អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បីឆ្នាំ​ក្រោយ​ប្រតិបត្តិការ​របស់​សម្ព័ន្ធ​យោធា​អារ៉ាប តើ​យេម៉ែន​ក្លាយ​ជា​យ៉ាង​ណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្គ្រាម​​នៅយេម៉ែន មាន​គម្រប់​បី​ឆ្នាំគត់ និង​ឈាន​ចូល​ដល់​ឆ្នាំទី​បួន​នៅ​ថ្ងៃទី ២៦​មីនា​២០១៨​នេះ​ហើយ គិត​ចាប់​​ពី​អន្តរាគមន៍​យោធា​សម្ព័ន្ធ​អារ៉ាប ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត ដើម្បី​គាំទ្រ​រដ្ឋាភិបាល​យ៉េមែន។ ជា​សង្គ្រាម​ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ជិត ១​សែន​នាក់ និង​ជាង​​៥៣ពាន់​រង​របួស ព្រម​ទាំង​ជាពិសេស​បាន​បង្ក​វិបត្តិមនុស្សធម៌​យ៉ាង​ធ្ងន់ធ្ងរ​និង​អាក្រក់​បំផុត​​នៅ​លើ​ពិភពលោក នេះ​បើ​តាម​អង្គការ​សហប្រជាជាតិ។ នៅ​ថ្ងៃ​នេះ អ្នក​ទទួល​ខុស​ត្រូវ​នៅ​ភាគ​ខាង​លិច​ប្រទេស​បាន​ព្រមាន​ថា​ ស្ថានភាព​សង្គ្រាម​នឹង​កាន់​តែធ្លាក់​ដុនដាប​ទៀត។

សង្គ្រាម​យេម៉ែន​បាន​ឆ្លង​ចូល​ដល់​ឆ្នាំ​ទី​បី គិត​ចាប់​ពី​សម្ព័ន្ធ​យោធា​អារ៉ាប​បើក​ប្រតិបត្តិការ​មក
សង្គ្រាម​យេម៉ែន​បាន​ឆ្លង​ចូល​ដល់​ឆ្នាំ​ទី​បី គិត​ចាប់​ពី​សម្ព័ន្ធ​យោធា​អារ៉ាប​បើក​ប្រតិបត្តិការ​មក SALEH AL-OBEIDI / AFP
ផ្សាយពាណិជ្ជកម្ម

យេម៉ែន​បាន​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិលតាំង​ពី​ឆ្នាំ ២០១១ ដោយ​ហេតុ​តែរលក​នៃ​​បដិវត្តន៍​អារ៉ាប។ សង្គ្រាម​ដែល​បាន​អូស​បន្លាយ​ ហែកហួរ និង​ឈាន​ដល់​ការ​ធ្វើ​អន្តរាគមន៍​យោធា​ពី​សំណាក់​កង​សម្ព័ន្ធមិត្ត​អារ៉ាប​ដឹកនាំ​ដោយប្រទេស​​អារ៉ាប៊ីសាអូឌីត នៅ​ថ្ងៃទី ២៦​មីនា ២០១៥ ដើម្បី​ជួយ​គាំទ្រ​រដ្ឋាភិបាល​ស្រប​ច្បាប់ ទទួល​ស្គាល់​ដោយ​អន្តរជាតិ និង​កម្ចាត់​បណ្តេញ​ពី​ឧទ្ទាម​ហ៊ូទី។

បើ​តាម​អង្គការ​សហប្រជាជាតិ អង្គការ​អន្តរជាតិ និង​អ្នក​ទទួល​ខុស​ត្រូវ​​នៅ​ប៉ែកខាង​លិច​ប្រទេស​យេមែន​ សង្គ្រាម​យេម៉ែន​ផុង​ខ្លួន​ក្នុង​​វិបត្តិ​មនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ​បំផុត ដោយ​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជិត​ ១សែន​នាក់ និង​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យេម៉ែន​ជាង​៨​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន​សរុប​ជិត​៣០​លាន​នាក់​ប្រឈម​នឹង​គ្រោះ​ទុរ្ភិក្ស ២២,២​លាន​នាក់ កំពុង​រង់ចាំ​​ជំនួយ​ស្បៀង។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​អះអាង​កាលពី​ថ្ងៃ​ទី ១៥​មីនា កន្លង​ទៅ​ថ្មីៗ​នេះ លក្ខខណ្ឌ​ជីវិត​ និង​ការ​រស់​នៅ បាន​ធ្លាក់​ចុះ​ជា​គំហុក​ អាច​ជា​មហន្តរាយ​ដ៏​ធំ​។ យេម៉ែន​រស់​រំពឹង​លើ​ជំនួយ​នាំ​ចូល​ស្បៀង​អាហារ ប៉ុន្តែ កំពង់​ផែ​​ដែល​ជា​ច្រក​នាំ​ចូល​ដ៏​សំខាន់​របស់​យេម៉ែន ត្រូវ​បិទខ្ទប់​ ជា​ហេតុ​ធ្វើ​ឱ្យ​យេម៉ែន​មាន​ស្បៀង​នាំ​ចូល​មិន​គ្រប់គ្រាន់ មិន​បាន​ប្រមាណ​ពាក់​កណ្តាល​នៃ​សេចក្តី​ត្រូវការ​ផង​។​ ការ​នាំ​ចូល​ស្បៀង​ធ្លាក់កាន់​តែ​តិច​ទៅៗ និង​ធ្លាក់​តិច​បំផុត​មិន​ធ្លាប់​មាន​ នៅ​​ខែ​កុម្ភៈ​ គិត​ចាប់​តាំង​ពី​អង្គការ​សហប្រជាជាតិ​ចាប់​ផ្តើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​ការ​នាំ​ចូល​ជំនួយ​ស្បៀង​មនុស្សធម៌​មក។

