rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ស៊ីរី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

តំបន់​ហ្គូតា​​​បន្ត​រង​​ការ​ទំលាក់​​គ្រាប់បែក​​​ អ.ស.ប.​​ទាមទារ​​អោយ​​អនុវត្ត​​​​បទឈប់បាញ់​​ជា​​បន្ទាន់​​

media
តំបន់​ហ្គុតា ស៊ីរី Ammar SULEIMAN / AFP

ទោះ​ជា​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​អោយ​មានបទឈប់បាញ់​នៅ​តំបន់​ហ្គូតា ប្រទេស​ស៊ីរីហើយ​ក្តី​ ក៏​ជនស៊ីវិល​​​​តំបន់​ហ្គូតា​​​នៅ​តែ​បន្ត​ស្លាប់​ ដោយសារ​ការ​វាយប្រហារ​ផ្លូវអាកាស និង​ការ​ប្រយុទ្ធ​រវាង​កងកម្លាំង​ស៊ីរី​និង​ក្រុមឧទ្ទាម។ គិត​តែ​ក្នុង​មួយ​សប្តាហ៍​ប៉ុណ្ណោះ ជនស៊ីវិល​ជាង​៥០០នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ក្នុងនោះ​មាន​កុមារ​១៣០នាក់។


អង្គការ​សង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ីរី​ប្រាប់ថា ថ្ងៃចន្ទ​នេះ ការវាយប្រហារ​​ផ្លូវអាកាស​និង​ការ​បាញ់​រ៉ុកកែត ​ពី​សំណាក់​​​​កងទ័ព​​ស៊ីរី បាន​សម្លាប់​ជន​ស៊ីវិល​​យ៉ាងតិច​១០នាក់។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ អង់តូនីញ៉ូ ហ្គូតេរ៉េស បាន​ទាមទារ​អោយ​សេចក្តីសម្រេច​​អោយ​អនុវត្ត​ជា​បន្ទាន់​ នូវ​បទឈប់បាញ់ ដែល​អង្គការ​សហប្រជាជាតិ​អនុម័័ត កាលពី​ថ្ងៃ​សៅរ៍។ ​

ជា​បទឈប់បាញ់​រយៈពេល​៣០ថ្ងៃ ដើម្បី​បញ្ជូន​ជំនួយ​មនុស្សធម៌ ទៅជួយ​ប្រជាជន​នៅ​តំបន់​ហ្គូតា និង​​​ជម្លៀស​មនុស្ស​រងរបួស។ ​ប្រជាជន​នៅ​ទីនោះរងគ្រោះ​មនុស្សធម៌​ធ្ងន់ធ្ងរ កំពុង​រង់ចាំ​​ការអនុវត្ត​បទឈប់បាញ់នេះ ពី​គ្រប់ភាគី​ជម្លោះ​ស៊ីរី។ តាំងពី​ថ្ងៃ​១៨កុម្ភៈ​មក កងទ័ព​ស៊ីរី​បាន​បើក​ប្រតិបត្តិការ​ផ្លូវអាកាស​​ ដើម្បី​វាយយក​តំបន់​ហ្គូតាពី​ក្រុមឧទ្ទាម ដែល​ខាង​រដ្ឋាភិបាល​ស៊ីរី​ ​​ចាត់ទុក​ជាទូទៅថា ជា​ក្រុមភេរវជន។ ម្សិលមិញ អ៊ីរ៉ង់​ជា​សម្ព័ន្ធមិត្ត​រដ្ឋាភិបាល​ស៊ីរី​លើកឡើង​ថា ការវាយលុក​ប្រឆាំង​ក្រុម​ភេរវជន​នឹង​បន្ត​ធ្វើ​នៅ​ហ្គុតា។ ​​​សម្រាប់​​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​​ ការ​ប្រឹងប្រែង​​កំចាត់​​ក្រុមភេរវជន​មិនមែន​ជា​រឿង​​ប្រសើរ​នោះទេ។ ម្សិលមិញនេះ បារាំងនិង​អាល្លឺម៉ង់​បាន​អំពាវនាវ​រុស្ស៊ី​អោយ​ដាក់សម្ពាធ​ធ្ងន់ធ្ងរ​លើ​ស៊ីរី​ដើម្បី​អនុវត្ត​បន្ទាន់​នូវ​​បទបាញ់​។​

យោងតាម​អង្គការ​សង្កេតការ​សិទ្ធិមនុស្ស​ស៊ីរី ថ្ងៃអាទិត្យ​ម្សិលមិញ ​ក្រោយ​​មាន​ការ​ទំលាក់គ្រាប់បែក គេឃើញ​មានករណី​ថប់ដង្ហើម​​១៤ករណី ដែល​គេ​សង្ស័យថា បណ្តាលមក​ពី​អាវុធ​គីមី។ គ្រូពេទ្យប្រាប់ថា សម្លៀកបំពាក់​ជនរងគ្រោះ ​និង​ស្បែក​ជនរងគ្រោះ​មាន​សាយភាយ​ក្លិន​សារធាតុ​ក្លរ។ ក្រុមឧទ្ទាម​បាន​ចោទ​ថា នេះ​ជាស្នាដៃ​របស់​កងទ័ព​ស៊ីរី ប៉ុន្តែ​រុស្ស៊ីបាន​បដិសេធ​និងចោទទៅវិញ​ថា ជាស្នាដៃ​ក្រុមបះបោរ​ដើម្បី​ទំលាក់​កំហុស​លើ​រដ្ឋាភិបាល​ស៊ីរី៕  ​​  ​  ​