អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អេហ្ស៊ីប៖​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​គេ​អាច​ទាយ​លទ្ធផល​​ដឹង​មុន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ត្រូវ​រៀបចំ​រយៈពេល ៣ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ចន្ទ ទី២៦ មីនា។ ក្នុង​ចំណោម​ពលរដ្ឋ​អេហ្ស៊ីប​ជិត ១០០លាននាក់ មាន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រមាណ​ជា ៦០លាននាក់។ មាន​បេក្ខជន​តែ​ពីរ​នាក់​គត់​ដែល​បាន​ឈរ​ឈ្មោះ​បោះឆ្នោត គឺ​លោក​ប្រធានាធិបតី​ផុតអាណត្តិ​អាល់ស៊ីស៊ី​មាន​អាយុ ៦៣ឆ្នាំ និង​លោក​មូស្តាហ្វា មូសា​មាន​អាយុ ៦៥ឆ្នាំ។ លទ្ធផល​ស្ទង់មតិ​ចុង​ក្រោយ​ឲ្យ​ដឹង​ថា លោក​អាល់ស៊ីស៊ី​ទទួល​បាន​សម្លេង​ដាច់​ឆ្ងាយ​ពី​លោក​មូស្តាហ្វា មូសា។ តែ​អ្វី​ដែល​គ្រប់​គ្នា​ចង់​ដឹង គឺ​អត្រា​អ្នក​ចូលរួម​បោះឆ្នោត។

លោក​​ប្រធានាធិបតី​អេហ្ស៊ីប​ អាល់ស៊ីស៊ី
លោក​​ប្រធានាធិបតី​អេហ្ស៊ីប​ អាល់ស៊ីស៊ី EGYPT STATE TV/ via REUTERS
ផ្សាយពាណិជ្ជកម្ម

បើ​គិត​តាំង​ពី​ក្រោយ​បដិវត្តន៍​អារ៉ាប់​ផ្តួល​រំលំ​របប​ដឹកនាំ​ផ្តាច់ការ​យោធា​របស់​លោក​ហូស្ន៊ី មូបារ៉ាក់​ក្នុង​ខែ​មិថុនា ឆ្នាំ ២០១២ មក នេះ​ជា​លើក​ទី៣ ហើយ​ដែល​ពលរដ្ឋ​អេហ្ស៊ីប​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ប្រធានាធិបតី​ជាប់​ឆ្នោត​លើកទី១ គឺ​លោក​ម័រស៊ី​ចេញ​មក​ពី​គណបក្ស​ភាតរអ៊ីស្លាម​ត្រូវ​បាន​អ្នក​បោះឆ្នោត​ឲ្យ​លោក​ធ្វើ​បាតុកម្ម​ទម្លាក់​ពី​អំណាច​វិញ បន្ទាប់​ពី​លោក​កាន់​តំណែង​បាន ១ឆ្នាំ។ កាលណោះ មេទ័ព​អាប់ដែល ហ្វាតា អាល់ស៊ីស៊ី​បាន​ចូលខ្លួន​អន្តរាគមន៍​បញ្ចប់​តំណែង​លោក​ម័រស៊ី​ជា​ផ្លូវការ​ក្នុង​ខែ​មិថុនា ឆ្នាំ ២០១៣។ បន្ទាប់​មក គឺ​មេ​រដ្ឋប្រហារយោធា​រូប​នេះ​ឯង​ដែល​បាន​ឡើង​កាច់​ចង្កូត​ប្រទេស​រហូត​ក្លាយ​ជា​ប្រធានាធិបតី​ផ្លូវការ​នា​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០១៤។

