rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អារ៉ាប៊ីសាអូឌីត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ស្តេចសាល់ម៉ាន អារ៉ាប៊ីសាអូឌីត រុះរើ​តំណែង​មេដឹកនាំ​កងទ័ព

media
ព្រះ​ចៅ​ Salmane ចេញ​ក្រិត្យ​រុះរើ​មេដឹកនាំ​កងទ័ព។ រូបថត​នៅ​ទីក្រុង​រីយ៉ាតថ្ងៃទី ២៦​កុម្ភៈ២០១៨ REUTERS/Faisal Al Nasser

ក្រោយ​ពីបានបោស​សម្អាត​ផ្ទៃ​ក្នុង​ ដក​តំណែង​ ឃាត់​ខ្លួន​ ញាតិវង្សជា​ព្រះអង្គម្ចាស់ រដ្ឋមន្ត្រី​ អតីត​រដ្ឋមន្ត្រី​ ព្រមទាំង​មហាសេដ្ឋី​ជា​ច្រើន​រូប​​ កាលពី​ចុង​ឆ្នាំ​២០១៧ ថ្ងៃ​នេះ​ដល់​វេលា​ដែល​បោស​សម្អាត​មេដឹកនាំ​កងទ័ព​ម្តង។ នៅ​យប់​មិញ ព្រះ​ចៅ​សាល់ម៉ាន Salman បាន​ចេញ​ក្រិត្យ​ មួយ​ខ្សែ ទាំង​កណ្តាល​អាធ្រាត្រ​ ដកតំណែង​ ​អ្នក​ទទួល​ខុស​ត្រូវ​យោធា​ជាន់​ខ្ពស់​ជា​ច្រើន​ទៀត រួម​ទាំង​អគ្គមេបញ្ជាការកងទ័ព​ជាតិ​ផង ហើយ​តែង​តាំង​មនុស្ស​ថ្មី​ជំនួស​វិញ​ភ្លាម។


​ព្រះ​ចៅ​សាល់ម៉ាន បាន​ចេញ​ក្រិត្យ​ រុះរើ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​យោធាដ៏​មាន​អំណាច​ដែល​​ដឹកនាំ​ដោយ​ព្រះ​អង្គ​ម្ចាស់​ស្នង​រាជ ​មូហាមេដ បិន សាល់​ម៉ាន Mohamed Ben Salman យ៉ាង​ទាន់​ហន់ និងដោយ​​គ្មាន​សេចក្តី​ពន្យល់​អ្វី​​ជា​ផ្លូវ​ការទេ ប៉ុន្តែ​សេចក្តី​សម្រេច​នេះ ប្រព្រឹត្ត​ទៅ​ជួន​ចំពេលដែលសម្ព័ន្ធ​​យោធា​អារ៉ាប៊ីសាអូឌីត កំពុង​ជាប់​ផុង​ក្នុង​វិបត្តិនៅ​យេម៉ែន។

អគ្គមេបញ្ជាកា​រកងទ័ព​ជើង​គោក ជើង​អាកាស និង​ពិសេស​អគ្គមេបញ្ជាការ​កងទ័ព​ជាតិ លោកឧត្តមសេនីយ៍ Abdel Rahmane ben Saleh al-Bunyan ​ដែល​ជា​ជំនិត​របស់​រាជបុត្រ​ស្នង​រាជ្យ ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ ហើយ​តែង​តាំង​​​ឥស្សរជន​ថ្មី​មក​ជំនួស​វិញ​ភ្លាម​ ដោយ​គ្មាន​បង្អង់​មួយ​នាទី​ទេ។

ក្រិត្យ​របស់​ព្រះ​ចៅ​សាល់ម៉ាន ក៏​បាន​ប្រកាស​ប្តូរផ្លាស់ និង​តែង​តាំង​​​​មន្ត្រី​ជាន់​ខ្ពស់​ជា​ស៊ីវិល​វ័យក្មេង​ ជំនាន់​ក្រោយ​ ជា​ច្រើន​រូប ឱ្យ​កាន់​តួនាទី​ជាអនុ​រដ្ឋមន្ត្រី នៅ​តាម​ក្រសួង​ផ្សេង​ៗ ជា​អភិបាលខេត្ត​រង និង​ទីប្រឹក្សា​នៅ​ក្នុង​រាជវាំង​ទៀត​ផង។ ករណី​ក៏​កម្រ​បំផុត​មិន​ធ្លាប់​ឃើញ​មាន​ស្ទើរ​តែ​សោះ​ក្នុង​រាជាណាចក្រ​ដ៏​មហាអភិរក្ស​គឺ នៅ​ថ្ងៃ​នេះ ព្រះ​ចៅ​សាល់ម៉ាន បាន​តែង​តាំង​ស្ត្រី​ម្នាក់​គឺ​លោកស្រី Tamadur bint Youssef al-Ramah ឱ្យ​កាន់​តំណែង​ជា​អនុរដ្ឋមន្ត្រីក្រសួង​ការងារ និង​អភិវឌ្ឍន៍​សង្គម។ ​ជា​តួនាទី​ដ៏​ខ្ពស់​បំផុត​ដែល​ពុំ​ធ្លាប់​មាន​ស្ត្រី​អារ៉ាប៊ីសាអូឌីត​ណា​ម្នាក់កាន់​ឡើយ។

ព្រះ​ចៅ​សាល់ម៉ាន​ក៏​បាន​សម្រេច​ចិត្ត​ ចេញ​ក្រិត្យ​​ អោប​ក្រសោប​រាជវង្ស​ ដោយ​បាន​ តែង​តាំង​​ ព្រះ​អង្គម្ចាស់​​បីអង្គជាក្មួយៗ ​ ត្រកូល​ Ahmed Talal និង Muqrin ដែ​លខ្លះ​មិន​សូវ​បាន​ទទួល​ការ​រាប់​រក​ ឱ្យ​កាន់​​តំណែង​ជា​អភិបាល​រង។ អភិបាល​​ខេត្ត​ Asir​ ថ្មី ត្រូ​វ​បាន​ប្រគល់​ទៅ​ឱ្យ​ព្រះ​អង្គ​ម្ចាស់​ Turki bin Talal បងប្អូន​ប្រុស​មហាសេដ្ឋី​ ដែល ​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ឃុំ​ទុក​ក្នុង​សណ្ឋាគារ​ ជាមួយ​បណ្តា​ព្រះ​អង្គ​ម្ចាស់​ព្រមទាំង​ មន្ត្រី​ជាន់​ខ្ពស់​ជាង​១០​រូប​ផ្សេង​ទៀត កាល​ពី​ខែ​វិច្ឆិកា ក្រោម​យុទ្ធនាការ​បោស​សម្អាត​អំពើ​ពុក​រលួយ​ដឹកនាំ​ដោយ​ រាជបុត្រ​ស្នង​រាជ្យ ព្រះ​អង្គ​ម្ចាស់ មូហាមេដ បិន សាល់ម៉ាន៕