rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ស៊ីរី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បទឈប់បាញ់​​ស៊ីរី​​គោរព​បាន​​ ​​តែ​​ជំនួយ​​មនុស្សធម៌​​នៅ​មិនទាន់​អាច​​​ចូល​​​​​ដល់​​តំបន់​​ហ្គូតា​​

media
ផ្លូវ​​​ខ្ទេចខ្ទាំ​ដោ​យការ​ទំលាក់​គ្រាប់បែក នៅ​តំបន់​ហ្គុតា ស៊ីរី REUTERS/Bassam Khabieh

ថ្ងៃពុធ​ម្សិលមិញ ជាថ្ងៃ​ទី២​ដែល​ភាគី​ជម្លោះស៊ីរី​​អនុវត្ត​​​បទឈប់បាញ់​៥ម៉ោង ស្នើ​ដោយរុស្ស៊ី។ តែ​​ជំនួយ​មនុស្សធម៌​ដើម្បី​ជួយ​ជនរងគ្រោះ​នៅ​តំបន់​ហ្គូតា នៅតែ​មិនទាន់​ចូលទៅ​ដល់​ហ្គូតា។ មានតែ​ជនស៊ីវិល​ប៉ុន្មាននាក់​ប៉ុណ្ណោះ ដែល​បាន​ចាកចេញ​ពី​តំបន់​ក្រុមឧទ្ទាម ដោយធ្វើដំណើរ​​តាម​ច្រក​មនុស្សធម៌។ តួលេខជនស៊ីវិល​ស្លាប់​ក្នុង​ការ​វាយប្រហារ​​​​នៅហ្គូតា ឡើង​ដល់​ជាង​៦០០នាក់ហើយ។


បទឈប់បាញ់​៥ម៉ោង​​ស្នើ​ដោយ​រុស្ស៊ី ត្រូវ​គោរព​បាន​ជាទូទៅ ​នៅ​ហ្គូតា ប្រទេស​ស៊ីរី នៅ​ថ្ងៃពុធ​ម្សិលមិញ។ ប៉ុន្តែ ​រថយន្ត​ដឺក​ជំនួយ​មនុស្សធម៌ ៤៥គ្រឿង ​រថយន្ត​សង្គ្រោះ​ផ្សេងៗ​នៅតែ​មិនបានទទួល​ភ្លើងខៀវ​អោយ​ពួកគេ​ចូលតាម​ច្រក​មនុស្សធម៌ ​ដើម្បី​ជួយ​ជនស៊ីវិល៤០ម៉ឺននាក់ នៅតំបន់​កាន់កាប់​ដោយ​ក្រុមឧទ្ទាម នៅ​​ហ្គូតាខាងកើត។ ជនស៊ីវិល​ស៊ីរី​ខ្វះអាហារ​ និង​ថ្នាំពេទ្យ។ ពួកគេ​ក៏​មិន​​សង្ឃឹម​លើ​ក្បួន​មនុស្សធម៌​ប៉ុន្មាន​ដែរទេ។

​ម្សិលមិញ ​មានតែ​ជនស៊ីវិល​ប៉ុន្មាននាក់ទេ ដែល​បាន​ប្រើច្រក​មនុស្សធម៌ ចាក​ចេញ​ពី​តំបន់​ក្រុមឧទ្ទាម។ ប្រភព​យោធា​មួយ ​​បាន​ចោទ​ក្រុមឧទ្ទាម​ថា បាន​បាញ់​គំរាម​ដើម្បី​កុំអោយ​ជនស៊ីវិល​ចាកចេញ​ នៅ​​​​ច្រកសុវត្ថិភាព​​ Al-Wafidine។ ក្រុមឧទ្ទាម​ចាអ៊ីជ អាល់ អ៊ីស្លាម បាន​បដិសេធ​ការចោទប្រកាន់​នេះ។

ដោយឡែក បើ​ជនស៊ីវិល​អាចចេញ​តាមច្រក​មនុស្សធម៌ នោះបទឈប់បាញ់​អាច​បន្ត​មាន​ទៀត។ ​ថ្ងៃពុធ​ម្សិលមិញ​នេះ ជា​ថ្ងៃ​ទី២​ដែល​កងទ័ព​និង​ក្រុមឧទ្ទាម​ស៊ីរី​អនុវត្ត​បទឈប់បាញ់​​​ស្នើ​ដោយ​រុស្ស៊ី។ បទឈប់បាញ់​នេះ ត្រូវគោរព​ចាប់ពីម៉ោង​៩ព្រឹក ម៉ោង​ក្នុងស្រុកស៊ីរី។ ​ទោះយ៉ាងនេះ​ក្តី ​គេនៅតែ​លឺស្នូរ​ប្រយុទ្ធ​របស់​កងទ័ព​នៅ​ភាគខាងជើង និង​ភាគ​ខាងកើត​ក្រុងដាម៉ាស។ ​ខាង​ក្រុមឧទ្ទាម​ក៏​​បន្ត​ប្រយុទ្ធ​ដូចគ្នា។ ​ទោះមាន​ការប្រយុទ្ធ​ ​​ខាងក្រុមប្រឆាំងស៊ីរី​លើកឡើង​ថា តាំងពី​មា​នការអនុវត្ត​បទឈប់បាញ់​នេះមក ជនស៊ីវិល​លែង​ជាផ្ទាំងស៊ីប​ធ្ងន់ធ្ងរ​ដូចមុន​ទៀត ប៉ុន្តែ​មិនមែន​មានន័យថា ពួកគេ​រួចគ្រោះថ្នាក់​នោះទេ។ ​​​

គិតតាំង​ពី​ថ្ងៃ​១៨កុម្ភៈ ថ្ងៃដែល​កងទ័ព​បើក​ប្រតិបត្តិការទំលាក់គ្រាប់បែក​នៅ​ហ្គុតា​មក តួលេខជនស៊ីវិល​ស្លាប់​​នៅហ្គូតា ឡើង​ដល់​ជាង​៦០០នាក់ហើយ ក្នុង​នោះ​មាន​កុមារ​សន្ធឹកសន្ធាប់​ជិត​១៥០នាក់៕​