៤ឆ្នាំ​ក្រោយ​មក លោក​អាល់ស៊ីស៊ី​បាន​ឈរ​ឈ្មោះ​ជា​ថ្មី​សម្រាប់​អាណត្តិទី២ ហើយ​នៅ​លើ​សៃវៀន​នៃ​ការ​បោះឆ្នោត​លើក​នេះ ពលរដ្ឋ​អេហ្ស៊ីប​មាន​ជម្រើស​រវាង​បេក្ខជន​តែ ២នាក់​គត់ គឺ​លោក​អាល់ស៊ីស៊ី និង​លោក​មូស្តាហ្វា មូសា។ ទោះ​ជា​យ៉ាង​នេះ​ក្តី និង​បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ លោក​ប្រធានាធិបតី​ផុតអាណត្តិ​អាល់ស៊ីស៊ី​នឹង​កាន់​តំណែង ៥ឆ្នាំ​បន្ថែម​ទៀត។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​ដោយ​គេ​សំអាង​ថា លោក​មូស្តាហ្វា មូសា​គ្រាន់​ជា​បេក្ខជន​និមិត្តរូប​ធ្វើ​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ ព្រោះ​រូប​លោក​ក៏​ជា​សកម្មជន​គាំទ្រ​លោក​អាល់ស៊ីស៊ី ហើយ​មុន​នឹង​ឈរ​ឈ្មោះ​ជា​ផ្លូវការ លោក​មូស្តាហ្វា មូសា​ក៏​ធ្លាប់​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​អេហ្ស៊ីប​ឲ្យ​បោះឆ្នោត​ជូន​លោក​អាល់ស៊ីស៊ី​ដែរ។

តាម​ពិត​ទៅ មាន​ឥស្សរជន​នយោបាយ​ជា​ច្រើន​នាក់ ពិសេស​មក​ពី​ក្រុម​ប្រឆាំង​ដែល​ចង់​ឈរ​ឈ្មោះ ឬ​បាន​ឈរ​ឈ្មោះ​រួច​ហើយ តែ​ត្រូវ​បាន​លោក​អាល់ស៊ីស៊ី​កំចាត់ចោល​គ្មាន​សល់​ដោយ​ធ្វើ​ការ​សម្លុត​គំរាមកំហែង ឬ​មួយ​ចាប់​ញាត់គុក​តែ​ម្តង។ ជាក់ស្តែង ការ​ចាប់​ដាក់​គុក​លោក​សាម៊ី អាណាន់​ដែល​ជា​អតីត​មេបញ្ជាការកងទ័ព និង​ជា​គូប្រជែង​ស្លាប់រស់​នឹង​លោក​អាល់ស៊ីស៊ី។ នៅ​ក្នុង​បញ្ហា​នេះ លោក​អាល់ស៊ីស៊ី​ហាក់​មិន​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទេ តែ​បែរ​ជា​បាន​និយាយ​នា​ឳកាស​ផ្តល់​បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍​នា​ពេល​ថ្មីៗ​នេះ​ថា លោក​មាន​ការ​សោកស្តាយ​ដែល​ការ​បោះឆ្នោត​លើក​នេះ​បែរ​ជា​មិន​សូវ​មាន​អ្នក​ឈរ​ឈ្មោះ និង​ថា លោក​ចង់​ឲ្យ​មាន​បេក្ខជន​ល្អ​ឈរ​ឈ្មោះ​ចំនួន ១នាក់ ២នាក់ ៣នាក់ ឬ ១០នាក់។

គួរ​រម្លឹក​ជូន​ថា​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៤ ក៏​មាន​បេក្ខជន​តែ​ម្នាក់​គត់​ដែល​បាន​ប្រកួតប្រជែង​ទល់​នឹង​លោក​អាល់ស៊ីស៊ី និង​ដែល​កាលណោះ អតីត​មេរដ្ឋប្រហារ​យោធា​រូប​នេះ​ទទួល​បាន​សម្លេង​គាំទ្រ​ដល់​ទៅ ៩៦,៩%។ នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ​ទៀត ទោះ​បី​ជា​លទ្ធផល​ផ្លូវការ​នឹង​ត្រូវ​គេ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃទី២ មេសា​ក៏​ដោយ ក៏​គេ​ដឹង​ជា​មុន​រួច​ជា​ស្រេច​ថា ប្រធានាធិបតី​ថ្មី​របស់​អេហ្ស៊ីប​សម្រាប់ ៥ឆ្នាំ​ខាង​មុខ​នៅ​តែ​មាន​ឈ្មោះ​អាប់ដែល ហ្វាតា អាល់ស៊ីស៊ី​ដដែល។ តែ​អ្វី​ដែល​គ្រប់​គ្នា​កំពុង​រង់ចាំ​មើល​ពេល​នេះ គឺ​អត្រា​អ្នក​ចូលរួម​បោះឆ្នោត។ ការ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០១៤ អត្រា​អ្នក​ចូលរួម​បោះឆ្នោត​រយៈពេល ២ថ្ងៃ​មាន ៣៧% តែ​បាន​ឡើង​ដល់ ៤៧,៥% នា​​ថ្ងៃទី៣​ដែល​ជា​ថ្ងៃ​បោះឆ្នោត​ចុង​ក្រោយ។

