rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាហ្វហ្កានីស្ថាន អូស្រ្តាលី អូតង់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ភេរវកម្ម​​​បំផ្ទុះគ្រាប់បែក​ក្នុងរថយន្ត​​​​នៅកាប៊ូល​​​​​បាន​សម្លាប់​ជីវិត​កុមារម្នាក់​​​​និង​​បណ្តាល​​អោយ​មាន​​អ្នក​រង​របួស​២២នាក់​

media
ភេរវកម្មបំផ្ទុះគ្រាប់បែកក្នុងរថយន្ត​នៅភាគខាងកើត​ទីក្រុុង​កាប៊ូលកាល​​ពី​ថ្ងៃ​សុក្រ​ទី​​២​មីនា​​២០១៨​​​​ REUTERS/Omar Sobhani TPX IMAGES OF THE DA

​នៅអាហ្វហ្កានីស្ថាន កាលពីព្រឹក​ថ្ងៃសុក្រ​ម្សិលមិញ អំពើ​ភេរវកម្ម​​បំផ្ទុះគ្រាប់បែក​​ក្នុង​​រថយន្ត​មួយ​គ្រឿង​​ដែលសំដៅ​​ប្រឆាំង​ទៅលើ​​ក្បួនរថយន្ត​របស់​ស្ថានទូត​​​អូស្ត្រាលី​នៅ​ភាគ​ខាង​កើត​​ទីក្រុង​កាប៊ូល​ ​បាន​សម្លាប់ជីវិត​​​កុមារម្នាក់​​អាយុ​១២​ឆ្នាំ​​​និងក៏បណ្តាល​ឲ្យមាន​​អ្នក​រង​របួស​២២​នាក់ផ្សេង​ទៀត ដែល​សុទ្ធស៊ឹង​​​ជា​ពលរដ្ឋ​អាហ្វហ្កានីស្ថាន។

 


ភេរវកម្ម​​បំផ្ទុះ​គ្រាប់បែកក្នុង​រថយន្ត ​ប្រឆាំងនឹង​​​ក្បួន​រថយន្ត​នៃស្ថានទូត​​អូស្ត្រាលី​​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ម្សិលមិញ​ក្នុង​​​ទីក្រុង​កាប៊ូល​​​ប្រទេស​អាហ្វហ្កានីស្ថាន​ បើយោងតាម​សេចក្តី​ជូន​ដំណឹង​មួយ​របស់​ក្រសួង​ការបរទេស​អូស្ត្រាលី​នៅលើ​គេហទំព័រ​របស់​ខ្លួន ពុំបានបណ្តាល​​អោយ​មាន​ក្រុម​បុគ្គលិក​​ស្ថានទូតអូស្តា្រលីណាមួយរងគ្រោះថ្នាក់នោះទេ។​

ជា​អំពើ​ភេរវកម្ម​មួយ​ដែល​ពុំទាន់​មាន​ខាងក្រុម​ណា​មួយ​ប្រកាស​ថា​ជា​ស្នាដៃ​របស់​ខ្លួន​នៅឡើយទេ​​រហូត​មកទល់​​ពេល​រសៀល​ម្សិលមិញ។ ​លោក Najib Danish អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​អាហ្វហ្កានីស្ថាន​ បាន​អះអាងប្រាប់​ថា ”យាន្តអត្តឃាត​ដែល​​វាយប្រហារ​​ទៅ​លើ​ក្បួន​រថយន្ត​របស់​ក្ងង​កម្លាំង​បរទេស បាន​ធ្វើ​អោយ​ឲ្យ​មាន​ការ​ខូចខាត​ជា​ទម្ងន់​នៅ​​សង្កាត់​មួយ​ក្នុង​ខាង​កើត​នៃ​ទីក្រុង​កាប៊ូល​ ជាពិសេស​ការបាត់បង់ជីវិត​កុមារ​ម្នាក់​អាយុ​១២​ឆ្នាំ​នឹង​ក៏បណ្តាល​អោយមានអ្នក​រង​របួស​ ២២​នាក់​ផ្សេង​ទៀត​ដែល​សុទ្ធស៊ឹង​ជា​ពលរដ្ឋ​អាហ្វហ្កានីស្ថាន។​

