rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ស៊ីរី រុស្ស៊ី អង្គការ​សហប្រជាជាតិ អ.ស.ប.

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កងទ័ព​ស៊ីរី​ដណ្តើម​បាន​ទឹកដី​១ភាគ៤​របស់​ពួកឧទ្ទាម នៅ​តំបន់ហ្គូតា​ខាងកើត

media
ផ្សែង​ខ្មួលខ្មាញ់​នៅក្រោយ​ការបាញ់ផ្លោង​របស់​យន្តហោះ​ចម្បាំង​ស៊ីរី​ទៅលើ​តំបន់​ហ្គូតា ខាងកើត នៅថ្ងៃទី ២៧​កុម្ភៈ ២០១៨ ©REUTERS/ Bassam Khabieh

របបស៊ីរី នៅថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​បើក​ការប្រយុទ្ធ គ្រប់មុខព្រួញ រហូត​អាច​ចូល​កាន់កាប់​ទឹកដី មួយភាគបួន​របស់​ពួកឧទ្ទាម នៅក្នុង​តំបន់​ហ្គូតា​ខាងកើត។ តាម​ការប្រកាស​របស់​អង្គការ​ឃ្លាំមើល​ស៊ីរី ដែល​មាន​ទីតាំង​នៅទីក្រុង​ឡុងដ៍ ទោះជា​មាន​បទឈប់​បាញ់ រយៈពេល​៥ម៉ោង ក្នុង​មួយថ្ងៃ ដែល​កំណត់​ដោយ​ប្រធានាធិបតី​រុស្ស៊ី កងទ័ព​រដ្ឋាភិបាល​ស៊ីរី នៅតែ​ឆ្លៀត ប្រើ​គ្រប់មធ្យោបាយ ទាំង​ការទម្លាក់​គ្រាប់បែក និង​សមរភូមិ​ជើងគោក ដើម្បី​វាយដណ្តើម​យក​ឲ្យ​បាន​តំបន់​កសិកម្ម​ហ្គូតា ពី​ដៃ​ក្រុមប្រឆាំង​ស៊ីរី។

 


រដ្ឋាភិបាល​ស៊ីរី​បាន​ទទួល​ជោគជ័យ​នៅគ្រប់មុខព្រួញ នៅក្នុង​សមរភូមិ​ប្រយុទ្ធ​នៅ​តំបន់​ហ្គូតា​ខាងកើត។ ការវាយប្រហារ​ដោយ​សន្ធប់ តាម​ផ្លូវ​អាកាស រយៈពេល ២​សប្តាហ៍​មកនេះ បាន​ជួយ​ឲ្យ​កងទ័ព​ស៊ីរី សម្រេច​ចូល​កាន់កាប់​បាន​ទឹកដី​មួយភាគ​បួន​របស់​ពួកឧទ្ទាម​ស៊ីរី ដែល​ជា​ក្រុមប្រឆាំង។

 

តាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី OSDH កងទ័ព​ស៊ីរី​នៅ​តែ​បន្ត បង្កើន​ការវាយ​ប្រហារ​ ទម្លាក់គ្រាប់បែក តាម​ផ្លូវអាកាស និង​បាញ់​គ្រាប់ផ្លោង​មិនឈប់ ទោះបី​ជា​ប្រធានាធិបតី​រុស្ស៊ី បាន​ប្រកាស​ឲ្យ​មាន​បទឈប់​បាញ់​រយៈពេល ៥​ម៉ោង​ក្នុង​មួយថ្ងៃ​ក្តី។ បទឈប់បាញ់ កំណត់​ដោយ​ម៉ូស្គូ មាន​ទិសដៅ ខុស​ដាច់ ពី​បទឈប់បាញ់ រយៈពេល ១​ខែ ដែល​កំណត់ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ សម្រាប់​ម៉ូស្គូ បទ​ឈប់បាញ់ ៥ម៉ោង​ក្នុង​មួយថ្ងៃ ជា​ឱកាស អនុញ្ញាត​ឲ្យ​ប្រជាជន​ស៊ីរី ផ្លាស់ទី ចាកចេញ ពី​​សមរភូមិ​ប្រយុទ្ធ នៅ​ហ្គូតា​ខាងកើត ប៉ុន្តែ បទឈប់បាញ់​មួយខែ ដែល​ក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ​បោះឆ្នោត អនុម័ត កាល​ពី​សប្តាហ៍​មុន មាន​ទិសដៅ បើក​ផ្លូវ​ឲ្យ​មាន​ការផ្តល់​ជំនួយ ដល់​ប្រជាជន​ស៊ីរី ដែល​កំពុង​រងគ្រោះ ដោយសារ​ការទម្លាក់​​គ្រាប់បែក ហើយ​និង​ការខ្វះខាត​ស្បៀងអាហារ។

