rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ៊ីរ៉ង់ សហរដ្ឋអាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ៊ីរ៉ង់​តាំង​សំញ៉ែង​មីស៊ីល នៅថ្ងៃ​រំលឹកខួប​បដិវត្តន៍​អ៊ីស្លាម ឆ្នាំ​១៩៧៩

media
ប្រធានាធិបតី អ៊ីរ៉ង់​ថ្លែង​ទៅកាន់​ប្រជាជន​ដែល​ចូលរួម​រំលឹក​ខួប​លើក​ទី​៣៩​ឆ្នាំ​នៃ​បដិវត្តន៍​អ៊ីស្លាម នៅថ្ងៃអាទិត្យ​ទី​១១​កុម្ភៈ​២០១៨ © President.ir/Handout via REUTERS

ប្រជាជន​អ៊ីរ៉ង់ នៅថ្ងៃ​អាទិត្យ​ម្សិលមិញ​ប្រារព្ធ​ខួប​បដិវត្ត​អ៊ីស្លាម ឆ្នាំ ១៩៧៩ ដែល​បាន​បើក​ផ្លូវ​ឲ្យក្រុមអ្នកកាន់​សាសនា​អ៊ីស្លាម​ចូលដឹកនាំ​ប្រទេស កាលពី​៣៩​ឆ្នាំមុន។ នៅ​កាលៈទេសៈ ដែល​អ៊ីរ៉ង់​កំពុង​តានតឹង​ជាមួយ​អ៊ីស្រាអែល ដែល​បាន​បញ្ជូន​យន្តហោះ ទៅ​វាយប្រហារ​ក្នុង​ស៊ីរី ដែល​ជា​សម្ព័ន្ធមិត្ត របស់​អ៊ីរ៉ង់ លោក​ប្រធានាធិបតី​ហានសាន់ រ៉ូហានី​ថ្លែងសុន្ទរកថា ​ចង្អុល ចោទប្រកាន់​អ៊ីស្រាអែល និង​អាមេរិក​ថា ជា​ប្រទេស​រំលោភឈ្លានពាន​ប្រទេស​ដទៃ។


“ស្លាប់ទៅ​អាមេរិក” នេះជា​ពាក្យជេរប្រទេច​របស់​បាតុករ​អ៊ីរ៉ង់ ដែល​បាន​ចូលរួម​ស្តាប់​ការថ្លែង​សុន្ទរកថា របស់​ប្រធានាធិបតី អ៊ីរ៉ង់ នៅក្នុង​ឱកាស​ប្រារព្ធខួប លើក​ទី​៣៩​ឆ្នាំ​នៃ​បដិវត្ត​អ៊ីស្លាម។ ក្នុង​សុន្ទរកថា ថ្លែង​ទៅកាន់​មហាជន​កកកុញ​នៅ​ទីលាន​សេរីភាព កណ្តាល​ក្រុង​តេហេរ៉ង់ លោក​ប្រធានាធិបតី ហាសាន់ រ៉ូហានី​បាន​ថ្លែង​ថា ​នយោបាយ​ភូមិសាស្រ្ត​របស់​អ៊ីរ៉ង់ បាន​ទទួល​ជោគជ័យ ព្រោះវា​បាន​ទប់ស្កាត់​មិន​ឲ្យ​អាមេរិក និងអ៊ីស្រាអែល សម្រេច​តាម​បំណង ក្នុង​ការសាបព្រួស ចលាចល នៅក្នុង​តំបន់​ដើមបូព៌ា។ “អាមេរិក អ៊ីស្រាអែល​ចង់​ធ្វើ​ឲ្យ​អ៊ីរ៉ាក់​បែកបាក់ ចង់​ឲ្យ​ស៊ីរី​បែកខ្ចាត់ខ្ចាយ។ គេ​ចង់​ចិញ្ចឹម​អស្ថិរភាពនយោបាយ​យូរអង្វែង​នៅ​លីបង់។ ប៉ុន្តែ ការជួយ​អន្តរាគមន៍​របស់​អ៊ីរ៉ង់​បាន​ធ្វើ​ឲ្យ​អាមេរិក និង​អ៊ីស្រាអែល​ទទួល​បរាជ័យ”។ នេះជា​ការថ្លែង​របស់​លោក​ប្រធានាធិបតី​អ៊ីរ៉ង់។

