អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉ូលិស​​អ៊ីស្រាអែល​​ផ្តល់​អនុសាសន៍​​​​​អោយ​ចោទប្រកាន់​នាយករដ្ឋមន្ត្រី​​​​ពីបទ​​​​ពុករលួយ​​​​​​​​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ូលិស​អ៊ីស្រាអែល​បាន​អះអាង​ថា មានភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ចោទប្រកាន់​នាយករដ្ឋមន្ត្រី​ បេនយ៉ាមីន នេតាន់យ៉ាហ៊ូ ពីបទ​ទទួលសំណូក​សូកប៉ាន់ ពុករលួយ ក្នុងសំណុំរឿង​ចំនួន២។ ​លោក​នេតាន់យ៉ាហ៊ូ​​នៅតែថា ​លោក​គ្មានកំហុស ហើយ​លោក​ក៏​មិនចុះ​ពីតំណែង​ដែរ។ លោក​ប្រកាស​​​​នៅ​បន្ត​គ្រប់គ្រង​រដ្ឋាភិបាល ​រហូត​ដល់​​ពេល​បោះឆ្នោត​សភា ចុងឆ្នាំ​២០១៩។ ​​

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu REUTERS
ផ្សាយពាណិជ្ជកម្ម

ប៉ូលិស​ចង់អោយ​ចោទប្រកាន់​លោក​នេតាន់យ៉ាហ៊ូ​ក្នុង​សំណុំរឿងពុករលួយ​ចំនួន​២

ប៉ូលិស​អ៊ីស្រាអែល​បាន​ស៊ើបអង្កេត​លើ​សំណុំរឿង​ពុករលួយ​ទាំង២​នេះ ២ឆ្នាំមកហើយ ហើយ​មាន​សាក្សី​មិនតិចជាង​៨០នាក់ទេ ​ដែល​បាន​ឆ្លើយ​សំណួរប៉ូលិស។ សំណុំរឿង​សូកប៉ាន់​ទាំង២នេះ ទី១ គឺ​ទាក់ទង​នឹង​រឿងថា មាន​ពាណិជ្ជករ​​សេដ្ឋីគ្រាក់ៗ​​ច្រើន​នាក់ បាននាំគ្នា​ធ្វើ​អំណោយ​សូក​​នាយករដ្ឋមន្ត្រី​​​​​នេតាន់យ៉ាហ៊ូ និង​សមាជិក​​គ្រួសារ​លោក។ សេដ្ឋី​ទាំងនោះ​មាន​ដូចជាមហាសេដ្ឋី​លុយ​រាប់ពាន់លាន ជា​ជនជាតិ​អូស្ត្រាលី ឈ្មោះថា ​​​លោក​ចេម ប៉ាក់ឃើរ James Packer រឺក៏​អ្នកផលិត​កុន​ហូលីវូត ជា​ជនជាតិ​អ៊ីស្រាអែល គឺ​លោក ​អាណុន មីលស្ហាន់ Arnon Milchan ដែល​សូក​ប៉ាន់​​លោក​នេតាន់យ៉ាហ៊ូ ​តាំងពី​ឆ្នាំ​២០០៧​មក។

បើយោង​តាម​ប៉ូលិស មហាសេដ្ឋី​ទាំងនេះ​បាន​ធ្វើអំណោយមាន​ដូច​ជា​​ស្រាសំប៉ាញ​ និង​គ្រឿងអលង្កា​តម្លៃ​រាប់សិបម៉ឺន​អឺរ៉ូ។ ​បើ​គិត​ជា​លុយ​អ៊ីស្រាអែល គឺ​ដល់​ជាង​មួយលាន​ស្ហេគែល​​ដែរ។ ប៉ុន្តែ ខាង​មេធាវី​របស់​លោក​នេតាន់យ៉ាហ៊ូ ​ថា​វា​ជា​អំណោយ​មិត្តភាព​ប៉ុណ្ណោះ។ តែ​បើ​​តាម​ប៉ូលិស អំណោយ​ទាំងនេះ​សូកទៅ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ដើម្បី​អោយ​នាយករដ្ឋមន្ត្រី​ជួយ​បោះឆ្នោត​លើ​ច្បាប់ព​ន្ធដារ សម្រាលពន្ធ​ក្រុម​អ្នករកស៊ី​អ៊ីស្រាអែល​នៅបរទេស។ ​លោក​នេតាន់យ៉ាហ៊ូ​ក៏ជាប់សង្ស័យ​ដែរថា ជួយ​អោយ​អ្នកផលិត​កុន​អ៊ីស្រាអែល​ គឺ​លោក ​អាណុន មីលស្ហាន់ អោយ​លោកមីស្ហាន់ ​​បាន​បន្ត​វីសា នៅ​សហរដ្ឋ​អាមេរិក។ ហើយ​ក៏នៅ​មាន​ការ​​​ជួយជ្រោមជ្រែង​លើកតម្កើង​ផលប្រយោជន៍​របស់​ផលិតករ​ភាពយន្តរូប​​នេះ​ច្រើនទៀត។ ​ទាក់ទង​រឿងនេះ ប៉ូលិស​អ៊ីស្រាអែល ក៏​ចង់អោយ​មាន​ការចោទប្រកាន់​ទៅលើ​ផលិតករ​ភាពយន្ត​រូបនេះដែរ។ ​

