លោកអាបាស់ថ្លែងសន្ទរកថា នៅអង្គការសហប្រជាជាតិការពារការបង្កើតរដ្ឋប៉ាឡេស្ទីន
ថ្ងៃអង្គារនេះ ប្រធានរដ្ឋអំណាចប៉ាឡេស្ទីន លោកម៉ះមូដ អាបាស់ នឺងថ្លែងសន្ទរកថានៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពាវនាវអោយទទួលស្គាល់ប៉ាឡេស្ទីន ជាសមាជិករបស់អង្គការសហប្រជាជាតិ។ នេះជាសន្ទរកថា លើកទី៣របស់លោក អាបាស់ និងជាសន្ទរកថាដ៏កម្ររបស់លោក នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ គិតតាំងពីឆ្នាំ២០០៨មក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមមន្ត្រីប៉ាឡេស្ទីនលើកឡើងថា ថ្ងៃអង្គារនេះ លោកអាបាស់ នឹងអំពាវនាវអោយការចរចាសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ធ្វើឡើងក្នុងក្របខណ្ឌទូលំទូលាយ។ ជាការចរចាដែលអាចមានវត្តមានសមាជិកអចិន្ត្រៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រទេសទាំង៥ ដូចយើងដឹងហើយ គឺមានចិន រុស្ស៊ី អាមេរិក បារាំង និងអង់គ្លេស។ លោកអាបាស់ក៏នឹងមិនជំទាស់នឹងវត្តមានរបស់អាល្លឺម៉ង់ផងដែរ។ ប៉ុន្តែកន្លងមក អ៊ីស្រាអែលតែងទាត់ចោលដំណើរការការចរចាដែលមានលក្ខណៈពហុភាគី។
ដោយឡែក ប្រធានរដ្ឋអំណាចប៉ាឡេស្ទីន មិនចង់អោយយកអធិបតីភាពអាមេរិក ជាធំទេ ក្នុងការចរចាសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន។ លោកអាបាស់បដិសេធរាល់ទំនាក់ទំនងផ្ទាល់ជាមួយរដ្ឋបាលអាមេរិក ដោយសារតែកាលពីចុងឆ្នាំ២០១៧ លោកដូណាល់ ត្រាំ បានសម្រេចទទួលស្គាល់ជាឯកតោភាគីថាហ្សេរុយហ្សាឡិម ថាជារដ្ឋធានីអ៊ីស្រាអែល។
គេរំពឹងដែរថា នៅចំពោះមុខអង្គការសហប្រជាជាតិថ្ងៃអង្គារនេះ លោកអាបាស់ក៏អាចនឹងបង្ហាញបំណងអោយមានការទទួលស្គាល់ប៉ាឡេស្ទីនជាសមាជិកអង្គការសហប្រជាជាតិ។ ដូច្នេះ លោកអាបាស់ងត្រូវតែទាមទារអោយមាននិតិវិធីរួមគ្នាក្នុងក្រុមប្រឹក្សាសន្តិសុខ ដើម្បីអាចអោយប៉ាឡេស្ទីនក្លាយជាសមាជិកក្លាយជាសមាជិកអង្គការសហប្រជាជាតិ។ តាំងពីឆ្នាំ២០១២មក ប៉ាឡេស្ទីនមានឈ្មោះត្រឹមតែជារដ្ឋសង្កេតការរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ គ្មានឈ្មោះជារដ្ឋសមាជិកទេ។
ថ្ងៃអង្គារនេះ គ្រប់គ្នារង់ចាំមើលដែរនូវជំនួបផ្ទាល់មុខថ្ងៃនេះ រវាងប្រធានរដ្ឋអំណាចប៉ាឡេស្ទីន និងឯកអគ្គរដ្ឋទូតអាមេរិកនៅអង្គការសហប្រជាជាតិ គឺលោកស្រីនីគី ហាឡី។ ខែមករាមុននេះ លោកស្រីហាឡីធ្លាប់បានរិះគន់លោកអាបាស់ ថាខ្វះភាពក្លាហាន ក្នុងការសម្រេចទិសដៅសន្តិភាព៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