

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អំពើហិង្សា​បាន​ផ្ទុះ​ជា​ថ្មីនៅ​តាម​ខ្សែ​ព្រំដែន​រវាង​តំបន់ហ្កាហ្សា និង​អ៊ីស្រាអែល

media
អំពើហិង្សា​បាន​ផ្ទុះ​ជា​ថ្មីនៅ​តាម​ខ្សែ​ព្រំដែន​រវាង​តំបន់ហ្កាហ្សា និង​អ៊ីស្រាអែល REUTERS/Ibraheem Abu Mustafa

ពេញ​មួយ​ថ្ងៃ​សុក្រ ទី៦ មេសា ខ្សែ​បន្ទាត់​ព្រំដែន​ដែល​ខណ្ឌចែក​តំបន់​ហ្កាហ្សា​ទឹកដី​ប៉ាឡេស្ទីន នឹង​ទឹកដី​អ៊ីស្រាអែល​បាន​ក្លាយ​ជា​ឆាក​នៃ​អំពើហិង្សា​ជា​ថ្មី​រវាង​ក្រុមយុវជន​ប៉ាឡេស្ទីន និង​ទាហាន​អ៊ីស្រាអែល។ អំពើហិង្សា​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​ជនជាតិ​ប៉ាឡេស្ទីន​យ៉ាង​តិច ៩នាក់ និង​របួស​ជាង ១ ០០០នាក់​ផ្សេង​ទៀត។ សូម​ជម្រាប​ជូន​ថា ក្រុម​យុវជន​ប៉ាឡេស្ទីន​រាប់រយ​នាក់​បាន​ចូលរួម​នៅ​ក្នុង​ចលនា​ទាមទារ​សិទ្ធិ​នៃ​ការ​វិល​ត្រឡប់​វិញ​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន។ ចលនា​មួយ​នេះ​បាន​រៀបចំ​ម្តង​កាល​ពី​ថ្ងៃ​សុក្រ ទី៣០ មីនា និង​ដែល​អំពើហិង្សា​កាល​ណោះ​បាន​ធ្វើ​ឲ្យ​ស្លាប់​ជនជាតិ​ប៉ាឡេស្ទីន​យ៉ាង​តិច ១៧នាក់ និង​របួស​ជាង ១ ៤០០នាក់។


ថ្ងៃ​សុក្រ ទី៦ មេសា​ជា​លើកទី២ ដែល​អំពើហិង្សា​បាន​ផ្ទុះ​ជា​ថ្មី​រវាង​ទាហាន​អ៊ីស្រាអែល និង​ហ្វូង​យុវជន​ប៉ាឡេស្ទីន​នៅ​តាម​ព្រំដែន​ខណ្ឌចែក​តំបន់​ហ្កាហ្សា និង​ទឹកដី​អ៊ីស្រាអែល។ ក្រុម​យុវជន​ប៉ាឡេស្ទីន និង​ប្រជាជន​ប៉ាឡេស្ទីន​ជា​ច្រើន​ពាន់នាក់​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ជំរំ​ចំនួន ៥ ស្ថិត​ក្បែរ​ព្រំដែន​ដើម្បី​ចូលរួម​នៅ​ក្នុង​ចលនា​ទាមទារ​សិទ្ធិ​នៃ​ការ​វិល​ត្រឡប់​វិញ​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន។ នៅ​ពេល​ព្រឹក​ក្នុង​ថ្ងៃ​ដដែល ចំនួន​មនុស្ស​ដែល​ចូលរួម​នៅ​ក្នុង​ចលនា​នោះ​មាន​តែ​ប៉ុន្មាន​រយនាក់​ប៉ុណ្ណោះ តែ​បាន​កើន​ដល់​ទៅ​ជិត ២០ ០០០នាក់​នៅ​ពេល​រសៀល។

អ្វី​ជា​ការ​កត់សម្គាល់ ការ​កែន​ប្រមូល​គ្នា និង​ចំនួន​អ្នក​ចូលរួម​លើក​នេះ​មាន​តិច​ជាង​កាល​ពី​ថ្ងៃ​សុក្រ ទី៣០ មីនា​ដែល​មាន​ដល់​ទៅ ៣៥ ០០០នាក់។ ក៏​ប៉ុន្តែ​លើក​នេះ ក្រុម​យុវជន​ប៉ាឡេស្ទីន​បាន​ប្រើ​វិធានការ​ប្រឆាំង​ដោយ​នាំ​គ្នា​ដុត​សំបក​កង់ឡាន​បង្ក​ឲ្យ​មាន​ផ្សែង​ខ្មួលខ្មាញ់​ហោះ​គ្រប​ដណ្តប់​ពី​លើ​តំបន់​ហ្កាហ្សា និង​លើ​ទឹកដី​អ៊ីស្រាអែល។ គោលដៅ​នៃ​ការ​ដុត​សំបក​កង់ឡាន​របស់​ពួក​គេ គឺ​បញ្ចេញ​ផ្សែង​ខ្មៅ​ងងឹត​ដើម្បី​កុំ​ឲ្យ​ក្រុម​ទាហាន​អ៊ីស្រាអែល​ផ្នែក​បាញ់ស៊ីប​អាច​មើល​ឃើញ​ច្បាស់​លើ​ពួក​គេ។ តាម​ទាហាន​អ៊ីស្រាអែល កំបាំង​ផ្សែង​ខ្មួលខ្មាញ់​ក៏​បាន​អនុញ្ញាត​ឲ្យ​យុវជន​ប៉ាឡេស្ទីន​ខ្លះ​បាន​ឆ្លៀត​ឆ្លង​ចូល​ទឹកដី​អ៊ីស្រាអែល​ដោយ​ខុស​ច្បាប់។

នៅ​ក្នុង​អំពើហឹង្សា​កាល​ពី​សប្តាហ៍​មុន មាន​ស្លាប់​ជនជាតិ​ប៉ាឡេស្ទីន​យ៉ាង​តិច ១៧នាក់ និង​របួស​ជាង ១ ៤០០នាក់​នៅ​ក្រោម​គ្រាប់កាំភ្លើង​របស់​ទាហាន​អ៊ីស្រាអែល។ នៅ​លើក​នេះ មាន​ស្លាប់​យ៉ាង​តិច ៩នាក់ និង​របួស​ជាង ១ ០០០នាក់ ហើយ​បើ​សរុប​ទៅ មាន​ស្លាប់​នៅ​ខាង​ប៉ាឡេស្ទីន​យ៉ាង​តិច ២៦នាក់ និង​របួស​ជាង ២ ៤០០នាក់។ ចំណែក​នៅ​ខាង​អ៊ីស្រាអែល​វិញ​សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ដែរ។ តែ​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់​បាន​សន្យា​បន្ត​ចលនា​មួយ​នេះ​រហូត​ដល់​ថ្ងៃទី១៥ ឧសភា​ដូច​ដែល​បាន​គ្រោង​ទុក។

ដោយឡែក និង​ក៏​ដូច​ជា​លើកមុន​ដែរ អាមេរិក​បាន​ជំទាស់​នឹង​សំណើ​របស់​ប្រទេស​កូវ៉ែត​ដែល​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​ស៊ើបអង្កេត​លើ​អំពើហិង្សា​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​ពេល​នេះ៕