សំណុំរឿង​ទី២ ​ទាក់ទង​នឹង​រឿងស៊ិះស៊ុះ​គ្នា​រវាង​លោក​នេតាន់យ៉ាហ៊ូ និង​ថៅកែ​កាសែត​ក្នុងស្រុក​មួយរូប គឺ​លោក​ ​ណូនី ម៉ូហ្សែស Noni Mozes។ លោក​ម៉ូហ្សែស ជា​ថៅកែ​កាសែតឈ្មោះ ​​Yedioth Ahronoth។ លោក​នេតាន់យ៉ាហ៊ូ​និង​ថៅកែ​កាសែត​រូបនេះ ចរចាគ្នា​​​​រក​មធ្យោបាយ​ស្របច្បាប់​ ដើម្បី​កុំអោយ​កាសែត​​ឈ្មោះថា​ Hayom ដែល​ជា​គូប្រជែង ​អាច​រីកចម្រើន​ក្នុងស្រុកអ៊ីស្រាអែល​​បាន។ កាសែត Hayom នេះ​ជា​កម្មសិទ្ធិ​របស់​​​មហាសេដ្ឋី​អាមេរិក​ មួយរូប​ឈ្មោះ​​​​ Adelson។ អ្នកអាន​កាសែត​នេះ មិនបង់ប្រាក់កាស​អ្វីទេ។ ដើម្បី​រាំងស្ទះ​ការប្រណាំងប្រជែង​ពី​កាសែត​​សេដ្ឋីអាមេរិក ​​ថៅកែ​កាសែត​អ៊ីស្រាអែល បាន​ស៊ិះស៊ុះ​ថា បើលោក​នេតាន់យ៉ាហ៊ូ​ជួយគាត់​ នោះ​កាសែត​អ៊ីស្រាអែល​មួយនេះ នឹង​ជួយ​សរសេរ​រឿងល្អៗ ​​របស់​លោក​ក្នុង​ទំព័រ​ខ្លួន។ ​ ​

ការសម្រេច​ចិត្តក្នុង​ការ​ចោទប្រកាន់​​ គឺ​ស្ថិត​នៅលើ​រដ្ឋអាជ្ញាទូទៅ គឺ​លើ​លោក​ Avishaï Mandelblit។ គេ​អាច​រង់ចាំ​ពេល​ច្រើនសប្តាហ៍​ រឺ​ច្រើនខែ​ទៀត ទើប​ដឹង​ពី​សេចក្តី​សម្រេច។ ​ដោយឡែក លោក​រដ្ឋអាជ្ញាទូទៅ ដែល​ត្រូវ​ពិនិត្យ​សម្រេច​រឿងនេះ​​ ត្រូវគេ​ស្គាល់ថា ជា​អ្នកជំនិត​របស់​លោក​នេតាន់យ៉ាហ៊ូ ហើយ​ត្រូវតែងតាំង​ដោ​យនេតាន់យ៉ាហ៊ូ​ទៀតផង។ តែ​ដោយសារ​ថា ​មាន​អានុសាសន៍​ពីប៉ូលិស ហើយ​​​លោក​នេតាន់យ៉ាហ៊ូក៏​​រង​រឿងអាស្រូវ​ពុករលួយ​រាប់ឆ្នាំ​មកហើយដែរ លោក​រដ្ឋអាជ្ញា​ទូទៅរូបនេះ​ ទំនង​មិនហ៊ាន​ធ្វើអ្វីផ្តេសផ្តាស​ជួយ​លោក​នេតាន់យ៉ាហ៊ូទេ។ សូមបញ្ជាក់ថា លោក​នេតាន់យ៉ាហ៊ូ ​និងគ្រួសារ​​ ព្រមទាំង​អ្នកជំនិត​របស់​លោក​មួយចំនួន​ជាប់ពាក់ព័ន្ធ​​រឿង​អាស្រូវ​សូកប៉ាន់​ច្រើនរឿងណាស់ មិនមែន​មាន​តែ​ក្នុងសំណុំរឿង​ទាំង២​នេះទេ។

