ប៉ូលិសអ៊ីស្រាអែលផ្តល់អនុសាសន៍អោយចោទប្រកាន់នាយករដ្ឋមន្ត្រីពីបទពុករលួយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០៦
ប៉ូលិសអ៊ីស្រាអែលបានអះអាងថា មានភស្តុតាងគ្រប់គ្រាន់ដើម្បីធ្វើការចោទប្រកាន់នាយករដ្ឋមន្ត្រី បេនយ៉ាមីន នេតាន់យ៉ាហ៊ូ ពីបទទទួលសំណូកសូកប៉ាន់ ពុករលួយ ក្នុងសំណុំរឿងចំនួន២។ លោកនេតាន់យ៉ាហ៊ូនៅតែថា លោកគ្មានកំហុស ហើយលោកក៏មិនចុះពីតំណែងដែរ។ លោកប្រកាសនៅបន្តគ្រប់គ្រងរដ្ឋាភិបាល រហូតដល់ពេលបោះឆ្នោតសភា ចុងឆ្នាំ២០១៩។
ប៉ូលិសចង់អោយចោទប្រកាន់លោកនេតាន់យ៉ាហ៊ូក្នុងសំណុំរឿងពុករលួយចំនួន២
ប៉ូលិសអ៊ីស្រាអែលបានស៊ើបអង្កេតលើសំណុំរឿងពុករលួយទាំង២នេះ ២ឆ្នាំមកហើយ ហើយមានសាក្សីមិនតិចជាង៨០នាក់ទេ ដែលបានឆ្លើយសំណួរប៉ូលិស។ សំណុំរឿងសូកប៉ាន់ទាំង២នេះ ទី១ គឺទាក់ទងនឹងរឿងថា មានពាណិជ្ជករសេដ្ឋីគ្រាក់ៗច្រើននាក់ បាននាំគ្នាធ្វើអំណោយសូកនាយករដ្ឋមន្ត្រីនេតាន់យ៉ាហ៊ូ និងសមាជិកគ្រួសារលោក។ សេដ្ឋីទាំងនោះមានដូចជាមហាសេដ្ឋីលុយរាប់ពាន់លាន ជាជនជាតិអូស្ត្រាលី ឈ្មោះថា លោកចេម ប៉ាក់ឃើរ James Packer រឺក៏អ្នកផលិតកុនហូលីវូត ជាជនជាតិអ៊ីស្រាអែល គឺលោក អាណុន មីលស្ហាន់ Arnon Milchan ដែលសូកប៉ាន់លោកនេតាន់យ៉ាហ៊ូ តាំងពីឆ្នាំ២០០៧មក។
បើយោងតាមប៉ូលិស មហាសេដ្ឋីទាំងនេះបានធ្វើអំណោយមានដូចជាស្រាសំប៉ាញ និងគ្រឿងអលង្កាតម្លៃរាប់សិបម៉ឺនអឺរ៉ូ។ បើគិតជាលុយអ៊ីស្រាអែល គឺដល់ជាងមួយលានស្ហេគែលដែរ។ ប៉ុន្តែ ខាងមេធាវីរបស់លោកនេតាន់យ៉ាហ៊ូ ថាវាជាអំណោយមិត្តភាពប៉ុណ្ណោះ។ តែបើតាមប៉ូលិស អំណោយទាំងនេះសូកទៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដើម្បីអោយនាយករដ្ឋមន្ត្រីជួយបោះឆ្នោតលើច្បាប់ពន្ធដារ សម្រាលពន្ធក្រុមអ្នករកស៊ីអ៊ីស្រាអែលនៅបរទេស។ លោកនេតាន់យ៉ាហ៊ូក៏ជាប់សង្ស័យដែរថា ជួយអោយអ្នកផលិតកុនអ៊ីស្រាអែល គឺលោក អាណុន មីលស្ហាន់ អោយលោកមីស្ហាន់ បានបន្តវីសា នៅសហរដ្ឋអាមេរិក។ ហើយក៏នៅមានការជួយជ្រោមជ្រែងលើកតម្កើងផលប្រយោជន៍របស់ផលិតករភាពយន្តរូបនេះច្រើនទៀត។ ទាក់ទងរឿងនេះ ប៉ូលិសអ៊ីស្រាអែល ក៏ចង់អោយមានការចោទប្រកាន់ទៅលើផលិតករភាពយន្តរូបនេះដែរ។
សំណុំរឿងទី២ ទាក់ទងនឹងរឿងស៊ិះស៊ុះគ្នារវាងលោកនេតាន់យ៉ាហ៊ូ និងថៅកែកាសែតក្នុងស្រុកមួយរូប គឺលោក ណូនី ម៉ូហ្សែស Noni Mozes។ លោកម៉ូហ្សែស ជាថៅកែកាសែតឈ្មោះ Yedioth Ahronoth។ លោកនេតាន់យ៉ាហ៊ូនិងថៅកែកាសែតរូបនេះ ចរចាគ្នារកមធ្យោបាយស្របច្បាប់ ដើម្បីកុំអោយកាសែតឈ្មោះថា Hayom ដែលជាគូប្រជែង អាចរីកចម្រើនក្នុងស្រុកអ៊ីស្រាអែលបាន។ កាសែត Hayom នេះជាកម្មសិទ្ធិរបស់មហាសេដ្ឋីអាមេរិក មួយរូបឈ្មោះ Adelson។ អ្នកអានកាសែតនេះ មិនបង់ប្រាក់កាសអ្វីទេ។ ដើម្បីរាំងស្ទះការប្រណាំងប្រជែងពីកាសែតសេដ្ឋីអាមេរិក ថៅកែកាសែតអ៊ីស្រាអែល បានស៊ិះស៊ុះថា បើលោកនេតាន់យ៉ាហ៊ូជួយគាត់ នោះកាសែតអ៊ីស្រាអែលមួយនេះ នឹងជួយសរសេររឿងល្អៗ របស់លោកក្នុងទំព័រខ្លួន។