ភ្លាមៗនោះ រដ្ឋាភិបាល​អូស្រ្តាលី បាន​សម្តែង​ការ​អាណិតអាសូរ​ចំពោះ​ក្រុម​គ្រួសារ​នៃ​ជនរងគ្រោះ​ដែលត្រូវស្លាប់និងរងរបួស​នៅ​ក្នុងភេរវកម្មនេះ។​បើ​តាម​ប្រភពច្បាស់លាស់​មួយ​នៅ​ទីក្រុង​កាប៊ូល ​រថយន្ត​នានា​​​​ ​​របស់​​ស្ថានទូត​​អូស្រ្តាលី​​នោះ​ បានធ្វើការដឹកជញ្ជូន​ពួកបុគ្គលឹកស្ថានទូត​​ដែល​​រស់នៅ​ក្នុង​មណ្ឌលមួយដែល​ប្រកបដោយ​សុវត្ថិភាព។​

ចំណែក​ទីស្នាក់ការ​របស់​អង្គការ​អូតង់​វិញ បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មានបារាំង AFP ដែរថា​ ខាង​កងទ័ព​អូតង់ វិញ ​ក៏​ពុំ​មាន​អ្នក​​រង​របួស​ទេ​នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ។​ ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្តនេះ ​បាន​បន្សល់​​ទុក​កំទេច​កំទីនៃ​​​យាន្តអត្តឃាត​យ៉ាង​សម្បើ​ម ​​​ក៏ព្រមទាំង​ការ​ខូចខាតជាទម្ងន់​ដែរ​នៅ​ទី​​អគារលំនៅស្ថាន របស់ប្រជាជន ដែលស្ថិតនៅទីនោះដោយសារ​​ឥទ្ធិពលនៃការផ្ទុះ​គ្រាប់បែកវាខ្លាំងក្លាពេក​។

គឺជា​ឧប្បត្តិហេតុ​ហិង្សា​លើក​ទី​មួយ​ដែល​បាន​កើត​ឡើង​នៅ​ក្រុង​កាប៊ូល​ដែល​​សំដៅ​ប្រឆាំង​ទៅ​លើ​ជន​បរទេស ចាប់តាំងពី​លោកប្រធានាធិបតីអាហ្វហ្កានីស្ថាន ​Ashraf Ghani បាន​ធ្វើ​សំណើ​សន្តិភាព​មួយ​កាលពី​​ថ្ងៃ​ពុធ​មុន ​​ដើម្បី​អោយ ​ពួក​ឧទ្ទាមអ៊ីស្លាម​តាលីបង់ អាច​​ក្លាយទៅ​ជាបក្សនយោបាយមួយ​នៅ​ក្នុង​ប្រទេស។​

ផែនការសន្តិភាព​របស់​ប្រធានាធិបតី​អាហ្វហ្កានីស្ថាននេះ​ គឺ​​មាន​គោលដៅ​​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​ជាមួយពួក​តាលីបង់​ដែល​មាន​រយៈពេល​១៧​ឆ្នាំ​កន្លង​មក​ហើយ​។ រីឯ​ពួក​តាលីបង់​វិញ  ភ្លាមៗនោះ​ក៏​បាន​ស្វាគមន៍​ចំពោះ​សំណើរ​សន្តិភាព​នេះ តែ​ពួក​នេះ នៅតែ​​​ចាត់ទុក​​រដ្ឋអំណាចអាហ្វហ្កានីស្ថានថាជារដ្ឋអំណាច​ពុំ​ស្របច្បាប់ទេ​ ដោយហេតុថា នៅ​មុន​​​សំណើរសន្តិភាព​នេះ  ពួក​តាលីបង់ បាន​​ស្នើ​​​ការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​អាមេរិក​។

គួររំលឹកថា​យោធាបរទេស​ជាង​១ម៉ឺន៦០០០នាក់​បានដាក់ពង្រាយ​នៅ​អាហ្វហ្កានីស្ថាន​ក្រោមអណត្តិរបស់អង្គការអូតង់​និងធ្វើប្រតិបត្តិការ​ដើម្បី​ប្រយុទ្ធប្រឆាំងទល់នឹង​ភេរវនិយម​នៅ​​ក្នុង​ប្រទេសនេះ៕​​​​​​​​​