ជាក់ស្តែង ​បងប្អូនជីដូន​មួយ​​លោក​នេតាន់យ៉ាហ៊ូ​ម្នាក់ ដែលត្រូវជា​មេធាវី​របស់​លោក​ដែរនោះ ជាប់ពាក់ព័ន្ធការ​​​​​​សូកប៉ាន់​ ក្នុង​សំណុំរឿង​​ទិញនាវា​មុជទឺក​ពី​អាល្លឺម៉ង់។ ដោយសារ​​​រឿងពុករលួយ​ទាំងនេះ ប្រជាជន​អ៊ីស្រាអែលរាប់ពាន់ម៉ឺននាក់ ​បាន​​ធ្វើបាតុកម្ម​ច្រើនដង​ហើយ​ ពិសេស​​​កាលពី​ខែមករា​ដើមឆ្នាំ​នេះតែម្តង។ ​​ពួកគេ​ទាមទារ​អោយ​លោក​នេតាន់យ់ាហ៊ូ​ចុះពីអំណាច។ គួររំលឺក​ថា ​រឿងពុករលួយ​ក្នុង​រដ្ឋអំណាច​​អ៊ីស្រាអែល ​ធ្លាប់​ធ្វើអោយ​អតីត​នាយករដ្ឋមន្ត្រី​ ​លោក​Ehud Olmert ជាប់​ពន្ធនាគារ​ជាង​១ឆ្នាំដែរ។​ ​

រដ្ឋមន្ត្រី​យុត្តិធម៌៖ ​ទោះ​មាន​​ការចោទប្រកាន់ផ្លូវការ​​​ ​នាយករដ្ឋមន្ត្រី​​​​មិនចាំបាច់​លា​តំណែង​​

ច្បាប់អ៊ីស្រាអែ​ល​មិនបានចែងច្បាស់លាស់​ពី​កាតព្វកិច្ច​​លាតំណែង​របស់​នាយករដ្ឋមន្ត្រី​ទេ។ ហើយលោកស្រី ​Ayelet Shaked ជា​រដ្ឋមន្ត្រី​យុត្តិធម៌​ទៀត ធ្លាប់​​លើកឡើង​រួចហើយ​ថា នាយករដ្ឋមន្ត្រី​ដែល​រង​ការចោទប្រកាន់ជា​​ផ្លូវការ​​ មិន​ចាំបាច់​លាលែង​តំណែងទេ។ ​ទោះយ៉ាងណា ​​សភា​អ៊ីស្រាអែល​អាច​ធ្វើនិតិវិធីពិសេស​ ​​ប្រឆាំង​​លោក​នេតាន់យ៉ាហ៊ូ​បាន​ បើ​មាន​ការ​​​​ចោទប្រកាន់។ ​​តុលាការកំពូល​ រឺ​ក៏​គណបក្ស​លីគូដ របស់​លោក​នេតាន់យ៉ាហ៊ូ ​​អាចតំរូវអោយ​គាត់​លាតំណែង​បាន។ បក្សការងារ​ជាបក្ស​ប្រឆាំង លើកឡើង ​ថា យុគរបស់​លោក​នេតាន់យ៉ាហ៊ូ​ចប់ហើយ ​ហើយ​​​ត្រូវ​តែ​ពង្រឹង​ច្បាប់ ពង្រឹង​ប៉ូលិស ដើម្បី​បិទបញ្ចប់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នេតាន់យ៉ាហ៊ូ។ ​

លោកនេតាន់យ៉ាហ៊ូ​​​កាន់អំណាច​តាំងពី​ឆ្នាំ​២០០៩មក។ លោក​​មិនចង់​លាតំណែងទេ។ លោក​ថា លោក​នឹង​បន្តគ្រប់គ្រង​​រហូត​ដល់​មា​នការបោះឆ្នោតសភាចុង​​​ឆ្នាំ២០១៩។ លោក​ថែមទាំង​សង្ឃឺមថា ប្រជាជននឹងបោះឆ្នោត​​​​ផ្តល់ទំនុកចិត្ត​ដល់​លោកទៀតផង។​ លោក​អួតទៀតថា​ លោក​ធ្លាប់​​ជាប់ក្នុង​ការ​ស៊ើបអង្កេត​ច្រើនដងហើយ តែ​ទាំងអស់នេះ​ មិន​បាន​ចេញ​ជា​ស្អីផង​ទេ៕ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