គ្រប់​គ្នា​សង្ឃឹម​ថា​លើក​នេះ អត្រា​អ្នក​ចូលរួម​បោះឆ្នោត​នឹង​អាច​មាន​ច្រើន​ជាង​នេះ ឬ​យ៉ាង​ហោច​ណាស់​ក៏​ប្រហាក់ប្រហែល​នឹង​ការ​បោះឆ្នោត​លើក​មុន​ដែរ។ មែនទែន​ទៅ​គេ​អាច​និយាយ​បាន​ថា ជម្រើស​របស់​ពលរដ្ឋ​អេហ្ស៊ីប​ឲ្យ​លោក​អាល់ស៊ីស៊ី​បន្ត​កាន់​តំណែង​ប្រធានាធិបតី​អាណត្តិ​ថ្មី​ជា​ជម្រើស​ដោយ​បង្ខំ​ក៏​ថា​បាន ឬ​ជា​ជម្រើស​ចាំ​បាច់​ក៏​ថា​បាន​ដែរ។ ជា​ជម្រើស​ដោយ​បង្ខំ ព្រោះ​ពួក​គេ​គ្មាន​ជម្រើស​អ្វី​ផ្សេង ហើយ​ជា​ជម្រើស​ចាំ​បាច់ ព្រោះ​ក្នុង​រយៈពេល ៧ឆ្នាំ​នៃ​ការ​កាន់អំណាច​កណ្តាប់ដៃដែក លោក​អាល់ស៊ីស៊ី​បាន​នាំ​ប្រទេស​ឲ្យ​ស្គាល់​ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច និង​សន្តិសុខ។

ពិត​ណាស់​ថា ក្រោយ​បដិវត្តន៍​អារ៉ាប់​ដែល​បាន​ឈាន​ទៅ​ផ្តួល​រំលំ​របប​ផ្តាច់ការ​យោធា​របស់​លោក​ហូស្ន៊ី មូបារ៉ាក់​ក្នុង​ឆ្នាំ ២០១២ ពលរដ្ឋ​អេហ្ស៊ីប​ទូទៅ​សង្ឃឹម​ទទួល​បាន​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ជាមួយ​នឹង​លោក​ម័រស៊ី​ដែល​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ដំបូង​គេ​ក្នុង​ឆ្នាំ ២០១៣។ តែ​ក្តីសង្ឃឹម​ត្រូវ​បាន​រលាយ​ជាមួយ​នឹង​ការ​ធ្លាក់​ពី​អំណាច​របស់​លោក​ម័រស៊ី និង​ការ​ឡើង​កាន់​តំណែង​របស់​មេទ័ព​អាល់ស៊ីស៊ី​តាម​រយៈ​រដ្ឋប្រហារ​យោធា មុន​នឹង​ជាប់​ឆ្នោត​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០១៤។ បើ​មើល​មួយ​ភ្លែត​ទៅ នេះ​ពិត​ជា​រឿង​មួយ​អភ័ព្ធ​ខ្លាំង​ណាស់​ចំពោះ​ពលរដ្ឋ​អេហ្ស៊ីប តែ​បើ​មើល​ឲ្យ​ឆ្ងាយ​បន្តិច​ទៅ​ទើប​ដឹង​ថា វា​ជា​វាសនា​របស់​ប្រទេស និង​ពលរដ្ឋ​អេហ្ស៊ីប។

ជា​វាសនា​ព្រោះ​តាំង​ពី​ក្រោយ​ការ​ផ្តួល​រំលំ​របប​រាជានិយម​ក្នុង​ឆ្នាំ ១៩៥២ មក អេហ្ស៊ីប​បាន​ស្គាល់​តែ​របប​ដឹក​នាំ​ដោយ​យោធា ហើយ​រូប​លោក​អាប់ដែល ហ្វាតា អាល់ស៊ីស៊ី​ជា​ប្រធានាធិបតី​ទី៥ ដែល​មាន​ប្រភព​ចេញ​ពី​យោធា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