អានតួអត្ថបទ
អ៊ីស្រាអែល​

​ជីវិត​​​នយោបាយ​​​របស់​​លោក​ នេតានយ៉ាហ៊ូ​​​កំពុង​​​​​​រង​​​​សម្ពាធ​​​​ខ្លាំង​​​​ថែម​​​ទៀត​​​​​​​នៅ​ចំពោះមុខ​​​​​​តុលាការ​​​

មិនដល់ទាំងមួយសប្តាហ៍ផង ក្រោយពីបាន​ផ្តល់​អនុសាសន៍​ ឲ្យ​ចោទ​ប្រកាន់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ពី​បទ​ពុក​រលួយ​ ការ​កេង​បន្លំ​និង​ការ​រំលោភ​លើការជឿ​​ទុកចិត្ត​ នៅ​ក្នុង​សំណុំរឿង​​​​២​ផ្សេង​គ្នា​មក ការងារស៊ើបអង្កេត​របស់ ​ប៉ូលីសអ៊ីស្រាអែល​​ ​ដូច​ជាកាន់តែ​​​​ចំរើន​ទៅ​មុខជាលំដាប់ ​​​។​ ជា​​ការ​ស៊ើប​​អង្កេតមួយ​​​​ដែល​សំដៅ​​ទៅ​លើ​រូបលោក​នេតានយ៉ាហ៊ូ ​ពី​បទពាក់ព័ន្ធ​ក្នុងអំពើ​ពុករលួយ​។ ​ 

លោក​​​នេតានយ៉ាហ៊ូ​និង​​ភរិយា លោកស្រី​​ Sara ​ចូលរួមពិធីមួយ​នៅ​មជ្ឈមណ្ឌលសុខភាព​​​​​​ Barzilai នៅភាពខាងត្បូង​​អ៊ីស្រាអែល​នាថ្ងៃតី២០តុលា២០១៨​​ ​
លោក​​​នេតានយ៉ាហ៊ូ​និង​​ភរិយា លោកស្រី​​ Sara ​ចូលរួមពិធីមួយ​នៅ​មជ្ឈមណ្ឌលសុខភាព​​​​​​ Barzilai នៅភាពខាងត្បូង​​អ៊ីស្រាអែល​នាថ្ងៃតី២០តុលា២០១៨​​ ​ REUTERS/Amir Cohen
ផ្សាយពាណិជ្ជកម្ម

ការមន្ទិលសង្ស័យ​ទៅលើ​លោក​ បេនយ៉ាម៊ីន នេតានយ៉ាហ៊ូ ​កាន់តែមាន​ភាព​រឹងមាំ​ថែម​ទៀត​​នា​យប់​ថ្ងៃអង្គារ​មុន​នេះ។​ ដោយ​ប៉ូលីស​អ៊ីស្រាអែល​ បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ជាមួយ​នឹង​អ្នកជំនិត​មា្នក់របស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ដែល​ត្រូវបាន​ប៉ូលីស​​ចាប់​ខ្លួន​កាលពី​ថ្ងៃអាទិត្យ​នៅ​ក្នុង​ក្របខណ្ឌ​នៃការស៊ើប​អង្កេត​មួយ​សំដៅ​ប្រឆាំង​ទៅលើ​ក្រុមហ៊ុនផ្នែក​​គមនាគមន៍ដ៏សំខាន់មួយ​​ឈ្មោះ Bezeq ។ អ្នកជំនិត​របស់នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​​​​នោះ គឺ​ ​លោក ​Shlomo Filber​ ដែល​ជា​អតីត​អគ្គនាយក​​ក្រុមហ៊ុន​​​គមនាគមន៍​ខាងលើ​នេះ។​

ជាថ្នូរ​នឹង​ការ​លើកលែង​ទណ្ឌកម្ម​ពី​ការ​ជាប់​ពន្ធនាគារ លោក Shlomo Fiber ត្រូវ​​​ប្រគល់​ភស្តុតាង​ទាំង​អស់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ពុករលួយ​របស់​លោក​នេតានយ៉ាហ៊ូ​។

ប៉ូលីស​​អ៊ីស្រាអែល កំពុង​ចោទ​សួរ​ចង់​ដឹង​​រឿង​ដែល​ទាក់ទង​ថា ​រដ្ឋាភិបាល​​អ៊ីស្រាអែល​ បាន​​ជួយ​ជ្រោមជ្រែង​​​​ក្នុងការ​​ផ្តល់​ផល​ប្រយោជន៍​អោយ​ដល់​កុ្រមហ៊ុន​​ទូរគមនាគមន៍​នោះ​​​ ​​ដើម្បី​អោយ​ក្រុមហ៊ុន​​នោះ ចុះផ្សាយ​​តែ​​ព័ត៌មានល្អៗ​និយាយ​​​លើកតម្កើង​លោក​នាយក​រដ្ឋមន្ត្រីនេតានយ៉ាហូ នៅលើ​វិបសៃដ៏មានឥទ្ធិពលដែលជា​កម្មសិទ្ធិរបស់​ចៅហ្វាយ​នាយ​​នៃ​ក្រុមហ៊ុន ​Bezeq។​

អ្នកជំនិតរបស់លោកនេតានយ៉ាហ៊ូម្នាក់ទៀត​ ក៏​ប្រហែល​ជា​ត្រូវ​រងការ​ស៊ើបអង្កេតដែរ។​ ដោយហេតុថា អតីតអ្នកជំនិតរបស់​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​នេះ ប្រហែលជាបាន​សូក​ប៉ាន់​ ដើម្បី​​អោយ​​ចៅក្រម​ម្នាក់ ​បិទ​បញ្ចប់​សំណុំរឿង​មួយដែល​ពាក់ព័ន្ធ​នឹង​លោកស្រី​Sara Netanyahu​ ភរិយា​របស់​នាយករដ្ឋមន្ត្រី ដើម្បី​ប្តូរ​​ជាមួយ​នឹង​មុខ​តំណែង​ដ៏​ឧត្តុង​ឧត្តមមួួយ​ក្នុងឋានៈ​​ជា​រដ្ឋអាជ្ញាទូទៅ។ ប៉ូលីស​បានបញ្ជាក់ថា​ កំពុងតែ​​ស៊ើបអង្កេត​ពី​បញ្ហា​នេះ។​​

លោកនេតានយ៉ាហ៊ូវិញ  បានបរិហារ​​ថា ជាការចោទប្រកាន់​មិនពិត​និង​ឆ្កូតលីលា។ ប៉ុន្តែ​យោង​តាមសារព័ត៌មាន​អ៊ីស្រាអែល  លោកប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល ប្រហែល​ជា​នឹង​ត្រូវ​ប៉ូលីស ​ធ្វើការសាកសួរ នៅពេលខាងមុខនេះ ។​ ហើយនៅថ្ងៃពុធនេះដែរ  គឺ​ជា​លើក​ទីមួយ​ហើយ​​ដែល មាន អ្នកតំណាងរាស្រ្តមា្នក់​នៃគណបក្សផ្ទាល់របស់លោក​នេតានយ៉ាហ៊ូ បានអំពាវនាវ ​អោយ​ លោកនេតានយ៉ាហ៊ូ​ លាលែង​ចុះចេញ​ពី​មុខ​តំណែង​របស់លោក៕​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