ការសម្រេចចិត្តក្នុងការចោទប្រកាន់ គឺស្ថិតនៅលើរដ្ឋអាជ្ញាទូទៅ គឺលើលោក Avishaï Mandelblit។ គេអាចរង់ចាំពេលច្រើនសប្តាហ៍ រឺច្រើនខែទៀត ទើបដឹងពីសេចក្តីសម្រេច។ ដោយឡែក លោករដ្ឋអាជ្ញាទូទៅ ដែលត្រូវពិនិត្យសម្រេចរឿងនេះ ត្រូវគេស្គាល់ថា ជាអ្នកជំនិតរបស់លោកនេតាន់យ៉ាហ៊ូ ហើយត្រូវតែងតាំងដោយនេតាន់យ៉ាហ៊ូទៀតផង។ តែដោយសារថា មានអានុសាសន៍ពីប៉ូលិស ហើយលោកនេតាន់យ៉ាហ៊ូក៏រងរឿងអាស្រូវពុករលួយរាប់ឆ្នាំមកហើយដែរ លោករដ្ឋអាជ្ញាទូទៅរូបនេះ ទំនងមិនហ៊ានធ្វើអ្វីផ្តេសផ្តាសជួយលោកនេតាន់យ៉ាហ៊ូទេ។ សូមបញ្ជាក់ថា លោកនេតាន់យ៉ាហ៊ូ និងគ្រួសារ ព្រមទាំងអ្នកជំនិតរបស់លោកមួយចំនួនជាប់ពាក់ព័ន្ធរឿងអាស្រូវសូកប៉ាន់ច្រើនរឿងណាស់ មិនមែនមានតែក្នុងសំណុំរឿងទាំង២នេះទេ។
ជាក់ស្តែង បងប្អូនជីដូនមួយលោកនេតាន់យ៉ាហ៊ូម្នាក់ ដែលត្រូវជាមេធាវីរបស់លោកដែរនោះ ជាប់ពាក់ព័ន្ធការសូកប៉ាន់ ក្នុងសំណុំរឿងទិញនាវាមុជទឺកពីអាល្លឺម៉ង់។ ដោយសាររឿងពុករលួយទាំងនេះ ប្រជាជនអ៊ីស្រាអែលរាប់ពាន់ម៉ឺននាក់ បានធ្វើបាតុកម្មច្រើនដងហើយ ពិសេសកាលពីខែមករាដើមឆ្នាំនេះតែម្តង។ ពួកគេទាមទារអោយលោកនេតាន់យ់ាហ៊ូចុះពីអំណាច។ គួររំលឺកថា រឿងពុករលួយក្នុងរដ្ឋអំណាចអ៊ីស្រាអែល ធ្លាប់ធ្វើអោយអតីតនាយករដ្ឋមន្ត្រី លោកEhud Olmert ជាប់ពន្ធនាគារជាង១ឆ្នាំដែរ។
រដ្ឋមន្ត្រីយុត្តិធម៌៖ ទោះមានការចោទប្រកាន់ផ្លូវការ នាយករដ្ឋមន្ត្រីមិនចាំបាច់លាតំណែង
ច្បាប់អ៊ីស្រាអែលមិនបានចែងច្បាស់លាស់ពីកាតព្វកិច្ចលាតំណែងរបស់នាយករដ្ឋមន្ត្រីទេ។ ហើយលោកស្រី Ayelet Shaked ជារដ្ឋមន្ត្រីយុត្តិធម៌ទៀត ធ្លាប់លើកឡើងរួចហើយថា នាយករដ្ឋមន្ត្រីដែលរងការចោទប្រកាន់ជាផ្លូវការ មិនចាំបាច់លាលែងតំណែងទេ។ ទោះយ៉ាងណា សភាអ៊ីស្រាអែលអាចធ្វើនិតិវិធីពិសេស ប្រឆាំងលោកនេតាន់យ៉ាហ៊ូបាន បើមានការចោទប្រកាន់។ តុលាការកំពូល រឺក៏គណបក្សលីគូដ របស់លោកនេតាន់យ៉ាហ៊ូ អាចតំរូវអោយគាត់លាតំណែងបាន។ បក្សការងារជាបក្សប្រឆាំង លើកឡើង ថា យុគរបស់លោកនេតាន់យ៉ាហ៊ូចប់ហើយ ហើយត្រូវតែពង្រឹងច្បាប់ ពង្រឹងប៉ូលិស ដើម្បីបិទបញ្ចប់រដ្ឋាភិបាលដឹកនាំដោយលោកនេតាន់យ៉ាហ៊ូ។
លោកនេតាន់យ៉ាហ៊ូកាន់អំណាចតាំងពីឆ្នាំ២០០៩មក។ លោកមិនចង់លាតំណែងទេ។ លោកថា លោកនឹងបន្តគ្រប់គ្រងរហូតដល់មានការបោះឆ្នោតសភាចុងឆ្នាំ២០១៩។ លោកថែមទាំងសង្ឃឺមថា ប្រជាជននឹងបោះឆ្នោតផ្តល់ទំនុកចិត្តដល់លោកទៀតផង។ លោកអួតទៀតថា លោកធ្លាប់ជាប់ក្នុងការស៊ើបអង្កេតច្រើនដងហើយ តែទាំងអស់នេះ មិនបានចេញជាស្អីផងទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