 

នៅលើ​ទីតាំង​ជាក់ស្តែង កងទ័ព​ស៊ីរី​មិន​បាន​គោរព​តាម​បទឈប់បាញ់​កំណត់​ដោយ​ប្រធានាធិបតី​រុស្ស៊ី ចំណែក​បទឈប់បាញ់ នៅក្នុង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ គឺ​មាន​តែ​លើ​ក្រដាស។ នៅ​ថ្ងៃ​អាទិត្យ យន្តហោះ​ទម្លាក់​គ្រាប់បែក ហើយ​និង​ការបើក​សមរភូមិ​ប្រយុទ្ធ ជើងគោក របស់​កងទ័ព​ស៊ីរី នៅ​តែ​ជា​ឧបសគ្គ រារាំង មិន​ឲ្យ​ក្បួនរថយន្ត សម្រាប់​ដឹកជំនួយ​មនុស្សធម៌ របស់​អង្គការ​សហប្រជាជាតិ ​អាច​ចូល​ទៅ​ផ្តល់​ស្បៀង និង​ការសង្រ្គោះ​ព្យាបាល​ដល់​ប្រជាជន​ស៊ីវិល នៅ​តំបន់​ហ្គូតាខាងកើត។

 

នៅ​ហ្គូតា ខាងកើត ប្រជាជន​ស៊ីវិល​ជិត​៤​សែននាក់ រស់នៅ​ដាច់បាយ និង​ប្រឈម​គ្រោះថ្នាក់បាត់បង់​ជីវិត ដោយសារ​ការទម្លាក់​គ្រាប់បែក របស់​កងទ័ព​រដ្ឋាភិបាល​ស៊ីរី។ តាំង​ពីពាក់កណ្តាល​ខែ​កុម្ភៈ កងទ័ព​ស៊ីរី ដែល​មានជំនួយ អម​ពី​យន្តហោះ​ចម្បាំង​រុស្ស៊ី បាន​បើក​ការវាយ​ប្រហារ​តាមផ្លូវ​អាកាស ដើម្បី​ដណ្តើម​យក​តំបន់​ហ្គូតា ពី​ពួកឧទ្ទាម។ ក្នុង​រយៈពេល ២​សប្តាហ៍ ការទម្លាក់គ្រាប់បែក​ជារៀងរាល់​ថ្ងៃ បាន​សម្លាប់​ប្រជាជន​ស៊ីវិល ជាង ៦០០​នាក់។ ម៉ូស្គូ​សម្ព័ន្ធមិត្ត​របស់​ក្រុង​ដាម៉ាស បាន​ចោទ ទម្លាក់​កំហុស​លើ​ពួក​ឧទ្ទាម​​ស៊ីរី ដែល​កាន់កាប់​តំបន់​ហ្គូតា ខាងកើត ថា បាន​កាក់ ទុក ប្រជាជន​ស៊ីវិល ដើម្បី​ជា​ខែល​ការពារ​ខ្លួន​ពី​ការវាយប្រហារ​របស់​កងទ័ព​អាកាស​ស៊ីរី៕