អានតួអត្ថបទ
ស៊ីរី-អង់គ្លេស

អង្គការ​ការពារ​កុមារ៖ មាន​កុមារ​៣៥៧​លាន​នាក់ រស់នៅក្នុង​តំបន់​សង្រ្គាម

កុមារ​យ៉ាងតិច ៣៥៧​លាន​នាក់ នៅក្នុង​ពិភពលោក ឬ​កុមារម្នាក់ ក្នុង​ចំណោម ៦នាក់ កំពុង​រស់នៅ​ក្នុង​តំបន់​ដែល​កំពុង​មាន​សង្រ្គាម មាន​ជម្លោះ​ប្រដាប់អាវុធ។ នេះ ជាទិន្នន័យ​រកបាន របស់​អង្គការ​អង់គ្លេស Save the children ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ របាយការណ៍​របស់ខ្លួន នៅថ្ងៃ​ព្រហស្បតិ៍នេះ។ 

កុមារ​ស៊ីរី នៅ ជំរំភៀសខ្លួន នៅក្នុង​ទឹកដី​តួកគី ក្បែរ​ព្រំដែន​ស៊ីរី
កុមារ​ស៊ីរី នៅ ជំរំភៀសខ្លួន នៅក្នុង​ទឹកដី​តួកគី ក្បែរ​ព្រំដែន​ស៊ីរី REUTERS/Osman Orsal
ផ្សាយពាណិជ្ជកម្ម

ចំនួន​កុមារ​ដែល​រស់នៅ​ក្នុង​តំបន់​មាន​ជម្លោះ​ប្រដាប់អាវុធ មាន​ច្រើន​ជាងពេលណាៗ​ទាំងអស់។ របាយការណ៍​របស់​អង្គការ​ការពារ​កុមារ Save the children បាន​បង្ហាញថា នៅក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​ចុងក្រោយនេះ ចំនួន​កុមារ ដែល​ប្រឈម គ្រោះថ្នាក់​ជីវិត​ដោយសារ​សង្រ្គាម នៅក្នុង​ពិភពលោក បាន​កើនឡើង ប្រមាណ ៧៥ភាគរយ គឺ​កើនឡើង​ពី​២០០​លាន​នាក់ នៅឆ្នាំ ១៩៩៥ មក​ដល់ ៣៥៧​លាននាក់ នៅ​ឆ្នាំ ២០១៧។

 

សម្រាប់ អង្គការ​ Save the children​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឡុងដ៍​ចំនួន​កុមារ​ដែល​រស់នៅ​ក្នុងតំបន់​សង្រ្គាម​បានកើនឡើង ក៏ដោយសារ​តែ​តំបន់​ប្រយុទ្ធគ្នា​បាន​រីក​រាលដាល ចូល​ទៅ​ដល់​ទីក្រុង ដែល​ជា​ជំរក​ចុងក្រោយ​របស់​អ្នកដែល​រត់គេច​ពីភ្លើង​សង្រ្គាម។

 សូមអាន៖លោកហ្រ្វង់ស័រ ហូឡង់៖​គេ​ត្រូវ​ការពារ និង​រំដោះ​កុមារ​ពី​តំបន់​ជម្លោះ​ប្រដាប់អាវុធ

តំបន់​ដើមបូព៌ា និង​ដែនដី​អាហ្វ្រិក​ជា​កន្លែង​ដែល​មាន​កុមារ​ច្រើនជាងគេ កំពុង​រងគ្រោះ​ដោយសារ​តែ​សង្រ្គាម។ ស៊ីរី និង​អាហ្វហ្កានីស្ថាន ជា​ប្រទេស​នាំមុខគេ ដែល​មាន​កុមារ​រស់នៅក្នុង​តំបន់​សង្រ្គាម។ តាម​អង្គការ Save the children កុមារ​ស៊ីរី និង​កុមារ អាហ្វហ្កានីស្ថាន ពីរនាក់ ក្នុង​ចំណោម ៥នាក់ ហើយ រស់នៅ​ផ្ទាល់​តែម្តង ក្នុង​តំបន់​កំពុង​មាន​ការប្រយុទ្ធគ្នា ឬ​នៅចម្ងាយ​ប្រមាណ ៥០គីឡូម៉ែត្រ ពី​កន្លែង​ដែល​កំពុង​មានជម្លោះ​ប្រដាប់​អាវុធ។