ច្រក​នេះ​កំពុង​រង​ការត្រួត​ពិនិត្យ​យ៉ាង​ខ្លាំង​សឹង​ហៅ​បាន​ថា​ជា​ការ​ “​បិទ​ខ្ទប់”តែ​ម្តង​ផង។ នេះ​​បើ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល Norwegian Refugee Council ពីព្រោះ ក្រោយ​ពួក​ឧទ្ទាម​ហ៊ូទីបាន​បាញ់​មីស៊ីល​​សំដៅអាកាសយាន​ដ្ឋាន​ក្រុង​រីយ៉ាដ (ជា​មីស៊ីល​បាលីស្ទិក​ផលិត​ដោយ​អ៊ីរ៉ង់) ​ ​សម្ព័ន្ធយោធា​អារ៉ាប ដែល​បាន​សម្រេច​គាប​រឹត​យេម៉ែន​យ៉ាង​ខ្លាំង ដោយខ្លាច​​មាន​ការ​នាំ​អាវុធមក​ពី​អ៊ីរ៉ង់ (សត្រូវ​របស់​អារ៉ាប៊ីសាអូឌីត)​ចូល​មក​យេម៉ែន​។

ឧក្រិដ្ឋកម្មសង្គ្រាម

យ៉ាង​ណាក៏​ដោយ រឿង​នាំ​អាវុធ​ចូល​យេម៉ែននេះ វា​ជា​សំណុំ​រឿង​ដ៏​ស្មុគ​ស្មាញ និងរាលដាល​មាន​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​មក​ច្រើន​បែប​ច្រើន​យ៉ាង​ណាស់។ សូម្បី​តែ​ខាង​សម្ព័ន្ធ​យោធា​អារ៉ាប​ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត ក៏​រង​ការ​ចោទ​ប្រកាន់​ដែរ។ កាលពី​ថ្ងៃ​ទី ២៣ មីនា ​អង្គការ​Amnesty International បាន​ចោទប្រកាន់​ដល់​បណ្តា​ប្រទេស​លោល​ខាង​លិច មាន​ជា​អាទិ៍ សហរដ្ឋ​អាមេរិក អង់គ្លេស ព្រមទាំង​បារាំង អេស្ប៉ាញ​ឬ​ក៏​អ៊ីតាលីផង ថា​បាន​បន្ត​លក់​អាវុធ​ឱ្យ​ក្រុង​រីយ៉ាដ និង​សម្ព័ន្ធមិត្ត​ ដើម្បី​​យក​ទៅ​ធ្វើ​សង្គ្រាម​វាយប្រហារ​នៅ​ក្នុង​ប្រទេស​យេម៉ែន ដែល​អាច​ចាត់​ទុក​ជា​សក្តានុពល​នាំ​ឱ្យ​មាន​ឧក្រិដ្ឋកម្ម​សង្គ្រាម​ផង។

មាន​ភស្តុតាង​ច្រើន​ណាស់ដែល​បញ្ជាក់​ថា​ អាវុធ​របស់​កង​សម្ព័ន្ធ​យោធា​អារ៉ាប​​​បាន​​សម្លាប់​ជីវិត​ជន​ស៊ីវិល​យេម៉ែន។ ខួប​គម្រប់​បី​ឆ្នាំ​នៃ​ការ​បើក​ប្រតិបត្តិការ​យោធា​លើ​យេម៉ែន កាន់​តែ​ខិត​មក​ដល់​ អង្គការ​ការពារ​សិទ្ធិមនុស្ស​ មាន​បញ្ជី​​ឈ្មោះ​អ្នក​មាន​សក្តានុពល​ជាប់​បទ​ឧក្រិដ្ឋ​សង្គ្រមា​មាន​កាន់​តែវែង។ ហើយ​ទោះ​បី​ជា​មាន​ភស្តុតាង ឃើញ​មាន​ជន​ស៊ីវិល​ជា​ច្រើន​រងគ្រោះ​ ក៏​ដោយ​ក៏​ក្រុម​ប្រទេស​អ្នកល​ក់​អាវុធ នៅតែ​មិន​រួញ​រា​នឹង​លក់​ឱ្យ​អារ៉ាប៊ីសាអូឌីត មេដឹកនាំ​សម្ព័ន្ធ​យោធា​អារ៉ាប និង​អេមៀរ៉ាអារ៉ាបរួម មេកើយ​ក្នុង​ក្រុម​លំដាប់​ទីពីរ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