អ៊ីរ៉ង់ គាំទ្រ​របប​ប្រធានាធិបតី ស៊ីរី នៅក្នុងសង្រ្គាម​នៅ​ស៊ីរី។ ជាមួយ​គ្នានោះ អ៊ីរ៉ង់ ផ្តល់​ផងដែរ ជំនួយ​យោធា​ដល់​ក្រុមប្រដាប់អាវុធ អ៊ីរ៉ាក់​និកាយ​ស្ហ៊ីអ៊ីត។ អ៊ីរ៉ង់​ជួយ​ផ្តល់អាវុធ​ដល់​ក្រុមឧទ្ទាម​ហ៊ូទីស នៅ​ប្រទេស​យេម៉ែន ហើយ​និង​ជួយគ្មានងាករេ ក្រុមប្រដាប់អាវុធ​អេស្បូឡា នៅ​លីបង់។

ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ​បាន​រួម​គ្នា​ជាមួយ​អ៊ីស្រាអែល និង​អារ៉ាប៊ី សាអូឌីត ដែល​ជា​គូប្រជែង​ឥទ្ធិពល​របស់​អ៊ីរ៉ង់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​អ៊ីរ៉ង់​អាច​ពង្រីក​ឥទ្ធិពល នៅក្នុង​តំបន់។ កាលពី​ថ្ងៃ​សៅរ៍ អ៊ីស្រាអែល បានព្រមាន​អ៊ីរ៉ង់ នៅ​បន្ទាប់​ពី​យន្តហោះ​ចម្បាំង​មួយគ្រឿង​របស់​អ៊ីស្រាអែល ត្រូវ​បាន​បាញ់​ទម្លាក់ ដោយ​មីស៊ីល​របស់​កងទ័ព​ស៊ីរី គាំទ្រ​ដោយ​អ៊ីរ៉ង់។

អាមេរិក​នៅថ្ងៃ​សៅរ៍ បាន​ចេញមុខ​គាំទ្រ​អ៊ីស្រាអែល​ដែល​បាន​បើកការវាយប្រហារ​ទៅលើ​ទីតាំង​យោធា​ចំនួន​១២​កន្លែង ដែល​នៅក្នុង​នោះ​មាន​ផងដែរ ទីតាំង​របស់​អ៊ីរ៉ង់ ដែល​អ៊ីស្រាអែល​ចោទប្រកាន់​ថា កំពុង​លួច​ផលិត​មីស៊ីល​សម្រាប់​វាយប្រហារ​អ៊ីស្រាអែល។ អាមេរិក និង​សហភាព​អឺរ៉ុប​ធ្លាប់​បាន​ទាមទារ​ឲ្យ​អ៊ីរ៉ង់​លះបង់​ចោល​កម្មវិធី​ផលិត​មីស៊ីល។ ប៉ុន្តែ អ៊ីរ៉ង់ ដែល​រងការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច របស់​អាមេរិក​នៅក្នុង​រឿង​ផលិត​មីស៊ីល បាន​ផ្គើន តាំង​សំញ៉ែង សាជាថ្មី មីស៊ីល​ដែល​អាច​បាញ់​បាន​ចម្ងាយ ២ពាន់​គីឡូម៉ែត្រ។ អ៊ីរ៉ង់​បាន​បញ្ជាក់​ជាច្រើនលើក ច្រើនសា ថា មីស៊ីល​របស់ខ្លួន សម្រាប់​តែ​ការពារ គឺ​មិនមែន​សម្រាប់​ទុកវាយប្រហារ​ប្រទេស​ដទៃ​នោះទេ៕