rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ស៊ីរី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ស៊ីរី៖​កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​រក​ឃើញ​រវាង​រុស្ស៊ី និង​ក្រុម​ឧទ្ទាម​ដើម្បី​ជម្លៀស​ជនស៊ីវិល​ពី​ស្រុក​ឌូម៉ា

media
ស៊ីរី៖​កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​រក​ឃើញ​រវាង​រុស្ស៊ី និង​ក្រុម​ឧទ្ទាម​ដើម្បី​ជម្លៀស​ជនស៊ីវិល​ពី​ស្រុក​ឌូម៉ា REUTERS/Bassam Khabieh

នៅ​ក្នុង​ប្រទេស​ស៊ីរី កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​អនុម័ត​ដោយ​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ស៊ីរី និង​ក្រុម​ឧទ្ទាម​ដែល​កំពុង​គ្រប់គ្រង​លើ​ស្រុក​ឌូម៉ា​ស្ថិត​ក្នុង​តំបន់​ហ្គូតាខាងកើត។ តែ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី​បាន​ប្រាប់​ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​ដើម្បី​ជម្លៀស​ជនស៊ីវិល​ចេញ​ពី​ស្រុក​ឌូម៉ា​នៅ​ជា​កិច្ចព្រមព្រៀង​មួយ​ផ្នែក ហើយ​ការ​ចរចា​កំពុង​បន្ត​មាន​រវាង​ភាគី​រុស្ស៊ី និង​ក្រុម​ឧទ្ទាម​ដើម្បី​ទទួល​បាន​កិច្ចព្រមព្រៀង​ចុង​ក្រោយ​មួយ។


កិច្ចព្រមព្រៀង​រវាង​ប្រទេស​រុស្ស៊ី និង​ក្រុម​ឧទ្ទាម Jaïch al-Islam អនុញ្ញាត​ឲ្យ​មាន​ការ​ជម្លៀស​ជនស៊ីវិល​មួយ​ចំនួន​ចេញ​ពី​ស្រុក​ឌូម៉ា​ទៅ​កាន់​តំបន់​អ៊ីលិប។ អ៊ីលិប​ជា​តំបន់​ដែល​ស្ថិត​ប៉ែក​ឦសាន​ស៊ីរី និង​ដែល​ជា​តំបន់​មិន​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ស៊ីរី​ទេ។ តាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី មាន​ជនស៊ីវិល​ប្រមាណ​ជា ១ ៣០០នាក់​ដែល​នឹង​ត្រូវ​ជម្លៀស​ចេញ​ពី​ស្រុក​ឌូម៉ា​ស្ថិត​ក្នុង​តំបន់​ហ្គូតាខាងកើត។ តែ​ទន្ទឹម​គ្នា​នេះ កិច្ចចរចា​កំពុង​បន្ត​មាន​រវាង​ភាគី​រុស្ស៊ី និង​ក្រុម​ឧទ្ទាម​ដើម្បី​អនុម័ត​លើ​កិច្ចព្រមព្រៀង​ចុង​ក្រោយ​មួយ។

គួរ​ជម្រាប​ជូន​ថា តំបន់​ហ្គូតា​ដែល​ជា​ទីតាំង​ចុង​ក្រោយ​របស់​ពួក​ឧទ្ទាម​បាន​រងការ​វាយប្រហារ​ចាស់​ដៃ​ពី​កម្លាំង​ទ័ព​ស៊ីរី​ដោយ​មាន​ជំនួយ​ផ្លូវអាកាស​ពី​ទ័ព​រុស្ស៊ី។ ប្រតិបត្តិការ​សឹក​ក្នុង​រយៈពេល ៥សប្តាហ៍​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ១ ៦០០នាក់។ កន្លង​មក មាន​ពួក​ឧទ្ទាម​ចំនួន ២ក្រុម​ក្នុង​ចំណោម ៣ក្រុម​ដែល​គ្រប់គ្រង​តំបន់​ហ្គូតា​បាន​យល់ព្រម​ដក​ខ្លួន​ពី​ទីតាំង​របស់​ខ្លួន។ ក្នុង​រយៈពេល ១០ថ្ងៃ មាន​ពួក​ឧទ្ទាម និង​ជនស៊ីវិល​សរុប​ជាង ៤៥ ០០០នាក់​បាន​ជម្លៀសខ្លួន​ចេញ​ពី​តំបន់​ហ្គូតា ហើយ​ដែនដី ៩៥% នៃ​តំបន់​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ស៊ីរី​យក​ទៅ​គ្រប់គ្រង​វិញ។

កិច្ចចរចា​ជាមួយ Jaïch al-Islam ដែល​ជា​ក្រុម​ឧទ្ទាម​ចុង​ក្រោយ​កំពុង​កាន់​កាប់​ស្រុក​ឌូម៉ា​បាន​ធ្វើ​ឡើង​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ និង​ដែល​ក្រុម​ឧទ្ទាម​មួយ​នេះ​ចង់​បន្ត​រក្សា​ទីតាំង​របស់​ខ្លួន​នៅ​ស្រុក​ឌូម៉ា​ដដែល​ជា​ថ្នូរ​នឹង​ការ​ទម្លាក់​អាវុធ​ចុះ និង​យល់​ព្រម​ឲ្យ​មាន​ការ​ដាក់​ពង្រាយ​ទ័ព​រុស្ស៊ី​នៅ​ទីនោះ។ តែ​រុស្ស៊ី​បាន​បដិសេធ​ដោយ​អះអាង​ថា ខ្លួន​មិន​ចង់​ចរចា​អ្វី​ឲ្យ​ខុស​គ្នា​នឹង​ការ​ចរចា​ជាមួយ​ពួក​ឧទ្ទាម ២ក្រុម​លើក​មុន​ទេ។ ចំណែក​រដ្ឋាភិបាល​ស៊ីរី​បាន​ព្រមាន​នា​ថ្ងៃ​សៅរ៍ ទី៣១ មីនា​ថា នឹង​បន្ត​ប្រតិបត្តិការ​សឹក​ដើម្បី​យក​ត្រឡប់​វិញ​នូវ​ដែនដី​ពី​កណ្តាប់ដៃ​ពួក​បះបោរ៕