rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ប៉ាឡេស្ទីន អ៊ីស្រាអែល

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បាតុកម្ម​នៅ​តំបន់​ហ្កាហ្សា​ប៉ាឡេស្ទីន រាលដាល​ជា​អំពើ​ហិង្សា​មរណៈ

media
បាតុករ​ប៉ាឡេស្ទីន រត់​គេច​ពី​គ្រាប់​បែក​ផ្សែង​របស់​ទាហាន​អ៊ីស្រាអែល ថ្ងៃទី ៣០​មីនា ២០១៨ MAHMUD HAMS / AFP

ភាព​តាន​តឹង​បាន​កើត​មាន​ខ្លាំង នៅ​ក្នុង​ថ្ងៃ​សុក្រ​នេះ រវាង​​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល។ ​​មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ៦​នាក់ និង​របួស​ជា​ច្រើន​នាក់ ដោយ​គ្រា​ប់​កាំភ្លើង​​​អ៊ីស្រាអែល ក្នុង​ខណៈ​ដែល​បាតុករ​ប៉ាឡេស្ទីន​ត្រូវ​ប្រឈម​មុខ​ដោយ​ផ្ទាល់​ទល់​នឹង​ទាហាន​អ៊ីស្រាអែល នៅ​តាម​បណ្តោយ​ព្រំដែន​ហ្កាហ្សា​និង​អ៊ីស្រាអែល។ អំពើ​ហិង្សា​ និងប៉ះទង្គិច​គ្នា​ ក៏​បាន​រាល​ដាល​​ នៅ​តាម​តំបន់ផ្សេង​ៗ​​ជា​ច្រើនចំណុច។


បើ​តាម​ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន ជន​ប៉ាឡេស្ទីន​ស្លាប់​​ដំបូងគេ ដោយ​សារ​ត្រូវ​គ្រាប់​​កាំភ្លើង​ធំ​របស់​អ៊ីស្រាអែល តាំង​ពី​ព្រលឹម​ថ្ងៃ​សុក្រ មុន​នឹង​បាតុកម្ម​ចាប់​ផ្តើម​ទៅ​ទៀត។ ឯ​ចំណែក​ជន​រងគ្រោះ​ផ្សេង​ទៀត បាន​ស្លាប់​នៅ​ពេល​មាន​ការ​ប៉ះទង្គិច​ប្រឈម​មុខ​គ្នា​ដោយ​ផ្ទាល់ រវាង​ក្រុម​បាតុករ និង​ទាហាន​ប្រដាប់​អាវុធ​អ៊ីស្រាអែល តាម​ទី​តាំង​ផ្សេងៗ។

អ្នក​នាំ​ពាក្យ​យោធា​​​អ៊ីស្រាអែល បាន​គូស​បញ្ជាក់ថា​ បាតុករ​ប៉ាឡេស្ទីន បាន​នាំ​គ្នា​ដុត​កង់​ឡាន និងគប់​មក​លើ​ទាហាន​អ៊ីស្រាអែល ដែល​ធ្វើ​រនាំង​ការពារ​សុវត្ថិភាព ទើប​ទាហាន​ប្រឆាំង​អំពើ​ហិង្សា​បាញ់​សំដៅ​ទៅ​លើ​មេចលនា​បាតុករ​ប៉ាឡេស្ទីន។

ចំណែក​ឯ​អង្គការ​កាកបាទ​និង​អឌ្ឍចន្ទ​ក្រហមវិញ បាន​រាប់​ឃើញ​មាន​បាតុករ​ប៉ាឡេស្ទីន​ជាង​២០០​នាក់​រង​របួស​ ដោយ​សារ​ការ​បាញ់​របស់​ទាហាន​អ៊ីស្រាអែល​ នៅ​តាម​បណ្តោយរបង​​ព្រំដែន​​​តំបន់​ហ្កាហ្សា ដែល​ធ្លាប់​តែ​ជា​សមរភូមិ​ប្រយុទ្ធ​រវាង​ពលរដ្ឋ​ប៉ាឡេស្ទីន​និង​ទាហាន​អ៊ីស្រាអែល។

សូម​បញ្ជាក់​ថា បាតុករ​ប៉ាឡេស្ទីន​​បាន​នាំ​គ្នា​រៀ​ប​ចំ​ក្បួន​ដើរ​ ដែល​មាន​រយៈ​ពេល​៦​សប្តាហ៍​ ដើម្បី​ទាមទារ​សិទ្ធិ​ឱ្យ​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន​វិល​ត្រលប់​មក​ស្រុក​វិញផង និង​ដើម្បី​បរិហារ​​សកម្មភាព​​បិទ​ខ្ទប់​យ៉ាង​តឹង​តែង​តំបន់​ហ្កាហ្សា​ពី​សំណាក់​អ៊ីស្រាអែល​ផង។ ក្បួន​បាតុកម្ម​​នេះ​ ត្រូវ​បាន​ចាប់​ផ្តើម​ នៅ​ថ្ងៃសុក្រទី​៣០​មីនានេះ ចំ​ថ្ងៃ​ខួប​ ៤២​ឆ្នាំ នៃ​ការ​ធ្វើ​ឃាត​ពលរដ្ឋ​អារ៉ាបអ៊ីស្រាអែល​ ចំនួន​៦​នាក់ កាលពី​ឆ្នាំ​១៩៧៦ ក្នុង​ពេល​ប៉ាឡេស្ទីន​ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​ការ​រឹប​អូស​យក​ដី​ ពី​សំណាក់​អ៊ីស្រាអែល។ ថ្ងៃទី ៣០​មីនា ត្រូវ​បាន​ចាត់​ទុក​ជា “​ទិវា​ដី” ក៏​ត្រូវ​បានប៉ាឡេស្ទីន​ធ្វើ​​ប្រារព្វ​ពិធី​រំលឹក​​ជា​រៀង​រាល់​ឆ្នាំ។ ពលរដ្ឋ​អារ៉ាប​អ៊ីស្រាអែល គឺ​ជា​បុព្វបុរស​របស់​ប៉ាឡេស្ទីន ដែ​ល​បន្ត​រស់​នៅលើ​ទឹក​ដី​ចាស់ ក្រោយ​ការ​ប្រកាស​បង្កើត​រដ្ឋអ៊ីស្រាអែល នៅ​ឆ្នាំ​១៩៤៨។

អ៊ីស្រាអែល​កំពុង​ត្រៀម​​អបអរ​ខួប​៧០​ឆ្នាំ​នៃ​បង្កើត​រដ្ឋ​នៅ​ខែ​ឧសភា​ខាង​មុខ ឯ​ប៉ាឡេស្ទីន​នៅ​តែ​គ្មាន​ពន្លឺ។ ​សិទ្ធិ​វិល​ត្រលប់​របស់​ជន​ភៀស​ខ្លួន​ ជា​ការ​ទាមទារគ្រឹះ​​របស់​ប៉ាឡេស្ទីន​ តែ​អ៊ីស្រាអែល​ចាត់​ទុក​ជា​ឧបសគ្គ​នៃ​ការ​ចរចា​សន្តិភាព​អ៊ីស្រាអែលប៉ាឡេស្ទីន​ សំខាន់​ដូច​ការ​ទាម​ទារ​លក្ខន្តិកៈ​ក្រុង​ហ្សេរ៉ុយសាឡិម​ ដែល​លោក​ដូណាល់​ត្រាំ​បាន​ប្រកាស​ទទួល​ស្គាល់​ជា​រដ្ឋធានី​អ៊ីស្រាអែលដែរ៕