 

ទិន្នន័យ​នេះ​បាន​ធ្វើ​ឲ្យ​អង្គការ​ការពារ កុមារ បែងចែក​ចំណាត់ថ្នាក់​ថា កុមារ ១៦៥​លាននាក់ នៅក្នុង​ពិភពលោក កំពុង​រស់នៅក្នុង​តំបន់​ដែល​មាន​ការប្រយុទ្ធ​គ្នា ខ្លាំង សឹង​មិនលោះថ្ងៃ។ រស់នៅ​ក្នុង​តំបន់​មាន​សង្រ្គាម កុមារ​ទាំងនោះ​បាន​រងគ្រោះ​ធ្ងន់ធ្ងរ ដូចជា​ការសម្លាប់ ធ្វើ​ឲ្យ​របួស​ដាច់ដៃជើង ការចាប់​បង្ខំ​ឲ្យ​ធ្វើជា​ទាហាន ការរំលោភ​ផ្លូវភេទ ការចាប់ជំរិត ដែល​អង្គការ​សហប្រជាជាតិ​បាន​ចាត់ទុក​ជា​ការរំលោភ​ធ្ងន់ធ្ងរ​ទៅ​លើ​កុមារ។ ក្រៅពីនោះ ដោយសារ​តែ​សង្រ្គាម កុមារ​ទាំង​នោះ គ្មានឱកាស​បាន​ទៅ​សាលារៀន ឬ​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ ដែល​បាន​រង​ការវាយប្រហារ​បំផ្លិចបំផ្លាញ ដោយ​ការប្រយុទ្ធគ្នា​របស់​ភាគី​ជម្លោះ។

 

តាម​អង្គការ​ Save the children ការចាប់​ប្រជាជន​ធ្វើ​ជា​ចំណាប់ខ្មាំង ឬ​ការរារាំង បិទខ្ទប់​មិន​ឲ្យ​មាន​ជំនួយ​ស្បៀងអាហារ ដើម្បី បង្អត់​ប្រជាជន គឺ​ជា​យុទ្ធសាស្រ្ត​ថ្មី​របស់​ក្រុម​ប្រដាប់អាវុធ ជ្រុលនិយម ដើម្បី​គ្រប់គ្រង ដោយ​មាន​ប្រសិទ្ធិភាព មិន​ឲ្យ​មាន​ការងើប​រើបំរះ​តវ៉ា​របស់​ប្រជាជន ក្នុង​តំបន់​ដែល​ខ្លួន​ទើប​វាយ​យក​បាន។

 

របាយការណ៍​ដែល​មាន​ឈ្មោះ​ថា សង្រ្គាម​លើកុមារ ត្រូវ​បាន​អង្គការ​ Save the children​សហការ​ចងក្រង​ជាមួយ​វិទ្យាស្ថាន​អូស្លូ ដើម្បី​សន្តិភាព ក្នុង​គោលដៅ​សិក្សា​ទៅលើ​អំពើ​ហិង្សា​ទៅលើ​កុមារ ចន្លោះ​ឆ្នាំ ១៩៩៥​ដល់​ឆ្នាំ ២០១៦។ របាយការណ៍នេះ ត្រូវ​បាន​បញ្ចេញ​ជា​សាធារណៈ នៅ​មួយថ្ងៃ​មុន​បើក​សន្និសីទ ស្តីពី​សន្តិសុខ​នៅ​ទីក្រុង​ម៉ុយនិច ប្រទេស​អាល្លឺម៉ង់ នៅថ្ងៃ​សុក្រ ក្នុង​ក្តីសង្ឃឹមថា នឹង​អាច​បញ្ចុះបញ្ចូល​ថ្នាក់ដឹកនាំ​ក្នុង​ពិភពលោក ពិចារណា ចាត់វិធានការ ការពារ​កុមារ ដែល​ជា​ទំពាំង​ស្នងឬស្ស៊ី។ ទំពាំង​ដែល​ខូច​ខ្ទាំ ដោយសារ​សង្រ្គាម នឹង​មិន​អាច​ក្លាយ​ជា​ឬស្ស៊ី ដែល​អាច​រឹងមាំទាំ ទ្រទ្រង់​ប្រទេស ទៅ​ថ្ងៃ​អនាគត​បាន​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